Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ និងផ្សព្វផ្សាយយុទ្ធនាការលើកទី៩

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 781

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកឧត្តម អគ្គរដ្ឋទូត អគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍនិងអង្គសមាជទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុង ​“ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ “ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

ខ្ញុំជឿជាក់ថារយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ពិតជាបានចូលរួមចំណែកពិភាក្សាផ្លាស់ប្ដូរយោបល់និងឯកភាពគ្នាលើទិសដៅនានា បង្កើតជាលទ្ធផលផ្លែផ្កា ដើម្បីមានទស្សនវិស័យច្បាស់លាស់ក្នុងការចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីប្រទេសកម្ពុជា។

សន្និបាតប្រចាំឆ្នាំនៅពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលជាឱកាសប្រមូលផ្ដុំស្ថាប័ន ពាក់ព័ន្ធទាំងអស់, ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសម្រេចបាននាពេលកន្លងទៅ, ក៏ជាវេទិការដ៏សំខាន់មួយក្នុងការស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីមានដំណោះស្រាយនិងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តពេលអនាគត ធ្វើយ៉ាងណាឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃស្ថានភាពនយោបាយសង្គមនិងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់និងលើសកលលោក។

ខ្ញុំសូមយកឱកាសនេះ លើកកំពស់រំលឹកជូនអង្គពិធីទាំងមូលនូវអនុសាសន៍ផ្តាំផ្ញើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ, ដោយពេលនោះ សម្តេចបានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់យើងត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិ និងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅការងារអាទិភាព។

ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និងសូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី ៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ និងតម្រង់ទិសដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ក៏ដូចជា សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឆ្នាំ ២០២៣ ទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ។

ខ្ញុំសូមថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យសាសនា វិស័យឯកជន និងសប្បុរសជន ទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងឆ្នាំ ២០២៣, ក្នុងនោះ សមទ្ធិផល៏សំខាន់មួយដែលយើងសម្រេចបានគឺកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃអង្គការ FATF ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទំាងមូល!

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន និងថ្មីៗនេះបញ្ហាសង្រ្គាមនៅអ៊ីស្រាអែល ដែលសុទ្ធតែបានបង្កនូវការលំបាក និងផលប៉ះពាល់យ៉ាងធំធេង និងធ្ងន់ធ្ងរជាទីបំផុតលើគ្រប់វិស័យ, ពិសេសចំពោះបញ្ហាសុខុមាលភាពសង្គម និងសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ, ទាំងការរាតត្បាតដោយជំងឺកូវីដ-១៩ ទាំងសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល មិនបានបន្ទុចបង្អាក់ ឬ បង្កជាឧបសគ្គដល់សកម្មភាពខុសច្បាប់ទាំងឡាយនៃការផលិត, ការចរាចរ, ការជួញដូរ, ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់ និងក្នុងពិភពលោកនោះទេ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ, ទោះបីជាព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ បានបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងណាក្តី ក៏ស្ថានភាពគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ និងតំបន់ នៅតែមានការកើនឡើង និងមានការវិវត្តប្រែប្រួលក្នុងរូបភាពស្មុគស្មាញ ដោយបង្កជាគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។ ក្រុមឧក្រិដ្ឋជន បានធ្វើការផ្លាស់ប្តូររូបភាព, កលល្បិច, វិធីសាស្រ្តថ្មីៗ ក្នុងការលួចលាក់ ការកែច្នៃផលិតគ្រឿងញៀន ដែលធ្វើឱ្យបរិមាណគ្រឿងញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចបង្រ្កាបបាន មានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ ។

ក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ នេះ កម្ពុជាយើងនៅតែបន្តរងប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់ ដោយសារការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ជាអាទិ៍៖ ការធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ទាំងតាមផ្លូវគោក, ផ្លូវទឹក, ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។ ជាមួយគ្នានេះ, ករណីរក្សាទុក, កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសក៏កើតមាន និងបន្តកើនឡើងជាហូរហែ។ ជាក់ស្តែង, សារធាតុគីមីដែលអាចផ្សំផលិតជាគ្រឿងញៀនជាច្រើនរយតោន រួមទាំងឧបករណ៍ សម្ភារៈកែច្នៃផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ, បង្រ្កាប និងរឹបអូសបានជាបន្តបន្ទាប់។ ស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេស បាន និងកំពុងរីករាលដាលពីទីក្រុង និងទីប្រជុំជនទៅដល់តំបន់ជនបទមួយចំនួន ហើយចំនួនអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន កាន់តែមានការកើនឡើងគួរជាការព្រួយបារម្ភផងដែរ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ នៃស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បងផងដែរ ។ សលើសពីនេះ, រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១ រូប ជាប្រធាន និង ៣ រូប ជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១ រូប ជាអនុប្រធានប្រចាំការ, រួមទាំង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ជាសមាជិក ដើម្បីឱ្យមានការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានដាក់ចេញ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ និងការបង្កើតគណៈបញ្ជាការនិងអនុវត្តយុទ្ធនាការ ដោយបានចាត់តាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាប្រធានគណៈបញ្ជាការ និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ជាអនុប្រធាន ដើម្បីដឹកនាំគណៈកម្មាធិការចម្រុះអន្តរស្ថាប័ន លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ។

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់ ធ្វើការរៀបចំកែសម្រួលពង្រឹងយន្តការ និងដាក់ចេញនូវវិធានការជាក់ស្តែង និងប្រាកដនិយមមួយចំនួន សំដៅពង្រឹង លើកកម្ពស់ប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន មួយកម្រិតថែមទៀត។ ជាមួយគ្នានេះ, ខ្ញុំសូមគាំទ្រចំពោះការដាក់ចេញផែនការការងារអាទិភាពដ៏សំខាន់ ទាំង ៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរួមមាន ៖ (១) ការផ្សព្វផ្សាយ និងអប់រំ, (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣) ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, (៤) ការងារពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់, និង(៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានប្រសិទ្ធភាពបន្ថែមទៀត ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្តបន្ត ដូចខាងក្រោម៖

ទី១. ខ្ញុំសូមសំណូមពរឱ្យ គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ក្នុងន័យនេះ ចាប់ផ្ដើមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំអស់, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស រហូតដល់សមាជិកគ្រួសារ ធ្វើការអប់រំ, ក្រើនរំលឹកពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថា «ទេ» ដាច់ខាតចំពោះគ្រឿងញៀន!

ទី២. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយទៅដល់គ្រប់វិ័យនិងគ្រប់ស្រទាប់។ ជាមួយគ្នានេះ, ខ្ញុំសូមឱ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា និងក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារនេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀននេះ ដែលបានផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និងវេទិកានានា។

ទី៣​. អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេស ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវពង្រឹងការទប់ស្កាត់ និងការបង្ក្រាបករណីនាំចូលគ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និងបញ្ញើប្រៃសណីយ៍) ជាពិសេស មកពីតំបន់ត្រីកោណមាស។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ដៃគូអន្តរជាតិ ក្នុងការផ្លាស់ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាង ធ្វើយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់រំហូរគ្រឿងញៀនពីខាងក្រៅមកចែកចាយក្នុងប្រទេស កម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធក៏ត្រូវបង្កើនការតាមដាន ឆែកឆេរនិងត្រួតពិនិត្យករណីសង្ស័យដឹកជញ្ជូនគ្រឿងញៀន នៅក្នុងប្រទេសដែលកន្លងមក ខ្ញុំសូមកោតសរសើរដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដែលបានរកឃើញនិងឃាត់បានយានយន្ត ដែលដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្ត្ររាជធានីខេត្ត មួយចំនួនផងដែរ ។

ទី៤. មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេស គណៈបញ្ជាការឯកភាពរាជធានីខេត្ត ដែលចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលកន្លងមកបានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត និងKTV។ ខ្ញុំសូមឱ្យ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំងទាំងឡាយណាដែលអនុញ្ញាតឱ្យមានការ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវក្តាប់ឱ្យបាននូវអត្តសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងត្រូវចាត់វិធានការឱ្យដល់ឬសគល់។ ចំពោះការប្រើប្រាស់គ្រឿងញៀនដែលរីករាលដាលតាមជនបទ, ខ្ញុំសូមដល់ អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការលុបបំបាត់ដោយត្រូវបង្ក្រាបមេក្លោង បណ្តាញចែកចាយតាមភូមិ ឃុំ-សង្កាត់ និងត្រូវសហការជាមួយឪពុកម្តាយ-អាណាព្យាបាល ប្រមូលអ្នកញៀនចេញពីសហគមន៍ ដើម្បីមកទទួលការបន្សាប, ព្យាបាល និងស្តារនីតិសម្បទានៅតាមមជ្ឈមណ្ឌលរដ្ឋនិងឯកជន។

ទី៥. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ គណៈកម្មាធិការទទួលបន្ទុកព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល ពង្រឹងគុណភាពនៃការបន្សាប ព្យាបាលអ្នកញៀនគ្រឿងញៀន ដោយត្រួតពិនិត្យនៅក្នុងនោះត្រូវគិតគូរពីការរៀបចំស្តង់ដានីតិវិធីអនុវត្តន៍ (SOP) ឱ្យបានច្បាស់លាស់ ពីវិធីសាស្ត្រនៃការព្យាបាលអ្នកញៀន និងសហការជាមួយអង្គការសុខភាពពិភពលោក(WHO) ខិតខំស្រាវជ្រាវវិធីសាស្ត្រព្យាបាលថ្មីៗឱ្យកាន់តែមានប្រសិទ្ធភាពតាមស្ថានភាពបច្ចុប្បន្នលើសកលលោក ។ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការវិនិយោគ និងការបើកមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាឯកជនដើម្បីចូលរួមចំណែកក្នុងការកសាងនធានមនុស្សឡើងវិញក្នុងសង្គមយើង, ក៏ប៉ុន្តែទន្ទឹមនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ស្ថាប័នពាក់ព័ន្ធ កំណត់ស្តង់ដា និងលក្ខខណ្ឌច្បាស់លាស់ក្នុងការគ្រប់គ្រង ហើយរាល់មជ្ឈមណ្ឌលឯកជនទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋ។

ទី៦. ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើករណីផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនឱ្យបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត ចៀសវាងការដោះលែងឧក្រិដ្ឋជនពាក់ព័ន្ធនឹងគ្រឿងញៀន ឬការបន្ធូរបន្ថយទោស។ កន្លងមកនេះ ខ្ញុំសូមគាំទ្រ ចំណាត់ការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការផ្សាយព័ត៌មានជាសាធារណៈអំពីចំណាត់ការលើសំណុំរឿងគ្រឿងញៀន ដើម្បីបង្ហាញពីតម្លាភាព នៃការផ្តន្ទាទោសបទល្មើសគ្រឿងញៀន។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន, ខ្ញុំសូមឱ្យបន្តអនុវត្តទិសស្លោក ៣ កុំ ១ រាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

ទី៧. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ក្រុមការងារអន្តរក្រសួងគ្រប់គ្រងសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងថ្មីៗនេះ គ្រប់គ្រង និងលុបបំបាត់ករណីនាំចូលសារធាតុញៀន និងគីមីផ្សំស្របច្បាប់ ទៅលួចលាក់កែច្នៃ និងផលិតគ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវរៀបចំជាស្ដង់ដារនីតិវិធីអនុវត្ត SOP ច្បាស់លាស់ ក្នុងការត្រួតពិនិត្យ គ្រប់គ្រងធ្វើយ៉ាងណាកុំឱ្យសារធាតុញៀនទាំងនេះធ្លាក់ទៅដល់ដៃឧក្រិដ្ឋជនយកទៅកែច្នៃផលិត។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ទីតាំងណា ដែលសង្ស័យលួចកែច្នៃផលិតដូចជាឃ្លាំង ទីតាំងនៅតំបន់ដាច់ស្រយាល និងត្រូវបង្កើនការត្រួតពិនិត្យរដ្ឋបាលឱ្យហ្មត់ចត់ជាប្រចាំ។

ទី៨. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី, ពហុភាគី, ក្នុងតំបន់ និងសកលលោក ពីព្រោះថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ដែលទាមទារឱ្យស្ថាប័នអនុវត្តច្បាប់ទាំងអស់ ត្រូវបង្កើនកិច្ចសហការរួមគ្នា ប្រយុទ្ធប្រឆាំង។ ជាមួយនឹងកិច្ចសហការអន្តរជាតិនេះ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការផ្លាស់ប្តូរព័ត៌មានជាប់ជាប្រចាំ និងខិតខំកៀរគរជំនួយពីបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ លើការងារកសាងសមត្ថភាពមន្ត្រី, ជំនួយសម្ភារៈបច្ចេកទេសប្រឆាំងគ្រឿងញៀន និងការងារបន្សាបសារធាតុញៀនមុនពេលដុតបំផ្លាញ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការជួយជ្រោមជ្រែងពីបណ្ដាភាគីជាមិត្ត។

[ផ្ដើមសេចក្ដីអធិប្បាយ]

(១) មិនទុកអោយកម្ពុជាក្លាយជាប្រទេសមានគ្រឿងញៀនពាសពេញប្រទេសទេ

បន្ថែមទៅលើចំណុចក្នុងសុន្ទរកថាខាងលើ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍បន្ថែមបន្តិចអំពីបញ្ហាគ្រឿងញៀននេះ។ នៅក្នុងសុន្ទរកថា ក៏ដូចជារបាយការណ៍របស់ឯកឧត្ដម នេត សាវឿន (គ្រឿងញៀន)វាមិនមែនជាបញ្ហានៅក្នុងប្រទេសកម្ពុជាដាច់ដោយឡែកនោះទេ។ បញ្ហានេះមាននៅក្នុងតំបន់គ្រប់ប្រទេស សូម្បីតែប្រទេសដែលមានច្បាប់តឹង អ្នកជួញដូរត្រូវប្រហារជីវិតចោល ក៏នៅតែមានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាចចំ​ណាយ​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅតែប្រឈមនឹងបញ្ហានេះ។ វាជាបញ្ហាស្មុគស្មាញហើយកាន់តែកើនឡើង និងវិវត្តលឿនរហ័ស។ និយាយបែបនេះ សួរថា តើកម្ពុជាត្រូវព្រលែង(ការប្រឹងប្រែង និង)លែងធ្វើការងារ(ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ)ឬទេ? និយាយបែបនេះ បានន័យថាយើងអស់សង្ឃឹមឬទេ? អត់ទេ។ យើងគ្មានជម្រើសទេ។ យើងមិនអាចទុកឲ្យកម្ពុជា ក្នុង ១៥ ទៅ ២០ឆ្នាំទៀត ក្លាយជាប្រទេសមួយដែលមានគ្រឿងញៀនពាសពេញហ្នឹងនោះទេ។

