Grand News Asia Close

(វីដេអូ) សង្កថាសម្ដេចធិបតី ហ៊ុន ម៉ាណែត “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 569

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា
ថ្នាក់ដឹកនាំ តំណាងស្ថានទូត អង្គទូតនានាប្រចាំកម្ពុជា
គណៈប្រតិភូ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ អង្គពិធីទាំងមូលជាទីមេត្រី!

(១) រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ ប្រែក្លាយប្រទេសពីបែកបាក់ជាតិ ទៅសាមគ្គីភាព និងសមាហរណកម្មជាមួយពិភពលោក

ថ្ងៃនេះ ខ្ញុំមានការសេចក្ដីរីករាយ ដែលបានមកចូលរួមក្នុង «ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា»។ ខ្ញុំសូមអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម អ្នកឧកញ៉ាឧកញ៉ា អនុប្រធាន ក៏ដូចជាសមាគម ០៩ ចូលរួមគ្នាបង្កើតជាសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះឡើង។ នេះគឺជាជំហានមួយសំខាន់ ហើយគឺជាយន្ដការដែលយើងចង់បានក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន។ គោលដៅរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ៤៥ឆ្នាំនេះ គឺតែមួយគត់ ជំរុញការអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់តែមានប្រវត្តិជូរជត់ដោយសង្រ្គាម ៥០០ឆ្នាំ នៃការបែកបាក់ហែកហួរ, ៥០០ឆ្នាំ នៃការស្លាប់ នៃការវិនាស បែកបាក់ឯកភាពជាតិ ទៅជាការសាមគ្គី ការរួមគ្នាពង្រឹងនៅក្នុងយុគសម័យថ្មី សមាហរណកម្មជាមួយពិភពលោក និងទំនាក់ទំនង​ដ៏ល្អ ធ្វើយ៉ាងណាទាញផលប្រយោជន៍ ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

(២) គោលដៅយុទ្ធសាស្រ្ត ៥ មានគោលគំនិតនិងវិធីសាស្រ្តជំរុញវិស័យឯកជនជាចលករអភិវឌ្ឍប្រទេសជាតិ

ក្នុង(រយៈពេល) ៤៥ឆ្នាំ ក្រោយពីរបបប្រល័យពូជសាសន៍ត្រូវបានដួលរលំ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តដឹក​នាំឆ្ពោះទៅមុខលើគោលដៅនេះអត់មានងាករេ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តជំរុញទិសដៅ និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា ឱ្យឈានទៅដល់ប្រទេសដែលមានជីវភាពខ្ពស់ ចំណូលខ្ពស់នៅឆ្នាំ​ ២០៥០ ដែលហៅថា ទស្សនៈវិស័យ ២០៥០ កម្ពុជា។ នៅក្នុងគោលដៅនេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកហើយ​ អ្វីដែលជាគោលដៅអភិវឌ្ឍន៍ និងទស្សនទានរបស់រាជរដ្ឋាភិបាល ជាពិសេសគោលដៅយុទ្ធសាស្រ្តទាំង ៥ ដែលបានដាក់ចេញ គឺជំរុញកំណើនសេដ្ឋកិច្ច​ បង្កើតការងារឱ្យច្រើន កាត់បន្ថយភាពក្រីក្រ ជំរុញពង្រឹងសមត្ថភាពអភិបាលកិច្ចស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធានានូវការអភិវឌ្ឍ និងចីរភាព។ នៅក្នុងនោះ ទិសដៅ និងគោលគំនិត និងវិធីសាស្រ្តជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជំរុញវិស័យឯកជន ដែលជាចលករ​សំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិយើង​​។

(៣) វិស័យឯកជនជាតួអង្គសំខាន់ជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

វិស័យឯកជន គឺជាតួអង្គមួយសំខាន់ណាស់នៅក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដែលរដ្ឋធម្មនុញ្ញយើងបានប្រកាន់យករបបទីផ្សារ សេដ្ឋកិច្ចទីផ្សារ ដែលធានានូវកម្មសិទ្ធិឯកជន និងបើកសិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋប្រកបរបរអាជីវកម្ម ប្រកបរបរទៅតាមអ្វីដែលគាត់ចង់បាន នៅក្នុងក្របខណ្ឌច្បាប់ ដើម្បីធានានូវភាពរីកចម្រើនទាំងអស់គ្នា។ ពាក្យថា ដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលយើងគិតថា ជាពាក្យមួយម៉ាត់ ដែលយើងត្រូវធ្វើយ៉ាងណាឱ្យកាន់តែសកម្ម ហើយមានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាលអាណត្តិទី៧ គឺយើងយកចិត្តទុកដាក់នៅក្នុងការលើកកម្ពស់តួនាទី សិទ្ធិរបស់វិស័យឯកជននៅកម្ពុជា ដើម្បីបានចូលរួមនៅក្នុងការជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឈានទៅដល់កម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យ ២០៥០ ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ពាក្យដៃគូ PPP, Public, Private Partnership, Government, private sector, partner for development។ ពាក្យនេះបានន័យថាម៉េច? និយាយដោយខ្លី គឺចែកគ្នាទទួលផលក្នុងគ្រាល្អ ជួយគ្នាក្នុងគ្រាលំបាក។ វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាល មានកាតព្វកិច្ចចូលរួមដើម្បីឱ្យភាពដៃគូនេះជោគជ័យ។​

(៤) រដ្ឋាភិបាលផ្តល់ការធានា ៦ ដើម្បីប្រទេសឈានទៅសំរេចគោលដៅ ២០៥០

នៅក្នុងន័យនេះ កាតព្វកិច្ចរបស់រាជរដ្ឋាភិបាលរបស់យើង​ មានការងារស្នូលជាច្រើន ដែលយើងបានធ្វើក្នុងរយៈពេល ៤៥ឆ្នាំនេះ ជាពិសេស ក្រោយពេលដែលយើងបញ្ចប់សង្រ្គាមនៅឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលអាណត្តិមុនៗ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធានានូវស្ថិរភាព ធានានូវសន្ដិភាព ធានានូវសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច។ អញ្ចឹង ដើម្បីឱ្យប្រទេសរបស់យើងឈានឆ្ពោះទៅចាប់គោលដៅឆ្នាំ ២០៥០ កា​តព្វកិច្ចនិងភារកិច្ចរបស់រាជរដ្ឋាភិបាលត្រូវធានា៖ ទី១ ត្រូវធានារក្សាសុខសន្ដិភាព សន្ដិសុខ ស្ថិរភាពសង្គម។ ទី២ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទី៣ គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព។ ទី៤ ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងផ្ដល់ការលើកទឹកចិត្តផ្សេងៗដល់វិស័យឯកជន។ ទី៥ វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង។ និងទី៦ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ផ្លូវ ទឹក ភ្លើង និងឥឡូវបច្ចេកវិទ្យា។

(៥) បន្តថែរក្សាសុខសន្ដិភាព និងស្ថិរភាពសង្គម ការពារដាច់ខាតការឯកភាពជាតិ

យើងអាចនិយាយថា ក្នុងទ្រឹស្ដីសេដ្ឋកិច្ច ជាកត្តាសំខាន់សម្រាប់ធានានូវកំណើនសេដ្ឋកិច្ច ប៉ុន្តែទ្រឹស្ដីវាអត់មានន័យអ្វីទេ បើសិនជាគ្មានការអនុវត្តនោះ។ រាជរដ្ឋាភិបាលអាណត្តិទី៧ តាំងពីថ្ងៃទី១ ដែលខ្ញុំចុះជួបជាមួយនឹងប្រជាជន គឺយើងឱ្យតម្លៃទៅលើសមិទ្ធកម្ម ទៅលទ្ធផលជាក់ស្ដែងនៅលើដី។ នៅក្នុងរយៈពេល ៨ខែនេះ ដែលរាជរដ្ឋាភិបាលថ្មីបានបង្កើត ពិនិត្យមើលសូចនាករនៃគោលដៅទាំងប៉ុន្មានដែលយើងបានលើក តើយើងបានធ្វើអ្វីខ្លះ? លទ្ធផលដែលស្របទៅតាមទ្រឹស្ដីនៃការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានប្រែក្លាយទៅជាការពិតនៅលើដី … អញ្ចឹងនៅក្នុងរយៈពេលជាង ៨ខែនេះ ទី១ រាជរដ្ឋាភិបាលបានបន្តថែរក្សានូវសុខសន្ដិភាព និងស្ថិរភាពសង្គម។ នេះគឺជាកត្តាធំបំផុត ដែលកម្ពុជាត្រូវតែមាន ជាពិសេស (យោងទៅលើ)ប្រវត្តិ ៥០០ឆ្នាំ ដែលកម្ពុជាមានការបែកបាក់និងខ្ទេចខ្ទាំ។ អញ្ចឹង ការធានាដាច់ខាតសុខសន្ដិភាព ការពារឱ្យបានដាច់ខាតនូវការឯកភាពជាតិ គឺជាកត្តាចាំបាច់ដែលរាជរដ្ឋាភិបាលបានដាក់ទិសដៅតាំងពីថ្ងៃទី១។ មកដល់ម៉ោងនេះ យើងបានសម្រេចទទួលបានលទ្ធផលនេះ និងបន្តថែរក្សាទៅទៀត នេះគឺជាការចាំបាច់។

(៦) បន្តជំរុញកំណើនសេដ្ឋកិច្ចអោយកាន់តែខ្ពស់ និងដាក់ចេញគោលនយោបាយលើកទឹកចិត្តវិស័យឯកជន

ទី២ ពាក់ព័ន្ធទៅនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពជាបានកើននៅក្នុង ៥% ហើយព្យាករណ៍ទៅមុខទៀត គឺយើងនឹងបន្តកាន់តែខ្ពស់នៅក្នុងការរីកចម្រើន។ នេះបង្ហាញថា កម្ពុជានឹងកាន់តែមានសក្ដានុពលធំនិងឱកាសច្រើនបន្ថែមទៀត សម្រាប់វិនិយោគ​ទាំងក្នុងនិងក្រៅប្រទេស។ នេះគឺជាកត្តាជោគជ័យរបស់យើង។ ទី៣ ការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាកត្តាសំខាន់ សម្រាប់វិស័យឯកជន ធ្វើយ៉ាងណាឱ្យការវិនិយោគនៅកម្ពុជា ជាការវិនិយោគមួយ ដែលអាចធានាបាននូវជោគជ័យ ជាការវិនិយោគមួយដែលចូលនៅក្នុងបរិស្ថានដែលងាយស្រួល តម្លៃតិច ហើយមិនមានភាពស្មុគស្មាញ។ ពិតណាស់ យើងមិនទាន់ល្អឥតខ្ជោះទេ ប៉ុន្តែយើងបានធ្វើកំណែទម្រង់ជាប្រចាំ រាប់អា​ណត្តិកន្លងមកនេះ ហើយជាពិសេសនៅក្នុងអាណត្តិថ្មីនេះ យើងក៏បានដាក់ចេញនូវគោលនយោបាយលើកទឺកចិត្តជាច្រើន។ វេទិការាជរដ្ឋាភិបាលជួបវិស័យឯកជនលើកទី១៩ ដែលខ្ញុំដឹកនាំនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាង ២ខែក្រោយពីរដ្ឋាភិបាលថ្មីបានទទួលភារកិច្ច គឺយើងបានចេញនូវគោលការណ៍អនុគ្រោះ និងលើកទឹកចិត្តជាច្រើនទៅលើវិស័យឯកជន។

