Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការអាទិភាព៨ចំណុចដើម្បីពង្រឹងសមភាពយេនឌ័រដល់ស្រ្តី និងក្មេងស្រីគ្រប់រូប

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 235
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការអាទិភាព៨ចំណុចដើម្បីពង្រឹងសមភាពយេនឌ័រដល់ស្រ្តី និងក្មេងស្រីគ្រប់រូប សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការអាទិភាព៨ចំណុចដើម្បីពង្រឹងសមភាពយេនឌ័រដល់ស្រ្តី និងក្មេងស្រីគ្រប់រូប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវធានាថា ការបន្តពង្រឹងសមភាពយេនឌ័រ នៅតែជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ដើម្បីឱ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញនិងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងរបៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសង្គមនិងសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងវីដេអូសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយជាតិរដ្ឋបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌការងារដែលជាការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថលដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

នៅក្នុងវីដេអូសុន្ទរកថានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗដូចខាងក្រោម៖
ទី១- រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រដើម្បីពង្រឹង និងពង្រីក វិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី គ្រប់រូបនៅក្នុងក្របខណ្ឌគោលនយោបាយនិងនៅក្នុងសង្គម តាមរយៈការដាក់ចេញនូវអភិក្រមក្នុងការធ្វើបរិវត្តកម្មយេនឌ័រ ដោយផ្តោតលើការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងការលើកកម្ពស់ផ្នត់គំនិតជាវិជ្ជមាន ការពង្រឹងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីលើកកម្ពស់គណនេយ្យភាពចំពោះស្រ្តី និងសាធារណជន។
ទី២- រាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញនិងជំរុញការអនុវត្តវិធានការ គោលនយោបាយគាំទ្រ ដល់សហគ្រិនស្រ្តីដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីនៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។
ទី៣- រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្នតាមរយៈការពង្រីក វិសាលភាពនៃការអនុវត្តក្របខណ្ឌជាតិគាំពារសង្គម ឱ្យដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងធានាបាននូវការសម្រេចលើការគ្របដណ្តប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
ទី៤- រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រនៅក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត គណិតវិទ្យា (STEM)។
ទី៥- រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធរួមទាំងវិស័យឯកជន និងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិតគ្រួសារ និងការងារ និងការទទួលស្គាល់ពីតម្លៃនៃការងារផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់នានាដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តីនិងក្មេងស្រី និងផ្តល់ជម្រើសច្រើនដល់ស្រ្តី។
ទី៦- រាជរដ្ឋាភិបាល បន្តលើកកម្ពស់វប្បធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរដែលជាយន្តការអន្តរក្រសួង ស្ថាប័ន បន្តពង្រឹងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីនិងក្មេងស្រី។
ទី៧- រាជរដ្ឋាភិបាល បន្តអនុវត្តកម្មវិធីនិងវិធានការក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិតនិងគ្រប់វិស័យដើម្បីធានាថា ប្រជាជនគ្រប់រូបទាំងស្រី និងប្រុស មានសិទ្ធិនិងឱកាសពេញលេញក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិប្រកបដោយបរិយាបន្ននិងចីរភាព។
ទី៨- រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាព និងមានវិធានការ គោលនយោបាយសមស្របដែលអនុញ្ញាតឱ្យស្រ្តីជាអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារនៅមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់៕

អត្ថបទទាក់ទង