Grand News Asia Close

(វីដេអូ) សម្រងប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 778

cn

CNV:

ថ្ងៃនេះ មើលមុខឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រហែលជាមិនស្លក់ប៉ុន្មានទេ ប្រហែលបើយើងធ្វើមីទ្ទីងពីម្សិលមុខស្លក់បន្ដិច ប្រហែលអ្នកទាំងអស់គ្នាតាមដានបាល់ទាត់ក្បែរៗភ្លឺ។ មិនដឹងថាអ្នកណាឈ្នះ ​ប៉ុន្មាន​ ចាញ់ប៉ុន្មានហើយទេ យប់នេះខ្ញុំច្បាស់ជាយកអាល្លឺម៉ង់ហើយ។

សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
គណៈចាងហ្វាងជាន់ខ្ពស់សាសនិកអ៊ិស្លាម គណៈដឹកនាំគ្រីស្តសាសនិក
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ
សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេសជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មជូនជាតិប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៤៥ឆ្នាំ កន្លងទៅនេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។

យើងជួបជុំគ្នាប្រារព្ធពិធីដ៏ឱឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេងដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។ ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ នៅដើមឆ្នាំ ២០២៤នេះ។

អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!

រយៈពេល ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញ យ៉ាងណាក្ដី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិសេ្នហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ពេលប្រទេសជាតិទាំងមូលត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយនៃអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គណបក្សបានដឹកនាំការតស៊ូប្រយុទ្ធវាយផ្ដួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានដណ្ដើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។

បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនជ្រោងទង់មហាសាមគ្គីជាតិ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ទប់ស្កាត់ការប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកវិញ និងស្ដារកសាងមាតុភូមិឡើងវិញពីគំនរផេះផង់។ យើងពិតជាមិនអាចរៀបរាប់អស់អំពីឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកដែលយើងបានជួប និងឆ្លងកាត់ក្នុងរយៈពេលជាង ៤៥ឆ្នាំ មកនេះបានឡើយ ប៉ុន្តែយើងអាចអះអាងប្រកបដោយមោទនភាពបំផុត អំពីបណ្ដាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្ដារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្ដើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្ដូររីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ យើងបានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកល និងសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់កម្លាំងនយោបាយជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា។ ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើងដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ការបង្កើតបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងបច្ចុប្បន្ននេះ គឺជាតថភាពប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជានិច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។

អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!

ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្ដី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

ជាមួយនេះ ខ្ញុំសូមគូសបញ្ជាក់ឡើងវិញថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់។ កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ។ ជាក់ស្ដែង សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមមានភាពល្អប្រសើរ សេដ្ឋកិច្ចបន្តមានកំណើន សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ ឆ្លងតាមការពិតជាក់ស្ដែងទាំងអស់នេះ បានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន។

អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!

ការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤នេះ បានបង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលផ្ទុយស្រឡះពីអតីតកាលដែលភាគីខ្មែរបដិបក្សតែងតែប្រើប្រាស់អាវុធដើម្បីប្រឆាំងដណ្ដើមអំណាចគ្នា។ ព្រមជាមួយនោះ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីទៀត។ ក្នុងនាមគណៈកម្មាធិការកណ្ដាល សម្ដេចប្រធានកិត្តិយសគណបក្ស និងរូបខ្ញុំផ្ទាល់ សូមសម្ដែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់មុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខ្ញុំព្រះករុណាខ្ញុំ ហើយបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់បំផុត។ ឆ្លើយតបនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជន។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីរបស់គណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការបម្រើប្រជាជន និងអនុវត្តរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ គឺផ្ដើមពីសកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យគណបក្សយើងទទួលបានជ័យជម្នះនៅគ្រប់កាលៈទេសៈ។

អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!

ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៥ឆ្នាំ មកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ។

ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សក្នុងការកសាងប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែមានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ដរបស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។ ក្នុងស្មារតីនេះ ខ្ញុំសូមគូសបញ្ជាក់បន្ថែមនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

១. នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ក្នុងការដឹកនាំត្រូវតែមានភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ទើបធានាបាននូវជោគជ័យ។ នយោបាយរបស់គណបក្ស មិនឆ្វេង មិនស្ដាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្ដែង ទោះត្រូវប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹងត្រូវបរាជ័យជាមិនខាន។ ដូច្នេះ ជានិច្ចកាល ត្រូវឈរលើឧត្តមគតិស្នេហាជាតិ គួបផ្សំនឹងមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានាដែលស្របជាមួយនឹងការវិវត្តនៃសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងសភាពការណ៍ក្រៅប្រទេស។