(៧) រៀបចំផ្ទះឱ្យរៀបរយ មានផា​សុកភាព អ្នកវិនិយោគនឹងមកកាន់តែច្រើន

ការដាក់ចេញនូវគោលការណ៍អនុគ្រោះលើវិស័យទេសចរណ៍ តាមរយៈកម្មវិធី ទស្សនាសៀមរាបឆ្នាំ ២០២៤។ កម្មវិធីវិនិយោគខេត្តព្រះសីហនុឆ្នាំ ២០២៤ … ខ្ញុំបានផ្ដល់នូវគោលការណ៍អនុគ្រោះតាមសំណើនៃការលើកយោ​បល់របស់គណៈកម្មាធិការសេដ្ឋកិច្ចនិងនយោបាយ​ និងសំណើរបស់វិស័យឯកជនជាច្រើន។ ឧទាហរណ៍ជាក់ស្ដែង ផ្ដល់គោលការណ៍លើកទឹកចិត្ត ផ្នែកពន្ធអាករទៅលើការនាំចេញថ្មអា, ការផ្ដល់ការលើកទឹកចិត្តពន្ធអាករទៅលើវិស័យផ្សេងៗ ដូចជា អាកាសចរស៊ីវិល។ ម្សិលមិញ បានផ្ដល់គោលការណ៍មួយចំនួនទៀតលើឧស្សាហកម្មគ្រឿងយន្តរបស់គយ។ នេះគឺជាអ្វីដែលយើងត្រូវបន្តធ្វើដើម្បីឱ្យកម្ពុជា ជាកន្លែងមួយដែលអ្នកវិនិយោគគិត។ ឧកញ៉ា លី ឃុនថៃ អម្បាញ់មិញថាសូមអញ្ជើញមកកម្ពុជា អញ្ជើញមកវិនិយោគ … ភាសាឧកញ៉ា លី ឃុនថៃ មួយម៉ាត់ទាក់ទាញ ប៉ុន្តែមិនប្រាកដថាគេមកទេ។ តែបើសិនជាយើងធ្វើផ្ទះយើងឱ្យរៀបរយ ធ្វើផ្ទះយើងឱ្យកាន់តែមានផា​សុកភាព អ្នកវិនិយោគនឹងមកកាន់តែច្រើន នេះគឺជាគោលការណ៍ដែលយើងបានធ្វើ និងបន្តធ្វើតទៅទៀតក្នុងរយៈ​ពេលច្រើនឆ្នាំទៅមុខ។

(៨) វិធានការគន្លឹះនៃគោលដៅអាទិភាពរួមមាន ការពង្រីកការផ្តល់សេវាសុខាភិបាល បណ្តុះបណ្តាលធនធានមនុស្សអោយមានបំណិន ចំណេះដឹង ឆ្លើយតបទៅសំណូមពរវិនិយោគក្នុងនិងក្រៅប្រទេស

នៅក្នុង៨ខែនេះ ការវិនិយោគទៅលើធនធានមនុស្សជាកត្តាសំខាន់។ មកដល់ម៉ោងនេះមិនទាន់មានក្រុមហ៊ុនសិប្បកម្ម ឬមួយការផលិតណាដែលគ្មានប្រើមនុស្សទេ។ តិចឬច្រើន។ អញ្ចឹង ការធានាគុណភាពធនធានមនុស្សគឺត្រូវការចាំបាច់។ នៅក្នុង ៨ខែនេះ យើងបានដាក់ចេញក្របខណ្ឌគោលនយោបាយគន្លឹះជាច្រើន។ គោលដៅអាទិភាព ៦ចំណុច និងវិធានគន្លឹះដែលផ្ដោតខ្លាំងទៅលើការពង្រីកការផ្ដល់ការធានាសុខភាពជូនប្រជាពលរដ្ឋ។ ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដាក់ចេញនូវគោលការណ៍បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឱ្យធនធានមនុស្សកាន់តែទំនើប កាន់តែមានបំណិនខ្ពស់ កាន់តែមានចំណេះដឹងខ្ពស់​ អាចឆ្លើយតបទៅហ្នឹងសំណូមពរនៃការ​វិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាពិសេសវិនិយោគបែបទំនើប។ វិនិយោគ មិនសំដៅតែទំនើបតែទៅលើខាងហេដ្ឋរចនាសម្ព័ន្ធគ្រឿងយន្តនោះទេ ទំនើបទាំងការគ្រប់គ្រង។ ក្រុមហ៊ុនដែលពង្រីកធំគឺត្រូវស្ដង់ដារក្នុងការដឹកនាំ នៅក្នុងការគ្រប់គ្រងមិនថាផ្នែកគណនី មិនថាផ្នែកទីផ្សារ ចាំបាច់ត្រូវមានស្ដង់ដារមួយហ្នឹងហើយទំនើបកម្ម ទោះបីជាគាត់ផលិតដដែលក៏ដោយ ដើម្បីបង្កើនប្រសិទ្ធភាព​។

(៩) ក្នុង ៨ខែកន្លងមក បានប្រែក្លាយពីទ្រឹស្ដីសេដ្ឋកិច្ច ទៅជាការអនុវត្តជាក់ស្ដែង

អ្នកលក់ទឹកអំពៅឥឡូវ លែងប្រើកម្លាំងហើយ។ គាត់ទិញម៉ាស៊ីនគោយន្តមកច្នៃដាក់បង្វិល។ កាត់បន្ថយ(ការប្រើកម្លាំង)មនុស្ស តែ(បង្កើន)ផលិតភាព។ នេះគ្រាន់តែលើករូបភាពតូចមួយ។ ប៉ុន្តែ ឧស្សាហកម្ម អាជីវកម្មមុខរបរជាច្រើនទៀតនៅកម្ពុជា បានធ្វើទំនើបកម្ម​ហើយ។ អញ្ចឹងទាមទារធនធានមនុស្សដែល(មានការបណ្តុះបណ្តាល ដែល) អាចទទួលបាន​។ ការដាក់ចេញនូវគោលដៅក្នុងការពង្រឹងនេះ គឺជាអាទិភាពធំរបស់រាជរដ្ឋាភិបាល។ ក្នុង ៨ខែនេះ យើងធ្វើបានច្រើនហើយ ការពង្រឹងការផ្ដល់សេវាសុខាភិបាល ការដាក់ចេញក្របខណ្ឌបណ្ដុះបណ្ដាលអាហារូបករណ៍ ១លាន ៥សែន នាក់។ មកដល់នេះ មានយុវជនយើងជាង ៣ម៉ឺននាក់ បានចុះឈ្មោះទទួលការបណ្ដុះបណ្ដាល។ (យើងបាន)រៀបចំភ្ជាប់ជាមួយវិស័យឯកជនដើម្បី(ធ្វើ)កម្មវិធីកម្មសិក្សា ហាត់ការផ្សេងៗ ដើម្បីពង្រឹងនូវគុណភាពមនុស្ស និងជំរុញលើកទឹកចិត្តឱ្យវិស័យឯកយកជនចូលរួមនៅក្នុងការបណ្ដុះបណ្ដាល។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបានស៊ីញ៉េឯកភាពបង្កើតសាលាជំនាញ ដែលក្រសួងអប់រំបានស្នើមក … និងក៏បានឯកភាពឱ្យមានការបើកមជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមកពីក្រៅប្រទេសនៅកម្ពុជា។ យើងនឹងបន្តផ្ដល់ការលើកទឹកចិត្តទៅដល់ការបណ្ដុះបណ្ដាលទាំងអស់នេះ។ ក្រសួងការងារសហការជាមួយវិស័យឯកជន កំពុងប្រតិបត្តិការដើម្បីផ្ដល់ការហាត់ការ ពង្រឹងសមត្ថភាពបំណិនធនធានមនុស្ស។ ក្នុង ៨ខែនេះ ក្នុងវិស័យទាំងប៉ុន្មាន មិនមែន(មាន)តែទ្រឹស្ដីទេ ប៉ុន្តែយើងបានប្រែក្លាយពីទ្រឹស្ដីសេដ្ឋកិច្ច ទៅជាការអនុវត្តជាក់ស្ដែង។ នេះគ្រាន់តែជាឧទាហរណ៍មួយចំនួនដែលរាជរដ្ឋាភិបាលបានធ្វើក្នុង៨ខែ នេះ យើងមានច្រើនទៀតដែលត្រូវធ្វើក្នុងរយៈពេលតទៅមុខទៀត។

(១០) សមិទ្ធផលធំៗ ៨ ខែក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឋាមពល

កត្តាសំខាន់ដែលយើងត្រូវធ្វើ​ ក៏មានទាក់ទងសមិទ្ធផលក្នុងវិស័យហេដ្ឋារចនាសម្ពន្ធរូបវន្ត។ មនុស្សយើងគិតច្រើនហើយៗ នៅមានទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា។ នៅក្នុងរយៈពេល៨ខែនេះ ខ្ញុំបានចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ រៀបចំចចារដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ចូលរួមនៅក្នុងការបុកគ្រឹះពង្រីកផែខេត្តព្រះសីហនុ អបអរសាទរនៅក្នុងការដាក់ឱ្យប្រើប្រាស់នូវព្រលានយន្តហោះសៀបរាបអង្គរ បានទៅទស្សនានៅព្រលានយន្តហោះភ្នំពេញ(ថ្មី) ដែលឧកញ៉ា ពុង ឃាវសែ បានធ្វើ … ក្រសួង(សាធារណការនិងដឹកជញ្ជូន)កំពុងតែសិក្សា/ធ្វើការបន្ថែមទៀតជាមួយក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែក ក្នុងគោលដៅជំរុញការដឹកជញ្ជូនតាមផ្លូវដែកឱ្យបានច្រើន។ ថែមពីលើនោះទៀត យើងបាននិងកំពុងរៀបចំ/ពង្រឹង/បង្កើនការផ្ដល់សេវាបន្ថែមទៀតនៅផែខេត្តព្រះសីហនុ ដូចជាយើងរៀបចំនូវប្រព័ន្ធ Transshipment ជាដើម។ ដូចឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់ បានឃើញ នៅក្នុងរយៈពេលប៉ុន្មានខែនេះ មានការផុសផុលនៃកម្លាំងជាតិ គាំទ្រគម្រោងប្រវត្តិសាស្ត្រមួយគឺព្រែកជីកហ្វូណន តេជោ ដែលយើងហ្នឹងគ្រោងធ្វើនៅពេលខាងមុខ ដើម្បីធានានូវការដឹកជញ្ជូននិងជំរុញសេដ្ឋកិច្ចជាតិ។

