Grand News Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 1022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា



នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងដំណើរអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តម នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។

សម្ដេចតេជោបានលើកឡើងថាដំណើររបស់ឯកឧត្តមប្រធានាធិបតីមកកាន់កម្ពុជានៅពេលនេះបង្ហាញឃើញច្បាស់ពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា និងនិយាយដោយឡែកនៅក្នុងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ សម្ដេចតេជោក៏បានលើកឡើងបន្ថែមទៀតថា សាវតានៃប្រទេសរវ៉ាន់ដា
និងកម្ពុជាមានប្រវត្តិប្រហាក់ប្រហែលគ្នាហើយសម្ដេច និងឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ក៏មានប្រវត្តិតស៊ូកម្សត់ប្រហាក់ប្រហែលគ្នាផងដែរ។សម្ដេចសង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងរវ៉ាន់ដាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្ដេចតេជោចំពោះឯកឧត្តមនៅពេលនេះ ឯកឧត្តមបានលើកឡើងពីក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានចាត់ទុកប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ។ ឯកឧត្តមបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយឯកឧត្តមលើកឡើងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នឹងលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍដឹកនាំប្រទេសរបស់ខ្លួន ទន្ទឹមនឹងនេះឯកឧត្តមក៏បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក៏ដូចជាប្រវត្តិរបស់ឯកឧត្តមផ្ទាល់ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាដែលអាចស្វែងយល់គ្នាកាន់តែស៊ីជម្រៅនូវចំណុចដែលភាគីទាំងពីរត្រូវតែបំពេញនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា និយាយជារួម ឯកឧត្តមបានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ក៏ស្វែងរកឱកាស ដោយក្រុមការងាររបស់ឯកឧត្តមក៏បានជួបជាមួយនឹងភាគីកម្ពុជាហើយឯកឧត្តមផ្ទាល់នឹងជជែកនៅក្នុងការស្វែងរក និងការបង្កើតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា។ សម្ដេចបានលើកឡើងថា សម្ដេចក៏គាំទ្រចំពោះប្រទេសទាំងពីរដែលគ្រោងនឹងចុះហត្ថលេខាជាមួយគ្នានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកម្ពុជានិងរវ៉ាន់ដា ដែលនឹងចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងក្លាយទៅជាមាគ៌ាមួយដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចក៏បានលើកឡើងបន្ថែមនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសម្ដេចបានកត់សម្គាល់ថាប្រទេសទាំងពីរដែលជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា ដូច្នេះយើងអាចមានឱកាសយល់ពីគ្នាច្រើន ហើយស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ប្រកបដោយភាពរីករាយ និងជោគជ័យ៕

អត្ថបទទាក់ទង