Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត – NIB

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 294

CNV:

(១) សូមអភ័យទោសពីរដ្ឋសភាដែលមិនអាចចូលរួមបើកបវេសនកាលបាន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសាជាថ្មី​ម្ដងទៀត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវវិញ្ញាបនបត្រ និងសញ្ញាបត្រសម្រាប់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថាន​ពាណិជ្ជសាស្ដ្រ ចំនួន ៦ ០៥១ នាក់។ មុននឹងចូលដល់បញ្ហាបន្ដទៀត ខ្ញុំសូមយកឱកាសនេះ(សុំការ)​អភ័យទោសពីរដ្ឋសភា ដែលថ្ងៃនេះគឺត្រូវបើកបវេសនកាល មានទាំងព្រះរាជសាររបស់ព្រះមហាក្សត្រផង។ ប៉ុន្ដែខ្ញុំគិតថាមិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធី​មក​គឺត្រឹមតែមួយអាទិត្យ នៅពេលដែល​ការចុះកម្មវិធីនេះគឺមិនតិចជាង ១ ខែទេ។ សង្ឃឹមថា ថ្ងៃក្រោយសភានឹងអាចកំណត់ពេលវេលាបានលឿនជាងហ្នឹង។ ​នេះមិនមែនជាការបើកប្រជុំធម្មតាទេ តែជាការបើកបវេសនកាល។ សង្ឃឹមថា សភានឹងមានការយោគយល់ដល់ការងាររបស់រាជរដ្ឋាភិបាល។

មិនមែនជាការទិតៀនដល់សភាទេ ក៏ប៉ុន្ដែសុំអង្វរករសភា ធ្វើការ​គន់​គូរឲ្យបានលឿនបន្ដិច ព្រោះខាងរដ្ឋាភិបាលមានការងារច្រើន​។ ថ្ងៃស្អែកនេះ ការប្រជុំគណៈរដ្ឋមន្ដ្រីនោះ បានអនុញ្ញាតឲ្យមានការ​ដាក់របៀបវារៈតែ២ ទេ គឺច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្ដែ ទីស្ដីការគណៈរដ្ឋមន្ដ្រី(បានរៀបចំរបៀបវារៈ)ដាក់មកមានដល់ ៦។ ស្អែកនេះប្រជុំត្រឹមតែម៉ោង១១ ទេ ចប់មិនចប់ លើកទៅពេលក្រោយ ដោយ​សារខ្ញុំមានកិច្ចការរបស់ខ្ញុំបន្ថែមទៀតដែលត្រូវធ្វើ។ ហ្នឹងគ្រាន់តែជាការបញ្ជាក់ជូន … យើងមានការហត់នឿយ តែយើងមិនអាចថ្ងូរថាយើងហត់ ដោយសារគ្មានអ្នកណាជួយយើងបានទេ ក្រៅតែពីខ្លួនឯង​។

(២) ការបណ្ដុះបណ្ដាលធនធានមនុស្សមានតាំងពីការផ្ដួលរំលំរបប ប៉ុល ពត

​ បកមកការផ្ដល់សញ្ញាបត្រជូននៅថ្ងៃនេះ។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើការរំលឹកឡើងវិញអំពីវិទ្យាស្ថានពាណិជ្ជសាស្ដ្រ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទ​ក្រសួងពាណិជ្ជកម្ម។ ចំណុចនេះ ចង្អុលបង្ហាញឲ្យឃើញថាយើងមិនមែនទើប​នឹងយកចិត្តទុកដាក់លើ(ការបណ្តុះបណ្តាល)ធនធានមនុស្សនៅក្នុងថ្ងៃនេះទេ។ ខ្ញុំនៅចាំបានថា ខ្ញុំបានទៅបង្រៀននៅសាលានេះចំនួន២ ដង។ ពេល​នោះនៅតាមផ្លូវ ៣០ ម៉ែត្រ។ សាលានេះសម្រាប់បណ្ដុះបណ្ដាលមន្ដ្រី ដែលគ្រប់គ្រងការងារផែនការ គ្រប់គ្រងខាងសេដ្ឋកិច្ចនៅថ្នាក់ក្រោមជាតិ។ បងប្រុសរបស់ខ្ញុំដែលជាអតីតអភិបាលខេត្តកំពង់ចាម ដែលពេលនោះគាត់នៅកាន់មន្ទីរពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក៏មករៀននៅសាលានេះដែរ។ នេះចង្អុលបង្ហាញអំពីការចាប់ផ្ដើមរបស់យើង ដែលកន្លែងនីមួយៗសុទ្ធតែមានការបណ្ដុះបណ្ដាល​។ ខ្ញុំកាន់ក្រសួងការបរទេស ក៏មានបើកសាលាបណ្ដុះបណ្ដាលផ្នែកកិច្ចការទូត។ ក្រសួងពាណិជ្ជកម្មនេះ ឯកឧត្តម តាំង សារឹម បានប្រឹងប្រែង​(ធ្វើការងារបណ្តុះបណ្តាលនេះ)។

(៣) គណៈអ​ចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបដិវត្ដកម្ពុជា ជារដ្ឋាភិបាលនៅសម័យកាលនោះ

ថ្ងៃ ៨ មករា ឆ្នាំ១៩៧៩ នៅមិនទាន់មាន​ការបង្កើតនូវក្រសួងពាណិជ្ជកម្មនៅឡើយទេ។ ពេលចូលមក​ដល់​ទីក្រុងភ្នំពេញ យើងបានបង្កើតក្រសួងមួយចំនួនបន្ថែមទៀត រួមទាំង​ក្រសួង​ពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងមួយចំនួនទៀត​ ដែលខ្ញុំសូមមិនរំលឹកឲ្យអស់ទេ។ ពេលនោះខ្ញុំជាគណៈអ​ចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបដិវត្ដកម្ពុជា ដែលជារដ្ឋាភិបាលនៅសម័យកាលនោះ។ ឆ្លងកាត់តាំងពីពេលនោះ រហូតមកដល់ពេលនេះ បើនិយាយ​ពីវិទ្យាស្ថានដែលបានចាប់ផ្ដើមបណ្ដុះបណ្ដាលគិតត្រឹមតែឆ្នាំ ១៩៨៥ រហូតមកដល់​ពេលនេះ យើងបានបណ្ដុះបណ្ដាលចំនួន ២៣ ៨៨៣ នាក់។ អ្នកទាំងនោះបានចេញទៅរកការងារធ្វើ ដែលឱកាស​សម្រាប់​ធនធានមនុស្ស ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើង។ ថ្ងៃ​នេះ យើងទទួលបានបន្ថែមទៀតនូវធនធានមនុស្សសម្រាប់បម្រើឲ្យការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការដោះស្រាយបញ្ហាទាក់ទងនឹងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផងដែរ។

(៤) មនុស្សកាន់តែច្រើន ទទួលបានផលប្រយោជន៍ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