ទាំងនេះគឺជាអ្វីដែលយើងបានធ្វើនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប៉ុន្មានខែនេះ។ ក្រៅពីនោះខ្ញុំបានចូលរួមក្នុងការដាក់ចេញសម្ពោធវារីអគ្គិសនី រៀបចំចរចាបន្ថែមទៀតនៅក្នុងការកសាងនូវថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងដើរដោយថាមពលបៃតង។ ជាគោលការណ៍ យើងលើកទឹកចិត្តបន្តធ្វើតទៅទៀត។ ទាំង​​អស់នេះហើយជាកិច្ចការដែលត្រូវបំពេញដើម្បីកាត់បន្ថយបានចំណាយទាំងសម្រាប់ប្រជាជន និងសម្រាប់វិស័យឯកជន។ ដើម្បីជួយទៅដល់វិស័យឯកជនរីកចម្រើនបាន ទាល់តែយើងគិតគូរក្រៅពីការជួយផ្ដល់គោលការណ៍ផ្ទាល់តាមរយៈការអនុគ្រោះពន្ធ ឬមួយអាករថែមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធធនធានមនុស្ស ដើម្បីធ្វើឱ្យការផលិតនិងសកម្មភាពផលិតរបស់គាត់ កាត់បន្ថយបានតម្លៃផលិត ធានាភាពប្រកួតប្រជែងនៅកម្ពុជា នាំដល់វិស័យឯកជនកាន់តែរីកចម្រើន និងប្រកួតប្រជែង។ នេះហើយគឺអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តពិតប្រាកដនៅក្នុងរយៈពេល៨ខែនេះ។ យើងមានគោលដៅនិងប្ដេជ្ញាចិត្តបន្តធ្វើតទៅទៀត នេះគឺគ្រាន់តែរៀបចំសង្ខេបជូនអ្នកវិនិយោគនៅទីនេះ។

(១១) ទាក់ម៉ូយ គឺអញ្ជើញអ្នកវិនិយោគមកដាក់ទុន ជាអាទិភាពមុតស្រួចនៃនយោនាយការទូតក្នុងអាណត្តិថ្មី

ទាក់ទងទៅហ្នឹងការវិនិយោគក្រៅប្រទេស ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សូមបងប្អូនទាំងអស់ បានជ្រាប នៅក្នុង ៨ខែ ប្រហែលជាបានឃើញ ហើយលឺពាក្យមួយញឹក គឺទាក់ម៉ូយ។ ពាក្យនេះខ្ញុំប្រើ ហើយបងប្អូនមួយចំនួនបានប្រើប្រាស់បន្ត។ ទាំងឧកញ៉ា និងសភាពាណិជ្ជកម្ម​ កន្លែងខ្លះមានសមាគមឧកញ៉ាដែលចេញទៅ(ប្រទេសក្រៅជាមួយ)ថា ស​ម្ដេចក្មួយក៏ទៅទាក់ម៉ូយ។ ឥឡូវខ្ញុំក៏ទៅទាក់ម៉ូយបន្ថែមទៀត។ វិស័យឯកជនទាក់ម៉ូយរួមគ្នា។ ខ្ញុំជឿថាអ្នកវិនិយោគិនយើងនៅទីនេះ ៤ពាន់នាក់ បងប្អូនដែលមកពីក្រៅប្រទេសចង់ពាក់កណ្ដាល ជាង ២ពាន់នាក់ គឺប្រាកដជាបានមកដោយសារការចូលរួមទាក់ម៉ូយរបស់រាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជាដើម្បីឱ្យមកវិនិយោគ។ ខ្ញុំសូមអបអរសាទរ។ ពាក្យថាទាក់ម៉ូយ គឺទាញ អញ្ជើញ អ្នកវិនិយោគមកកម្ពុជាមកពិនិត្យមើលឱ្យស្គាល់កម្ពុជា មកសម្រេចចិត្តនៅក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៨ខែខ្ញុំបាន(ទាក់ម៉ូយ)ច្រើន។ សប្ដាហ៍ក្រោយខ្ញុំទៅកូរ៉េខាងត្បូង និងមានជួបជាមួយវិស័យឯកជននៅទីនោះ។ ខែក្រោយខ្ញុំទៅសិង្ហបុរីទស្សនៈកិច្ចផ្លូវការក៏នឹងបន្តទាក់ទាញបន្តទៀត … អាទិភាពធំការជំរុញ ការទាក់ទាញវិនិយោគនេះគឺជាអាទិភាពមុតស្រួចនៃនយោនាយការទូតរបស់កម្ពុជាក្នុងអាណត្តិថ្មី ដែលយើងហៅថា Economic diplomacy។

(១២) ការទូតសេដ្ឋកិច្ចជួយពង្រឹងទំនាក់ទំនងរដ្ឋនិងរដ្ឋ ក៏ដូចជាមនុស្សនិងមនុស្ស

ថ្ងៃមុនខ្ញុំជួបជាមួយមន្ត្រីការទូត នៅក្នុងការបូកសរុបលទ្ធផល(ប្រចាំ)ឆ្នាំ របស់ក្រសួងការបរទេស។ ថ្ងៃនោះអត់មាន Live ទេ។ ប៉ុន្តែ ខ្ញុំបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងអាទិភាពការទូតសេដ្ឋកិច្ចជាអាទិភាពធំសំរាប់ការងារក្រៅប្រទេស ហើយយើងបានធ្វើជាប់ជាប្រចាំ ទាំងរូបខ្ញុំផ្ទាល់ទាំងមន្ត្រីរបស់យើងគ្រប់ស្ថាប័នទាំងអស់ ទាំងស្ថានទូតយើងនៅខាងក្រៅ សូមបន្តដាក់ទិសដៅការទូតសេដ្ឋកិច្ចនេះ ដើម្បីទាញផលប្រយោជន៍សំខាន់សម្រាប់ប្រទេស … ការទូតសេដ្ឋកិច្ចនឹងជួយពង្រឹងទំនាក់ទំនងរដ្ឋនិងរដ្ឋ តាមរយៈការលើកស្ទួយពាណិជ្ជកម្ម ប៉ុន្តែការទូតសេដ្ឋកិច្ចក៏ជួយពង្រឹងនូវទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ដែលជាកត្តាសំខាន់។ ទំនាក់ទំនងរវាងកម្ពុជា-ចិន កម្ពុជា-អាមេរិក កម្ពុជា- ជប៉ុន កម្ពុជា-ម៉ាឡេស៊ី កម្ពុជា-សឹង្ហបុរី រដ្ឋនឹងរដ្ឋប្រាកដណាស់យើងជួបគ្នាថ្នាក់ដឹកនាំ មន្ត្រីជួបគ្នា ប៉ុន្តែអ្វីដែលសំខាន់ដែលមានចីរភាពធំបំផុតគឺទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋតាមគ្រប់វិស័យ មិនថាវប្បធម៌ សិល្បៈ ឬមួយក៏ការអប់រំនោះទេ ក្នុងនោះវិស័យឯកជននេះដើរតួនាទីសំ​ខាន់បង្កើតនូវទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងធុរកិច្ចរវាងប្រជាជននិងប្រជាជន អ្នកធុរកិច្ចនិងធុរកិច្ចនេះគឺជាកត្ដាសំខាន់សម្រាប់ចងចំណងមិត្តភាពរវាងប្រទេសទាំង ២ ដ៏រឹងមាំនេះដែលយើងត្រូវរុញផ្នែកនេះឱ្យមែនទែន។

(១៣) ការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងអាណត្តិទី៧ ជំរុញគាំទ្រទំនាក់ទំនងទ្វេភាគី

ធុរកិច្ចអត់មាននយោបាយទេ។ បើយើងនិយាយពីកាទូត និយាយពីយោធា ពេលខ្លះវាជាប់រឿងនយោបាយ។ រឿងគន្លឹះមួយចំនួន។ ប៉ុន្តែវិស័យឯកជនងាយស្រួលណាស់។ ថ្ងៃមុន ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ថាលុយអត់មានក្លិនទេ។ បានន័យថាសេដ្ឋកិច្ចអត់មានភ្ជាប់ជាមួយនឹងរឿងលក្ខខណ្ឌនយោបាយ។ អញ្ចឹង ការជំរុញទំនាក់ទំនងសេដ្ឋ​កិច្ចវាងាយស្រួលជាងការជំរុញផ្នែកការទូត ឬមួយទំនាក់ទំនងផ្នែកនយោបាយកន្លែងណាមួយ។ បើសិនជាផ្នែកការទូតមានបញ្ហា ទំនាក់ទំនងសេដ្ឋកិច្ច និងសេដ្ឋកិច្ច គឺជាចំណងមួយដែលថែរក្សានូវលំនឹង ឬមួយក៏អាចទប់មិនឱ្យការផ្ទុះនូវអ្វីដែលធ្ងន់ធ្ងរ​ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនទាំង២ ប្រទេសទាំង២ តាមរយៈអ្នកវិនិយោគិន ទាំងពីរប្រទេសដែលវិនិយោគនៅក្នុងប្រទេសនីមួយៗ។ នេះហើយជាគោលដៅធំនៅក្នុងការជំរុញការទូតនៅក្នុងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ គឺជំរុញគាំទ្រដល់ទំនាក់ទំនងទ្វេភាគី។

(១៤) ពីត្រឹមខែមករា ដល់ខែមេសា ២០២៤ ទិន្នន័យ CDC ស្តីពីការវិនិ​យោគដែលចុះនៅក្នុងប្រព័ន្ធ មានគម្រោងថ្មី និងគម្រោងពង្រីកចំនួន ១២៨ មានទុនសរុប ២.៥០០ លានដុល្លារ បង្កើតការងារ ១៣ម៉ឺនកន្លែង

