Grand News Asia Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មី ៖ សន្តិភាពនិងការអភិវឌ្ឍន៍មានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ទំព័រវីដេអូ បទយកការណ៍ 136

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត មានចំណងជើងថា សន្តិភាពនិងការអភិវឌ្ឍន៍មានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន» ដែលវីដេអូនេះមានរយៈពេលប្រមាណ១១នាទី។

ដោយរំលេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលថ្មីៗនេះ និងជាញឹកញាប់នៅពេលជួបសំណេៈសំណាលជាមួយប្រជាពលរដ្ឋ និងចុងក្រោយនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ រហូតដល់ស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម គឺ « យើងយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍន៍ និងយកការអភិវឌ្ឍន៍ដើម្បីពង្រឹងសន្តិភាព» ហើយដែលកម្ពុជាមានសមិទ្ធផលគ្រប់យ៉ាងដូចសព្វថ្ងៃគឺពិតជាផ្លែផ្កានៃសន្តិភាពដែលរកបានដោយលំបាកលំបិនបំផុត។

ដូច្នេះ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍន៍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ទាល់តែមានសន្តិភាពទើបអាចនិយាយបានអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។ ការមើលស្រាលសន្តិភាព គឺជាការផ្តល់តម្លៃដល់សង្គ្រាមដែលបំផ្លិចបផ្លាញនិងជាពិសេស គឺជាការជាន់ឈ្លីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ នៅក្នុងការដឹកនាំរបស់ខ្លួន រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានគោលការណ៍យ៉ាងច្បាស់លាស់បំផុត នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍន៍ និងយកការអភិវឌ្ឍន៍ដើម្បីពង្រឹងសន្តិភាព។

បច្ចុប្បន្ន កម្ពុជាមានហើយសន្តិភាពនិងការអភិវឌ្ឍន៍! ដូច្នេះ កិច្ចការដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបន្តធ្វើគឺយកការអភិវឌ្ឍន៍ដែលកំពុងកើតមានដើម្បីពង្រឹងបន្ថែមនូវសន្តិភាពដោយប្រឆាំងដាច់ខាតនូវរាល់សកម្មភាពប៉ុនប៉ងបំផ្លាញសន្តិភាព។ សន្តិភាពមិនអាចរឹងមាំបានឡើយដរាបណានៅតែមានក្រុមបង្កញុះញង់បង្កអសន្តិសុខនិងការបែកបាក់ សង្គមតាមរយៈការសាបព្រួសមនោគមន៍វិជ្ជាជ្រុលនិយម។ ការប្រកាន់យកវិធានមការផ្លូវច្បាប់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់តទល់ជាមួយក្រុមអ្នកនយោបាយជ្រុលនិយមដើម្បីរក្សាសន្តិភាព សន្តិសុខនិងសុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម។ គោលបំណងរបស់ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺចង់ឲ្យប្រជាពលរដ្ឋមានពេលវេលាសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ចំណែករាជរដ្ឋាភិបាលក៏មានពេលេម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ខ្លឹមសារសង្កត់ធ្ងន់ក្នុងវីដេអូ បានបង្ហាញថា តាមរយៈកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលអាចបន្តអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ នេះហើយជាអត្ថន័យនៃទស្សនៈវិជ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍន៍ និងយកការ អភិវឌ្ឍន៍ដើម្បីពង្រឹងសន្តិភាព៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទទាក់ទង