មនុស្សកាន់តែច្រើនទៅៗ ដែល​ទទួលបានផលប្រយោជន៍ពី​ការផ្ដួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ការដែលយើងបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាព និងបានទទួលផលអំពីសន្ដិភាពដែលយើងទទួលបានដោយលំបាក​។ គ្រាន់តែក្នុងឆ្នាំនេះ ខ្ញុំចែកសញ្ញាបត្រប្រមាណជាមិនតិចជាង ៣ ម៉ឺន នាក់ទេ បើយើងគិតសរុប។ ខ្ញុំនៅជំពាក់ជាមួយសាលាមួយចំនួនទៀត (ដែលត្រូវបន្តធ្វើ)រហូតដល់ក្រោយចូលឆ្នាំខ្មែរហើយ រហូតដល់ក្រោយស៊ីហ្គេមទៀត។ នៅចុះ​បញ្ជី(កម្មវិធី)នៅឡើយ។ ជំពាក់ត្រូវតែសង។ និស្សិត/សិស្សរបស់យើងគឺ​ចង់​បានខ្ញុំមកចែកសញ្ញាបត្រ​។ មួយរយៈចុងក្រោយនេះ​ អនាគត​នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បាន​ទទួលការអញ្ជើញពីសំណាក់គ្រឹះស្ថានអប់​រំមួយចំនួន​ដើម្បីទៅចែកសញ្ញាបត្រ។ វាក៏ជាការសម្រាល(ការងារ)ឲ្យ​ខ្ញុំមួយផ្នែកដែរ។ ម្យ៉ាងគេក៏ត្រូវនឹងស្ដង់ដារការប្រាស្រ័យទាក់ទងជាមួយយុវជន (ព្រោះ)កម្រិតអប់រំរបស់គេមានបណ្ឌិត​​ផ្នែកវិទ្យាសាស្ដ្រនយោបាយ សេដ្ឋកិច្ច និងមានការអប់រំជាន់ខ្ពស់​ពីរាជ្យបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក …។

(៥) សម័យសង្គ្រាម យុវជនបាត់បង់ឱកាស អាយុជីវិត និងធ្លាក់ខ្លួនពិការ

យើងសង្កេតឃើញថា ឱកាសរបស់យុវជនយើងគឺពិតជាមានច្រើនខ្លាំងណាស់។ ម្ខាងគឺឱកាសនៃបរិយាកាសរួមសម្រាប់ប្រទេស ដែលវាប្រៀបធៀបគ្នារវាងកាលពីយុវជនសម័យសង្គ្រាមនិងយុវជនសម័យសន្តិភាព។ យុវជនសម័យសង្គ្រាមមិនត្រឹមតែបាត់បង់​ឱកាសទេ ពួកគេបាត់បង់ទាំងជីវិត ហើយត្រូវរបួសពិការទៀតផង។ គេមិនអាចទទួលបានការបណ្ដុះបណ្ដាលក្រៅតែពីជំនាញវាយគ្នាទេ។ ជំនាញវាយគ្នាគឺហ្វឹកហាត់ច្រើន … ធ្វើយ៉ាងម៉េច ឱ្យតែកម្ទេចគ្នាបាន។ អញ្ចឹងបានជានិស្សិតទាហានរបស់យើង បើយើងផ្គុំគ្នា គឺសម្បូរបែបដោយបច្ចេកទេសយោធា។ បើយើងពិនិត្យអំពីចំនួនបច្ចេកវិទ្យាយោធាដើម្បីវាយគ្នា គឺកម្ពុជាសម្បូរបែប អាវុធក៏សម្បូរបែបដែរ ព្រោះមកពីច្រើនប្រភព។ យើងគ្រាន់តែពិនិត្យដោយត្រួសៗ និស្សិតឬសិស្សរបស់កម្ពុជាដែលធ្លាប់ទៅហ្វឹកហាត់នៅក្រៅប្រទេស គឺមានហ្វឹកហាត់នៅវៀតណាម កូរ៉េខាងជើង ថៃ នៅបណ្ដាប្រទេសអាស៊ានមួយចំ​នួន មានហ្វឹកហាត់នៅសូវៀត ហ្វឹកហាត់នៅបណ្ដាប្រទេសអឺរ៉ុបខាងកើត …។

(៦) សម័យសន្តិភាព យុវជនហ្វឹកហាត់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ប៉ុន្តែ ក្រោយមកនេះ យើងអត់មានបណ្ដុះបណ្ដាលវិធីសាស្ត្រកម្ទេចគ្នាទេ។ វិស័យការ​ពារជាតិត្រូវតែមាន។ យើងត្រូវតែបណ្ដុះបណ្ដាលនាយទាហានរបស់យើង ប៉ុន្តែពួកគេមិនមែនធ្វើជំនាញខាងវាយគ្នាទេ។ រឿងវាយគ្នាត្រូវតែចេះ ប៉ុន្តែយើងបានខិតខំអោយពួកគេហ្វឹកហាត់ជំនាញ។ ឧទាហរណ៍ ក្នុងទសវត្សរ៍៨០ និង៩០ កន្លងទៅ រហូតដល់ឆ្នាំ២០០០នេះ វិស្វកម្មស៊ីវិលត្រូវបានប្រើប្រាស់ជាមួយនឹងការហ្វឹកហាត់ក្នុងកងទ័ពរបស់យើង។ អញ្ចឹងទេ‌ ខ្ញុំព្រះករុណាខ្ញុំនិយាយពីបរិយាកាសរួមសម្រាប់ប្រទេសជាតិរបស់យើង ខុសគ្នាដាច់ស្រឡះដែលកាលមុននេះ សូម្បីតែការហ្វឹកហាត់ មានឱកាសហ្វឹកហាត់ក៏ហ្វឹកហាត់របៀបវាយគ្នា សម្លាប់គ្នា កម្ទេចគ្នា។ ឥឡូវនេះ យើងហ្វឹកហាត់ដើម្បីទទួលនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទៅវិញ ពង្រឹងធនធានមនុស្ស ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

(៧) ជ្រើសរើសទាហានរយនាក់ អ្នកដាក់ពាក្យប្រលងមានពាន់នាក់

នេះគឺជាឱកាសធំណាស់ដែលវាផ្ដល់គ្របដណ្ដប់ឱ្យប្រទេសទាំងមូល ឱ្យយុវជនរបស់យើងមិនចាំបាច់ត្រូវការពលីជីវិត របួស ពិការបន្ថែមទៀតទេ។ សូម្បីប៉ុន្មានអាទិត្យមុននេះ មានការប្រឡងជ្រើសរើសតែប៉ុន្មានរយនាក់ទេសម្រាប់នាយទាហាន។ ប៉ុន្តែអ្នកដាក់ពាក្យប្រឡងរហូតទៅដល់ជាង៦ ពាន់នាក់។ ឥឡូវវិញ្ញាសាបានកែហើយ ដូចជាបានប្រកាសអ្នកជាប់ជាបឋម។ ឥឡូវ បងប្អូនមួយចំនួនចូលចិត្តធ្វើទាហាន ព្រោះទាហានអត់ច្បាំង។ ប៉ុន្តែសម័យទាហានច្បាំង គឺថាសុំគេចខ្លួន។ ការវាយគ្នាមិនមែន(បាញ់)គ្រាប់កៅស៊ូឯណា។ គ្រាប់កាំភ្លើង (បើកាលណា)ត្រូវគឺងាប់។ បើគ្រាប់កៅស៊ូ បើត្រូវក៏ឈឺដែរ។ ឱកាសមួយទៀត គឺការបង្កើតឱ្យមានវិទ្យាស្ថានបណ្ដុះបណ្ដាលដូចជាថ្ងៃមុនមានវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យា។ វិទ្យាស្ថានពាណិជ្ជសាស្ត្រ ផ្ដល់ឱកាសសម្រាប់សិស្សរបស់យើងដែលមានកម្រិតវប្បធម៌មិនគ្រប់នឹងចូលមហាវិទ្យាល័យ។ អញ្ចឹង​យើងទទួលបានទាំង២។