ខ្ញុំឃើញតាមហ្វេកប៊ុក មានបងប្អូនមួយចំនួនថា ឃើញតែទាក់ម៉ូយ ប៉ុន្តែទាក់ម៉ូយចេញតែខ្យល់។ ឥឡូវខ្ញុំសូមជម្រាបអញ្ចេះ ទាក់ម៉ូយមិនមែនតែខ្យល់ទេ​ ទាក់ម៉ូយគឺបានពិតប្រាកដនៅក្នុងផលប្រយោជន៍សម្រាប់ជាតិ។ នៅក្នុងរយៈពេល ៥ខែ បើយើងគិតត្រឹមពីខែមករា ទៅខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទិន្នន័យ CDC គឺការវិនិ​យោគដែលចុះនៅក្នុងប្រព័ន្ធ រដ្ឋាភិបាលបានអនុម័គម្រោងថ្មី និងគម្រោងពង្រីក ចំនួន ១២៨ ក្នុងនោះទុនវិនិយោគមាន ២.៥០០ លានដុល្លារ អាចបង្កើតការងារ ១៣ម៉ឺនកន្លែង នៅពេលដែលគម្រោងនេះដំណើរការ។ នៅក្នុងរយៈពេលដែលយើងចាប់ផ្តើមត្រឹមតែ ៤ខែប៉ុណ្ណោះ។ នេះហើយជាលទ្ធផលនៃការខិតខំប្រឹងប្រែងទាក់ម៉ូយទាំងរដ្ឋាភិបាល​ ទាំងបងប្អូនវិស័យឯកជនរបស់យើង ដែលយើងធ្វើការរួមគ្នា សូមចូលរួមអបអរសាទរ។ ល្ងាចមិញ ខ្ញុំបានចុះហត្ថលេខា ផ្តល់គោលការណ៍ឯកភាពលើគម្រោងវិនិយោគ ១៤។

(១៥) គម្រោងវិនិយោគ ១៤ គិតជាទុនសរុប ៤៨០លានដុល្លារ បានទទួលការយល់ព្រម ក្នុងតែមួយល្ងាចថ្ងៃ ៨ ឧសភា ២០២៤

ក្នុងនាមជាប្រធាន CDC រាល់គម្រោងវិនិយោគដែលមានលក្ខណៈធំ ដែលឆ្លងច្រកចេញចូលតែមួយ ត្រូវឆ្លងមកប្រធាន CDC។ អញ្ចឹង ល្ងាចមិញនេះ គ្រាន់តែខ្ញុំបានចារឯកភាពលើគម្រោងវិនិយោគចំនួន ១៤ គិតជាទុនវិនិយោគ ៤៨០លានដុល្លារ។ នេះគ្រាន់តែល្ងាចមិញមួយ។ នេះគឺជាលទ្ធផលជាក់ស្តែងដែលយើងទទួលបានហើយនៅបន្តតទៅទៀត។ នេះហើយជាអ្វីដែលយើងខិតខំរួមគ្នា ដើម្បីផ្សព្វផ្សាយពីកម្ពុជា។ រួមគ្នាដើម្បីបង្កើតនូវការទុកចិត្តទាំងវិនិយោគដែលនៅស្រាប់ ទាំងវិនិយោគដែលមកថ្មី។ នេះហើយគឺជាលទ្ធផលនៅលើដីជាក់ស្តែងជូនប្រជាពលរដ្ឋរបស់យើង ក្នុងរយៈពេល ៨ខែ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្ត។ លទ្ធផលដែលវិស័យឯកជបានទទួលជាបន្តបន្ទាប់ តិចឬច្រើន រដ្ឋាភិបាលទោះនៅក្នុងដំណាក់កាលលំបាកក្រោយពី Covid-19 និងអតិផរណា បញ្ហាវិបត្តិសកលលោក ក៏ចេញគោលការណ៍ជាបន្តបន្ទាប់នៅក្នុងការអនុគ្រោះ។

(១៦) បន្ថយពន្ធគយ បង្តើតចំណូលរយៈពេលវែង និងសមត្ថភាពក្នុងការផលិតរថយន្តក្នុងស្រុក

កន្លែងខ្លះយើងសុខចិត្តកាត់បន្ថយនូវចំណូលពន្ធរបស់យើងដើម្បីជួយលើកទឹកចិត្ត។ កាលពីថ្ងៃ ២ (ឧសភា) ខ្ញុំបានទៅសម្ពោធរោងចក្រ Toyota ដែលដាក់ទុនវិនិយោគ ៣៧លានដុល្លារ។ យើងបានផ្តល់គោលការណ៍អនុគ្រោះដើម្បីឱ្យគាត់មកវិនិយោគ។ ពន្ធគយត្រូវថយចុះ។ យើងសុខចិត្តបន្ថយពន្ធគយ ដើម្បីបង្តើតចំណូលរយៈពេលវែង និងសមត្ថភាពក្នុងការផលិតរថយន្តនៅស្រុកយើង ទាញយកបច្ចេកវិទ្យាទំនើបមកក្នុងស្រុកយើង ឱ្យកូនខ្មែរមានការងារធ្វើ នឹងអាចផលិតរថយន្តមានតម្លៃសមរម្យ មានគុណភាពខ្ពស់ ឱ្យប្រជាពលរដ្ឋយើងលក់ដូរ នៅក្នុងប្រទេស និងមានលទ្ធភាពទិញប្រើនៅក្នុងប្រទេស។ នេះជាការវិវត្តន៍របស់យើង។ នេះហើយគឺជាអ្វីដែលជាការដាក់ចេញនូវគោលដៅ គោលការណ៍ជាក់ស្តែងមិនមែនតែទ្រឹស្តីនោះទេ។

(១៧) អភិក្រម «រក្សាចាស់ ពង្រីកថ្មី»

យើងប្រើអភិក្រម ២ គឺ «រក្សាចាស់ ពង្រីកថ្មី»។ នេះគឺជាអភិក្រមដែលធានា។ ទន្ទឹមនឹងការខិតខំទាក់ទាញវិនិយោគថ្មីមកកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើសកម្មភាពលើកស្ទួយនិងបង្ករលក្ខណៈឱ្យវិនិយោគនៅកម្ពុជាដែលកំពុងដំណើរការ មានលទ្ធភាពបន្តជោគជ័យ និងពង្រីកសមត្ថភាពរបស់ខ្លួន។ នេះជាកត្តាចាំបាច់ដែលខ្ញុំថាពាក្យខ្មែរយើងថា «ចាប ៥នៅក្នុងដៃ ប្រសើរជាង ចាប ២០នៅក្នុងព្រៃ» ឬ «យកលលកធ្នាក់ ទាក់លលកព្រៃ»។ ចាប ៥នៅក្នុងដៃ ប្រសើរជាងចាប ២០ នៅក្នុងព្រៃ គឺយើងសង្ឃឹមថានឹងចាប់បានចាបដែលនៅក្នុងព្រៃ ថែមទៀត ប៉ុន្តែយើងមិនទាន់ប្រាកដថាចាប់បាននោះទេ។ អ្នកផ្សេងក៏តាមចាប់ដែរ។ ចាបក៏មានស្លាប ប៉ុន្តែអ្វីដែលយើងអាចប្រាកដបានគឺ ៥ នៅក្នុងដៃនេះ … បើយើងចិញ្ចឹមចាបនេះឱ្យធាត់កាន់តែល្អ ហើយចាបទាំងនេះក៏អាចកើតកូន កើតចៅបន្តទៀតឱ្យយើង ព្រោះនៅក្នុងដៃយើងស្រាប់ហើយ។ នៅក្នុងវិស័យវិនិយោគដូចគ្នា។ មិនថាវិនិយោគពីក្នុងប្រទេសឬក្រៅប្រទេស ធានាការជួយឱ្យវិស័យឯកជនជាពិសេសធុរកិច្ច អាជីវកម្ម សហគ្រាស ដែលមានដំណើរការនៅកម្ពុជាឱ្យជោគជ័យរីកធំធាត់ជាកិច្ចការសំខាន់។ គាត់អាចបង្កើតឱ្យយើងនូវការងារបានចំណូលសេដ្ឋកិច្ចរួចទៅហើយ។ ក្រុមហ៊ុននៅខាងក្រៅធំមែនប៉ុន្តែគេ​មិនទាន់ហុចផលឱ្យយើង គ្រាន់តែក្តីស្រមៃ និងសង្ឃឹម។ ប៉ុន្តែ អ្នកដែលបានមកហើយគឺជាអ្នកដែលផ្តល់ឱ្យយើងជាក់ស្តែងនូវការបង្កើតការងារ ចំណូលឱ្យប្រជាពលរដ្ឋយើង និងចំណូលសេដ្ឋកិច្ចជាតិ។

(១៨) ថែទាំអ្នកវិនិយោគដែលមានស្រាប់ឱ្យរីកធំធាត់ បង្កើតការងារបន្ថែម បង្កើនចំណូលចូលសេដ្ឋកិច្ច

យើងត្រូវយកចិត្តទុកដាក់ និងថែទាំ(អ្នកវិនិយោគដែលមានស្រាប់)ឱ្យគាត់រីកធំធាត់។ បើគាត់រីកធំធាត់ គាត់នឹងបង្កើតការងារបន្ថែម បង្កើនចំណូលចូលសេដ្ឋកិច្ច។ បើគាត់រីកធំធាត់គាត់អាចបង្កើតកូន បង្កើតចៅ បានន័យថាម៉េច? គាត់បង្កើតសាខា ប៉ុន្តែវិនិយោគខ្លះអាចបង្កើតទៅដល់ការវិនិយោគទៅលើផ្នែកផ្សេងៗទៀត។ យើងលើកឧទាហរណ៍សាមញ្ញមួយ ភោជនីយដ្ឋានមួយដែលដើរ បើសិនជាគាត់រីកគាត់អាចយកបុគ្គលិកបន្ថែម យកចុងភៅបន្ថែម ជាមួយគ្នាគាត់អាចផ្តល់ឱកាសការងារបន្ថែម របរបន្ថែមទៅឲ្យកសិករឬមួយអ្នកដែលលក់បន្លែឲ្យគាត់ លក់គ្រឿងគ្រៅឲ្យគាត់ដើម្បីគេរីកសិប្បកម្មនោះ។ បើ restaurant ហ្នឹងមានច្រើនសាខារីកចម្រើនធំ គាត់នឹងមានម៉ូយច្រើន គឺកសិករអ្នកផលិតធាតុផ្សំឲ្យគាត់នោះឯង។ អញ្ចឹងបានន័យថារីកបន្តទៀត។ ឧទាហរណ៍ រោងចក្រ​ Toyota។ ឥឡូវគ្រាន់តែបង្គំ ៣០០០ រថយន្ត … ថ្ងៃក្រោយបើផ្នែកណាមួយផលិតនៅស្រុកខ្មែរកាន់តែល្អ ខ្ញុំថាផលិតតែពូក ផលិតខ្សែក្រវ៉ាត់ ផលិតបង្គំអគ្គិសនី ដូចជា dashboard នាំចេញទៅក្រៅ ក៏ជួយដល់សិប្បកម្មនៅក្នុងស្រុកដែរ។ បានន័យថាសិប្បកម្មរោងចក្រដែលបើកហើយធ្វើឲ្យគាត់កាន់តែរីកកាន់តែធំ។ Toyota ចូលមកកម្ពុជា ៣០ ឆ្នាំ តាំងពីកន្លែងបើកយានដ្ឋានជួសជុលទៅជាកន្លែងដែលគាត់ទុកចិត្តគាត់ពង្រីកនៅទីនេះ ហើយមិនមែនតែក្រុមហ៊ុន Toyota មួយទេ មានក្រុមហ៊ុនច្រើនណាស់ … គាត់ចូលតាំងពីក្រុមហ៊ុនតូចមួយទៅជាក្រុមហ៊ុនដែលមានសាខារាប់សិបសាខា បង្កើតការងារតែប៉ុន្មានរយនាក់ ទៅបង្កើតការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋខ្មែរ និងបង្កើតផលិតផលទំនើបកាន់តែច្រើន។

(១៩) អ្នកកំពុងវិនិយោគនៅកម្ពុជា ដែលរីកចម្រើនជាឃោសនិកធំបំផុត ទាក់ទាញវិនិយោគមកកម្ពុជា

នេះហើយគឺជាអ្វីដែលយើងត្រូវជំរុញបន្ថែម យកធ្នាក់ទាក់លលកព្រៃ។ ខ្ញុំចេញទៅក្រៅ(ប្រទេស)ជួបវិស័យធុរកិច្ច ថ្នាក់ដឹកនាំរបស់យើងចេញទៅជួប។ ក្រសួងពាណិជ្ជកម្មធ្វើសកម្មភាពដាក់ពិព័រណ៍។ យើងទៅធ្វើ road show គ្រប់កន្លែង។ វាជាកត្តាមួយហើយ។ ចាំបាច់ត្រូវតែធ្វើ ប៉ុន្តែអ្វីដែលសំខាន់ អ្នកដែលកំពុងវិនិយោគនៅកម្ពុជានេះ គាត់សប្បាយចិត្ត គាត់រីកចម្រើន គាត់ជាឃោសនិកធំបំផុតជាជាងរដ្ឋាភិបាលនិយាយ ១០០០ ដង។ ព្រោះមុននឹងវិនិយោគបើកមួយ មិនថាវិនិយោគក្នុងស្រុក ឬវិនិយោគពីក្រៅស្រុកចង់មកវិនិយោគអ្វីមួយនៅកម្ពុជា គេសិក្សាទីផ្សារ សិក្សាទីផ្សារគេទៅសួរមើលជាពិសេសអ្នកវិនិយោគក្នុងវិស័យស្រដៀងគ្នា តើធ្វើការវិនិយោគនៅក្នុងកម្ពុជាយ៉ាងម៉េច? ស្រួលទេ? លំបាកទេ? អ្វីដែលនាយករដ្ឋមន្រ្តីទើបតែនិយាយលើមេក្រូមិញដូច(គ្នានឹងការជាកើស្តែងឬ)អត់? អញ្ចឹង អ្នកដែលប្រាកដប្រជា ជួយផ្សព្វផ្សាយធំបំផុតគឺជាអ្នកដែលអ្នកដែលមានស្រាប់។ នេះហើយជាអភិក្រមនៃការរក្សាចាស់និងពង្រីកថ្មី គឹយកចិត្តទុកដាក់អាទិភាពនៅក្នុងការជួយឲ្យវិនិយោគដែលកំពុងដំណើរការនៅកម្ពុជាមានទំនុកទុកចិត្ត មានភាពកក់ក្តៅជោគជ័យ និងវិនិយោគបំពេញបន្ថែម និងហៅគ្នាមកបន្ថែមទៀត។

(២០) សូមអរគុណវិនិយោគិនពីក្រៅនិងក្នុងប្រទេស ដែលផ្តល់ការទុកចិត្ត និងផ្សព្វផ្សាយពីកម្ពុជា

ល្ងាចនេះ ខ្ញុំសូមអរគុណដល់បងប្អូនវិនិយោគិនទាំងពីក្រៅប្រទេស ទាំងក្នុងប្រទេសកម្ពុជា ដែលបានដាក់ទុនវិនិយោគ និងផ្តល់ការទុកចិត្តវិនិយោគនៅកម្ពុជា និងឈានទៅដល់ការផ្សព្វផ្សាយពីកម្ពុជា។ ខ្ញុំសូមអរគុណចំពោះកិច្ចការនេះ។ នេះជាកត្តាសំខាន់ណាស់។ ថ្ងៃនេះ ខ្ញុំមានឱកាសបានជួបវិស័យឯកជននិងអរគុណផ្ទាល់។ អម្បាញ់មិញ ខ្ញុំបានជួបបងប្អូនខ្លះថា ជិះយន្តហោះពីហុងកុងមក ដើម្បីមកចូលកម្មវិធីនេះ។ គាត់សប្បាយចិត្តនៅកម្ពុជា។ បើសិនវិនិយោគមិនជោគជ័យ ប្រហែលជាគាត់គ្មានអារម្មណ៍មកកម្ពុជាទេ។ នេះហើយគឺជាអ្វីដែលយើងចង់បាន។ វិនិយោគិននៅក្នុងប្រទេសយើងក៏ដូចគ្នា។ បងប្អូនយើងតាំងពីបាតដៃទទេ ចេញពី ១៩៧៩ មកអ្នកឧកញ៉ាជាច្រើនដែលអង្គុយតុនេះ សុទ្ធតែចេញមកពីបាតដៃទទេ។ ឥឡូវយើងធ្វើអ្វីបានច្រើន។ អ្នកឧកញ៉ាខ្លះមកពីដើមឆ្នាំ ១៩៩០ ក្រោយពីនិរទេសដោយសារសង្រ្គាមមក។ ឥឡូវយើងរីក។ យើងចង់ឃើញបែបនេះដូចគ្នា។ ទាំងក្នុងនិងក្រៅប្រទេស។ វិស័យឯកជនដូចគ្នា គ្មានរើសអើង។ ត្រូវជួយគ្នាដើម្បីរីកចម្រើនទាំងអស់គ្នា។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យវិស័យឯកជនរីក តាមរយៈការធ្វើឲ្យអ្នកវិនិយោគដែលមានស្រាប់ទាំងអស់នៅកម្ពុជារីកចម្រើន និងអ្នកដែលមកថ្មី ដើម្បីទាក់ទាញអ្នកមកថ្មីបន្ថែមទៀត។

(២១) បង្កើនកត្តាវិជ្ជមាន តាមរយៈនយោបាយអន្តរាគមន៍មួយចនួន កាត់បន្ថយអវិជ្ជមានតាមរយៈយន្តការវេទិកាជួបវិស័យឯកជន ក្រុមការងារគ្រប់វិស័យ និងក្រុមជាគោលការណ៍ជួយអន្តរាគមបន្ថែមក្នុងលក្ខណៈត្រីភាគី

ដើម្បីធ្វើការងារនេះ(អោយ)បាន(កាន់តែប្រសិទ្ធភាព) យើងត្រូវបង្កើនកត្តាវិជ្ជមាន និងកាត់បន្ថយកត្តាអវិជ្ជមាន។ បង្កើនកត្តាវិជ្ជមានតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តអនុគ្រោះ ដាក់ចេញនូវកញ្ចប់​ថវិកាសំរាប់ជួយដល់វិស័យសំខាន់ៗ ដែលយើងបានធ្វើហើយ តាមរយៈការដាក់ចេញគោលនយោបាយអន្តរាគមន៍មួយចំនួនរបស់រដ្ឋាភិបាលក្នុងអាណត្តិនេះ។ យើងបានកំណែទម្រង់កិច្ចការផ្សេងៗ កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយការិយាធិបតេយ្យ កាត់បន្ថយនិងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សម្រួលដល់ការងារ និងវិស័យឯកជន។ ពីម្សិលម្ង៉ៃ ខ្ញុំបានទៅសម្ពោធដាក់ឲ្យប្រើប្រាស់នូវកម្មវិធីបញ្ជរតែមួយជាតិ ដើម្បីជំរុញការអនុញ្ញាតឲ្យក្រុមហ៊ុន(មានការងាយស្រួល)។ និយាយពីប្រព័ន្ធគយទៅថ្ងៃក្រោយ គ្រប់(អ្នកស្នើសុំ)អាចចុះឈ្មោះ អាចចុះបញ្ជី និងទទួលបានការងារជាច្រើនតាមប្រព័ន្ធ online ដោយរហ័ស កាត់បន្ថយនូវពេលវេលា កាត់បន្ថយនូវតម្លៃ និងជួយឲ្យកាន់តែល្អនៅកម្ពុជា។ នេះគឺជាវិធានការដែលយើងបានដាក់ចេញ។ ប្រព័ន្ធ digital CamDX លិខិតថ្កោលទោសអីផ្សេងៗយើងបានជំរុញទៅលើនេះ។ យើងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ​និងកម្មវិធី digital ដើម្បីជួយលើកទឹកចិត្តបងប្អូន។ យើងដឹងថាកិច្ចការមិនទាន់ចប់។ យើងនឹងបន្តតទៅទៀត។

