Grand News Asia Close

ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍គ្រឹះ នៃនីតិរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាលខ្មែរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 224
ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍គ្រឹះ នៃនីតិរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាលខ្មែរ ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍គ្រឹះ នៃនីតិរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាលខ្មែរ

 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ” កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណជាង ៤៦០នាក់។

វគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ” ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកច្បាប់ អ្នកសិក្សាច្បាប់ និងអ្នករៀបចំគោលនយោបាយ ហើយក៏បានឆ្លើយតបទៅនឹងតួនាទីនិងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ជាពិសេសលើការងារពិនិត្យនិងកែសម្រួលគោលនយោបាយ ច្បាប់ និងផែនការយុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ច្បាប់។

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានផ្តួចផ្តើម ផ្តល់ការតម្រង់ទិស និងចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះដោយផ្ទាល់ និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត សាយ បូរី ដែលជាវាគ្មិនកិត្តិយសពោរពេញដោយសមត្ថភាពនិងបទពិសោធន៍ ដែលបានស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះផងដែរ។

ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៥ ហើយដែលក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះបន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីកសាងនិងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចនៅតាមបណ្តាក្រសួង ស្ថាប័នផ្សេងៗ និងតាមសាកលវិទ្យាល័យនានាផងដែរ។ វគ្គបណ្តុះបណ្តល ៣ លើកដំបូងឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ហើយលើកទី៤ និងលើកទី៥ នេះ ឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់។

ទីស្តីការគណៈរដ្ឋមន្រ្តីនឹងរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរនិងតម្រូវការចាំបាច់របស់អង្គភាពរៀងៗខ្លួន។

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង