Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាបោះទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា លើផលិតកម្មស្រូវ កែច្នៃជាអង្ករ សម្រាប់នាំចេញទៅឥណ្ឌូណេស៉ី និងប្រទេសផ្សេងទៀត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 961
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាបោះទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា លើផលិតកម្មស្រូវ កែច្នៃជាអង្ករ សម្រាប់នាំចេញទៅឥណ្ឌូណេស៉ី និងប្រទេសផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាបោះទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា លើផលិតកម្មស្រូវ កែច្នៃជាអង្ករ សម្រាប់នាំចេញទៅឥណ្ឌូណេស៉ី និងប្រទេសផ្សេងទៀត

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងការរៀបចំជាប្រព័ន្ធផលិត ស្តុកទុកកិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកក៏បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣កន្លងមក ប្រទេសឥណ្ឌូណេស៊ី ចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយនឹងពីការចាប់អារម្មណ៍ លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដង។

ក្នុងវិស័យពាណិជ្ជកម្ម លោកឯកអគ្គរដ្ឋទូត បានពិនិត្យឃើញថា បច្ចុប្បន្ន ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានប្រហែលមួយពាន់លានដុល្លារ ហើយមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយទេ។ កម្ពុជា គឺជាដៃគូដ៏រឹងមាំ ហើយមានសក្ដានុពលច្រើនទៀត ដែលអាចជំរុញឱ្យទំហំពាណិជ្ជកម្ម បានលើសជាងនេះទៅទៀត។

លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា ស្ថានទូតឥណ្ឌូណេស៊ី នឹងរៀបចំពិព័រណ៍សុខាភិបាល នៅទីក្រុងព្រះសីហនុ នៅចុងឆ្នាំនេះ ដើម្បីបង្ហាញពីផលិតផល ក្នុងវិស័យសុខាភិបាលជូនចំពោះភាគីកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ ទៅលើកិច្ចសហការក្នុងវិស័យដឹកជញ្ជូន ជាពិសេសលើវិស័យផ្លូវដែកផងដែរ ។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ។ លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ហើយដែលឥណ្ឌូណេស៊ី បានបន្តការងារជាប្រធានអាស៊ាន ដោយកសាងលើសមិទ្ធផលរបស់កម្ពុជា នៅឆ្នាំ២០២៣ ។

លោកឯកអគ្គរដ្ឋទូត ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីប្រធានាធិបតី Joko Widodo និងលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត ដែលនឹងចូលកាន់តំណែង នៅខែតុលាខាងមុខនេះ។ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោកបានប្ដេជ្ញាខិតខំពង្រឹងនៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែរីកចម្រើន និងរឹងមាំថែមទៀត ជាពិសេស ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ហើយនឹងការលើកកម្ពស់សេវា ដល់ប្រជាជនឥណ្ឌូណេស៊ី ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារជាមួយលោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

សម្ដេចក៏បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីកន្លងទៅនេះ ដែលលោក Prabowo Subianto ត្រូវចូលកាន់តំណែងជាប្រធានាធិបតី នៅខែតុលាខាងមុខនេះ ។

សម្ដេចបានលើកឡើងថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែង ហើយពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះទេ។ សម្ដេចតេជោ ក៏បានរំលឹកផងដែរពីអនុស្សាវរីយ៍ នៅក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ក្នុងការនាំមកនូវសុខសន្តិភាព និងដំណោះស្រាយចំពោះកម្ពុជា។ ឥណ្ឌូណេស៊ី គឺតែងតែបានប្រឹងប្រែងជួយដោះស្រាយ ក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីស និងក៏បានរំលឹកពីកិច្ចប្រជុំ JIM 1 & 2 នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។ ក្រោយមកសម្ដេច បានធ្វើការជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី បន្តបន្ទាប់ រហូតដល់លោក Joko Widodo អស់រយៈពេលពីរអាណត្តិ។

ដើម្បីជាការតបស្នងដឹងគុណចំពោះឥណ្ឌូណេស៊ី, កម្ពុជាបានរៀបចំឱ្យមានវិថីពីរ ដែលបានដាក់ឈ្មោះថា វិថីស៊ូកាណូ និងវិថីអាលី អាឡាតាស ដែលជាឥស្សរជនឥណ្ឌូណេស៊ី បានរួមចំណែកជាមួយនឹងកម្ពុជា ជាពិសេស គឺលោក អាលី អាឡាតាស ដែលបានជួយជ្រោមជ្រែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា៖

ទី១៖ គឺត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនត្រូវការស្បៀង។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀង ប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោ បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុកកិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។ ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ី មានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។  

អត្ថបទទាក់ទង