ការកាត់បន្ថយកត្តាអវិជ្ជមាន (រួមមាន)ការដោះស្រាយបញ្ហាប្រឈមចំពោះវិស័យឯកជនដែលមាន ឲ្យទាន់ពេលវេលា តាមរយៈយន្តការវេទិកាជួបវិស័យឯកជន តាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នាជាប់ជាប្រចាំ។ យើងបានធ្វើការងារដោះស្រាយជាប់ជាប្រចាំ។ តាមដានត្រួតពិនិត្យ ដោះស្រាយបញ្ហា នេះគឺជាអ្វីដែលបានលើកទឹកចិត្ត។ ថ្មីៗនេះ ខ្ញុំបានបង្កើតក្រុមជាគោលការណ៍មួយដើម្បីជួយអន្តរាគមបន្ថែមក្នុងលក្ខណៈត្រីភាគីដើម្បីជួយដោះស្រាយនូវបញ្ហាមួយចំនួនទៀត ដែលថាមានពេលវេលា និងមានភាពស្មុគ្រស្មាញ ដែលយន្តការដែលមានស្រាប់នៅ CDC នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតាមបណ្តាស្ថាប័នអាចដោះបានច្រើន តែនៅបញ្ហាខ្លះទៀត អាចធ្វើឲ្យរំខានពេលវេលា។ យើងបង្កើតយន្តការមួយកម្រិតទៀតដើម្បីធ្វើយ៉ាងណាធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជូនវិស័យឯកជន ជូនក្រុមហ៊ុននីមួយៗទើបអាចយើងជោគជ័យបាន ហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើ។

(២២) “គិតម៉ាក្រូ ធ្វើសកម្មភាពមីក្រូ” … ភាពជាដៃគូ ទាល់តែដៃគូទាំងសងខាង គឺរដ្ឋ​និងឯកជនជួយគ្នា

យើងបង្កើតបែបនេះ តាមអភិក្រមគិតម៉ាក្រូ ធ្វើសកម្មភាពមីក្រូ។ យើងគិតពីក្របខណ្ឌគោលនយោបាយរួមនៅក្នុងវិស័យនីមួយៗ ប៉ុន្តែនៅពេលអនុវត្ត យើងត្រូវយកចិត្តទុកដាក់ទៅលើក្រុមហ៊ុននីមួយៗ ព្រោះវិស័យនីមួយៗដើរទាល់តែក្រុមហ៊ុននីមួយៗ ជោគជ័យ។ ហ្នឹងបើយើងយកឧទាហរណ៍ជាចំការដំណាំមួយ ដីមួយហិកតាមុននឹងយើងសម្រេចថាដាំអី យើងប្រាកដជាសិក្សាទីផ្សារសិក្សាអីហើយ បានយើងសម្រេច។ ប៉ុន្តែ ពេលដែលយើងអនុវត្តដាំដើម្បីឲ្យមួយហិកតាហ្នឹងបានផលខ្ពស់ យើងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាដំណាំមួយដើមៗ បើដំ​ណាំមួយដើមៗ អត់ផ្លែល្អ ចំការទាំងមូលក៏មិនទៅមុខដែរ។ ការដោះស្រាយបញ្ហាបង្កើនប្រសិទ្ធភាពគឺយករឿងមួយៗ មកដោះជាក់ស្តែង។ ជួនកាល យើងទៅហៅវិនិយោគបង្កើនការទុកចិត្ត ក្រុមហ៊ុន ១០ ដោះបាននៅសល់មួយដែលមានបញ្ហា។ មួយនេះអាចបង្កើតជាបទពិសោធន៍ធ្វើឲ្យមានការភាន់ច្រឡំ។ យើងត្រូវខិតខំជួយគាត់ដើម្បីឲ្យជោគជ័យ … ក្នុងន័យនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្តនិងផែនការសកម្មភាព និងកិច្ចការសំខាន់ៗ ដើម្បីកំណត់នូវគោលការណ៍ និងការអនុវត្ត បានជោគជ័យ។ និយាយអំពីកាតព្វកិច្ចរដ្ឋ និងកាតព្វកិច្ចជាដៃគូម្ខាង និងការជួយ(ម្ខាង) … ជាចំណុចចុងក្រោយនោះគឺ ភាពជាដៃគូ ទាល់តែដៃគូទាំងសងខាងជួយគ្នា​បានទៅរួច។ រដ្ឋម្នាក់ឯងជួយទៅមិនរួចទេ បើគ្មានការចូលរួមពីវិស័យឯកជន។ ក្នុងនោះ វិស័យឯកជនបានចូលរួមដើរតួនា​ទីច្រើនហើយ ប៉ុន្ដែកិច្ចការមួយសំខាន់ដែលត្រូវមាននិរន្ដរភាព និងចីរភាព ដែលចាំបាច់គឺការចូលរួមដោយស្មោះត្រង់ តម្លាភាព និងអនុវត្ដឲ្យបានស្រុះគ្នា សាមគ្គីឯកភាពគ្នា ពីវិស័យឯកជនទើបគោលការណ៍ទាំងអស់ជោគជ័យបាននេះជាកត្ដាកំណត់។

(២៣) ក្នុងធុរកិច្ច “អនុលោមភាព” បានន័យថាស្រុះគ្នាអនុវត្ដតាមគោលការណ៍ដែលបានឯកភាពគ្នា ដើម្បីអាចប្រកួតប្រ​ជែង​ដោយមិនហត់

កត្ដាមួយដែលខ្ញុំសូមលើកថ្ងៃនេះ គឺអនុលោមភាព។ បងប្អូនខ្លះឲ្យតែលឺពាក្យនេះរសើប។ ថាឲ្យតែលឺ អនុលោមភាពដឹងតែសម្ពាធ។ នឹកដល់គយពន្ធដារ។ ខ្ញុំសូមបញ្ជាក់អញ្ចេះ ពាក្យថាអនុលោមភាព គឺភាពស្របតាម ប្រព្រឹត្តទៅតាមគោលការណ៍ ផែនការ នីតិវិធីច្បាប់ បទបញ្ញត្ដិនិងកិច្ចសន្យា។ ការពង្រឹងអនុលោមភាពនឹងបាន​ស្អីជាផលប្រ​យោជន៍? ការពង្រឹងអនុលោមភាព ជាការពង្រឹងនូវសណ្ដាប់ធ្នាប់រៀបរយ និងមានតម្លាភាព សុវត្ថិភាព មានបរិស្ថានមួយដែលមានភាពច្បាស់លាស់ និងងាយស្រួលធ្វើសកម្មភាពអាជីវកម្ម បង្កើតការទុកចិត្តរវាងឯកជន និងឯកជន រដ្ឋនិងឯកជន និងបរិស្ថានធុរកិច្ចមានលំនឹង និងស្ថេភាព។ ដើម្បីងាយស្រួលខ្ញុំសូមលើកឧទាហរណ៍ ការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឬមួយចរាចរណ៍ក្នុងក្រុងមួយ ប្រៀបធៀបទៅនឹងបរិស្ថាននៃធុរកិច្ច។

ប្រសិនបើទីក្រុងនោះស្ងាត់មនុស្ស អត់សូវមានឡានអត់លំបាកទេ តែបើទីក្រុងនេះមនុស្សច្រើនមានចរាចរណ៍ច្រើន មានឡាន ម៉ូតូច្រើន ប្រសិនបើអ្នកបើកបរមិនគោរព មិនអនុវត្ដតាមគោលការណ៍ណាច្បាស់លាស់ ឲ្យតែឃើញប្រលោះទៅ មិនថាភ្លើងក្រហម បៃតង មិនថាបញ្ច្រាស់ តើយើងធ្វើដំណើរយ៉ាងម៉េច? អ្នកទាំងអស់គ្នាដែលជិះនៅកន្លែងនោះច្បាស់ជាហត់ហើយ។ បើអាចទៅមុខបាន គឺបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាច្រើន។ បើយើងជិះមិនស្រួល គេចគេក៏អាចមានអ្នកផ្សេងមកបុកយើង។ អាចទៅមុខបាន ប៉ុន្ដែទៅមុខដោយយឺត ទៅមុខ ដោយហត់។ យើងអត់ដឹងថាភ្លើងបៃតងគួរទៅមុខអត់ ព្រោះមិនដឹងថាអ្នកផ្សេងឈប់ឬអត់?ប្រលោះខាងនេះ ទៅបានឬអត់ ឬមួយគេមកបញ្ច្រាស់។

ខ្ញុំឧស្សាហ៍ឃើញតាមហ្វេសប៊ុក ឲ្យតែឃើញប្រលោះទៅ។ អ្នកខ្លះកន្លែងភ្លើងស្ដុបគាត់គេច ឧទាហរណ៍។ប្រ​សិន​បើចរាចរណ៍បែបនះ តើអ្នកបើកឡាន អ្នកជិះម៉ូតូ កង់ អ្នកធ្វើដំណើរ សូម្បីតែអ្នកដើរ ពេលឆ្លងកាត់ធ្វើដំ​ណើរម្ដងៗភ័យ ព្រួយបារម្ភទេ។ មានភាពជឿជាក់ទេ?ប្រហែលជាអត់ទេ។ គាត់អាចទៅមុខបាន គាត់ជ្រែគេទៅមុខបានលឿន ប៉ុន្ដែអាចធ្វើឲ្យគេលែងទុកចិត្តភ្លើងក្រហម។ អនុលោមភាពបានន័យថាធ្វើឲ្យសណ្ដាប់ធ្នាប់ក្នុងចរាចរណ៍នេះទៅស្រួល ផ្លូវនេះនរណាត្រូវជិះ Lane ណា វាស្រួល។ អញ្ចឹងលែងព្រួយបារម្ភបានន័យថាទុកចិត្តគ្នា ទុកចិត្តភ្លើង ដឹងថាភ្លើងក្រហម ទោះបីមានប៉ូលីសឬអត់ អត់មានរណាទៅ។ ផ្លូវកាត់ ផ្លូវបញ្ច្រាស់ដឹងតែអត់អ្នកណាទៅ។ យើងបើកបិទភ្នែកក៏មិនអីដែរ( ព្រោះ)អត់អ្នកណាបើកមកបញ្ច្រាស់បុកយើង

នេះហើយការជាការបង្កើនការទុកចិត្តរវាងគ្នាៗ រវាងអ្នកដំណើរទាំងអស់។ នៅក្នុងធុរកិច្ចដូចគ្នា។ នៅក្នុងវិស័យឯកជនក៏ដូចគ្នា។ ដូចជាគ្រប់វិស័យទាំងអស់។ តែជួបវិស័យឯកជន ខ្ញុំសូមលើកវិស័យឯកជនល្ងាចនេះ។ ទាល់តែវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលទើបទៅរួច។ក្នុងនោះត្រូវរួមគ្នាពង្រឹងអនុលោមភាព។ ពាក្យថាអនុលោមភាពបានន័យថាគ្រប់គ្នាស្រុះគ្នាអនុវត្ដតាមគោលការណ៍ដែលយើងបានឯកភាពគ្នា ដើម្បីឲ្យយើងអាចប្រកួតប្រ​ជែង​ដោយមិនហត់។ អាចធ្វើផែនការដោយងាយស្រួលជំរុញវិស័យឯកជនយើង បង្កើតភាពទុកចិត្ត រវាងរដ្ឋនិងវិស័យឯកជន រវាងវិស័យឯកជន និងវិស័យឯកជន។

