សម្រង់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីបើក «វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី ២»
លោក ហ្វ្រង់ស័រ កូប៊ីន (François Corbin) អនុប្រធានចលនាសហគ្រាសបារាំង (MEDEF) និងជាតំណាងពិសេសរបស់រដ្ឋមន្ត្រីបារាំង សម្រាប់កិច្ចការអឺរ៉ុប និងការបរទេសទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអាស៊ាន!
លោក ស៊ីរីល ចីរ៉ូត (Cyril Girot) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា!
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា!
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
(ថ្លែងស្វាគមន៍ភ្ញៀវចូលរួម ជាភាសាបារាំង)
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេក ដែលបានចូលរួមជាអធិបតីក្នុង «វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២» នៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាងប្រចំានៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ជាលើកទី២។ ខ្ញុំក៏សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់វេទិកានាថ្ងៃនេះ ដែលជាកាលានុវត្តដ៏វិសេសវិសាល ក្នុងការពង្រឹងចំណងមិត្តភាព និងស្វែងរកសក្តានុពលដ៏ធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិរបស់យើង។
វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្តើមនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់សាធារណរដ្ឋបារាំង កាលពីខែមករា កន្លងទៅ ដែលជាជំហានសំខាន់ដំបូង សម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២ នាថ្ងៃនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងបន្តប្រពៃណីដ៏សំខាន់នេះ ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ក្នុងចំណោមសហគមន៍ធុរកិច្ចរបស់យើង និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់អ្នកជំនាន់ក្រោយៗទៀត។ ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ខ្ញុំជឿជាក់ថា ធុរជនបារាំងនឹងអាចមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅទីក្រុងប៉ារីសនៅដើមឆ្នាំនេះ នាំមកនូវលទ្ធផលជាផ្លែផ្កាជាច្រើន។ លទ្ធផលដ៏សំខាន់បំផុតមួយ គឺការព្រមព្រៀងដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគីរបស់យើង សំដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ។ គោលដៅនេះនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ ចាប់ពីកិច្ចសហការនយោបាយ រហូតដល់កិច្ចសហការសេដ្ឋកិច្ច។ លើសពីនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បារាំងបានផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា លើវិស័យអាទិភាពចំនួន ៣ គឺ៖ ទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់សរុប ២១៥ លានអឺរ៉ូ (ឬ ប្រហែល ២៣៥ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការវិវឌ្ឍរបស់កម្ពុជា ទៅជាសេដ្ឋកិច្ចរីកលូតលាស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចសហការរបស់យើង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ។ ពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប។ ពាណិជ្ជកម្មទ្វេភាគីរបស់យើង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៤ ។ ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។ ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ ៥% នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ២០២៤។ គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍។
ក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជា តែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួល បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក។ ការណ៍នេះបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោម ប្រទេសអភិវឌ្ឍន៍តិចតួច បើយោងតាមរបាយការណ៍វិនិយោគពិភពលោករបស់ សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសម្ទុះនៃលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៣ ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ លើសពីនេះ ជាមួយនឹងការដាក់បញ្ចូលទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ឆ្នាំ២០២៤ របស់ Financial Times កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមគោលដៅវិនិយោគកំពូលទាំង ៥០ របស់ពិភពលោក ដែលការណ៍នេះបានបង្ហាញកាន់តែច្បាស់ពីភាពទាក់ទាញរបស់កម្ពុជា ដល់វិនិយោគិនសកល។
សមិទ្ធផលដ៏រឹងមាំទាំងនេះ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជា ដូចជា ទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្តាលនៃតំបន់ និងការប្រមូលផ្តុំនៃកម្លាំងពលកម្ម ដែលវ័យក្មេង រស់រវើក និងមានជំនាញខ្ពស់ ក៏ដូចជា ប្រសិទ្ធភាពនៃគោលនយោបាយ ផងដែរ។ រាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្តល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម។ យើងបាន និងកំពុងអនុវត្តច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងធ្វើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបនីយកម្ម និងចីរភាពបរិស្ថាន។
