Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 234
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត សាជាថ្មីម្ដងទៀតបន្ទាប់ពីការជំនួបលើកមុន ក្រោយពេល ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះមហាក្សត្រ។ ជាមួយនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអបអរសាទររដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការរៀបចំការប្រកួត EURO Cup 2024 បានល្អប្រសើរ និងអបអរសាទរក្រុមបាល់ទាត់អាល្លឺម៉ង់ដែលទទួលបានជោគជ័យក្នុងការប្រកួតរហូតមកដល់ពេលនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អាល្លឺម៉ង បានសម្ដែងការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម បានចូលជួបសម្ដែងការគួរសម និងពិភាក្សា ក្នុងឋានៈសម្ដេចជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញការងារនៅកម្ពុជា ឯកឧត្តមបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើកគួរជាទីចាប់អារម្មណ៍យ៉ាងក្រៃលែង។ ឯកឧត្ដម ក៏បានសម្ដែងការរីករាយផងដែរ ដោយឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ពិសេស បានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ​​ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ១៧គណៈប្រតិភូរួចហើយ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំង ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។​ចំនួននេះច្រើនជាងរយៈពេល១០ឆ្នាំកន្លងមក។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីផ្សព្វផ្សាយទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដែលបង្ហាញពីការ​បង្កើនការយល់ដឹងគ្នាកាន់តែច្រើនថែមទៀតរវាងប្រទេសទាំងពីរ។ នៅពេលខាងមុខនេះ ​គណៈប្រតិភូធុរកិច្ចចំនួន៣ របស់អាល្លឺម៉ង់ នឹងមកកាន់កម្ពុជា ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹមថាការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់នឹងត្រូវបានពង្រីកថែមទៀតនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបសម្ដេចតេជោ ពីការបើកស្ថានកុងស៊ុលកិត្តិយសរបស់អាល្លឺម៉ង់ប្រចាំទីក្រុងសៀមរាប នៅខែមិថុនាកន្លងទៅ ដែលដឹកនាំដោយកុងស៊ុលកិត្តិយសម្នាក់មានជំនាញខាងពាណិជ្ជកម្ម និងទេសចរណ៍ ។ ឯកឧត្តម ជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងអាចជួយជំរុញការទាក់ទាញទេសចរអាល្លឺម៉ង់និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។
ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបន្ថែមថា ឯកឧត្តមនឹងប្រឹងប្រែងបន្តទៀតដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍនូវយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាព វិនិយោគនៅកម្ពុជា ហើយគេកំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសសម្រាប់ការវិនិយោគ រួមមាននីតិវិធី ពន្ធដារជាដើម។
បន្ថែមលើទំានាក់ទំនងទ្វេភាគី ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លើកឡើងថា កម្ពុជានិងអាល្លឺម៉ង់ មានកិច្ចសហប្រតិបត្តិការល្អនៅលើវេទិកាអន្តរជាតិ។ កម្ពុជា និងអាល្លឺម៉ង់បានការគាំទ្រគ្នាទៅវិញទៅមក ចំពោះបេក្ខភាពស្នើដោយប្រទេសនីមួយៗ។ ឯកឧត្តម បានអរគុណ កម្ពុជាបានបន្តគាំទ្រ ក្នុងការហ្វឹកហ្វឺនអ្នកដោះមីនអ៊ុយក្រែន ដោយឯកឧត្តម យល់ច្បាស់ពីកម្ពុជាដែលបានឆ្លងកាត់ការលំបាកច្រើន។ ​អាល្លឺម៉ង់ ចង់ឱ្យកម្ពុជាបន្តការងារអាចជួយពង្រីកការងារបណ្ដុះបណ្ដាលនេះបន្ថែមទៀត។

ទាក់ទងនឹងបញ្ហាដោះមីនផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសន្យាថានឹងបន្តធ្វើការជាមួយនឹងអង្គការ NGO នានា បន្តការងារដោះមីនដើម្បីឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសគ្មានមីននៅក្នុងឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះដែរ អាល្លឺម៉ង់ក៏ប្ដេជ្ញាបន្តគម្រោងអាល្លឺម៉ង់ជួយឧបត្ថម្ភគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ ប្រាសាទនានា ដែលជាបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលគម្រោងនេះមានរយៈពេលវែងជាងគេលើពិភពលោក។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដោយសម្ដេចបានធ្វើការជាបន្តបន្ទាប់ជាមួយនឹងថ្នាក់ដឹកនាំ អាល្លឺម៉ង់ ជាពិសេសក្នុងជំនួបជាមួយ ប្រធានាធិបតីអាល្លឺម៉ង់ ក្នុងទីក្រុងព្រុចសែលពេលកន្លងមកនេះ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នានិងធ្វើការជាមួយគ្នាបន្តទៀត។

  

អត្ថបទទាក់ទង