សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានដឹងថាឯកឧត្តម និងសហការីបានអញ្ជើញទៅទស្សនានៅខេត្តសៀមរាបហើយសង្ឃឹមថានឹងបានជាប់ចិត្ត ពេញចិត្តនឹងប្រាសាទបុរាណជាច្រើនរបស់កម្ពុជាក្នុងខេត្តសៀមរាប និងភាពស្រស់ស្អាតនៅទីនោះ។សម្ដេចតេជោបានលើកឡើងអំពីតួនាទីរបស់ CICA ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាពនៅលើពិភពលោក ក៏ដូចជានៅអាស៊ីតែម្ដង។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមពិតជាពេញចិត្តនិងបានឃើញពីភាពស្រស់ស្អាតនៅកម្ពុជា ជាពិសេសក្នុងពេលដែលឯកឧត្តមបានអញ្ជើញទៅកាន់ខេត្តសៀមរាបគឺបានឃើញនូវប្រាសាទបុរាណរបស់កម្ពុជារាប់ពាន់ឆ្នាំដែលពោរពេញទៅដោយអត្ថន័យនៃប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ។ឯកឧត្តមបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោតាំងពីនៅជានាយករដ្ឋមន្ត្រី ជាពិសេសការកសាងសន្តិភាពនៅកម្ពុជា រួមទាំងលើឆាកអន្តរជាតិ តាមរយៈការចូលរួមជាមួយអង្គការអន្តរជាតិនានា រួមមានទាំងអាស៊ាន ជាពិសេសបានចូលរួមចំណែកជាមួយអង្គការនេះតែម្ដង។ ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ
CICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិសុខ សន្តិភាព នៅក្នុងពិភពលោកដែលតួនាទីរបស់កម្ពុជាគឺជាតួនាទីដ៏សំខាន់ក្នុងកិច្ចការងាររបស់ CICA។ នៅក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌកម្ពុជានិង CICA ទាំងក្នុងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្ម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៃបរិបទកម្ពុជាជាមួយ CICA និងបណ្ដាសមាជិករបស់ CICA
ផងដែរ។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ហើយសម្ដេច
បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ី រួមទាំងលើពិភពលោក។សម្ដេចបានលើកឡើងថា តាមរយៈវេទិកា CICA គឺបានរួមចំណែកក្នុងការតភ្ជាប់គ្នារវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្ដាល តួយ៉ាងដូចជានៅបណ្ដាប្រទេសកៀគីស្ថាន
និងអាស៊ែបៃហ្សង់ជាដើម ដែលជាការពង្រឹងការតភ្ជាប់គ្នារវាងអាស៊ីអាគ្នេយ៍ជាមួយនឹងអាស៊ីកណ្ដាលដែលជាផ្នែកក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ដាប្រទេសនៅតំបន់អាស៊ីរបស់យើង។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមអគ្គលេខាធិការ និងសហការីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕






