Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្រ្តីកសិកម្មនៅក្នុងឃុំ សង្កាត់ចំនួន៨០០ផ្សេងទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 192
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្រ្តីកសិកម្មនៅក្នុងឃុំ សង្កាត់ចំនួន៨០០ផ្សេងទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្រ្តីកសិកម្មនៅក្នុងឃុំ សង្កាត់ចំនួន៨០០ផ្សេងទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ

 

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពច្បាស់លាស់ដើម្បីលើកស្ទួយវិស័យកសិកម្ម ដោយក្នុងនោះមានចែងច្បាស់នៅក្នុងកម្មវិធីទី៥ និងកម្មវិធីទី៦ នៃកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តភ្លាមៗចាប់ពីអាណត្តិថ្មីនេះតទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ គឺការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ពាក់ព័ន្ធនឹងកម្មវិធីអាទិភាពនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្ម និងបានរៀបចំយន្តការ និងនីតិវិធីបញ្ចេញ និងប្រើប្រាស់ថវិកា លក្ខខណ្ឌតម្រូវឥណទាន និងយន្តការនីតិវិធីសងត្រឡប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្រាប់កម្មវិធីអាទិភាពទី៦ គឺការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យនូវជំហ៊ានទី១ គឺការប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបានដាក់ពង្រាយជំហ៊ានដំបូងនៅតាមបណ្តាឃុំ សង្កាត់មួយចំនួននៅទូទាំងប្រទេស ហើយយើងកំពុងកំណត់គោលដៅចំនួន៨០០ឃុំ សង្កាត់ផ្សេងទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទទាក់ទង