Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ដែលបានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣»

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 775
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ដែលបានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ដែលបានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣»

 

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ សូកេន ដែលក្នុងរយៈពេលជាង ៦ខែមកនេះ បានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ ៣» និង ទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងវិស័យទេសចរណ៍នានាឱ្យទទួលបានជោគជ័យ។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន បានដាក់ចេញផែនការយុទ្ធសាស្ត្រ៥ និងការងារអាទិភាព៣ ដើម្បីវឌ្ឍនភាពវិស័យទេសចរណ៍ជាតិ ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែមានវឌ្ឍនភាពតទៅមុខ និងសម្រេចបានកំណើនទេសចរអន្តរជាតិ និងជាតិតាមការគ្រោងទុក។

យុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» រួមមាន៖

ទី១. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា (Brand Management) ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ។

ទី២. បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា (Unique Selling Point Marketing Promotion) ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅអាទិភាព និងពិភពលោកទាំងមូលចាប់អារម្មណ៍មកទស្សនាកម្ពុជា។

ទី៣. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ (Inbound Design Quality Travel) សំដៅ៖ ១) កាត់បន្ថយរាល់បញ្ហាទាំងឡាយដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ទេសចរ, ២) បំពេញតម្រូវការទេសចរតាមរយៈការលើកកម្ពស់គុណភាពនៃការធ្វើដំណើរ និង ៣) ជំរុញគុណភាពនៃការធ្វើដំណើរដល់គោលដៅឱ្យស្របតាមស្តង់ដាអន្តរជាតិ។

ទី៤. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ (Leverage on Endowment and Diversification) ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ/ភាពជាខ្មែរ ជាពិសេសត្រូវពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ «សេវាមួយ ស្តង់ដាមួយ»។

ទី៥. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ (Develop Competitive Tourism Sites and Resources) សំដៅបន្តអភិវឌ្ឍ និងធ្វើពិពិធកម្មធនធាន និងគោលដៅទាក់ទាញទេសចរណ៍។

ចំណែកយុទ្ធសាស្រ្តអភិវឌ្ឍ៣-3Ds រួមមានដូចតទៅ៖

ទី១. អភិវឌ្ឍរចនាសម្ព័ន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍។

ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលនីយកម្ម (Digitization) ឌីជីថលូបនីយកម្ម (Digitalization) និងបរិវត្តកម្មឌីជីថល (Digital Transformation)។

ទី៣. អភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌សម្រាប់បុគ្គលិក-និយោជិត និយោជក និងន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍៕

អត្ថបទទាក់ទង