(៨) យុវជនប្រឡងបាក់ឌូប្លិ៍មិនជាប់ មានជម្រើស២

ក្រសួងអប់រំ យុវជន និងកីឡា បានបើកឱកាសសម្រាប់អ្នកដែលប្រឡងបាក់ឌូប្លិ៍មិនជាប់ អាចមានឱកាសដើម្បីចូលទៅរៀនសម្រាប់យកបរិញ្ញាបត្ររង។ អញ្ចឹង កុមារា កុមារី យុវវ័យជាច្រើន កាលណាគេប្រឡងមិនជាប់ទេ គេមានជម្រើស២ យ៉ាង។ ជម្រើសទី១ ប្រឹងប្រែងរៀនដើម្បីឆ្នាំក្រោយប្រឡងទៀត។ ឯជម្រើសទី២ គេចូលរៀននៅសាកលវិទ្យាល័យ ប៉ុន្តែដើម្បីតម្រង់ឆ្ពោះទៅរកបរិញ្ញាបត្ររង ហើយគេក៏វិលត្រឡប់មកប្រឡងបាក់ឌូប្លិ៍វិញ បើកាលណាគេជាប់បាក់ឌូប្លិ៍ គឺគេចំណេញមួយឆ្នាំ បានសេចក្ដីថាជាប់បាក់ឌូប្លិ៍ហើយ គេរៀនឆ្នាំទី១ គេចូលឆ្នាំទី២ រួចហើយគេឈានទៅរកបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទៀត។ ហ្នឹងផ្នែកខាងអប់រំដែលទទួលការបើកឱកាសសម្រាប់សិស្សដែលប្រឡងមិនជាប់សញ្ញាបត្រទុតិយភូមិ។

(៩) អ្នករៀនបានតិច ក៏អាចទទួលការបណ្តុះបណ្តាលបាន

ក្រសួងការងារនិងបណ្ដុះវិជ្ជាជីវៈ យើងមិនទាមទារលក្ខខណ្ឌច្រើនហួស។ អ្នកខ្លះអាចរៀនបានត្រឹមតែថ្នាក់ទី៧ ទី៨ ទី៩ អាចមានលទ្ធភាពចូលមកបណ្ដុះបណ្ដាល។ អញ្ចឹងបាននៅទីនេះ មានវិញ្ញានបត្រវិជ្ជាជីវៈចំនួន ១ ២២៣ នាក់ មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៦០ នាក់, មានបរិញ្ញាបត្ររងចំនួន ១ ១៣០ នាក់ មានបរិញ្ញាបត្រចំនួន ៣ ០៩៩ នាក់ និងមានបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៣៩ នាក់។ នេះចង្អុលបង្ហាញថាអ្នកដែលមានគ្រប់លក្ខខណ្ឌទទួលនូវការបណ្ដុះបណ្ដាលសម្រាប់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ តម្រូវឱ្យមានសញ្ញាបត្របាក់ឌូប្លិ៍ ហើយចាប់ចូលរៀននៅទីនេះ ក៏ប៉ុន្តែសម្រាប់អ្នកដែលទាបជាងហ្នឹង ក៏ទទួលបានការបណ្ដុះបណ្ដាល។

(១០) រាជរដ្ឋាភិបាលចេញថវិកាបណ្តុះបណ្តាលវិជ្ជាជីវៈ យុវជនក្នុងគ្រួសារក្រីក្រ ១,៥ លាននាក់

នៅពេលខាងមុខ យើងនឹងផ្ដល់ឱកាសសម្រាប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គ្រួសារក្រីក្រ យុវជនក្រីក្រចំនួន ១លាន ៥សែននាក់ ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវទទួលរ៉ាប់រង ជាមួយនឹងការសហការជាមួយនឹងស្ថាប័នដែលទទួលបន្ទុកក្នុងការបណ្ដុះបណ្ដាល។ ក្នុងហ្នឹងក៏មានគេហៅ វិជ្ជាជីវៈដូនតា។ វិជ្ជាជីវៈដូនតានេះ គឺសំខាន់ទាក់ទងជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវតែបានទទួលនូវការបណ្ដុះបណ្ដាល។ ការបណ្ដុះបណ្ដាលនេះទៀតសោត រាជរដ្ឋាភិបាលជាអ្នកចេញថវិកាសម្រាប់ផ្ដល់ឱ្យសិស្សដើម្បីទទួលបានការរៀនសូត្រ។

(១១) ចង់បានអ្នកវិនិយោគមកពីក្រៅស្រុក តែក៏មិនភ្លេចអ្នកវិនិយោគក្នុងស្រុកដែរ

ជំនាញរបស់យើងកាន់តែច្រើន អ្នកវិនិយោគក៏កាន់តែមកចូលរួម។ អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក គឺនឹងបង្កើននូវការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ដល់ដំណាក់កាលនេះ យើងមិនមែនត្រឹមតែចង់បានអ្នកវិនិយោគក្រៅប្រទេសទេ។ យើងកុំភ្លេចថា វិនិយោគឆ្នាំខ្លះទំហំធំគឺវិនិយោគក្នុងស្រុកនេះឯង។ ជាពិសេសក្នុងវិស័យអចលនទ្រព្យ។ វិស័យអចលនទ្រព្យគឺថាសឹងតែ១០០ភាគរយ គឺវិនិយោគក្នុងស្រុកទទួលបន្ទុកទៅលើការវិនិយោគសម្រាប់ផ្នែកអចលនទ្រព្យ ពិសេសគឺលំនៅស្ថានហ្នឹងតែម្ដង។ អ្នកវិនិយោគក្នុងស្រុករបស់យើងបានចាប់ដៃគូជាមួយខាងក្រៅប្រទេស។

(១២) ផលិតបានស៊ីម៉ង់ខ្លួនឯង តែនៅមិនទាន់គ្រប់គ្រាន់

មកដល់ពេលនេះ យើងផលិតខ្លួនឯងបានស៊ីម៉ង់ត៍ប្រមាណជា ៩លានតោន។ មុននេះយើងនាំចូល១០០ភាគរយ។ ឥឡូវយើងផលិតបានប្រមាណ៩លានតោនហើយ តែមិនទាន់គ្រប់គ្រាន់ដើម្បីប្រើទេ ព្រោះសន្ទុះនៃការសាងសង់របស់ប្រជាពលរដ្ឋត្រូវការស៊ីម៉ង់ត៍ច្រើនណាស់។ បន្ថែមលើនោះ បច្ចុប្បន្ននេះគឺសូម្បីតែផ្លូវលំ និងផ្លូវតាមភូមិ ទាមទារឱ្យចាក់បេតុង។ អញ្ចឹងទេ សេចក្ដីត្រូវការនៃសម្ភារសំណង់វាកាន់តែធំ បានជាយើងត្រូវយល់អំពីការឈានឡើងរបស់ប្រទេស។

(១៣) កម្ពុជាមានការរីកចំរើនផ្នែកឌីជីថល/អ៊ីនធើណិត

នៅក្នុងរយៈពេលនេះកើតកូវីដ-១៩ ​អាចនឹងមានការភាន់ច្រឡំពីប្រទេសខ្លះ ប៉ុន្តែការភាន់ច្រឡំនោះអាចត្រូវលុបបំបាត់ តាមរយៈការ​​បង្ហាញរបស់កម្ពុជាអំពីភាពខ្លាំងរបស់ខ្លួនផ្នែកឌីជីថល ផ្នែកអ៊ីនធើណេតគឺតាមរយៈសិស្ស/និស្សិតរបស់យើងប្រមាណ៤លាននាក់ រៀនតាមអនឡាញ។ អញ្ចឹងវាបង្ហាញពីអ្វីទៅ? អ្នកខ្លះអាចយល់ខុសថានៅកម្ពុជាគ្មានអ៊ីនធើណេតប្រើគ្រប់គ្រាន់ទេ។ ក៏ប៉ុន្តែ ខ្ញុំអាចនិយាយបានដោយមោទនភាពថា ប្រជុំអាស៊ានឆ្នាំកន្លងផុតទៅនេះ គ្មានបរទេសណាមួយ និងគ្មានអ្នកសារព័ត៌មានណាមួយរអ៊ូរទាំស្ដីអំពីការខ្វះអ៊ីនធើណេតប្រើប្រាស់នៅក្នុងពេលប្រជុំនោះទេ ដោយសារក្រសួងប្រៃសណីយ៍ និងទូរ​គមនាគមន៍ តម្លើងប្រព័ន្ធចូលទៅកាន់តំបន់ទាំងនោះ​ គឺថាវាខ្លាំងតែម្ដង។ និយាយរួមកន្លែងណាដែលមានការធ្វើកម្មវិធី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងរុញប្រព័ន្ធអ៊ីនធើណេតទៅកាន់កន្លែងនោះ។

ថ្ងៃមុន ខ្ញុំទៅបុណ្យទន្លេនៅកំពង់ធំ។ បុណ្យទន្លេនៅកំពង់ធំនេះ គឺដើមឡើយខ្ញុំចាប់តាមទូរស័ព្ទផ្កាយរណបរបស់ខ្ញុំទេ ព្រោះទូរស័ព្ទផ្កាយរណបរបស់ខ្ញុំគឺថាវាប្រើទូរស័ព្ទធម្មតា ប៉ុន្តែវារុញជា Hotspot ចេញទៅចែករំលែកទៅឱ្យទូរស័ព្ទដទៃទៀតបាន ដែលខ្ញុំដាក់ជាប់ហោប៉ៅជានិច្ច។ សូម្បីតែទៅប្រទេសក្រៅ ក៏ខ្ញុំប្រើអាហ្នឹងដែរ។ នៅក្នុងប្រទេសក៏ខ្ញុំប្រើអាហ្នឹង។ អញ្ចឹងពេលនោះ វាហាក់ដូចជាប្រព័ន្ធរបស់ខ្ញុំដើររាងយឺតបន្ដិច ប៉ុន្តែ ដល់ពេលខ្ញុំសាកល្បងបិទប្រព័ន្ធនេះ ប្រើប្រព័ន្ធក្នុងស្រុកៗដើរក្នុងល្បឿនមួយលឿន។ ជាធម្មតា ខ្ញុំប្រើទូរស័ព្ទ ៤ប្រព័ន្ធ ទាំងប្រព័ន្ធ Cellcard Metfone Smart ហើយនិង Seatel ខ្ញុំប្រើទាំង ៤ ខ្ញុំបើកទាំង ៤សាកល្បងមើល បានសេចក្ដីថា គេរុញអ៊ីនធើណេតចូលទៅកន្លែងហ្នឹងខ្លាំងតែម្ដង។

​(១៤) ពន្លឿនឌីជីថលូបនីយ៍កម្ម ក្នុងអំឡុងពេលវិបត្តិកូវីដ១៩

យើងបន្តពង្រឹងគ្រប់ផ្នែក ក្នុងហ្នឹង “ពន្លឿនបញ្ហាឌីជីថល”។ នៅក្នុងឱកាសនៃកូវីដ-១៩ ខ្ញុំធ្លាប់និយាយថា ​វិបត្តិតែងបង្កប់នូវកាលានុវត្តភាព។ អញ្ចឹងទេ នៅពេលដែលវិបត្តិកូវីដ-១៩ យើងបានជំរុញឌីជីថលូបនីយ៍កម្មនេះឡើង ធ្វើឱ្យប្រជាពលរដ្ឋរបស់យើង កុមាររបស់យើង យុវវ័យ និងយុវជនរបស់យើង ចេះប្រើប្រព័ន្ធអ៊ីនធើណេត ដើម្បីទទួលការសិក្សាតាមអនឡាញ។ ក្មេងៗ សូម្បីតែចៅរបស់ខ្ញុំតូច គឺវាចេះប្រើ ព្រោះរៀនតាមអនឡាញ ជាភាសាចិន​ អង់គ្លេស។ ចៅហ្នឹងមិនទាន់ចេះអក្សរខ្មែរទេ ប៉ុន្តែចេះអក្សរចិននិងអង់គ្លេសមុន។ ហ្នឹងក៏យើងត្រូវព្រួយដែរ។ ប្រយ័ត្នដល់យូរៗទៅ ចេះតែភាសាបរទេស ខ្សោយភាសាខ្មែរ ប្រឡងបាក់ឌូប្លិ៍អត់ជាប់បណ្ដោយ។ ប្រឡងបាក់ឌូប្លិ៍ គេត្រូវការអក្សរសាស្រ្តខ្មែរ។ ខ្ញុំកំពុងតែព្រួយនឹងចៅៗរបស់ខ្ញុំទាំងប៉ុន្មាន គេនិយាយអង់គ្លេសទាំងអស់ឥឡូវហ្នឹង នៅសល់តែអ្នកមិនទាន់ចេះនិយាយទេ មិនទាន់គ្រប់វ័យ។ មានចៅមួយនោះ កាលពីដើម គឺគេនិយាយអង់គ្លេសទាំងអស់ វាមានប្រាប់គេថា ឈប់និយាយភាសាអង់គ្លេស។ ឥឡូវហ្នឹង ខ្លួនវានិយាយតែអង់គ្លេសដែរ ដល់វាចេះទៅ វាឈប់និយាយខ្មែរ និយាយតែអង់គ្លេសគ្នាវាទៅ។ អញ្ចឹងជីដូនជីតាអង្គុយស្ដាប់ចៅនិយាយអង់គ្លេសហ្នឹងទៅ។ អ្ហែងនិយាយអីនិយាយទៅ អញអត់ដឹង។ ហើយអង់គ្លេសរបស់ក្មេងៗបច្ចុប្បន្ននេះ មិនមែនអង់គ្លេសធម្មតាទេ អង់គ្លេស(ដែល)អាចចូលក្នុងចំណោមរបស់ប្រទេសនានា។ ដូចយើងមានសាលាអាមេរិកាំង សាលាកាណាដា សាលាបរទេសនានា (ការបង្រៀន)អង់គ្លេសគេគឺល្អ។ ភាសាចិន ភាសាជប៉ុន ភាសាកូរ៉េ គឺសុទ្ធតែបង្រៀននៅប្រទេសកម្ពុជារបស់យើងនេះ។

(១៥) សន្ដិភាពបានផ្ដល់ឱកាសឱ្យមនុស្សគ្រប់ៗគ្នា

ខ្ញុំព្រះករុណាខ្ញុំគ្រាន់តែលើកជាទិដ្ឋភាពរួមឱ្យឃើញឱកាស។ វាធំទូលាយណាស់។ ឱកាសជាបរិបទរួមរបស់ប្រទេស គឺសន្ដិភាពបានផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នា ជាពិសេសយុវជន ដែលយុវជនជំនាន់មុនបាត់បង់អស់ឱកាស តែយុវជនជំនាន់ក្រោយ គឺមានឱកាសក្នុងផ្នែកការសិក្សា។ មានឱកាសច្រើនទៀត បើទោះបីខ្លួនប្រ​ឡងមិនជាប់បាក់ឌូប្លិ៍ ក៏ខ្លួនមានលទ្ធភាពទៅយកបរិញ្ញាបត្ររង។ ខ្លួនមានចំណេះដឹងល្មម ខ្លួនអាចចូលមករៀនបណ្ដុះបណ្ដាលវិជា្ជជីវៈ ដើម្បីទទួលនូវបច្ចេកទេសទាំងនោះ សម្រាប់រកការងារធ្វើ។ បែបនេះហើយជាចំណុចដែលយើងត្រូវឃើញ។

(១៦) បន្តគ្រប់គ្រងវិទ្យាស្ថានដែលបានកើត ៤៤ ឆ្នាំមកនេះកុំឲ្យបាត់បង់

ខ្ញុំសូមកោតសរសើរជាមួយនឹងក្រសួងអប់រំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំធ្វើឱ្យកិច្ចការងារនេះ ហើយបន្តការគ្រប់គ្រងកិច្ចការងារនេះ។ សង្ឃឹមថា អ្វីដែលបានកើតកាលពី ៤៤ឆ្នាំមុន មិនត្រូវឱ្យបាត់បង់ទេ ជាពិសេសគឺសាលានេះតែម្ដង ដែលត្រូវពង្រឹងមូលដ្ឋានសំភារៈបច្ចេកទេសកាន់តែធំទៅៗ ដើម្បីឱ្យយុវជនកម្ពុជាចាប់យកនូវចំណេះដឹងបច្ចេកវិទ្យាសម្រាប់ការងាររបស់ពួកគេ និងចូលរួមក្នុងអភិវឌ្ឍប្រទេស។

(១៧) វិនិយោគិនជប៉ុនតែងសួរអំពីធនធានមនុស្សនិងតម្លៃអគ្គិសនី

នៅពេលដែលយើងមានអ្នកជំនាញកាន់តែច្រើន ការវិនិយោគមក គេក៏ត្រូវការ។ បើនិយាយអំពីជប៉ុនវិញ គឺគាត់មកដល់ស្រុកយើង គាត់សួរតែរឿង ២ ទេ សំខាន់។ រឿងទី១ តើមានធនធានមនុស្សទេ? នេះជាបញ្ហាដែលជប៉ុនយកចិត្តទុកដាក់មុនគេ។ រឿងទី២ គឺគាត់សួរតម្លៃអគ្គិសនី ព្រោះវាទាក់ទងជាមួយនឹងភាពចំណេញខាត។ ប៉ុន្តែតម្លៃអគ្គិសនី គឺជាបញ្ហាបន្ទាប់បន្សំទេ ព្រោះគាត់ក៏យល់។ ប្រទេសនៅក្នុងតំបន់នេះ តម្លៃអគ្គិសនី​គឺវាខ្ពស់។ ឥឡូវប្រទេសជិតខាងយើង តម្លៃអគ្គិសនីមិនថោកជាងយើងប៉ុន្មានទេ។ ហើយថៃ អាចឈានទៅតម្លៃអគ្គិសនីខ្ពស់ជាងកម្ពុជា។ អញ្ចឹងធនធានមនុស្សជាបញ្ហាមួយសំខាន់។

យើងគ្រាន់តែមើលឃើញក្រុមហ៊ុនជប៉ុនមួយ មីនីបៀ(Minebea) ដែលចាប់ផ្ដើមអនុវត្ត គេហៅថា រូបមន្តមួយបូក។ ពីដើមក្រុមហ៊ុននេះ ផលិតនៅក្នុងប្រទេសថៃទេ។ គាត់ក៏បានមកស្នើសុំការវិនិយោគនៅកម្ពុជា ប៉ុន្តែគាត់បានបញ្ជូនកម្មករកម្ពុជា ទៅទទួលការបណ្ដុះបណ្ដាលនៅប្រទេសថៃ។ ឥឡូវក្រុមហ៊ុននេះ គឺក្លាយទៅជាក្រុមហ៊ុនធំមួយខាងបច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ប្រទេសរបស់យើង ព្រោះការផលិតម៉ូទ័រនេះ មិនមែនជាប្រភេទម៉ូទ័របូមទឹកទេ។ ស្អីក៏មានម៉ូទ័រដែរ ខ្ញុំធ្លាប់បាននិយាយហើយ​។ ស្អីក៏មានម៉ូទ័រដែរ ដូចជា ម៉ាស៊ីនថតរូបក៏ត្រូវការម៉ូទ័រ ដែលផលិតចេញពីកម្ពុជា។ … ដំបូង ឮថាម៉ូទ័រៗ ខ្ញុំស្មានថា ជាម៉ូទ័របូមទឹក តែអានេះជាម៉ូទ័ររាប់រយមុខ ដែលត្រូវប្រើ។ ទូរស័ព្ទដៃ រហូតដល់នាឡិកាដៃខ្លះក៏ត្រូវប្រើម៉ូទ័រដែលផលិតចេញពីតំបន់រោងចក្ររបស់យើង។

(១៨) វិទ្យាស្ថានពាណិជ្ជសាស្រ្តកម្ពុជា ឆ្លងកាត់ការផ្ទេរពីពាណិជ្ជកម្ម មកអប់រំ និងមកការងារ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការពេញចិត្តជាមួយនឹងវឌ្ឍនភាពនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តកម្ពុជា ដែលមានវឌ្ឍនភាព រក្សានូវល្បឿន និងសន្ទុះនៃការរីកលូតលាស់ចាប់តាំងពីផ្ទេរ។ វាផ្ទេរ ៣ដំណាក់កាលហើយ ពីក្រសួងពាណិជ្ជកម្ម មកក្រសួងអប់រំ ហើយវាផ្ទេរពីក្រសួងអប់រំ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អញ្ចឹងយើងត្រូវបង្កើនល្បឿន (និង)ត្រូវរ៉ាប់រង ១ លាន ៥ សែននាក់ នៅពេលខាងមុខ ដើម្បីទទួលយកការបណ្ដុះបណ្ដាល។ ក្នុងហ្នឹង ប្រហែលជាវិជ្ជាជីវៈដូនតាហ្នឹង ប្រហែលជាក្រសួងវប្បធម៌ ត្រូវការជំនួយចេញពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះក្រសួងវប្បធម៌ប្រហែលជាមានលទ្ធភាពត្រឹមតែបណ្ដុះបណ្ដាលនៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ ប៉ុន្តែ ប្រហែលជាខ្វះមូលដ្ឋានសម្ភារបច្ចេកទេសសម្រាប់ការបណ្ដុះបណ្ដាលនៅកន្លែងដទៃ។ អញ្ចឹងយើងត្រូវសហការគ្នា ដើម្បីធ្វើកិច្ចការងារនេះឱ្យបានល្អ។

(១៩) ការព្រមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ធ្វើអោយមនុស្សដកលុយពីធនាគារ

ឥឡូវនេះ សេដ្ឋកិច្ច(ពិភពលោក)កំពុងតែប្រកាសអាសន្ន។ ខ្ញុំគិតថា យើងក៏មិនគួរ(ភ័យ)ហួស ជ្រុលរហូតទៅដល់នាំគ្នាដកលុយចេញពីធនាគារទេ។ IMF ក៏ដូចជាធនាគារពិភពលោក ចេញមកព្រមានអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលម្ដងហើយម្ដងទៀត។ ការព្រមាននោះគឺវាជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះ វាក្លាយទៅជាចិត្តសាស្រ្តមួយសម្រាប់ប្រទេស​ ជាពិសេសធ្វើអោយប្រជាពលរដ្ឋទៅដកលុយ។ ធនាគារអាមេរិកដួលរលំមួយចំនួន ហើយមួយចំនួនទៀត​ហាក់ដូចជាមានសញ្ញានៃការទៅដកលុយចេញពីធនាគារ។ តែដកច្រើនពេក អាធនាគារហ្នឹងរលំទៀត។ មនុស្សមួយចំនួនខ្លាចគេដកលុយអស់រលីងទៅ ទៅដកលុយមិនបាន អញ្ចឹងខំទៅដកលុយ។ កម្ពុជាមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ។ ទោះបីជាមានការព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ សង្ឃឹមថាពិភពលោករកវិធីសាស្រ្តគ្រប់គ្រងនៃសេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះបន្ថែមទៀត​។

(២០) ជំងឺដង្កាត់ ទណ្ឌកម្មឯកតោភាគី និងសង្គ្រាម បង្កើតស្ថានភាពអាក្រក់ដល់សេដ្ឋកិច្ចសកល

រឿងជំងឺដង្កាត់ជារឿងមួយហើយ ប៉ុន្តែរឿងទាក់ទិនជាមួយនឹងបញ្ហាទណ្ឌកម្មជាឯកតោភាគី បូកជាមួយនឹងបញ្ហាសង្រ្គាម ដែលចាប់ផ្ដើមពីសង្រ្គាមរវាងរស្ស៊ីនិងអ៊ុយក្រែន បានបង្កើតនូវស្ថានភាពដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចសកល។ គិតត្រឹមព្រឹកនេះ តម្លៃប្រេងគឺ ៧៨,២១ ក្នុងមួយបារ៉ែល …​ យើងចង់ឱ្យប្រេងធ្លាក់នៅក្នុងកម្រិត ៧០ មក ៥០ ក្នុងមួយបារ៉ែល ប៉ុណ្ណឹងល្មម បើលើសពីហ្នឹងលំបាក។ ហើយខ្ញុំបន់ស្រន់ធ្វើម៉េចឱ្យពេលចូលឆ្នាំខ្មែរខាងមុខនេះ ប្រេងវាធ្លាក់ថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋយើងអាចមានឱកាសទិញប្រេងបាន ដើរលេងច្រើនជាងពេលមុន ព្រោះឆ្នាំនេះប្រហែលជាការធ្វើដំណើរកម្សាន្តច្រើន។

(២១) ទោះបីសង្គ្រាមរីករាលដាលដល់ក្របខណ្ឌរុស្ស៊ីនិងNATO ក៏ទាំងសងខាងមិនអាចកម្ទេចគ្នាបានដែរ

កង្វល់ពាក់ព័ន្ធជាមួយនឹងសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ គេអាចដឹងបានថា (សង្គ្រាននេះ)នឹងត្រូវបញ្ចប់ គ្រាន់តែ តើវាចប់នៅពេលណាតែប៉ុណ្ណឹងទេ។ រុស្សីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ។ ចុងក្រោយ ច្បាស់ណាស់ថានឹងមានការចរចារកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម។ ប្រធានាធិបតីចិនបានធ្វើដំណើរទៅកាន់រុស្ស៊ី ហើយដាក់ចេញនូវសំណើសន្ដិភាព ដែលកម្ពុជាគាំទ្រសំណើដោះស្រាយ(ទំនាស់)បញ្ចប់សង្គ្រាមតាមរយៈការចរចា។ មិនមែនយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ … បើទោះបីថាសង្គ្រាមអាចរីករាលដាលដល់ក្របខណ្ឌ NATO ទាំងមូល ក៏ NATO មិនអាចទៅកម្ទេចរុស្សី ឬរុស្សីកម្ទេចទាំងបណ្តាប្រទេស NATO នោះទេ។

(២២) សំណើរបស់ចិនមានចរិតគ្របដណ្តប់សំរាប់ដំណោះស្រាយសន្តិភាពសម្រាប់សង្គ្រាមរុស្សី-អ៊ុយក្រែន

អញ្ចឹងទេលទ្ធភាពនៃការបញ្ចប់ជម្លោះរវាងរុស្សី និងអ៊ុយក្រែន វានឹងកើតមាន ហើយវាក៏ចាប់ផ្តើមចេញដំណើរហើយដែរ។ មុននេះ មានការសម្របសម្រួលដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ការសម្របសម្រួលដោយប្រធានាធិបតីទួរគី អំពីការដឹកធញ្ញជាតិចេញពីអ៊ុយក្រែនទៅផ្គត់ផ្គង់ឱ្យខាងក្រៅ។ ប៉ុន្តែ នោះគ្រាន់តែជាទិដ្ឋភាពមួយផ្នែកនៃការដោះស្រាយបញ្ហា។ ពេលខ្លះមានការសម្របសម្រួលគ្នាដើម្បីជម្លៀសប្រជាជនចេញ និងផ្តល់ច្រករបៀងសម្រាប់ជំនួយមនុស្សធម៌ ការសន្ទនាដើម្បីដោះដូរឈ្លើយសឹក។ ប៉ុន្តែសំណើរបស់ប្រធា​នាធិបតី ស៊ី ជីងពីង របស់ចិនគឺបានធ្វើទូលំទូលាយជាង ដែលគ្របដណ្តប់ទៅលើដំណោះស្រាយដើម្បីរកសន្តិភាព សម្រាប់សង្គ្រាមមួយដែលកំពុងហែកហួរនៅទីនោះ។ សង្គ្រាមរុស្សី-អ៊ុយក្រែន នឹងត្រូវបញ្ចប់ គ្រាន់តែនៅពេលណា។

(២៣) ការប្រែប្រួលអាកាសធាតុ មិនដឹងថាចប់ពេលណានិងនាំមកនូវផលវិបាកអ្វីខ្លះ

រឿងដែលគ្រោះថ្នាក់ជាងគេដែលវាមិនចប់ គឺការប្រែប្រួលអាកាសធាតុ។ នេះជាបញ្ហាអត់ដឹងថាចប់ពេលណា? ឥឡូវនេះ ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការប៉ះពាល់ធំទូលាយណាស់។ កម្ពុជាយើង យប់ម្សិលនេះ បាតុភូតកើតឡើងនៅខេត្តសៀមរាប ដែលមានខ្យល់កន្ត្រក់និងភ្លៀងរហូតដល់ដួលរលំនិងរបួសស្លាប់ប្រជាពលរដ្ឋផង។ យើងមិនដែលធ្លាប់មាន តាំងពីខ្ញុំកើតមក ជំនន់ខែប្រាំងទេ។ ប៉ុន្តែ យើងមានជំនន់ខែប្រាំង។ នៅប្រទេសថៃកំពុងតែរងគ្រោះដោយសារខ្យល់កខ្វក់បោកបក់ទៅលើខេត្តមួយចំនួន។ នៅ​ឥណ្ឌាខ្យល់កខ្វក់ក៏កើតមាន។ សូម្បីតែនៅសហរដ្ឋអាមេរិក នៅរដ្ឋណាមួយនោះគឺខ្យល់កួច ខ្យល់អីហ្នឹងស្លាប់មនុស្ស។ អញ្ចឹងនៅលើពិភពលោកនេះ រឿងបញ្ហាការប្រែប្រួលអាកាសធាតុជាបញ្ហាធំណាស់ ដែលទាមទារឱ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្ន ហើយមិនដឹងថាតើការប្រែប្រួលអាកាសធាតុវានឹងនាំមកនូវផលវិបាកអ្វីខ្លះ?