២. ប្រជាជន គឺជាកត្តាសម្រេចនៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ ក៏ដូចនៅក្នុងដំណាក់កាលនៃការកាន់អំណាចដឹកនាំប្រទេសរបស់គណបក្ស។ បើប្រជាជនមិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់គណបក្សនោះ គឺគ្មានភារកិច្ចណាដែលគណបក្សអាចសម្រេចបានឡើយ។ ដូច្នេះគ្រប់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកឱ្យប្រជាជនដើម្បីដោះស្រាយនូវសំណូមពរ និងការលំបាកនានារបស់ប្រជាជនផង និងបំផុសប្រជាជន ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សផង។

៣. ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាសំខាន់ជាគន្លឹះនៃជ័យជម្នះ ព្រោះថាមន្ត្រីគណបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយប្រជាជន ជាកម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។ ដូច្នេះ គណបក្សត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សទាំងសម្រាប់រយៈពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានាការលើកកម្ពស់សមត្ថភាពឥតឈប់ឈរទាំងខាងនយោបាយ និងមុខជំនាញ ព្រមទាំងគុណធម៌ អត្តចរិត និងសីលធម៌ ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។ ទន្ទឹមនេះ ត្រូវរាំងស្កាត់ម៉ឺងម៉ាត់ចំពោះបាតុភាពអសកម្មរបស់មន្ត្រី ដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់របស់រដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ប្រជាជនគាំទ្រគណបក្សប្រជាជន តែមិនពេញចិត្តមន្ដ្រីគណបក្សមួយចំនួនដែលប្រព្រឹត្ដខុស

ក្នុងចំណុចនេះបញ្ជាក់ជូន ចំពោះអង្គមីទ្ទីងនៅទីនេះ ក៏ដូចជាសមាជិក/ជិកាទាំងអស់របស់គណបក្សប្រជាជនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាប្រជាជនថា ប្រជាជនកម្ពុជាត្រូវការការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្ដែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្គងរបស់មន្ដ្រីគណបក្សមួយចំនួន ដែលនោះ ខ្ញុំអំពាវនាវចំពោះមន្ដ្រីគណបក្សទាំងអស់ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ។ យើងជាអ្នកបម្រើដ៏ស្មោះរបស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ។

[បញ្ចប់សេចក្ដីអធិប្បាយ១]

៤. សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង ២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត។ យើងត្រូវឆ្លងកាត់ការតស៊ូ ការលះបង់ ការព្យាយាម អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់ទើបសម្រេចបាន។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យឋិតថេរគង់វង្សរឹងមាំជានិច្ច។ មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព ផ្ទុយមកវិញ មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ទើបធានាការពារបាននូវសន្តិភាព។ យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាពបានឡើយ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងមូលលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា។ ម្យ៉ាងទៀតដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ចាំបាច់ត្រូវបន្តជំរុញការកែទម្រង់ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃអភិវឌ្ឍន៍ បើគ្មានការកែទម្រង់ ឬការកែទម្រង់គ្មានប្រសិទ្ធភាពនោះ ការអភិវឌ្ឍនឹងខ្វះកម្លាំងជំរុញហើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(២) ក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញសន្ដិភាពតាមគ្រប់រូបភាព/កម្ចាត់ចោលរដ្ឋាភិបាលនិរទេសប្រសិនបើបង្កើតឡើង

ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថា ចលនាជ្រុលនិយមនៅក្នុងប្រទេសយើងនៅបន្ដមាននៅឡើយ។ ចលនា​ជ្រុល​និយមជាឫសគល់ និងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។ សូម្បីប្រទេសបារាំង ប្រធានាធិបតីបារាំងទើបនឹងប្រកាសប៉ុន្មានថ្ងៃមុនថា ការបោះឆ្នោតនៅពេលខាងមុខនេះ ​ប្រសិនបើបក្សស្ដាំនិយមជ្រុល ឬឆ្វេងនិយមជ្រុលឈ្នះឆ្នោត លទ្ធភាពនៃសង្គ្រាមស៊ីវិលនឹងអាចកើតឡើងនៅប្រទេសបារាំង។ ដូច្នេះតាមរយៈនៃមូលហេតុដែលប្រទេសបារាំងធ្លាប់​មានសន្ដិភាពរាប់រយឆ្នាំ ហ៊ានប្រកាសថា បើក្រុមជ្រុលនិយមឈ្នះឆ្នោត លទ្ធភាពនឹងកើតមាននូវសង្គ្រាម​ស៊ីវិល។ ហើយកម្ពុជាមានហេតុផលនឹងនិយាយដូចគ្នានេះទេ? ច្បាស់ជាមានហេតុផលនឹងនិយាយបែបនេះថា បើ​ក្រុមជ្រុលនិយមនៅបន្ដ យើងនឹងបន្ដឆ្លងកាត់នូវការលំបាកដែលធ្វើឲ្យប្រជាជនអាចហូរឈាមសាជាថ្មីម្ដងទៀត​។ ក្នុងន័យនេះ ខ្ញុំក៏សូមបញ្ជាក់ទុកជាមុនថាការផ្ដួចផ្ដើមគំនិតបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្ដើមហើយ។