(២) ស្អាតបរិស្ថានហើយ ត្រូវស្អាតសន្តិសុខទៀត

​ឯកឧត្ដម លោកជំទាវ នៅទីនេះ មិនថាក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល អង្គការសង្គមស៊ីវិល សុទ្ធតែមានប្រពន្ធ កូន ចៅ រស់នៅក្នុងសង្គម។ ផ្ទះរបស់យើងហ៊ុមព័ទ្ធដោយអ្នកផ្សេងទៀត គឺប្រជាពលរដ្ឋដែលចរាចរ/ចល័តរាល់ថ្ងៃ។យើងចង់ឲ្យស្រុក/ប្រទេសយើង ជាកន្លែងមួយដែលមានស្ថានភាពស្អាត … ស្អាតបរិស្ថានគឺល្អមួយហើយ ប៉ុន្តែស្អាតមួយនោះគឺស្អាតក្នុងរឿងសន្តិសុខសង្គម។ សន្តិសុខជាបញ្ហាសំខាន។ ប្រទេសយើងធ្លាប់មានសង្រ្គាម។ ឥឡូវសង្រ្គាម(ដោយអាវុធបាន)ចប់ហើយ។ ឥឡូវ(យើងមាន)សង្រ្គាមផ្លូវចិត្ត/កាយ។ សន្តិសុខសុវត្ថិភាពនេះ គឺជាបញ្ហាដែលចោទ។ អញ្ចឹងយើងគ្មានជម្រើសទេ។

(៣) ការចរាចរនិងផលិតគ្រឿងញៀន កាន់តែទំនើប មានឥទ្ធិពល ប្រទាក់ក្រឡាជាប្រព័ន្ធអន្តរជាតិ

វាជាបញ្ហាស្មុគស្មាញ ហើយវាកាន់តែស្មុគស្មាញ ដោយសារការចរាចរគ្រឿងញៀន និងការផលិតគ្រឿងញៀនវាកាន់តែប្រទាក់ក្រឡា កាន់តែទំនើប កាន់តែមានឥទ្ធិពល។ ពីមុន (ការជួញដូរ)លក់ដាច់ដោយដុំ។ ឥឡូវប្រទាក់ក្រឡាគ្នាមិនត្រឹម​តែក្នុងប្រទេស ប៉ុន្តែទៅជាប្រព័ន្ធអន្តរជាតិ។ យើងត្រូវទទួលស្គាល់ពីការវិវត្តន៍នេះ។ យើងគ្មានជម្រើសក្រៅពីត្រូវតែទប់​ទល់ ប្រយុទ្ធប្រឆាំងនឹងវាដើម្បី … ធានាអនាគតកូន/ចៅ និងបរិស្ថាននៅក្នុងប្រទេសយើង។ ឥឡូវវាមានបញ្ហាហើយ។ មិនមែនថាអត់បញ្ហាទេ ប៉ុន្តែបើយើងមិនធ្វើអីសោះ បញ្ហានេះនឹងទៅកាន់តែស្មុគស្មាញនៅថ្ងៃអនាគត។

(៤) ការងារប្រយុទ្ធគ្រឿងញៀនត្រូវការពេលនិងការអំណត់ ព្រមដោយវិធីសាស្ត្រ

បើយើងត្រូវធ្វើ(ការទប់ទល់) តើរកវិធីយ៉ាងណាដើម្បីឲ្យមានចីរភាព ចៀសឲ្យផុតពី(ពាក្យដែល)គេថា “វែកចក” នោះ។ ធ្វើវាធ្វើហើយ ប៉ុន្តែកុំឲ្យដូចវែកចក។ ពាក្យថា “វែកចក” គឺវែកហើយ វាមកព័ទ្ធយើងវិញដដែល។ អញ្ចឹងខ្ញុំគាំទ្រការដាក់ចេញនូវយុទ្ធសាស្រ្ត វិធានការផ្សេងៗ ដូចដែលបានដាក់ចេញនៅក្នុងអង្គប្រជុំ។ អាណត្តិមុនៗ ក៏យើងបានធ្វើកិច្ចការនេះដែរ។ សម្រាប់អាណត្តិទី៧ យើងនៅបន្តយន្តការនេះ ហើយដាក់ចេញនូវក្របខណ្ឌវិធីសាស្រ្តថ្មីដើម្បី(សម្រួចការងារនេះ)។ រាល់ការទប់ស្កាត់ ខ្ញុំតែងតែនឹកឃើញនូវការវែកចក។ (តើ)យើងវែកយ៉ាងណាទើបវាស្អាត? … យើងត្រូវទទួលស្គាល់ថាវាត្រូវប្រើពេលនិងការអំណត់ ប៉ុន្តែបើយើងគ្រាន់តែគិតរយៈពេល និងការអំណត់តែមួយគត់ ដោយគ្មានវិធីសាស្រ្ត ចកវាមិនទៅណា។ វានឹងនៅព័ទ្ធយើងរហូតអស់កម្លាំង។ ថ្ងៃណា​មួយ យើងលង់ … ឈរមើលវាពីចម្ងាយនៅពេលដែលវាកាន់តែរីកពេញបឹងហ្នឹង។

(៥) វិធានការទី៤ និងទី៥ ក្នុងចំណោមវិធានគន្លឹះទាំង៥ គឺលុបបំបាត់ការជួញដូរប្រើប្រាស់ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព

អញ្ចឹង នៅក្នុងវិធានការគន្លឹះ ៥ ជាអាទិភាពរបស់យើង ដែលជាការគិតគូរសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ វិធានការគន្លឹះទី៤ របស់យើង គឺការយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ/ ឃុំ/សង្កាត់ មានសុវត្ថិភាព ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។ វិធានគន្លឹះមានតែ ៥ ហើយក្នុងនោះ ១ ហើយគឺផ្ដោតទៅការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលជាមូលដ្ឋាននៅក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាពរបស់យើង។

(៦) អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឧបនាយករដ្ឋមន្រ្តី ៤ រូប បង្ហាញការយកចិត្តទុកដាក់ពីរដ្ឋាភិបាល

ក្នុងការអនុវត្តភារកិច្ចនេះ យើងបានរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន(ស្រាប់)ពីអាណត្តិទី៦ ហើយនៅក្នុងអាណត្តិនេះ យើងរៀបចំឧបនាយករដ្ឋមន្រ្តី ៤ រូបអោយធ្វើការនេះ។ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក្នុងនោះមានឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្ដម ទៀ សីហា និងឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី ៤ ដើម្បីសហការលើការងារ ប្រទា​ក់ក្រឡាគ្នា រួមគ្នា(ដោះស្រាយ)។ ជាសារមួយដែលសំខាន់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ពីកិច្ចការនេះ។ ពីដើមឡើយ អាជ្ញាធរនេះដឹកនាំដោយទេសរដ្ឋមន្រ្តី ប៉ុន្តែក្រោយពីការវាយតម្លៃឡើងវិញ យើងបានលើកកម្រិតឲ្យមានការចូលរួមពីឧបនាយករដ្ឋមន្រ្តី ៤ រូប ក្នុងនោះមានទេសរដ្ឋមន្រ្តីមួយជាប្រធានលេខាធិការដ្ឋានដឹកនាំ ក្នុងគោលដៅបង្កើនឥទ្ធិពលដោះស្រាយបញ្ហានេះ ដែលកំំពុងធ្ងន់ធ្ងរ ស្មុគស្មាញ ចាក់ស្រេះ ហើយដែលវាមានផលអាក្រក់ដល់សង្គមជាតិទាំងបច្ចុប្បន្ន និងទៅអនាគត។ ទាមទារយើងត្រូវផ្ដល់អាទិភាពចាំបាច់។

