Grand News Asia Close

(វីដេអូ) សុន្ទរកថារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 221

CMF:

  • ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក-សមាជិកា រាជរដ្ឋាភិបាល
  • ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ​តំណាងស្ថាប័នអង្គទូតនានាប្រចាំកម្ពុជា
  • គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនជនពិការ និងអង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានមកចូលរួមក្នុងឱកាសប្រារព្ធទិវា ជនមានពិការភាពកម្ពុជា​លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំជឿ​ជាក់យ៉ាងមុតមាំថា ប្រធានបទនៃទិវាជន មានពិការភាពក្នុងឆ្នាំ២០២៣នេះ នឹងក្លាយជាឱកាសជំរុញ​លើក​ទឹក​ចិត្ត និងលើកកម្ពស់សិទ្ធិដល់ជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយនូវកតញ្ញត្តាធម៌ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោស​ព្រះ​រាជទានព្រះរាជសារជូនបងប្អូន និងក្មួយៗមានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជន​មានពិការភាពឆ្នាំ២០២៣នេះ។

ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់​ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ចាប់តាំងពីទសវត្សរ៍​ឆ្នាំ​១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោល​បំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើ​បរិយាប័ន្នលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ដោយឡែកនៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះធ្វើឡើងគឺដើម្បីរំលឹកអំពី មហាវិនាសកម្មដែលកើត​ឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផល​វិបាកជាច្រើនរួមមាន៖ ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាក​សំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។ នេះជាសោកនាដកម្មមួយដែលបានកើតឡើងចំពោះ​ប្រជា​ជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួស ពិការ ស្លាប់រាប់លាននាក់ ដោយ​គ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ។

ក្នុងឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យពីការធ្វើជាម្ចាស់ផ្ទះ រៀបចំ ការប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ​ប្រកួតកម្រិតអន្តរ​ជាតិ​ដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានផ្តល់ឱកាសជាប្រវត្តិសាស្ត្រសម្រាប់អត្តពលិកមាន​ពិការភាពមក​ពី​បណ្តាប្រទេសនានា ក្នុងតំបន់ ពិសេសអត្តពលិកមានពិការភាពកម្ពុជាបានចូលរួម​ប្រកួតស្មើ​មុខ​ស្មើមាត់ ដែលបានបង្ហាញអំពីសមត្ថភាពដ៏មានសក្តានុពលរបស់ជនមានពិការភាព។

[ផ្ដើមសេចក្ដីអធិប្បាយ១]

អម្បាញ់មិញនេះ ខ្ញុំបានចូលទស្សនានូវ​ស្តង់ដែលរៀបដោយកីឡាកររបស់យើង ហើយសូមអបអរសាទរណាស់ (ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម)កន្លងទៅនេះ យើងបានទទួលមេដាយរហូតទៅដល់ ៧៣ សម្រាប់ប៉ារ៉ាហ្គេមនេះ។

[ចប់សេចក្ដីអធិប្បាយ១]

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ស្ដីពី «ការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន» កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់។

  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនមានពិការភាពជាទីមេត្រី!

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្តល់អំណាច និងការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍ​សង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរឹងមាំក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

បងប្អូនជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍។ ក្នុង​ន័យនេះ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូល​រួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ​ដើម្បីចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែ​មានភាពល្អប្រសើរ​ឡើង។ ជាមួយគ្នានេះដែរ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។ គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វ​កិច្ច​ធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់​ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញ​ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ។

រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅ​ពីនេះសប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែកទាំងធនធានថវិកា និងធនធាន​មនុស្ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។

ជាមួយនេះ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណ​ភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការ​ធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ។

ដើម្បីឱ្យសង្គមមួយមានបរិយាប័ន្ន យើងត្រូវនាំគ្នាគិតគូរដល់ការចូលរួមរបស់ជនមានពិការភាពក្នុង​ជីវភាព​សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និង សកម្មភាពផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ការផ្តល់សេវា យុត្តិធម៌ជូនជនមានពិការភាព ការធានាសមភាព​យេន​ឌ័រ ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ​ទាំងអស់។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែកជាដើម។ ក្រៅពីនេះ រាជរដ្ឋា​ភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមាន​ពិការ​ភាព។ រដ្ឋបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥​លាន​គ្រួសារ។

ជាមួយនឹងការចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ ខ្ញុំសូមផ្តល់​អនុសាសន៍​មួយចំនួនសម្រាប់បន្តជំរុញការលើកកម្ពស់វិស័យជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់ តែគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិប័ន្ន និងសមធម៌ ដូចខាងក្រោម៖

ទី១. ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែម ទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាព អាចរស់នៅក្នុងសង្គមកម្ពុជាដោយសមធម៌ មានឱកាសប្រកួតប្រជែង ទាំងនៅក្នុងប្រទេស តំបន់ និងសកល​លោក។

ទី២. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យ​ឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ​ស្តីពីការកសាង​សមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់​អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវទេពកោសល្យ ការច្នៃប្រឌិតរបស់ជនមានពិការភាព ដែល​ជាធនធានមួយដ៏សំខាន់ មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណា​ម្នាក់នៅដាច់ដោយ​ឡែក»។

ទី៣. គ្រប់ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិ​ជនពិការ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការ​ភាព។

ទី៤. គ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារ​ដោយគ្មាន​ការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម។

ទី៥. ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថាន​ទាំង​អស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យ​ចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់​សិទ្ធិជនមានពិការភាព។

ទី៦. ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំង​គ្រប់​ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៧. ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យ ទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។

ទី៨. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និង វិស័យ​ឯកជន បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និង បន្តចូលរួម​ជាគំនិត​ផ្តួច​ផ្តើមបន្ថែមលើកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ មូលនិធិជនពិការរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈទីភ្នាក់ងារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍អន្តរជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការមិន​មែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ជាពិសេសបងប្អូនមានពិការភាព ដែលបានចូលរួម​ចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាពទៅក្នុងការអភិវឌ្ឍ ដោយខិតខំធ្វើឱ្យ​មានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាព។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗ​សិស្សានុសិស្ស និងបងប្អូនមានពិការភាពទាំងអស់ សម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់​ត្រជាក់​នៃសុខសន្តិភាព និងសូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀតឃ្លាត។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ក្នុងថ្ងៃនេះផងដែរ ខ្ញុំសូមរៀបចំ ក្នុងនោះមានសម្រាប់បងប្អូនជនមានពិការភាព សរុប ២ ៧៣០នាក់ ក្នុងម្នាក់បានអាហារសម្រន់ អាវយឺតមួយ និងថវិកា ១០ម៉ឺនរៀលផងដែរ។ លោកគ្រូ អ្នកគ្រូ អ្នកថែទាំជនពិការ ចំនួន ៣៧០នាក់ ម្នាក់ៗអាហារសម្រន់ អាវយឺត និងថវិកា ៥ម៉ឺនរៀល។ ក្រុមយុវជនកាយឫទ្ធិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនគណៈកម្មការរៀបចំកម្មវិធីនាព្រឹកនេះ ថវិកា ២០លានរៀល និងក្រុមគ្រូពេទ្យប្រចាំការ ថវិកា ៣លានរៀលផងដែរ៕

[ចប់សេចក្ដីអធិប្បាយ២]

អត្ថបទទាក់ទង