សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គិតគូរលើការងាររៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែនៅបណ្តាខេត្តតាមដងទនេ្លមេគង្គ និងទន្លេសាប ព្រមទាំងសមុទ្រទាំងអស់ ដើម្បីបង្កើនសក្តានុពលកម្ពុជាលើផ្នែកឡូជីស្ទិកប្រទាក់ក្រទ្បារវាងផ្លូវគោក និងផ្លូវទឹក និងរវាងខេត្តជាប់ទឹកសាប ជាមួយខេត្តជាប់មាត់សមុទ្រ
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន និងសក្តានុពលទៅអនាគត ។
ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ដែលជាចំណុចប្រសព្វរវាងផ្លូវគោក និងផ្លូវទឹក ដូចដែលមានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានខិតខំបន្តបង្កើនថវិកាវិនិយោគ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើងឱ្យកាន់តែរីកចម្រើន ព្រមទាំងបាន គិតគូរលើការងាររៀបចំផែនការមេអភិវឌ្ឍន៍ ផែនៅខេត្តតាមដងទនេ្លមេគង្គ និងទន្លេសាប ព្រមទាំងសមុទ្រទាំងអស់ ដើម្បីបង្កើនសក្តានុពលកម្ពុជាលើផ្នែកឡូជីស្ទិកប្រទាក់ក្រទ្បារវាងផ្លូវគោក និងផ្លូវទឹក និងរវាងខេត្តជាប់ទឹកសាប ជាមួយខេត្តជាប់មាត់សមុទ្រ សំដៅលើកកម្ពស់សេដ្ឋកិច្ចរបស់បណ្តាខេត្តទាំងនោះឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា និងជាមជ្ឈមណ្ឌលឡូជីស្ទិកនៅក្នុងតំបន់។ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍កំពង់ផែ, រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែទូទាំងពិភពលោក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតទ្បើយ ។ ការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដើម្បីអាចក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ជប៉ុន ហើយភាគីទាំងពីរក៏បានឯកភាពកំណត់យកឆ្នាំ ២០២៣នេះ ជាឆ្នាំពិសេស ដើម្បីចាប់ផ្តើមអនុវត្តន៍ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេច បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio លើការងារពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍ ការភ្ជាប់គ្នាលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងការភ្ជាប់គ្នារវាងប្រជាជន និងប្រជាជន ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ផងដែរ ។
ជាចុងបញ្ចប់ តាមរយៈ ឯកឧត្ដម អ៉ិស៊ិបាស៊ិ រីនតារ៉ូ (ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលបានចូលរួមក្នុងពិធីនេះផងដែរ, សម្តេចធិបតី បានស្នើមិត្តជប៉ុនបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តជួយអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ជាពិសេសបន្តផ្ដល់ការគាំទ្រ និងជំរុញកិច្ចសហការលើការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី ៣ ឱ្យបានលឿនតាមផែនការគ្រោងទុក និងបានស្នើឱ្យមានការជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជាបន្ថែមទៀត ដូចជា គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ដល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ក្ដីតាកុយ-អរិយក្សត្រ) ជាដើម ៕