(២៤) រៀបចំបរិស្ថានធុរកិច្ចដើម្បីអ្នកបន្ដវេនក្នុងវិស័យធុរកិច្ច

បើសមាគមប្រជុំចេញគោលការណ៍ទៅ សមាជិកសមាគមត្រូវតែអនុវត្ដ។ បើមិនអញ្ចឹងទេ បង្កើតសមាគមកធ្វើអី? បើសមាគមបង្កើតហើយ ស្រាប់តែចេញទៅ សមាជិកទាំង ៩ ថាឥលូវធ្វើអញ្ចេះ ស្រាប់(សមាជិក)មួយគាត់ដឹងរឿងហ្នឹង គាត់ទៅធ្វើអីផ្សេងខុសពីហ្នឹងដើម្បីចំណេញតែម្នាក់ឯង។ តើសមាគមនឹងនៅបានយូរដែរទេ? បន្ដិចទៀតនឹងបែកបាក់គ្នា។ រឿងតែប៉ុណ្ណឹង។ អញ្ចឹង អនុលោមភាព គឺចាំបាច់ដើម្បីយើងឯកភាពគ្នាទៅលើការអនុវត្ដ ដើម្បីធានាទៅលើបរិស្ថានមួយជោគជ័យ។ អ្នកចូលថ្មី អ្នកចូលមុខ អត់ហត់ព្រោះមានបទដ្ឋានមួយដឹង។ កុំឲ្យចេះបើកឡាន បើករញ៉េរញ៉ៃ បើក ៣០ឆ្នាំ បើកទៅមុខបាន ទៅតែខ្លួនឯងពេលកូនយើងរៀនបើកឡានគ្រោះថ្នាក់ដដែលហ្នឹង។ ឯកឧត្តម លោកជំទាវ អ្នកវិនិយោគ អ្នកធុរកិច្ច យើងមាន(អ្នក)បន្ដវេន។ អញ្ចឹងយើងរួមគ្នាពីមួយជំនាន់ទៅមួយជំនាន់ដើម្បីរៀបចំបរិស្ថានធុរកិច្ចយើងឲ្យបានស្រប។ កូនចៅយើង អ្នកបន្ដវេននៅក្នុងវិស័យធុរកិច្ចរបស់យើង នឹងមានភាពងាយស្រួលក្នុងការធ្វើផែនការ និងការអភិវឌ្ឍ ដោយចីរភាព។ នេះហើយជាអ្វីដែលងាយស្រួល និងធានាចីរភាពក្នុងការអភិវឌ្ឍនៅក្នុងវិស័យឯកជននៅកម្ពុជា។វិស័យឯកជនជាអ្នកដើរតួនាទីសំខាន់តែម្ដងក្នុងការធ្វើការងារនេះ នេះហើយដែលខ្ញុំចង់បានគឺអនុលោមភាពនេះឯង។

(២៥) រដ្ឋនិងវិស័យឯកជន ដើរតួឆ្មា ដើម្បីចាប់កណ្ដុរ ដែលជាបរិស្ថានធុរកិច្ចទាក់ទាញនិងប្រកួតប្រជែង

ធ្វើយ៉ាងណា អោយអនុលោមភាពដើម្បីពង្រឹងអនុលោមភាព។ ពាក្យអនុលោមភាពច្រើនតែរសើប។ ច្រើនតែយល់ថានឹងពាក់ព័ន្ធជាមួយគយពន្ទដារត្រូវដើរតួនាទី។ បើបងប្អូនខ្លះមានទស្សនៈ ថាឲ្យតែពាក់ព័ន្ធនឹងពាក្យអនុលោមភាព គឺរដ្ឋដើរតួនាទីជាឆ្មា វិស័យឯកជនឬធុរកិច្ចដើរតួនាទីជាកណ្ដុរ (សូមទោសប្រើពាក្យហ្នឹង) ដើរតួនាទីចាំតែចាប់។ ទៅមិនរួចទេ។ បង្កើនអនុលោមភាព បង្កើនបរិស្ថានធុរកិច្ច ដែលមានភាពប្រាកដប្រជា ភាពច្បាស់លាស់យូរអង្វែង មិនត្រូវការប្រើរដ្ឋដើរតួនាទីជាអ្នកចាំចាប់រហូតនោះទេ។ រដ្ឋមានតួនាទីគាំទ្រ រដ្ឋមិនមានតួនាទីដើរផាកនោះទេ។ ខ្ញុំមិនចង់ឲ្យតែលឺថារដ្ឋចាំតែផាក ចាំតែចាប់។ ខ្ញុំមិនចង់ដើរនូវតួនាទីបែបនេះ។ ចេញពីភាពជាដៃគូ ខ្ញុំចង់បានការជួយគិត ជួយធ្វើ និងជួយអនុវត្ដ។ វិស័យឯកជនមិនត្រឹមតែជួយគិតនៅក្នុងការធ្វើសំណើទេ ប៉ុន្ដែជួយអនុវត្ដនេះជាកិច្ចការសំខាន់ ហើយរួមគ្នាទទួលខុសត្រូវ។ អញ្ចឹងជាជាងរដ្ឋដើរតួជាឆ្មា វិស័យឯកជនគិតថាជាកណ្ដុរ ខ្ញុំសុំឲ្យរដ្ឋក៏ជាឆ្មា វិស័យឯកជនក៏ជាឆ្មា រួមគ្នាដើម្បីចាប់កណ្ដុរ។ កណ្ដុរនេះគឺជាបរិស្ថានធុរកិច្ចប្រ​កប​ដោយភាពទាក់ទាញ និងប្រកួតប្រជែងនៅកម្ពុជា។ បានន័យថា កម្ពុជាយើង រដ្ឋនិងវិស័យឯកជនជាឆ្មាទាំងពីរ រួមគ្នាដើម្បីបង្កើតបរិស្ថានមួយ ដែលកម្ពុជាជាប្រទេសដែល(គួរ)ឲ្យចង់មកវិនិយោគ ហើយវិនិយោគអាចបង្កើននូវការរីកចំរើនខាងវិស័យឯកជន។

ខ្ញុំចង់ឲ្យដើរតួបែបនេះក្នុងយន្ដការអនុវត្ដ។ ហេតុអីបានជាខ្ញុំលើករឿងនេះ។ យន្ដការល្ងាចនេះ បង្កើតនូវសមាគមសហព័ន្ធនេះឯង ដែលជារូបមន្ដចាំបាច់។ រដ្ឋមិនអាចទៅធ្វើការជាមួយ ១ពាន់ ក្រុមហ៊ុនទេ។ មិនដឹងនិយាយគ្នាយ៉ាងម៉េច។ រដ្ឋត្រូវធ្វើការជាមួយអ្នកជាតំណាងក្នុងវិស័យនិមួយៗ រួមគ្នា ទាញផ្គុំគា្ន ដើម្បីយកអ្នកជាតំណាងមកចរចាយកផលរួម លក្ខខណ្ឌរួម សំណូមពររួម។ រដ្ឋផ្ដល់ត្រឡប់ទៅវិញជួយនាំគ្នានៅក្នុងការអនុគ្រោះ និងអនុវត្ដនូវគោលការណ៍ដែលផ្ដល់ឲ្យ។ រដ្ឋចង់ដើរតួរដកឃ្លាថយ ដើម្បីឲ្យវិស័យឯកជន តាមរយៈជាយន្ដការបែបនេះជាសមាគម ជាយន្ដការផ្សេងៗ រួមគ្នាអនុវត្ដ/ជំរុញសមាជិករបស់ខ្លួន ជួយដល់រដ្ឋជាដៃគូ ភាពជាតំណាង ដើម្បីពង្រឹងការអនុវត្ដអនុលោមភាព។ រដ្ឋមិនចង់ដើរតួជាឆ្មាទេ ហើយវិស័យឯកជនជាកណ្ដុរឲ្យតែលឺចាំតែចាប់នោះទេ។ គឺសូមឲ្យដើរតួជាឆ្មាទាំងពីរដើម្បីចាប់កណ្ដុរ។ កណ្ដុរគឺសេដ្ឋកិច្ចជាតិយើង បរិស្ថានវិស័យឯកជននៅកម្ពុជា វិស័យធុរកិច្ចនៅកម្ពុជាមានភាពល្អប្រសើរ។

(២៦) វិស័យឯកជនអនុវត្តអនុលោមភាពកែលម្អខ្លួនតាមអភិក្រម ៤ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល និងព្យាបាល

ខ្ញុំសូមឲ្យវិស័យឯកជនគិតរួមគ្នាដើរតួនាទីបែបនេះ ជាឧទាហរណ៍ដូចល្ងាចនេះ ដើម្បីបង្កើនជាកម្លាំងនិងភាពជាតំណាងមួយ រួមគ្នាធ្វើការជាមួយរាជរដ្ឋាភិបាល។ ខ្ញុំឃើញមានសមាគមច្រើនណាស់ នៅក្នុងនេះតាមវិស័យ។ ខ្ញុំសុំឲ្យសមាគមទាំងអស់ដើរតួនាទីកាន់តែសកម្ម ដើម្បីរួមគ្នាជួយគិត ជួយធ្វើ ជួយអនុវត្ត និងជួយទទួលខុសត្រូវ។ រដ្ឋដើរតួនាទីគាំទ្រ​។ នេះហើយអនុលោមភាពដែលខ្ញុំចង់បាន គឺស្វ័យកែលម្អខ្លួនឯង។ រដ្ឋមិនចាំបាច់លូកដៃទៅ។ អភិក្រមទាំង ៤ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល និងព្យាបាល វិស័យឯកជនធ្វើខ្លួនឯងទៅ តាមរយៈយន្តការដូចជាសមាគមមានអីធ្វើទៅ។ បើសិនជាសមាគមនីមួយៗអាចប្រមូលគ្នាធ្វើបាន ជំហានដំបូងបើមិនបាន ១០០% បានតែ ៧០% ទៅ ៨០% ចូលរួមបែបនេះ នៅសល់ ២០% ទៅ ៣០% ទុករដ្ឋជួយ​កៀរឲ្យចូល។ តែបើសិនជាអត់ទេ រដ្ឋត្រូវដើរតួនាទីប្រឈមជាមួយ ៩០% នៃវិស័យឯកជន។ យើងនឹងពិបាកនិយាយគ្នា។ អនុលោមភាពដើម្បីអី? ដើម្បីមានលំដាប់លំដោយ សណ្ដាប់ធ្នាប់ ប្រសិទ្ធភាព និងបរិស្ថានវិស័យវិនិយោគនៅកម្ពុជាប្រកបដោយភាពទាក់ទាញ និងភាពកក់ក្ដៅ ឲ្យវិនិយោគទាំងអស់ក្នុងនិងក្រៅប្រទេសរីកចម្រើន ដែលយើងទាំងអស់គ្នាត្រូវ​ការ។