(៧) មានវិធានការច្បាប់ចំពោះអ្នកលក់ដូរ/អ្នកផលិត ត្រូវមានការអប់រំណែនាំអ្នកប្រើប្រាស់(គ្រឿងញៀន)

នៅក្នុងការងារនេះ ក្រៅពីរៀបចំយន្តការ តើយើងត្រូវធ្វើការយ៉ាងណា? … ឥឡូវវិធានការជាច្រើនយើងបានដាក់ចេញ … ប៉ុន្តែ … ដូចបានលើកក្នុងសុន្ទរកថាមុននេះ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបញ្ហារួមរបស់យើង អាជ្ញាធរ រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ច មានតួនាទី កាតព្វកិច្ចក្នុងការដឹកនាំកសាងច្បាប់ អនុវត្តច្បាប់ដើម្បីទប់ស្កាត់។ យ៉ាងណាក្តី កិច្ចការនេះមិនអាចធ្វើទៅរួចទេ បើគ្មានការចូលរួម។ ប្រទេសមហាអំណាចចាយលុយរាប់ពាន់លាន ក៏មិនទាន់ធ្វើបានដែរ។ ប្រទេសដែលមានច្បាប់ប្រហារជីវិតចំពោះអ្នកជួញដូរគ្រឿងញៀន នៅតែមាន(ការជួញដូរ)ដដែល។ អញ្ចឹងវាទាមទារនូវការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈការអប់រំណែនាំ។ ធំបំផុតគឺការអប់រំណែនាំនៅផ្ទះហ្នឹងតែម្ដង។ ម្ដាយណែនាំកូនកុំឲ្យប្រើគ្រឿងញៀន​។ យើងមានវិធានការច្បាប់ចំពោះអ្នកលក់ដូរ/អ្នកផលិត(គ្រឿងញៀន) ប៉ុន្តែ(យើងក៏ត្រូវតែមានការអប់រំ)អ្នកប្រើប្រាស់។

(៨) គោលការណ៍សម្អាតផ្ទះ ២១ធ្នូ២០២៣ បញ្ចេញអ្នកពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀនពីក្របខណ្ឌ

នៅក្នុងច្បាប់ យើងចាត់ទុកអ្នកប្រើប្រាស់ជាជនរងគ្រោះដែលត្រូវទទួលការអប់រំ ណែនាំ ស្ដារនីតិសម្បទាឡើងវិញ និងធ្វើសមាហរណកម្ម ត្រូវការជួយ។ អញ្ចឹងត្រូវការសហគមន៍ជួយ ប៉ុន្តែតួនាទីរបស់រាជរដ្ឋាភិបាលនៅតែជាតួអង្គសំខាន់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែមានតួនាទីសំខាន់។ កាលពីថ្ងៃទី២១ ខែ១២ ឆ្នាំ២០២៣កន្លងទៅ នៅក្រសួងបរិស្ថាន ខ្ញុំបានដាក់ចេញនូវគោលការណ៍មួយគឺសម្អាតផ្ទះ ដែលក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនៅទីនេះបានអនុវត្ត ដើម្បីឲ្យមន្រ្តីអនុវត្តច្បាប់ មាននគរបាល កងទ័ព និងកងរាជអាវុធហត្ថ និងកងទ័ព ដែលមានពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ កន្លងមកបានអនុវត្តហើយៗ ក៏មានការអនុវត្ត​ពីក្របខណ្ឌក្រសួងការពារជាតិ ពិសេសក្រសួងមហាផ្ទៃក៏មានការចាត់តាំងលើការងារនេះ។ សួរថា យើងប្រកាន់យកជម្រើសគ្មានមនុស្សធម៌ឬ? យើងមិនអាណិតបងប្អូនទេឬ … (ដោយសារតែ)យើងអាណិតប្រ​ទេសនិងកម្លាំងទាំងមូល បានជាយើងត្រូវឲ្យអ្នកប៉ុន្មាននាក់នោះចេញដើម្បីទុកលំហនេះឲ្យអ្នកផ្សេង។ បើទុកអ្នកប្រើ អ្នកលក់ប្រហែលជាមាន(ឱកាស)ទៀតហើយ។ ជួនកាល អ្នកប្រើៗ ម្នាក់ឯង អត់សប្បាយទេ។ ទៅច្រៀងកេះមិត្តភក្តិសាកមើល។ អញ្ចឹងយកល្អកុំឱ្យមានតែម្តង …។

(៩) មន្ត្រីរាជការស៊ីវិលពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន ក៏ប្រឈមនឹងការបញ្ចេញពីក្របខណ្ឌ

ខ្ញុំទើបស៊ីញ៉េបទបញ្ជាមួយ ដែលរាជរដ្ឋាភិបាលពន្លាតការអនុវត្ត(វិធានការណ៍)នេះទូទាំងរដ្ឋាភិបាលតែម្តង។ បានន័យថាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់​គ្រឿងញៀន ឬពាក់ព័ន្ធត្រូវតែបានបណ្តេញចេញពីក្របខណ្ឌ។ មិនទុកទេ។ កុំឱ្យថាម៉េចក៏ឱ្យតែប៉ូលិស និងទាហាន ចុះមន្ត្រីស៊ីវិល(មិនធ្វើ)។ (ធ្វើ)ដូចគ្នា ដើម្បីពង្រឹងវិន័យ។ ការឯកភាពក្នុងការអនុវត្តទាំងកងកម្លាំងប្រដាប់អាវុធទាំងស៊ីវិល ត្រូវឱ្យមានក្របខណ្ឌវិន័យ ក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតា ព្រោះយើងជាគំរូ។ អញ្ចឹង ដើម្បីទៅអនុវត្តច្បាប់ យើងត្រូវចាប់ផ្តើមសម្អាតផ្ទះយើង។ នេះគឺគោលនយោបាយ No tolerance ឬអត់មានការអនុគ្រោះចំពោះបុគ្គលពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀននៅក្នុងជួររដ្ឋាភិបាល។

(១០) មិនប្រើប្រាស់គ្រឿងញៀន កាន់តែមានសុភមង្គលក្នុងគ្រួសារ

មានបងប្អូនខ្លះសួរថា … ទុកឱកាសលើកទី២ បានអត់? ខ្ញុំថាបើកាប់បន្លាកាប់ឱ្យវាដាច់ បើសិនជាកាប់មិនដាច់វានឹងមុតយើង។ គ្រោះថ្នាក់បំផុតដែលបញ្ជូនសារទៅមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធថា អ្នកឯងមានសិទ្ធិកុំប្រើ តែបើអ្នកឯងប្រើមានសិទ្ធិឱ្យ Free card ម្តង។ មិនដូចនោះទេ។ ហ្នឹងគឺដូចលើកទឹកចិត្តឱ្យប្រើអញ្ចឹង។ បានន័យថាគាត់មិនខ្លាច។ គាត់នឹងបបួលគ្នាសាកល្បង ត្បិតយ៉ាងច្រើនចាប់តែម្តង។ យើងសុំទោស។ ចប់។ បើដូចនោះ ចេះតែអនុគ្រោះទៅ តើប៉ុន្មាននាក់ដែលនៅតែបន្តមានបញ្ហា? ត្រូវតែអនុវត្តឱ្យដាច់ណាត់។ ខ្ញុំជឿថា មន្ត្រីរាជការរបស់យើង បើមិនបានប្រើប្រាស់គ្រឿងញៀន មិនដាច់ពោះស្លាប់ទេ។ បើមិនបានប្រើប្រាស់ មិនបានប៉ះពាល់នូវគ្រឿងបែបនេះ ប្រហែលជាកាន់តែមានសុភមង្គលគ្រួសារតទៅទៀតនោះ។ នេះក៏ជាវិធីសាស្ត្រមួយដែលសម្អាតតចកនៅក្នុងបឹង។

(១១) បង្កើតនិងចែករំលែក បញ្ជីទិន្នន័យពីអ្នកត្រូវចេញពីក្របខណ្ឌដោយគ្រឿងញៀននិងកំហុសធ្ងន់

ថ្ងៃមុនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកគំនិតផ្តួចផ្តើមមួយពិភាក្សាជាមួយ ឯកឧត្តម ទៀ សីហា។ ខ្ញុំបានចារឯកភាពឱ្យធ្វើទិន្នន័យដ្ឋាន ឬ Database មួយ។ សូមពិភាក្សាជាមួយក្រសួងការពារជាតិ ជាមួយក្រសួង មុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបញ្ជីមួយចែករំលែកទិន្នន័យអ្នកដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយគ្រឿងញៀននិងកំហុសធ្ងន់ៗ។ ត្រូវចែករំលែកទិន្នន័យនេះឱ្យដឹងកុំឱ្យដេញចេញពីមួយចូលទៅមួយ។ ដាក់ឱ្យជាប់តែម្តង ហើយឱ្យពិនិត្យជាមួយក្រសួងយុត្តិធម៌។ ឥឡូវយើងគ្រាន់តែចែករំលែកទេ។ ទៅមុខទៀតកំ​ពុងគិតគូរពីក្រមវិធានការ ផ្អែកទៅលើគោលការណ៍ច្បាប់ គោលការណ៍សន្តិសុខជាតិ គោលការណ៍សន្តិសុខសង្គម គោលការណ៍សិទ្ធិបុគ្គលនិងគោលការណ៍ផលប្រយោជនសង្គម ថាអ្នកទទួល(​ពិន័យ)ហ្នឹងហើយ ត្រូវទទួលតទៅទៀតកុំឱ្យរួចតែខ្លួន។ យើងមិនមែនផ្ដាច់ជីវិតគាត់ទេ។ មិនមែនផ្ដល់ឱកាសទី២ទេ។ ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ បើមិនអញ្ចឹង ពួកគាត់អត់សូវខ្លាច ដោយសារធ្វើហើយអាង … បើសិនជាយើងមាន(វិធាន)បែបនេះ បើគាត់លក់ឬប្រព្រឹត្តគ្រឿងញៀននៅកន្លែងហ្នឹង ក្រោយពីមានបញ្ហានិងចេញពីកន្លែងការងារ ស្រាប់តែបានមួយឆ្នាំ​ មនុស្សដដែលទៅចូលក្របខណ្ឌនៅកន្លែងមួយទៀត ហើយគាត់លក់/ប្រព្រឹត្តទៀតនៅកន្លែងនោះ ដោយយើងមិនបានដឹង។

(១២) ដាក់ចេញវិធានការសមស្របគិតគូរពីទិដ្ឋភាពច្បាប់ សង្គម សន្តិសុខ សិទ្ធិបុគ្គល ផលប្រយោជន៍សហគមន៍

អញ្ចឹងយើងប្រើវិធីគ្រប់គ្រងទិន្នន័យដើម្បីដឹង។ វិធានាការប្រើប្រាស់នេះយ៉ាងណា សុំឱ្យគិតគូរជាប្រចាំព្រោះយើងត្រូវគិតពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ទិដ្ឋភាពសន្តិសុខ ទិដ្ឋភាពសិទ្ធិបុគ្គល ទិដ្ឋភាពផលប្រយោជន៍សហគមន៍ ផ្គុំគ្នាមកបានចេញទៅជាវិធានការសមស្រប។ តើគួរមានការទទួលខុសត្រូវអ្វីក្រោយពីធ្វើ(អំពើទាំងនោះ?)។ មិនមែនធ្វើហើយគ្រាន់តែផាកពិន័យបន្តិចចប់ទេ។ ត្រូវមាន(ទំងន់ទោស)ដើម្បីឱ្យគាត់ប្រយ័ត្នប្រយែង តែក៏មិនបិទច្រកមួយជិវិតដែរ។ ត្រូវគិតគូរស្អីទៀតដើម្បីគាត់អាចធ្វើសមាហរណកម្មមកក្នុងសង្គមក្នុងកម្រិតណាមួយ។ នេះត្រឡប់ទៅសួរវិញថា វែកចកយ៉ាងម៉េច បើបឹងហ្នឹងវាចូលគ្រប់កន្លែងទៅហើយ? បើយើងគ្រាន់តែថាកាន់សំណាញ់ចូលទៅ ដាក់វិធានការថាចង់វែកចកឱ្យអស់ពីបឹង … ចុះទៅកណ្តាលហ្នឹង ក៏វែកម៉េចមិនអស់ដែរ … វិធីសាស្ត្រខ្ញុំគិតអញ្ចេះ។ ផ្ទៃ(បឹង)មានតែប៉ុណ្ណឹង។ ចកវានៅកន្លែងហ្នឹង។ អញ្ចឹងគង់តែដល់ពេលមួយយើងត្រូវសម្អាតវាឱ្យអស់។ បើចូលទៅកណ្តាលហ្នឹង សម្អាតវាអត់អស់ទេ។ វាមកព័ទ្ធយើង។ ត្រូវចាប់ពីមួយជ្រុងណាមួយដែលយើងគ្រប់គ្រងបាន។ សម្អាតមួយជ្រុងហ្នឹងឱ្យអស់ ហើយដាក់រនាំងកុំឱ្យវាចូលទៀត។ កន្លែងហ្នឹងទឹកថ្លាមួយដុំ។ ស្អែកឡើងទៅកំណត់ទិសដៅណាប៉ុន្មានទៀត? … ផ្ទៃបឹងដែលមានចកហ្នឹងកាន់តែរួមតូច …។

(១៣) អនុវត្តវិធីសាស្ត្រសម្អាតការពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀនម្តងមួយដុំៗ និងគ្រប់គ្រងតាមវិធានច្បាប់

ឥឡូវ ក្នុងរដ្ឋាភិបាលទុកដូចជាមួយប្រអប់អញ្ចឹង។ បើជួររដ្ឋាភិបាលយើងស្អាត យើងបោសសម្អាតហើយ យើងដាក់វិធានការទប់ កន្លែងហ្នឹងវាលែងសូវមានចកហើយ។ អញ្ចឹងផ្ទៃដែលចករញ៉េរញ៉ៃវាកាន់តែតូច។ ថ្ងៃក្រោយយើងអាចប្រើប្រាស់ទិន្នន័យ ប្រើប្រាស់អីទៀតដាក់វិធានការកន្លែងផ្សេងទៀត។ ឧទាហរណ៍ អាជីវកម្មណា ថ្ងៃក្រោយដែលមានពាក់ព័ន្ធរឿងហ្នឹងដាក់ក្នុង Blacklist ប៉ុន្មានឆ្នាំ ឬមួយយ៉ាងម៉េច? ថ្ងៃក្រោយ បើសិនជាវិស័យឯកជនចូលរួម គាត់ឯកភាពអនុវត្តការងារនេះ មន្ត្រីរបស់គាត់ បុគ្គលិករបស់គាត់ មិនឱ្យមា(គ្រឿងញៀន)ហ្នឹង យើងកាន់តែមានកន្លែងស្អាតហ្នឹងច្រើន។ អញ្ចឹង បឹងហ្នឹងយើងមើលទៅឃើញកន្លែងទឹកថ្លាច្រើន។ នេះហើយដែលយើងបង្រួមចកនោះ។ យើងគិតថា បើយើងធ្វើមិនមានវិធីសាស្ត្រ ចកនឹងរុំយើងរហូត តែបើយើងសម្អាតវាមួយដុំៗ ហើយដាក់រនាំងកុំឱ្យវាចូលកន្លែងដែលយើងគ្រប់គ្រងបានតាមវិធានច្បាប់។ អញ្ចឹងបើយុទ្ធនាការនៅក្នុងទូទាំងរដ្ឋាភិបាលហោចណាស់ ២០ ឬ៣០ម៉ឺននាក់ យើងលែងមានអ្នកបែបហ្នឹងនៅក្នុងស្ថាប័នរដ្ឋហើយ។ អញ្ចឹងវាទៅជាប្រអប់មួយដែលស្អាត។ បើមកចូលមិនស្រួល យើងដកចេញ។ អញ្ចឹងបើសិនជាប្រអប់ហ្នឹងកើនកាន់តែច្រើន នេះយើងនឹងសម្អាតចកពីក្នុងបឹងធំ។

