គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិបញ្ចេញផ្សាយវីដេអូ៖ វិស័យទេសចរណ៍នៅតែរស់រវើកគ្រប់រដូវកាលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ បានបញ្ចេញផ្សាយនូវវីដេអូមួយដែលវីដេអូនេះមានកិច្ចសហការផលិតដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក្រោមចំណងជើងថា «វិស័យទេសចរណ៍នៅតែរស់រវើកគ្រប់រដូវកាលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា!»។
វីដេអូមានរយៈពេល៧នាទី បានបង្ហាញថាព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទីក្នុងពិភពលោកនៅគ្រប់រដូវកាល។ បើទោះបីជាពិភពលោកទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនិងនៅមិនទាន់ងើបផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ ទាំងស្រុងក៏ដោយ និងបើទោះបីជាពេលនេះជារដូវកាលមិនសូវសម្បូរភ្ញៀវដែលហៅថា Low Season ក៏ដោយ ក៏វិស័យទេសចរណ៍កម្ពុជានៅតែមានសភាពរស់រវើកជានិច្ចមិនចេះរីងស្ងួត។
ភ្ញៀវទេសចរចម្រុះជាតិសាសន៍តែងធ្វើដំណើរមកទស្សនាកម្ពុជាមិនដែលដាច់ដើម្បីគយគន់ប្រាង្គប្រាសាទដ៏អស្ចារ្យ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងគួរឱ្យជក់ចិត្ត។ លើសពីនេះ ស្នាមញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរក៏ជាចំណុចដ៏គួរឱ្យទាក់ទាញមួយទៀតសម្រាប់អ្នកទេសចរបរទេស។
វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ ការអភិវឌ្ឍន៍វិស័យទេសចរណ៍គឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ រាល់ដំណើរទស្សនកិច្ចទៅក្រៅប្រទេស ការទាក់ទាញទេសចរនិងវិនិយោគគឺជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ជាលទ្ធផល ចំនួនទេសចរបរទេសបានកើនឡើងវិញគួរឱ្យកត់សម្គាល់បន្ទាប់ពីវិបត្តិកូវីដ ១៩។ ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹមយ៉ាងមុតមាំលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត រង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរមកដល់របស់អ្នកទេសចរបរទេសពីពក្រប់ជ្រុងជ្រោយនៃពិភពលោក៕
សូមទស្សនាវីដេអូ៖