Grand News Asia Close

ទស្សនៈអំពីការសាងសង់បដិមា និងរូបសំណាកក្នុងសង្គមខ្មែរ

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1002
ទស្សនៈអំពីការសាងសង់បដិមា និងរូបសំណាកក្នុងសង្គមខ្មែរ ទស្សនៈអំពីការសាងសង់បដិមា និងរូបសំណាកក្នុងសង្គមខ្មែរ

ដោយ៖លោកតា

ការសាងសង់បដិមា រូបសំណាក និងស្ថាបត្យកម្មក្នុងវត្តអារាម មិនមែនគ្រាន់តែជាការតុបតែងឲ្យស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាជាមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដែលត្រូវបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ រូបបដិមាមួយ អាចបង្ហាញពីសម័យកាល ជំនឿ សិល្បៈ និងកម្រិតចំណេះដឹងរបស់មនុស្សក្នុងសង្គមនោះ។ ដូច្នេះ ការសាងសង់ដោយគ្មានរចនាបទ និងខ្នាតត្រឹមត្រូវ អាចធ្វើឲ្យបាត់បង់តម្លៃដើមនៃសិល្បៈខ្មែរ និងធ្វើឲ្យអនាគតយល់ច្រឡំពីប្រវត្តិសាស្ត្ររបស់ខ្លួន។

ជាក់ស្តែង សព្វថ្ងៃនៅតាមវត្តអារាម និងទីសាធារណៈមួយចំនួន មានការសាងសង់រូបព្រះ តោ នាគ ឬរូបសំណាកបុគ្គលប្រវត្តិសាស្ត្រ ដែលមិនគោរពតាមក្បួនខ្នាត និងទម្រង់សិល្បៈខ្មែរ។ តោមិនចំតោ នាគមិនចំនាគ ហើយរូបខ្លះមើលទៅបាត់បង់សោភ័ណភាព និងភាពថ្លៃថ្នូរដែលគួរតែមាន។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺរូបសំណាកបុគ្គលប្រវត្តិសាស្ត្រដ៏សំខាន់ៗមួយចំនួន ដូចជារូបព្រះបាទជ័យវរ្ម័ន ដែលជាស្តេចដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រខ្មែរ ប៉ុន្តែការសាងសង់ខ្លះបែរជាមើលទៅខុសទម្រង់ រហូតធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាគួរឲ្យអស់សំណើចជាជាងមានភាពគោរព។

សំណួរដែលសង្គមគួរតែសួរខ្លួនឯងគឺ៖ មុននឹងសម្រេចសាងសង់ និងយកមកតម្កល់នៅទីសាធារណៈ តើអ្នកសាងសង់ និងអ្នកអនុញ្ញាតឲ្យសាងសង់ បានពិចារណាពីតម្លៃសិល្បៈ ប្រវត្តិសាស្ត្រ និងអត្ថន័យរបស់វាដែរឬទេ? ព្រោះរូបសំណាកមួយ មិនមែនជារបស់លេង ឬធ្វើតាមចំណង់ចិត្តនោះទេ តែវាជានិមិត្តរូបដែលមនុស្សរាប់ជំនាន់នឹងឃើញ និងចងចាំ។

ខ្មែរយើងជាជាតិដែលមានជំនឿ និងការគោរពខ្លាំងចំពោះទីសក្ការៈ និងរូបតំណាងនានា នៅពេលយករូបណាមួយទៅតម្កល់ជាទីសក្ការៈហើយ គ្មានអ្នកណាហ៊ានវាយកម្ទេច ឬដកចោលឡើយ ទោះបីវាមានភាពខុសឆ្គងយ៉ាងណាក៏ដោយ លើកលែងតែសម័យខ្មែរក្រហមដែលបានបំផ្លាញសាសនា និងវប្បធម៌យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ កំហុសក្នុងការសាងសង់ថ្ងៃនេះ អាចនឹងក្លាយជាបន្ទុក និងជារូបភាពខុសឆ្គងដែលនៅសល់រាប់សិប ឬរាប់រយឆ្នាំទៅមុខ។

ការអភិរក្សវប្បធម៌ មិនមែនមានន័យថាបដិសេធការច្នៃប្រឌិតទេ ប៉ុន្តែការច្នៃប្រឌិតគួរតែឈរលើមូលដ្ឋាននៃចំណេះដឹង ក្បួនខ្នាត និងអត្តសញ្ញាណជាតិ។ មុនសាងសង់បដិមា ឬរូបសំណាកសំខាន់ៗ គួរតែមានការពិគ្រោះជាមួយអ្នកជំនាញផ្នែកសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីធានាថា ស្នាដៃដែលបង្កើតឡើង នឹងក្លាយជាមរតកដ៏មានតម្លៃ មិនមែនជាចំណុចដែលកូនចៅជំនាន់ក្រោយរិះគន់ និងសោកស្តាយនោះទេ។

ទស្សនរបស់លោកតា!

បដិមា និងរូបសំណាក គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអរិយធម៌ជាតិ បើសាងសង់ដោយការយកចិត្តទុកដាក់ និងគោរពតាមក្បួនសិល្បៈ វានឹងក្លាយជាកេរដំណែលដ៏មានតម្លៃសម្រាប់អនាគតក៏ប៉ុន្តែបើសាងសង់ដោយខ្វះការពិចារណា វាអាចធ្វើឲ្យបាត់បង់ទាំងសោភ័ណភាព ទាំងតម្លៃវប្បធម៌ និងភាពថ្លៃថ្នូរនៃប្រវត្តិសាស្ត្រជាតិខ្មែរ៕

អត្ថបទទាក់ទង