(១៤) សង្ឃឹមថាក្នុង ១៥ទៅ ២០ឆ្នាំទៀត ភាពរញ៉ីរញ៉ៃគ្រឿងញៀននឹងរួមកាន់តែតូច ឈានទៅបាត់ពីកម្ពុជា

ខ្ញុំគិតថាជាវិធីសាស្ត្រមួយដែលយើងអាចធ្វើបាន ហើយប្រើប្រាស់ភាពម៉ឺងមាត់ ភាពម៉ត់ចត់របស់យើង។ រឿងនេះមិនធម្មតាទេ។ ម៉ោងនេះយើងត្រូវអនុវត្តច្បាប់។ ការបង្ក្រាបរបស់យើង នៅប្រើប្រាស់សន្តិវិធី មិនទាន់ប្រើប្រាស់អាវុធទេ ចំពោះមន្ត្រី ប្រជាពលរដ្ឋ រួមទាំងអ្នកជួញដូរផង។ យើងមិនទាន់ឈានទៅដល់(ការប្រើប្រាស់អាវុធ)ទេ។ ប្រទេសខ្លះនៅក្នុងតំបន់ និងនៅប្រទេសមួយចំនួន ពេលដែល(ការជួញដូរ/ប្រើប្រាស់គ្រឿងញៀន)កន្លែងនេះចាក់ស្រេះ កម្លាំងសមត្ថកិច្ចគ្មានជម្រើសក្រៅពីចូលទៅដូចកងទ័ពវាយលើសមរភូមិអញ្ចឹង។ យើងសង្ឃឹមថា ក្នុង ១៥ ទៅ ២០ឆ្នាំទៀត កម្ពុជាមិនឈានទៅដល់(ស្ថានការណ៍បែប)នោះទេ។ ផ្ទុយទៅវិញ ១៥ឆ្នាំ ២០ឆ្នាំទៀត ចកឬភាពរញ៉េរញ៉ៃដោយសារគ្រឿងញៀន នឹងរួមកាន់តែតូចទៅៗ ឈានទៅដល់ការបាត់ពីទឹកដីរបស់យើង។

(១៥) បណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការបើរកឃើញថាពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន

នេះគឺជាក្តីសង្ឃឹម។ នេះជាគោលដៅ។ ប៉ុន្តែយើងមិនត្រឹមតែដេកស្រមៃទេ យើងត្រូវដាក់ចេញវិធានការច្បាស់លាស់ ផ្តើមចេញពីរដ្ឋាភិបាល។ ថ្ងៃនេះ ខ្ញុំចេញបទបញ្ជារដ្ឋាភិបាល សុំឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ អាជ្ញាធរទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជំរុញការងារនេះ។ អម្បាញ់មិញនៅក្នុងរបាយការណ៍ គឺគ្រាន់តែថាជួយជំរុញ ណែនាំ ដាស់តឿន ជួយបន្សាប។ ឥឡូវ នេះជាបទបញ្ជាថ្មី។ (បើសិនជារក)ឃើញ គឺបណ្តេញចេញតែម្តង។ នេះគឺសូមផ្តល់ជាគោលការណ៍។ អ្នកដែលប្រើ ក៏សូមកាត់ទៅ។ យើងសម្អាតផ្ទះយើងឱ្យមានពន្លឺ ដើម្បីយើងចេញទៅជួយប្រជាជនយើង។ នៅក្នុងនេះ បើខ្ញុំសួរនៅទូទាំងប្រទេស រួមទាំងអ្នកជួញដូរគ្រឿងញៀនថាបើចង់ឱ្យផ្ទះខ្លួនឯងព័ទ្ធទៅ(គ្រឿងញៀន) ឬមួយគ្រួសារខ្លួនឯង កូនចៅខ្លួនឯងប្រើ ក៏អត់មានអ្នកណាចង់​ដែរ។ អញ្ចឹងវាជាអ្វីដែលយើងមិនចង់បាន។ វាជាតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។

(១៦) ទិន្នន័យដ្ឋានអ្នកពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន ជួយតម្រង់ផ្លូវ និងការពារសិទ្ធសិទ្ធសហគមន៍សុខសន្តិភាព

វាជាយុទ្ធនាការដែលយើងបានធ្វើរាប់អាណត្តិមកហើយ។ នៅក្នុងអាណត្តិថ្មីនេះ មិនមែនធ្វើបដិវត្តទេ យើងត្រូវបន្តនិរន្តរភាព និងគោលនយោបាយដែលមានធ្វើពីមុនមក។ គោលនយោបាយភូមិ/ឃុំ សុវត្ថិភាព នេះយើងមានច្រើនអាណត្តិមកហើយ។ យើងត្រូវបន្តទៀត ហើយរៀបចំនូវវិធីសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធិភាព និងមានការចូលរួម ហើយត្រូវមានភាពដាច់ណាត់ក្នុងការអនុវត្ត។ ទៅមុខទៀត យើងនឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយ។ សួរថាធ្វើដូចហ្នឹងមិនសាហាវពេកទេឬ? ដាក់អ្នកដែលលក់គ្រឿងញៀន អ្នកដែលប្រព្រឹត្តគ្រឿង​ញៀននៅក្នុងបញ្ជីរបស់រដ្ឋាភិបាល? ហ្នឹងមិនជាការធ្វើបាបគាត់និងបំបាត់សិទ្ធមនុស្សទេឬ។ តាមពិតគឺជាការការពារសិទ្ធមនុស្សទៅវិញទេ។ ទី១ យើងដឹងដើម្បីជួយគាត់ ដើម្បីតម្រង់ផ្លូវគាត់។ ទី២ ការពារសិទ្ធធំ គឺសិទ្ធសហគមន៍ប្រជាពលរដ្ឋដែលចង់រស់នៅដោយសុខសន្តិភាពនេះ។ សិទ្ធប្រជាពលរដ្ឋចង់រស់ដោយគ្មានគ្រឿង​ញៀននៅក្នុងសហគមន៍ ដែលកូនគាត់រស់ដោយគ្មានព្រួយបារម្ភ។ មែនអត់? អញ្ចឹងការទប់ស្កាត់នេះគឺជួយប្រជាពលរដ្ឋ ជួយបង្កើនសិទ្ធមនុស្ស ជួយអនុវត្តច្បាប់ និងជួយលើកតម្កើងច្បាប់។

(១៧) ការពារសង្គមជាតិពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន

បុគ្គលដែលធ្វើខុស ត្រូវតែទប់ស្កាត់ ហើយបុគ្គលត្រូវទទួលខុសត្រូវ។ យើងមិនមែនអមនុស្សធម៌ យកជនទាំងនោះទៅប្រហារជីវិតទេ។ នៅកម្ពុជាអត់មានច្បាប់ប្រហារជីវិតទេ ។ យើងមានការស្តារនីតិសម្បទា និងកម្មវិធីសមាហរណកម្មចូលក្នុងសង្គមវិញ ទៅតាមទោសកម្រិត/ប្រភេទនៃទោស ចំពោះអ្នកប្រើប្រាស់។ សូម្បីតែអ្នកលក់​ដូរក៏មានការទទួលពិន័យទោស ហើយខិតខំរកវិធីឱ្យធ្វើសមាហរណកម្ម ឲ្យគាត់ដូរអាជីព បន្ទាប់ពីរួចពីទោស។ ជោគជ័យ ឬមិនជោគជ័យ យើងត្រូវតែធ្វើ។ អ្វីដែលសំខាន់ គឺត្រូវការការពារអ្នកដែលមិនពាក់ព័ន្ធ ការពារប្រ​ទេសយើង ការពារសង្គមជាតិរបស់យើង ព្រោះ(ការពាក់ព័ន្ធ/ប្រើប្រាស់គ្រឿងញៀន)ហ្នឹងជាប្រភពនៃបញ្ហាច្រើនណាស់។ ប្រជាពលរដ្ឋយើងមានកង្វល់ច្រើនអំពីកិច្ចការនេះ ដែលទាមទារឲ្យយើងគិតគូរអំពីវិធីសាស្ត្រវែកចក ទោះបីជាយឺតក៏ដោយ តែវែកឲ្យអស់ក្នុងពេលណាមួយ។ បើវែកមិនអស់ ក៏វាកាន់តែរួមតូចនៅក្នុងកន្លែងណាមួយ ដែលប្រជាពលរដ្ឋអាចមានទឹកថ្លាប្រើ មើលផ្ទៃដឹង មិនអាប់អួរ …។

(១៨) មិនអោយដាំកញ្ឆា ព្រោះគ្រប់គ្រងមិនបាន លួចដាំខុសច្បាប់ និងពាក់ព័ន្ធគ្រឿងញៀន

ខ្ញុំសូមលើករឿងមួយទៀតដែលពាក់ព័ន្ធដែរ។ វាក៏ប្រទាក់ក្រឡាគ្នា។ ខ្ញុំធ្លាប់បញ្ចេញសារតាមហ្វេសប៊ុកម្តងហើយ ប៉ុន្តែប្រហែលជាមានអ្នកមិនទាន់បានទទួលសារ ព្រោះថ្មីៗនេះមាន ២ ឬ៣ នាក់ទៀត ចេះតែសួរមកខ្ញុំ សុំច្បាប់វិនិយោគដាំកញ្ឆា … ដើម្បីបំរើឲ្យវិស័យសុខាភិបាល។ ស្រុកគេធ្វើ ប្រទេសជិតខាងយើងក៏ធ្វើ។ គេធ្វើរឿងរបស់គេ។ ខ្ញុំប្រាប់ថា ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្ត្រី ច្បាប់នេះខ្ញុំអត់ឯកភាពទេ … រឿងនេះ សួរថាអាចគ្រប់គ្រងបានឬអត់? ដាំកញ្ឆាហ្នឹងដើម្បីបញ្ជូនយកទៅកាណាដាធ្វើថ្នាំធ្វើអី … ខ្ញុំមើលការយកព័ត៌មានមួយនៅអាមេរិក ប្រទេសមហាអំណាចធំជាងយើង រដ្ឋខ្លះគាត់ឲ្យច្បាប់ដាំ តែគ្រប់គ្រងអត់បាន ដោយសារជ្រុង ២ ជ្រុងទី១ គ្រប់គ្រងការប្រើប្រាស់អត់បាន ដោយវាមិនមែនយកទៅឲ្យ​ pharmacy ផលិត តែបែជាយកទៅជក់ពេញហ្នឹង។ ទី២ ឲ្យអាជ្ញាប័ណ្ណដាំតែ ១ ម៉ឺនហិកតាទេ ប៉ុន្តែ(ប្រមូលផល)មិនចេះអស់ ដោយសារគេទៅកាប់ព្រៃ លួច(ដាំ)នៅកន្លែងផ្សេងៗ។ នៅអាមេរិក នៅមានលួចដាំនៅក្នុងព្រៃផ្សេងៗ យកចេញមកតាមច្រកស្របច្បាប់កន្លែងខ្លះ។ ទី៣ រឿងកញ្ឆានេះវាពាក់ព័ន្ធនឹងគ្រឿងញៀន។

(១៩) ក្របខណ្ឌច្បាប់កម្ពុជាមិនអនុញ្ញាត និងមិនមានការកែសម្រួល ឱ្យមានការដាំកញ្ឆាឡើយ

លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរីមកដែរ។ ខ្ញុំមើលព័ត៌មានមួយតាម Channel News Asia ជា report of investigation រឿងអ្នកប្រើប្រាស់គ្រឿងញៀននៅសឹង្ហបុរី។ គេបានសំភាសន៍អ្នកជាប់គុករឿងប្រើប្រាស់គ្រឿងញៀននៅសិង្ហបុរី ដែលជាង ៤០ ភាគរយប្រើប្រាស់តាំងពីនៅក្រោមអាយុ ១៨ ឆ្នាំ ហើយគេសួរថាប្រើ(សារធាតុ)អ្វីមុនគេ? ជាង ៥០ ភាគរយចាប់ផ្តើមពីកញ្ឆា។ ដល់កញ្ឆាយូរៗ វិវឌ្ឍទៅគ្រឿងញៀនផ្សេងៗទៀត។ នេះនៅសិង្ហបុរីមានទោសប្រហារជីវិតផង នៅមាន(អ្នកប្រើប្រាស់)។ ហ្នឹងដោយសារវាថោក វាស្រួលរក អញ្ចឹងគ្រឿងញៀនចាប់ផ្តើមពីនេះទៅ។ សម្រាប់កម្ពុជា ខ្ញុំថាវាអត់ចំណេញអីទៅធ្វើវិនិយោគកសិកម្មរាប់រយរាប់ពាន់ រាប់ម៉ឺនហិកតាដាំកញ្ឆាដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតថ្នាំនៅកាណាដានោះទេ។ សរុបសេចក្តី ខ្ញុំជូនសារទៅអ្នកពីក្រៅប្រទេសដែលចង់មកវិនិយោគ(ដាំកញ្ឆា) នៅកម្ពុជា កុំចំណាយពេលវេលាជិះយន្តហោះមកអត់ប្រយោជន៍ … ខ្ញុំបញ្ជូនសារតាមហ្វេសប៊ុកម្តងហើយ។ រាងស្ងាត់ម្តងហើយ។ ឥឡូវមាន ២ ឬ៣ នាក់មកសួរខ្ញុំទៀត។ ក្របខណ្ឌច្បាប់របស់យើងក៏មិនអនុញ្ញាតិ ហើយក៏មិនមានការចាំបាច់នៅក្នុងការសម្របសម្រួលកែច្បាប់ឬមួយអីទេ។ កុំធ្វើតែម្តង …។

(២០) អស់អ្នកប្រើប្រាស់គ្រឿងញៀន អ្នកលក់ដូរក៏អាចនឹងថយចុះ

ឥឡូវកំពុងតែ(វីវក់នឹងការវែក)ចកនេះហើយ (បែជា)ទៅឲ្យចកប្រភេទផ្សេងចូលមកទៀត វានឹងពិបាក(កាន់តែខ្លាំងជាមិនខាន)។ (មិនតែប៉ុណ្ណោះ បើសិនជាអនុញ្ញាត) ចកបែបនេះគឺចកស្របច្បាប់តែម្តង។ អញ្ចឹងយើងទុកឱកាសដើម្បីរួមគ្នា មួយអាណត្តិ ពីរអាណត្តិនេះបើកលំហផ្ទៃបឹងរបស់យើងឱ្យលែងមានចក ដោយចាប់ផ្តើមសំ​អាតចកនៅតាមមូលដ្ឋាន នៅតាមតំបន់ នៅតាមផ្នែកនីមួយៗ ដែលយើងអាចធ្វើទៅបាន។ រើវាចេញហើយដាក់រនាំងកុំឲ្យចកហ្នឹងវាចូលមកទៀត។ កាត់បន្ថយផ្ទៃដែលមានចកបន្តិចម្តងៗ ហើយសង្ឃឹមថាមានការចូលរួមពីប្រ​ជាជន វិស័យឯកជននៅក្នុងការជួយកាត់បន្ថយបែបនេះ។ បើសិនជាយើងកាត់បន្ថយបែបនេះ គឺយើងកាត់បន្ថយនូវការប្រើប្រាស់។ កាត់បន្ថយអ្នកប្រើប្រាស់ច្រើននៅតាមកន្លែងនីមួយៗ។ អស់អ្នកប្រើប្រាស់ អ្នកលក់ក៏ប្រហែលជាថយទៅដែរ។

(២១) គួរគិតថាការប្រើប្រាស់គ្រឿងញៀន ប៉ះពាល់ឪពុកម្តាយ គ្រួសារ សុខភាព សហគមន៍

យើងអនុវត្តច្បាប់ចំពោះអ្នកផលិត … ឲ្យតែនិយាយពីការបង្រ្កាបគ្រឿងញៀន មើល comment បងប្អូនថាធ្វើម៉េចកុំឲ្យដូចវែកចក។ បានន័យថា រកវិធានការណាដែលមានចីរភាព និងនិរន្តរភាព ដើម្បីកាត់បន្ថយបន្តិចម្តងៗនូវបញ្ហានេះ ដើម្បីយកវាចេញពីក្នុងសហគមន៍ ដើម្បីអនាគតបងប្អូនប្រជាពលលរដ្ឋរបស់យើង ជាពិសេសយុវជនរបស់យើង។ បងប្អូនដែលគិតថាមានបានពីរបរហ្នឹងស្រួល សូមដូរអាជីពទៅ។ ហ្នឹងជាអំពើបាប។ យើងយកលុយហ្នឹងមកនាំកូននាំចៅទៅដើរលេង ទិញឡានជិះល្អ។ ប៉ុន្តែលុយហ្នឹង បានធ្វើឱ្យប៉ុន្មាននាក់វេទនា? ហ្នឹងខ្ញុំគ្រាន់តែផ្តល់យោបល់ថាសូមគិតពីជ្រុងមនុស្សធម៌ គិតពីជ្រុងគុណធម៌ផង។ សូមចូលរួមនិងភ្ញាក់រលឹកទាំងអស់គ្នា។ ម្សិលមិញ ខ្ញុំនិយាយរឿងដា​ក់បូលីសបាញ់ល្បឿន។ ទៅព្រួយអីប៉ូលីសបាញ់ល្បឿន ព្រួយតែពីរឿងកុំបើកលឿនហួសបុកគេទៅ។ កុំឲ្យបើកលឿនជ្រុលចង្កូត គ្រោះថ្នាក់មួយឡានរបស់យើង។ គិតអាហ្នឹងវិញ។ ជិះម៉ូតូកុំខ្លាចប៉ូលីសចាប់រឿងមិនពាក់មួក ត្រូវគិតថាពេលយើងធ្វើដំណើរហ្នឹងមានហានិភ័យ។ យើងទៅដល់ផ្ទះមើលកូនមើលប្រពន្ធឬអត់? អញ្ចឹងរឿងការប្រើប្រាស់គ្រឿងញៀន កុំគិតថាប្រើកន្លែងណាប៉ូលីសមិនចាប់ គួរគិតថាបើយើងប្រើទៅវាប៉ះពាល់ឪពុកម្តាយយើង គ្រួសារយើង សុខភាពយើង គួរតែចូលរួមទាំងអស់គ្នា។

(២២) គ្មានបំណង តែមិនរារែក នឹងអនុវត្តអភិក្រមទី៥

អញ្ចឹង យន្តការនិងការអប់រំបណ្តុះបណ្តាល ការថែទាំអប់រំ ផ្សព្វផ្សាយ ជាកិច្ចការដែលត្រូវធ្វើ។ ក្រៅពីនេះ នៅក្នុងកិច្ចការរដ្ឋ គឺមន្រ្តីរាជការត្រូវដើរតួនាទីជាអ្នកនាំមុខ។ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ប្រធានស្ថាប័នថ្នាក់ជាតិ ក្រោមជាតិ គណៈអភិបាលរាជធានីខេត្ត/ស្រុក សូមជំរុញកិច្ចការនេះ។ អត់ខាតយើងទេ។ ជួយឱ្យមានវិន័យឱ្យមានការអនុវត្តឯកភាពគ្នា/ជួយគ្នាសម្អាតម្ដុំហ្នឹង​។ បើយើងមិនបានចូលរួមសម្អាតមួយបឹងហ្នឹងទេ គឺសម្អាតមួយជុំវិញផ្ទះបាន(គឺ)ល្អហើយ។ យើងជួយសម្អាតប៉ុណ្ណឹង ទុកអោយកន្លែងផ្សេងគេធ្វើ។ រដ្ឋាភិបាលដើរជួយសម្អាតរួមទៅ ហើយសម្អាតជាន់ឱ្យជាប់កុំឱ្យវាចូលវិញ។ វែកចកកុំឱ្យវាចូលមកវិញ គឺដាក់រនាំងទប់ឱ្យជាប់តែម្ដង ដោយផ្អែកលើការភ្ញាក់រលឹក និងការចូលរួមទាំងអស់គ្នា។ រាជរដ្ឋាភិបាលគ្មានគោលបំណងអនុវត្តអភិក្រមទី៥ ដោយញឹកញាប់នោះទេ។ អភិក្រម៤ត្រូវអនុវត្តអោយញឹកញាប់ ប៉ុន្តែបើគ្មានជម្រើស ឈានដល់ទី៥ យើងក៏មិនខ្លាចនៅក្នុងការអនុវត្តដែរ។ យើងត្រូវរួមគ្នាដោះស្រាយ ព្រោះជាបញ្ហារួមរបស់ប្រជាពលរដ្ឋនិងយើងទាំងអស់គ្នា។

[ចប់សេចក្ដីអធិប្បាយ]

១១. ជាថ្មីម្តងទៀត, ខ្ញុំសូមកោតសរសើរចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រចបានកន្លងទៅ ហើយសូមថ្លែងអំណរគុណសាជាថ្មីដល់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះអាជ្ញាធរជាតិទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការយ៉ាងសស្រាក់សស្រាំរនាពេលកន្លងទៅ។ ទន្ទឹមនឹងនេះ, ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់ស្ថាប័ន-ក្រសួង, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្តល់កិច្ចសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមទិសស្លោក “រួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រឿងញៀន!”។

១២. ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤» របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ “ផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩”, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល, សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕


 

អត្ថបទទាក់ទង