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក។ វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេក្នុងតំបន់ ដែលបានបើកស្ទើរគ្រប់វិស័យដល់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ១៩៩៤។ វិនិយោគិនបរទេសអាចផ្ញើប្រាក់ចំណេញទៅកាន់ប្រទេសដើមវិញ បានដោយមិនមានរបាំង។ លើសពីនេះ តាមរយៈច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាផ្តល់ជូននូវការលើកទឹកចិត្តជាច្រើន រួមជាមួយនឹងសេវាកម្មដែលប្រសើរជាងមុន តាមរយៈការសម្រួលនីតិវិធីចុះបញ្ជី និងការផ្តល់សេវាថែទាំវិនិយោគ យ៉ាងទូលំទូលាយ ដល់វិនិយោគិន។ ក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយផ្តល់ការសម្រួលនីតិវិធី និងអត្ថប្រយោជន៍ពិសេសបន្ថែម ដល់វិនិយោគិន លើសពីច្បាប់ស្តីពីវិនិយោគ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
នៅឆ្នាំ២០២៥ យើងនឹងមានដាក់ចេញគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ជាពិសេស ទៅលើវិស័យមួយចំនួនផ្សេងៗទៀត។
[ចប់សេចក្ដីអធិប្បាយ១]
រាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា»។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជន ក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ខ្ញុំបានធ្វើជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង ដោយបានអនុម័តកញ្ចប់វិធានការកែទម្រង់ជាក់ស្តែង ចំនួន ១១។
គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាន និងកំពុងអនុវត្ត និងតាមដានយ៉ាងជាប់លាប់ ប្រកបដោយភាពបុរេសកម្ម នូវរាល់វិធានការ ដែលត្រូវបានដាក់ចេញនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងសង្កេតឃើញនូវលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលធ្វើឱ្យបរិយាកាសធុរកិច្ច កាន់តែមានភាពអំណោយផលជាងមុន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានសម្រាលបន្ទុករបស់វិស័យឯកជន ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ការស្នើសុំអាជ្ញាបណ្ណ អនុលោមភាពការងារ និងអនុលោមគណនេយ្យ និងសវនកម្ម ជាដើម។ រាជរដ្ឋាភិបាល បាន និងកំពុងផ្តល់អាទិភាពខ្ពស់ ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ តាមរយៈការរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិ ស្តង់ដា ដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាននិងតម្លាភាពនៃរដ្ឋបាលសារពើពន្ធ។ រាជរដ្ឋាភិបាល ក៏បាន និងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូនការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival processing) ជាដើម។
ក្នុងស្មារតីស្រដៀងគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាន់ខ្ពស់ចំនួនពីរ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈកិច្ចសហការឥតឈប់ឈរជាមួយវិស័យឯកជន។ ទីមួយ ក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយពាណិជ្ជកម្ម ដែលដឹកនាំដោយទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ផ្តល់ការណែនាំឯកទេសលើការអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្ម ក្នុងគោលបំណងធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងធ្វើឱ្យវិស័យឯកជនក្លាយជាតួអង្គសេដ្ឋកិច្ចដ៏ចម្បង នៅក្នុងវិសាលគមពាណិជ្ជកម្មទាំងមូល។ ទីពីរ គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ដែលដឹកនាំដោយទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នឹងតាមដាន វាយតម្លៃផ្តល់ដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមរបស់វិស័យឯកជន និងជំរុញបន្ថែមទៀតនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ដែលអំណោយផលដល់កម្ពុជា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំសូមអញ្ជីញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរបស់យើង។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។ ខ្ញុំសូមស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេស វិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។ ខ្ញុំមានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ ដែលបំបែកកំណត់ត្រាឆ្នាំមុនៗ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំមានមោទនភាព និងសូមប្រកាសថា កម្ពុជា គឺជាបេក្ខភាពរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ នឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះគុណតម្លៃនៃហ្វ្រង់កូហ្វូនី។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ក្នុងការបង្ហាញពីសមិទ្ធផលរបស់ប្រទេសយើង លើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌ និងភាសារបស់យើង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសហ្វ្រង់កូហ្វូនីដទៃទៀត។ ការសម្រេចចុងក្រោយលើបេក្ខភាពរបស់កម្ពុជា នឹងត្រូវធ្វើឡើងនៅខែតុលា ក្នុងឆ្នាំនេះ ហើយយើងសង្ឃឹមថានឹងទទួលបាននូវលទ្ធផល ដូចការរំពឹងទុក។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំសូមអរគុណដល់ ឯកឧត្តម ប្រធានាធិបតី (Emmanuel) Macron និងប្រទេសបារាំង ដែលបានគាំទ្រដល់បេក្ខភាពកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះ(រៀបចំកិច្ចប្រជុំកំពូល)ហ្វ្រង់កូហ្វូនីឆ្នាំ២០២៦នេះ។
[ចប់សេចក្ដីអធិប្បាយ២]
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យ វេទិកានេះទទួលបានជោគជ័យ និងសូមជូនពរឱ្យ ឯកឧត្តម លោកជំទាវ លោកលោកស្រី មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ខ្ញុំសូមប្រកាសបើក វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី ២ ចាប់ពីពេលនេះតទៅ៕
សូមអរគុណ!