(២៧) អ្នកនៅក្នុងវិស័យឯកជន ដឹងច្បាស់ពីវិធីការដោះស្រាយបញ្ហាក្នុងវិស័យ​ឯកជន

យើងបានផលពីហ្នឹង ដូចនេះរួមគ្នាដើម្បីអនុវត្តឲ្យចេញ។ នេះហើយគឺជាអ្វីដែលខ្ញុំ(ចង់បញ្ជាក់នៅពេល)បានជួបវិស័យឯកជន។ ខ្ញុំសូមអរគុណចំពោះបងប្អូន ព្រោះមានតែវិស័យឯកជនទេទើបដឹងការដោះស្រាយវិស័យឯកជនច្បាស់លាស់ជាងគេ។ ក្រុមអន្តរាគមន៍ពិសេសរបស់ខ្ញុំនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី មិនមែនជាមន្រ្តីរាជការទាំងអស់ទេ។ មន្រ្តីរាជការ អ្នកជំនាញតែបន្តិចទេ។ មួយចំនួនធំគឺជាអ្នកមកពីវិស័យឯកជន ដើម្បីដើរតួនាទីជាអ្នកទៅជួយដោះស្រាយឲ្យវិស័យឯកជន។ យើងបង្កើតយន្តការមួយចំនួន។ ឥឡូវយើងគិតគូរពីយន្តការមួយចំនួនទៀតដើម្បីដើរតួនាទីដឹកនាំគ្រប់គ្រងតាមរបៀបឯកជនដោះស្រាយ។ ខ្ញុំតែងតែនិយាយនៅលើវេទិកាជាច្រើនថា មន្រ្តីរាជការ អ្នកសេដ្ឋកិច្ច អាចយល់ពីម៉ាក្រូ ប៉ុន្តែបើពីមីក្រូ ពីយុទ្ធវិធី វិធីសាស្រ្តក្នុងការអនុវត្ត ឬតម្រូវការរបស់ធុរកិច្ច របស់ក្រុមហ៊ុន របស់វិស័យនីមួយៗ ខ្ញុំថាអ្នកវិនិយោគជាអ្នកដែលដឹងច្បាស់លាស់។ អ្នកវិនិយោគ​គឺជាអ្នកដែលអាចនិយាយគ្នាបាន ហើយរួមគ្នាបាន​ …។

(២៨) បើសិនជាការអនុវត្តសាកល្បងបានជោគជ័យ នឹងពង្រីកការផ្ដល់សិទ្ធិ និងគាំទ្រដល់វិស័យឯកជនដោះស្រាយបញ្ហារបស់វិស័យឯកជន

ថ្ងៃមុន បានសាកល្បងមួយគម្រោងទាក់ទងក្នុងវិស័យមួយ។ យើងសាកល្បងពង្រឹងអនុលោមភាពដោយយើងផ្គុំប្រតិបត្តិករ អ្នកវិនិយោគ អ្នកធុរកិច្ច អាជីវករនៅក្នុងវិស័យនោះ បូកចូលគ្នាប្រហែលជា ៦០% ទៅ ៧០% នៃវិស័យទាំងមូល។ ខ្ញុំមិនទាន់និយាយថាវិស័យអីទេ។ ម្សិលមិញ គេមករាយការណ៍ឲ្យខ្ញុំ។ ខាងសមាជិកសភាពាណិជ្ជ បានផ្ដួចផ្ដើមសាកល្បង។ គាត់ប្រមូលគ្នាធ្វើ … ពេលដែលរដ្ឋផ្ដល់គោលការណ៍ គាត់នឹងរួមគ្នាអនុវត្តក្នុងសមាជិករបស់គាត់។ សាកល្បងក្នុងការដោះស្រាយបញ្ហាផ្សេងៗ អនុវត្តដាក់ចេញនូវគោលការណ៍នេះ។ បើសិនជាគម្រោងឬកម្មវិធីនេះដើរ យើងនឹងពង្រីកវាដើម្បីឲ្យអនុវត្តតាម​គោលការណ៍រួមគ្នាគិត ​រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវរបស់វិស័យឯកជន ហើយ​រដ្ឋនឹងផ្ដល់សិទ្ធិ និងការគាំទ្រទៅដល់វិស័យឯកជនដើម្បីដោះស្រាយបញ្ហារបស់វិស័យឯកជនឲ្យច្រើន។ រដ្ឋមិនដើរតួនាទីជាអ្នកចាប់ អ្នកផាកនោះទេ ដើម្បីទាញឲ្យចូលអនុលោមភាពទេ គឺវិស័យឯកជនខ្លួនឯងជាអ្នកចូលរួមដើម្បីកែលម្អគ្នា ដើម្បីរួមគ្នាធ្វើឲ្យប្រសិទ្ធភាពនេះតែម្ដង។

(២៩) កម្ពុជា “បើកទ្វារ ដាក់ចេញកម្មវិធី/គោលនយោបាយបុរេសកម្មទាក់ទាញ ថែរក្សាចាស់ ពង្រីកថ្មី”

ចំណុចដែលពាក់ព័ន្ធទៅនឹងវិស័យឯកជន និងធុរកិច្ចនៅទីនេះ ខ្ញុំមិនដឹងថាបងប្អូន ២ពាន់នាក់ ស្ដាប់យល់ឬអត់ទេ? អម្បាញ់មិញគេចែក earphones សម្រាប់បកប្រែ។ ខ្ញុំថាអ្នកបកប្រែហ្នឹងប្រហែលជាត្រៀមបកប្រែសុន្ទរកថា។ ប៉ុន្តែថ្ងៃនេះ ខ្ញុំមិនអានសុន្ទរកថាទេ ខ្ញុំនិយាយផ្ទាល់។ អញ្ចឹងសង្ឃឹមថា បកប្រែទាន់ទៅចុះ។ តែបងប្អូនខាងវិនិយោគខ្មែរក៏មាននៅហ្នឹង។ តែវិនិយោគ(បរទេស)មួយចំនួនចេះខ្មែរ នៅនេះយូរ ព្រោះចូលមកអម្បាញ់មិញ ឃើញមានអ្នក​មកពីចិន ពីហុងកុង ចេះខ្មែរ ស្វាគមន៍ ហើយអ្នកខ្លះប្រហែលជាមានប្ដី/ប្រពន្ធខ្មែរផងនៅទីនេះ។ ភ្ជាប់ប្រជាជននិងប្រជាជន បង្កើនទំនុកចិត្តសាជាថ្មី។ ខ្ញុំសូមអរគុណណាស់ចំពោះអ្នកវិនិយោគទាំងអស់ ទាំងវិនិយោគិនកម្ពុជា ទាំងវិនិយោគិនមកពីក្រៅប្រទេស ចំពោះការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ចំពោះការទុក​ចិត្តលើកម្ពុជា។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានដាក់ចេញនូវគោលការណ៍​ និងប្ដេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្កលក្ខណៈឲ្យវិនិយោគិនក្នុងប្រទេសកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់​តែជោគជ័យបន្តទៅទៀត។ កម្ពុជាបើកទ្វារ ហើយកម្ពុជាដាក់ចេញនូវកម្មវិធី និងគោលនយោបាយបុរេសកម្ម ដើម្បីទាក់ទាញបន្ថែមទៀត។ ថែរក្សាចាស់ ពង្រីកថ្មី ជាអភិក្រម ដោះស្រាយបញ្ហាទាន់ពេលវេលា និងកែលម្អបន្តទៅទៀត។ ខ្ញុំសុំឲ្យវិស័យឯកជន បងប្អូនទាំងអស់​ចូលរួមជាដៃគូរបស់កម្ពុជា របស់រាជរដ្ឋាភិបាលយើង ក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេស អភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជាយើងឲ្យបានជោគជ័យបន្ថែមទៀត។

(៣០) សង្ឃឹមថាយន្តការនឹងសំរេចបានភាពជាតំណាង ចូលរួមស្រុះគ្នា ស្របគ្នា ដាក់ផលប្រយោជន៍រួមជាគោល

សូមប៉ុណ្ណេះទៅចុះ។ គេស៊ីញ៉ូមកថា បាយឆ្អិនហើយ។ ខ្ញុំសូមអរគុណ សាជាថ្មីចំពោះ អ្នកឧកញ៉ា លី ឃុនថៃ ដែលបានផ្ដល់ឱកាសឲ្យខ្ញុំនៅក្នុងការចូលរួមកម្មវិធីនេះ។ សូមអបអរសាទរជាថ្មីចំពោះការបង្កើតរួមគ្នានូវសមា​គមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលរៀបចំមាន ៩ សមាគមចូលរួម។ សង្ឃឹមថា យន្តការយើងនឹងប្រមូលផ្ដុំទៅភាពជាតំណាងក្នុងការចូលរួមគិតគូរលើកយោបល់ជូនរាជរដ្ឋាភិបាល ជួយជំរុញការអនុវត្តអ្វីដែលកិច្ចព្រមព្រៀងគ្នា បង្កើតជាដៃគូដែលអាចទុកចិត្តបានរវាងរដ្ឋនិងឯកជន ដើម្បីជារូបមន្ត​សំរាប់យើងអនុវត្តច្រើនទៀត។ សូមឲ្យគ្រប់សមាគមដែលជាសមាជិក ចូលរួមឲ្យស្រុះគ្នា និងចូលរួមឲ្យស្របគ្នា ដើម្បីដាក់ផលប្រយោជន៍រួមជាគោល ជាជាងការគិតគូរដាច់ដោយឡែក ទើបយើងបានជោគជ័យ។ បើមិនអញ្ចឹងទេ បើបង្កើតភាពប្រកួតប្រជែងតែក្នុងសមាគមខ្លួនឯង នឹងមិនមានសមត្ថភាព មិនមានចីរភាពនោះទេ។ ធុរកិច្ចកម្ពុជាក៏មិនអាចមានចីរភាពដែរ បើសិនជាវិស័យឯកជនមិនអាចមានលំដាប់លំដោយ និងការរួមគ្នា។ សូមជូនពរ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីល្ងាចនេះ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និងពុទ្ធពរនិងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង