Grand News Asia Close

សេចក្ដីរាយការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 568


CMF:

[ផ្ដើមសេចក្ដីអធិប្បាយពីបញ្ហាព្រំដែន]

មុននឹងចូលដល់បទអន្តរាគមន៍របស់ខ្ញុំលើរបៀបវារៈទី១ ស្ដីពី ប្រព័ន្ធគាំពារសង្គម ខ្ញុំសូមអនុញ្ញាតពីសម្ដេចប្រធានសមាជ និងអង្គសមាជទាំងមូល ដើម្បីរាយការណ៍ខ្លីពាក់ព័ន្ធនឹងស្ថានភាពព្រំដែន ពិសេស នៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យ។

ព្រំដែន ត្រូវបានពួកជ្រុលនិយមមួយចំនួនតូចក្នុងប្រទេសកម្ពុជា និងប្រទេសថៃ យកធ្វើជាប្រធានបទដើម្បីរុញច្រានឲ្យមានការកើនកម្ដៅរវាងប្រទេសនិងប្រជាជនទាំងពីរ។ បញ្ហានេះបានឈានដល់ការផ្ទុះអាវុធប្រយុទ្ធគ្នានៅតំបន់មុំបី ដោយសារការវាយឆ្មក់របស់កងទ័ពថៃ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅក្នុងដែនអធិប តេយ្យភាពរបស់កម្ពុជា ដែលបណ្ដាលឲ្យពលីយោធិនយើងមួយរូប គឺព្រឹន្ទបាលឯក សួន រោន (ដែលខ្ញុំសូមចូលរួមរំលែកទុក្ខសាជាថ្មី) ក៏ដូចជាការកើនឡើងកម្ដៅកាន់តែខ្លាំងឡើងនៅតំបន់ប្រាសាទតាមាន់ និងតំបន់ប្រាសាទមួយចំនួននៅឧត្ដរមានជ័យ ដែលនឹងអាចឈានទៅដល់ការប្រឈមមុខគ្នាជាថ្មី។

ទោះបីជារាជរដ្ឋាភិបាលទាំងពីរបានខិតខំទប់ស្កាត់មិនឲ្យបញ្ហានេះឆេះក្លាយជាជម្លោះ និងរក្សាទំនាក់ទំនងនៅព្រំដែនល្អក៏ដោយ ក៏ប៉ុន្តែការឡើងកម្តៅនៅមិនទាន់ចប់នៅឡើយ។ ផ្ទុយទៅវិញ កម្លាំងជ្រុលនិយមនៅតែបន្តដុតកម្ដៅជាប្រចាំ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកទៅលើបច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានៅតំបន់ប្រាសាទទាំងនេះ។ រាជរដ្ឋាភិបាលបានសម្រេចឲ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជា ទី១ រៀបចំការប្រជុំជាបន្ទាន់ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន បន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសយើងទាំងពីរ។ ប្រគល់ភារកិច្ចឲ្យគណៈកម្មការព្រំដែនចម្រុះដើម្បីត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបីនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង។

កម្ពុជាសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិ ក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសកុំឲ្យក្លាយទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាដោយប្រដាប់អាវុធសាជាថ្មី ដោយសារភាពមិនច្បាស់លាស់នៃព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់និងពន្លត់បញ្ហា កុំឲ្យមានការស្រពេចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្ដាប់តូចក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា។ កិច្ចការនេះជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។

ខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជ ក៏ដូចជាប្រជាជនកម្ពុជាផងដែរថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ប៉ុន្តែ កម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ នេះគឺជាការប្ដេជា្ញចិត្តរបស់រាជរដ្ឋាភិបាល។

ម្សិលមិញ ខ្ញុំបានទៅព្រះវិហារដើម្បីជួបនឹងមេដឹកនាំកងទ័ពដែលឈរជើងនៅទីនោះ និងដែលត្រៀមលក្ខណៈរួចជាស្រេចការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាមិនមានបំណងឈ្លានពានចូលប្រទេសជិតខាង មិនចង់បានទឹកដីប្រទេសណាសូម្បីតែ ១មីល្លីម៉ែត្រ ប៉ុន្តែកម្ពុជាប្ដេជ្ញាចិត្តក្នុងការការពារឲ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។ នេះគឺជាការប្ដេជ្ញាចិត្តរបស់កងទ័ព និងកងនគរបាលជាតិដែលឈរជើងនៅខាងមុខ។

ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពរបស់កងទ័ព កងនគរបាលជាតិ និងគ្រប់បណ្ដាកងកម្លាំងដែលឈរជើងត្រៀមការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនទាំងអស់ និយាយជារួម ហើយនិយាយដោយឡែក នៅទិសយោធភូមិភាគទី៤ ដែលមានបញ្ហានេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែផ្ដល់ការគាំទ្រ ដឹកនាំ និងលើកទឹកចិត្តជាប្រចាំចំពោះវីរកងទ័ព ដែលឈរជើងការពារតាមបណ្ដោយព្រំដែន រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងនគរបាលជាតិ កន្លងទៅ ក៏ដូចជាពេលនេះ ហើយក៏បានបំផុសចលនាជំរុញខឿនការពារជាតិរបស់ប្រជាជន ដែលកៀរគរប្រជាពលរដ្ឋនៅទូទាំងប្រទេសលើកទឹកចិត្តទៅដល់កងកម្លាំងរបស់យើង ដែលត្រៀមជាស្រេចដើម្បីការពារបូរណភាពទឹកដី។

ខ្ញុំសូមអរគុណផងដែរ ចំពោះការគាំទ្រដ៏ផុសផុលពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី មិនថាក្នុងឬក្រៅប្រទេស ចំពោះការជួយឧបត្ថម្ភគាំទ្រដល់កងទ័ព និងកងនគរបាលជាតិ តាមរយៈការបរិច្ចាគធនធាន ថវិកា សម្ភារៈ ស្បៀងអាហារជាច្រើន ជាបន្តបន្ទាប់ ក៏ដូចជាការបញ្ចេញនូវការគាំទ្រផ្សេងៗតាមសារ តាមហ្វេសប៊ុក តាមគ្រប់រូបភាពដើម្បីគាំទ្រដល់បងប្អូនរបស់យើង។ ខ្ញុំសូមបញ្ជាក់ថា ការជួយឧបត្ថម្ភមិនមែនមានត្រឹមតែស្បៀង ឬថវិកាតែប៉ុណ្ណោះទេ។

ការធានាស្បៀង ការធានាថវិកា រាជរដ្ឋាភិបាលយើងបានធានា ក្រសួងការពារជាតិឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានទៅឈរជើងនៅទីនោះ ឯកឧត្ដម ឥត សារ៉ាត់ ឯកឧត្ដម ហ៊ីង ប៊ុងហៀង និងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ ខាងភស្ដុភារ និងបច្ចេកទេស ក៏បានធានា ដោយយើងមិនឲ្យបងប្អូននៅទនោះមានការខ្វះខាតទេ។ ការជួយឧបត្ថម្ភគាំទ្របន្ថែមរបស់ប្រជាពលរដ្ឋយើងកាន់តែសំខាន់ជាងទៀត មិនត្រឹមតែជាស្បៀង និងសម្ភារៈ គឺការលើកទឹកចិត្តដល់កងទ័ពរបស់យើង ដែលដឹងថាប្រជាពលរដ្ឋគ្រប់ទិសទីនៅពីក្រោយកងទ័ពដើម្បីបំពេញកាតព្វកិច្ចការពារទឹកដីឲ្យបានជោគជ័យ។ នេះគឺជាសារធំណាស់សម្រាប់បងប្អូនរបស់យើង។

ខ្ញុំសូមអំពាវនាវឲ្យបន្តការគាំទ្រ និងការរួមគ្នាដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើង។ ពេលជាមួយគ្នា ខ្ញុំសូមអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះបីជាមាននិន្នការយ៉ាងណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់(កងទ័ព)កម្ពុជា។ នេះជាពេលដែលប្រទេសជាតិទាំងមូលត្រូវរួមគ្នា ជាពិសេសរួមគ្នានៅពីក្រោយកងទ័ព ត្រៀមលក្ខណៈការពារជាតិ និងបូរណភាពទឹកដី។

រឿងនយោបាយ ភាពខុសគ្នា យើងនិយាយនៅពេលផ្សេង តែសូមកុំនិយាយអ្វីដែលនាំឲ្យប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីការពារទឹកដីរបស់បងប្អូន(ក្នុងពេលនេះ)។ (នេះ)មិនមែន(ជាពេល)មកកេងចំណេញនយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ តែជាការមូលមតិគ្នា មូលចិត្តគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យគឺទឹកដី និងកងទ័ពរបស់យើង។ ក្នុងន័យនេះ ខ្ញុំសូមសាជាថ្មីអរគុណចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេស ហើយសូមអំពាវនាវបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពយើងតទៅទៀត។ សូមអរគុណ៕

[ចប់សេចក្ដីអធិប្បាយពីបញ្ហាព្រំដែន]

អត្ថបទទាក់ទង