Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ឱ្យធ្វើនយោបាយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងសូម្បីតែប្រយោជន៍ជាតិខ្លួនឯង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 219
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ឱ្យធ្វើនយោបាយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងសូម្បីតែប្រយោជន៍ជាតិខ្លួនឯង សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ឱ្យធ្វើនយោបាយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងសូម្បីតែប្រយោជន៍ជាតិខ្លួនឯង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រដៅ លោក សម រង្ស៉ី ដែលបង្ហាញចេតនាចង់រារាំងគម្រោងព្រែកជីកហ្វូណនតេជោ កាលពេលកន្លងទៅថ្មីៗនេះ ដោយបុគ្គលនេះបានចោទប្រកាន់ថា ព្រែកជីកនេះនឹងប៉ះពាល់បរិស្ថាន សង្គម ជាមូលដ្ឋានសឹករបស់កងទ័ពចិននៅរាម និងជាឈ្នាន់បម្រើនយោបាយវាតទីនិយមរបស់ប្រទេសចិន ជាដើម។ សម្តេចធិបតី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគម ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការដឹកនាំទំនិញឆ្លងកាត់តាមព្រំប្រទល់ទៅសមុទ្រម្ដងៗ គឺកម្ពុជាត្រូវប្រើពេលវេលាយូរ និងឆ្លងកាត់នីតិវិធីច្រើនណាស់ ព្រោះនៅវៀតណាមមានច្បាប់ប៉ារ៉ាស់។ សម្ដេចបន្តថា នៅពេលដែលយើងធ្វើព្រែកជីកនេះហើយ ការឆែកឆេរក៏នឹងកាត់បន្ថយ។ សួរថាតើចំណេញឬខាត? លោក សម រង្ស៉ី ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទៅទៀត ប៉ុន្តែមិនយល់?

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា នៅពេលយើងដឹកទំនិញឆ្លងកាត់ម្តងៗ យើងត្រូវសុំគោលការណ៍។ រីឯពេលដែលព្រំដែនត្រូវបិទ ដូចជាជំនាន់កូវីដ-១៩ ជាដើម ពេលយប់យើងត្រូវរង់ចាំ សូម្បីតែឥឡូវហ្នឹង បាតុភូតធម្មជាតិទឹកឡើងទឹកនាចហ្នឹង ក៏ធ្វើឱ្យកប៉ាល់យើងច្រើនគ្រឿងចេញមិនរួច ត្រូវចំណាយពេលច្រើនទៀត។ តែបើយើងដឹកតាមព្រែកជីករបស់យើង ម៉ោងណាក៏យើងអាចធ្វើដំណើរបានដែរ ដែលនឹងកាត់បន្ថយចំណាយ ពេលវេលា និងតម្លៃ ដើម្បីជួយដល់ការដឹកជញ្ជូនរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់ លោក សម រង្ស៉ី ទៀតថា បើដឹកទំនិញនេះចូលទៅផែអន្តរជាតិរបស់យើង តើចំណេញឬទេ? ប្រជាពលរដ្ឋទាំងអស់លោកបានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃព្រែកជីកនេះ។ ជាថ្មីម្តងទៀត សម្តេច បានប្រដៅអ្នកនយោបាយចាស់វស្សាម្នាក់នេះឱ្យតម្កល់ផលប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ឬប្រឆាំងគ្រប់ពេល ប្រឆាំងគ្រប់ប្រធានបទ សូម្បីតែគម្រោងដើម្បីផលប្រយោជន៍ប្រជាជនខ្លួនឯង ក៏ហ៊ានជំទាស់ ក៏ហ៊ានធ្វើឱ្យមានបញ្ហាដែរ!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា អ្នកនយោបាយគួរតែនាំគ្នាគាំទ្រដើម្បីផលប្រយោជន៍របស់យើង ធ្វើយ៉ាងណាដើម្បីបានព្រែកជីកនេះចេញជារូបរាងប្រើប្រាស់ទាំងអស់គ្នា។ សម្ដេចមិនភ្លេចគូសរំលេចទេថា «ជំនាន់កូវីដ-១៩ លោក សម រង្ស៉ី ធ្លាប់បន្លាចប្រជាពលរដ្ឋខ្មែររឿងចាក់វ៉ាក់សាំងម្តងហើយ ហើយឥឡូវមករារាំងដល់គម្រោងព្រែកជីកនេះថែមទៀត»។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងនោះ សូម្បីតែអ្នកនយោបាយប្រឆាំងដែលធ្លាប់រិះគន់រាជរដ្ឋាភិបាល ក៏បានសម្តែងការគាំទ្រដែរ លើកលែងតែ លោក សម រង្ស៉ី ម្នាក់នេះប៉ុណ្ណោះ។ សម្តេចធិបតីបានសង្កត់ថា កុំខ្វល់ពេករឿងនរណាជាអ្នកធ្វើព្រែកជីកនេះ ហើយក៏កុំខ្វល់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម ទទួលបានក្រេឌីត កុំខ្លាចសម្តេចនិងរាជរដ្ឋាភិបាលនឹងបានក្រេឌីតពីសមិទ្ធផលនេះ ប៉ុន្តែត្រូវគិតថា ព្រែកជីកនេះគឺជាម៌តក ជាប្រយោជន៍សម្រាប់ប្រជាជាតិរបស់យើងទាំងអស់គ្នា៕

 

អត្ថបទទាក់ទង