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកនៅក្នុងប្រទេសឲ្យបានជ្រាបថា បក្សណាក៏ដោយ អ្នក​ណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនៅពេលខាងមុខ តាមការគ្រោងទុករបស់គេ យើងត្រូវតែកម្ចាត់ចោលភ្លាម រំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយ​ដែលនៅក្នុងប្រទេស។ នេះជារឿងចាំបាច់ដើម្បីការពារ។ យើងមិនអាចឲ្យពួកគេមានក្បាលម៉ាស៊ីនជារដ្ឋាភិបាលនៅក្រៅប្រទេស មានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលពិនិត្យ​ពិចារណាលើរឿងនេះ វិសោធនកម្មច្បាប់ទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀតប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស។ ខ្ញុំក៏ទទួលបាននូវព័ត៌មានដែលពួកគេកំពុងចលនាបង្កើតឡើងរបស់ដែលហៅរដ្ឋាភិបាលនិរទេស។ បើអ្នកឯងមានរដ្ឋាភិបាល យើងក៏មិនអាចទុកគណបក្សនយោបាយឲ្យស្របច្បាប់តទៅទៀតដែរ នេះជារឿងដែលយើងចាំបាច់ត្រូវធ្វើ។ យើងត្រូវហ៊ានលះបង់ ត្រូវហ៊ានធ្វើនូវអ្វីៗដើម្បីការពារនូវ​សន្ដិភាពសម្រាប់ប្រជាជាតិរបស់យើង។ យើងបានបាត់បង់សន្ដិភាពរយៈពេលវែង យើងទើបមានសន្ដិភាពរយៈពេល ជាង២៥ ឆ្នាំ យើងមិនខ្លាចនឹងបង់តម្លៃណាក៏ដោយ ដើម្បី​នឹងទប់ស្កាត់នូវចរន្ដជ្រុលនិយម ដែលបង្កើតឡើង​នូវស្ថានភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនោះឡើយ។

​​[បញ្ចប់សេចក្ដីអធិប្បាយ២]

៥. គណបក្សប្រជាជនកម្ពុជាបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ។ ម្យ៉ាងទៀត ក៏ត្រូវឃើញច្បាស់អំពីចំណងទាក់ទងស្អិតរមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស ដែលក្នុងនោះសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សគឺជាស្នូល។ អាស្រ័យហេតុនេះ អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយនានារបស់គណបក្ស។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមជាមួយគណបក្សចំនួន ២៧ទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ព្រមទាំងពង្រឹងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្ដាអង្គការនានានៃសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ក្នុងសង្គម តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

៦. ក្នុងស្មារតីសាមគ្គីភាពជាតិនេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន ចំណេញខាងការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់ ជួយពង្រីកការដាំដុះនៅភាគនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) ស្នើឲ្យមានការទូងស្គរ នៅតាមវត្ដអារាម និងកន្លែងផ្សេងៗ ព្រមទាំងបាញ់កាំជ្រួចអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ៊្វូណនតេជោ

ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល ថ្ងៃទី៥ ខែសីហា ខាងមុខ នៅពេលបើកការដ្ឋាននេះ សូមអំពាវនាវឲ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗទូង​ស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី៥ សីហា ត្រូវបាញ់កាំជ្រួចបន្ថែមទៀតនៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តនូវការ​អនុវត្តគម្រោងនេះ។ គម្រោងនេះនឹងបង្កើតឱកាសសម្រាប់រាប់រយ រាប់ពាន់ ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ព្រែកជីកនេះវានឹងកា្លយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីរបស់ប្រទេសកម្ពុជា ដែលវានឹងជួយបំពេញបន្ថែមទៅឲ្យការទប់ស្កាត់និងរួមចំណែកការប្រែប្រួលអាកាសធាតុ និងបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

៧. នៅក្នុងឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្ដល់ការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា។ ខ្ញុំក៏សូមគូសបញ្ជាក់បន្ថែមទៀតថា ដោយប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជាបន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។ ព្រមជាមួយនោះ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ និងប្រកបដោយការគំរាមកំហែងដ៏គ្រោះថ្នាក់នោះ ខ្ញុំសូមអំពាវនាវដល់បណ្ដារដ្ឋ ជាពិសេសបណ្ដាប្រទេសមហាអំណាចសូមស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្ដៅៗទាំងឡាយតាមរយៈការចរចា ដើម្បីសន្តិភាព សន្តិសុខ និងការស្ថិតស្ថេររីកចម្រើនរបស់មនុស្សជាតិទាំងមូល។ ការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្គ្រាម ពុំមែនជាដំណោះស្រាយល្អនោះឡើយ វាគ្រាន់តែបានបង្កើនថែមទៀតនូវហានិភ័យសម្រាប់មនុស្សជាតិប៉ុណ្ណោះ។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមថ្វាយព្រះពរ និងជូនពរ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម គណៈដឹកនាំគ្រឹស្ដសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរព្រះគុណ សូមអរគុណ!

អត្ថបទទាក់ទង