(២៤) ប្រព័ន្ធសហប្រជាជាតិ៖ កង្វល់ពីហានិភ័យសុខភាពសាធារណៈ និងចំនួនមនុស្សចាស់កើនឡើង

ថ្ងៃមុនពិភាក្សាជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ (មានការ)និយាយអំពីការគាំពារសង្គម ការពង្រឹងសុខាភិបាល និងកិច្ចការពារសង្គម។ ដៃគូរបស់យើង គឺប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាលើកឡើងពីកង្វល់ ដែលត្រូវត្រៀមទុកជាមុនទៅលើបញ្ហា ២។ ទី១ គឺហានិភ័យសុខភាពសាធារណៈដែលវានឹងកើត។ ទី២ គឺចំនួនមនុស្សចាស់ចេះតែកើន។ ខ្ញុំបានឆ្លើយតបថា ដោយសារតែបញ្ហានោះហើយបានជាខ្ញុំត្រូវធ្វើមន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលរហូតដល់១ ម៉ឺនគ្រែ។ នៅក្នុងទីក្រុងភ្នំពេញរបស់យើងមុននេះ គឺយើងមានត្រឹមតែជាង ៥ពាន់គ្រែ តែប៉ុណ្ណោះ។ ពេលកូវីដ-១៩ យើងខ្ចីសាលនេះដើម្បីដាក់បងប្អូនអ្នកកើតកូវីដ-១៩ ឱ្យមកស្នាក់នៅកន្លែងនេះ។

(២៥) អ្នកឆ្លងនិងអ្នកស្លាប់ដោយកូវីដ១៩ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល

យើងមិនបានបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋដែលបានឆ្លងកូវីដ-១៩ សម្រាកនៅខាងក្រៅគ្មានការថែទាំ អត់ទេ! ចូលមកទទួលនៅកន្លែងហ្នឹងដូចជាមកសម្រាកអញ្ចឹង ព្យាបាលនៅកន្លែងហ្នឹង មានគ្រែ មានមុង មានភួយ មានខ្នើយ។ ដល់ចេញទៅវិញ គាត់យកទៅ អាហ្នឹងយើងយកមកវិញធ្វើអី? ឱ្យគាត់ទៅតែម្តងទៅ។ ទទួលទាននៅក​ន្លែងហ្នឹង គាត់អត់មានចេញប្រាក់អីមួយសេនទេ។ ហ្នឹងរាជរដ្ឋាភិបាលចេញទាំងអស់។ រាប់ទាំងអ្នកស្លាប់ដោយសារកូវីដ-១៩ ក្រុមគ្រួសារដែលបានមរណកាលទៅ ក៏ទទួលបាននូវថវិកាមួយចំនួនពីរាជរដ្ឋាភិបាលថែមទៀត ដែលយើងបានធ្វើកិច្ចការងារនេះដ៏ល្អ ហើយយើងយកឈ្នះទៅលើសមរភូមិកូវីដ-១៩ តែមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ ទេ។

(២៦) ឈ្នះសមរភូមិកូវីដ តែអត់ទាន់ឈ្នះសង្គ្រាមកូវីដនៅឡើយទេ

ខ្ញុំសុំជម្រាបឱ្យយល់ យើងអត់ទាន់ឈ្នះសង្គ្រាមទាំងមូលទេ យើងគ្រាន់តែឈ្នះសមរភូមិតែប៉ុណ្ណោះ។ សមរភូមិដែលតា សមរភូមិអាល់ហ្វា សមរភូមិអូមីក្រុង អាធុនចាស់ អាធុនថ្មី អាហ្នឹងគឺសុទ្ធតែសមរភូមិទេ។ ប៉ុន្តែ កូវីដ-១៩ ទាំងមូលមិនទាន់ឈ្នះទេ។ ហើយយើងមិនដឹងថា បន្ទាប់ពីកូវីដ-១៩ហ្នឹង វាកើតអីទៀត? ដែលទាម​ទារឱ្យយើងមានការប្រុងប្រយ័ត្ន ដែលត្រូវត្រៀមរៀបចំខ្លួនដើម្បីឆ្លើយតបជាមួយនឹងគ្រោះអាសន្ននៃសុខភាពសាធារណៈ ដែលវាបានកើត ជាមួយនឹងវត្តមានថ្មីៗ នៃជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែង ជាមួយនឹងការកើតនៅក្នុងប្រទេសខ្លះនៃជំងឺប៉េសជ្រូកអាហ្វ្រិក។ យើងអត់ដឹងថា តើនឹងមានអ្វីកើតឡើងថែមទៀត?

(២៧) កំដៅកើនឡើង ធ្វើអោយមានកង្វល់ក្នុងវិស័យកសិកម្ម

សូម្បីតែក្នុងវិស័យកសិកម្ម ក៏យើងកំពុងតែបារម្ភដែរ តើឥឡូវកំដៅចេះតែកើន។ ពេលដែលកំដៅកើន តើពូជស្រូវរបស់យើងធន់នឹងកំដៅហ្នឹងឬអត់? ពូជដំណាំផ្សេងៗរបស់យើងធន់នឹងកំដៅនោះឬទេ? អញ្ចឹងទេ អ្នកស្រាវជ្រាវខាងបច្ចេកទេសក្នុងវិស័យកសិកម្ម ក៏ត្រូវតែបន្តការស្រាវជ្រាវថា ពូជហ្នឹងវាមិនអាចធន់បានទេជាមួយនឹងធាតុអាកាសក្តៅពេក។ អញ្ចឹងគេត្រូវស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីឱ្យវាមានភាពសុំាំជាមួយនឹងសីតុណ្ហភាពដែលវាចេះតែកើនឡើង។ អញ្ចឹងមានរឿងច្រើនណាស់ដែលនៅពីមុខយើង ដែលយើងត្រូវបង្ការ។

(២៨) ផុតសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯង ដល់សេដ្ឋកិច្ចពាណិជ្ជកម្ម គឺផលិតដើម្បីលក់ដូរលើទីផ្សារ

កុំភ្លេចថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់កម្ពុជាមិននៅឯកោទេ យើងមានភាពប្រទាក់ក្រឡាគ្នា ដូចសម្លកំពិស។ ដូចជាសេដ្ឋកិច្ចរបស់កម្ពុជា ខ្ញុំលើកឧទាហរណ៍អញ្ចេះ វាទាក់ទង ឧទាហរណ៍ថា ផ្នែកវាយនភ័ណ្ឌ វត្ថុធាតុដើមរបស់យើងនាំពីចិន នាំពីឥណ្ឌា នាំពីប៉ាគីស្តង់ មកផលិតនៅស្រុកខ្មែរ រួចហើយបានចេញពីស្រុកខ្មែរទៅអាមេរិក ចេញទៅអឺរ៉ុប ចេញទៅជប៉ុន។ អញ្ចឹងវាប្រទាក់ក្រឡាគ្នា អាហ្នឹងហើយគេហៅថា សមាហរណកម្មសេដ្ឋកិច្ចនោះ។ ការចូលរួមនៅក្នុងទីផ្សារ កម្ពុជាបច្ចុប្បន្នបានឆ្លងផុតនូវដំណាក់កាលសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯងហើយ ទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម។ ស្អីក៏និយាយដល់ពាណិជ្ជកម្មដែរ។ កសិ-ពាណិជ្ជកម្ម គឺត្រូវធ្វើ។ ពីមុន ប្រជាពលរដ្ឋរបស់យើងគាត់ផលិតត្រឹមតែចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែ អត់ទេ ឥឡូវនេះ ផលិតគឺមានតម្រូវការ ដើម្បីនឹងសម្រាប់ការលក់ដូរនៅលើទីផ្សារ។

(២៩) កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ចទីផ្សារ

យើងកំពុងស្ថិតនៅក្នុង​ដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ដែលទីផ្សារនោះដើរតួនាទីជាអ្នកកាត់សេចក្តី។ សង្ឃឹមថា អ្នកទាំងអស់គ្នានៅទីនេះ ដែលទទួលបានការរៀនសូត្រ បំពាក់បំប៉នច្បាស់ជាមិនល្ងង់ដោយរោយទៅតាមការឃោសនាអកុសលរបស់ក្រុមមនុស្សមួយចំនួនដែលកំពុងតែធ្វើការឃោសនាឬក៏លួចខ្សឹបឃោសនាថា រដ្ឋាភិបាលមិនទម្លាក់ថ្លៃភ្លើងទេ មិនកំណត់ថ្លៃភ្លើងទេ រាជរដ្ឋាភិបាលមិនកំណត់ថ្លៃលើរបស់នេះរបស់នោះទេ។ ខ្លួនឯងស្អប់កុម្មុយនីស្ត តែមកបង្ខំរដ្ឋាភិបាលឱ្យធ្វើកុម្មុយនីស្ត។ មានតែប្រទេសកុម្មុយនីស្តទេ ដែលកំណត់តម្លៃទំនិញនោះ កំណត់អត្រាប្តូរប្រាក់នោះ … សម័យទសវត្សរ៍ ៩០ មកក្រោយនេះ អត់មានប្រទេសណាមួយដែលកំណត់តម្លៃទេ។ ទីផ្សារកាត់សេចក្តីទាំងអស់។

គ្រាន់តែគេថា ប្រទេសនោះជាកុម្មុយនីស្ត ដោយឈរលើថាប្រទេសនោះមានបក្សតែមួយតែប៉ុណ្ណឹងទេ ដូចជាចិន វៀតណាម ដូចជាឡាវ។ សុំទៅមើលប្រទេសចិន តើគេធ្វើពាណិជ្ជកម្មយ៉ាងម៉េច? ប្រទេសចិនប្រើយន្តការទីផ្សារកាត់សេចក្តីខ្លាំងជាងប្រទេសដទៃទៀត។ វៀតណាមក៏ដូចគ្នា ឡាវក៏ដូចគ្នា។ អញ្ចឹងបានថា អ្នកខ្លះជេរគណបក្សប្រជាជនសុទ្ធតែគណបក្សកុម្មុយនីស្ត ប៉ុន្តែខ្លួនឯងនឹងទាមទារឱ្យធ្វើកុម្មុយនីស្ត។ សេដ្ឋកិច្ចកំណត់តម្លៃហ្នឹង គឺសេដ្ឋកិច្ចផែនការរបស់កុម្មុយនីស្តជាន់មុន។ ប្រ​ទេស ២ ដែលមានបក្សកុម្មុយនីស្ត គឺប្រទេសចិន និងប្រទេសវៀតណាម ប៉ុន្តែបើខ្ញុំពិនិត្យមើលសេដ្ឋកិច្ចនៃប្រ​ទេសទាំង ២ គឺសេដ្ឋកិច្ចនៃប្រទេសទាំង ២ គឺទីផ្សារកាត់សេចក្តីខ្លាំងជាងប្រទេសមួយចំនួនថែមទៀតផង។ ទីផ្សារសេរីកាត់សេចក្តីតែម្ដង។ ប្រើយន្តការទីផ្សារ។

(៣០) ពីនាយករដ្ឋមន្រ្តីក្មេងជាងគេមកយូរជាងគេលើពិភពលោក

ដោយសារអ្នកទាំងអស់គ្នារៀនពីពាណិជ្ជកម្ម អញ្ចឹងខ្ញុំត្រូវនិយាយ បើយល់បានក៏បាន យល់មិនបានអាហ្នឹង គ្រវាត់វាចោលទៅ។ តែខ្ញុំគ្រាន់តែជាការចែករំលែក ក្នុងឋានៈជាអ្នកដឹកនាំរដ្ឋ។ អាចថាមកដល់ពេលនេះ ខ្ញុំបំ​បែកឯតទគ្គកម្មលើសកលលោកអស់ហើយ ខាងធ្វើយូរជាងគេ។ ដោយមិនចាំបាច់និយាយពីរដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្ត្រីទេ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំ។ មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីបានស្មើ ហ៊ុន សែន? (គឺ) អត់(មាន)ទេ។ ខ្ញុំបំបែកឯតទគ្គកម្មទី១ គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេលើពិភពលោកកាលពី ៣៨ ឆ្នាំមុន។ ឥឡូវ ខ្ញុំបានបំបែកឯតទគ្គកម្មមួយទៀត គឺធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក។ អ្នកខ្លះគេថា លោក ហ៊ុន សែន ក្រាញអំណាច។ អូខេ! ខ្ញុំទទួល។ ប៉ុន្តែ ខ្ញុំចង់សួរ អ្នកឯងដណ្តើមអំណាច តើមានន័យដូចម្ដេច? ខ្ញុំគ្រាន់តែការពារអំណាចដែលខ្ញុំមានទេតើ ខ្ញុំមានអីខុស? ចុះលោកឯងម៉េចប្រឹងរកងាប់អី មករកអំណាចធ្វើជានាយករដ្ឋមន្ត្រីនឹងគេដែរ? បើថាខ្លួនឯងមិនចង់ធ្វើទេ កុំមកចោទគេ។ អ្នកឯងជាអ្នកដណ្ដើមអំណាចជានាយករដ្ឋមន្ត្រី។ ខ្ញុំជាអ្នកការពារអំណាចនាយករដ្ឋមន្ត្រី។ រឿងអីខ្ញុំធ្វើមិនបាន? …។

(៣១) ត្រូវឆ្លងកាត់បួនដំណាក់កាល មុនក្លាយជានាយករដ្ឋមន្ត្រី

រួចហើយតាំងនិយាយទៀតហើយ លោក ហ៊ុន សែន អាងអំណាច។ អើ! ប្រាប់ត្រឡប់ទៅវិញ បើកាន់អំណាច មិនប្រើអំណាច គឺស្មើអត់មានអំណាច។ មិនមែនភាសាឌឺទេ (គឺ)ភាសានិយាយត្រង់ៗ ទៅលោកឯងវិញ។ លោកឯងម៉េចក៏ចេះនិយាយថា លោក ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីក្រាញអំណាច អស់ពីឪទៅដល់កូនទៀត។ អើ! ខ្ញុំមិនមែនបណ្ដុះកូនខ្ញុំឱ្យធ្វើមេចោរទេ។ កូនខ្ញុំវាស័ក្តិសមដើម្បីនឹងទទួល(មុខតំណែងនេះ)។ ប៉ុន្តែ វាត្រូវឆ្លងកាត់ ទី(១) គណបក្សរបស់ខ្លួនឯកភាពសិន បើសិនគ្មានការគាំទ្រពីគណបក្សរបស់ខ្លួន ទៅធ្វើបេក្ខជននាយករដ្ឋមន្ត្រីធ្វើម៉េចកើត? ទី(២) ត្រូវបោះឆ្នោតឱ្យជាប់ជាសមាជិកសភាសិន ព្រោះរដ្ឋធម្មនុញ្ញរបស់យើងបានចែងថា “នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា”។ ទី(៣) ត្រូវទទួលការតែងតាំងពីព្រះមហាក្សត្រឱ្យធ្វើនាយករដ្ឋមន្ត្រី (ដើម្បី)រៀបចំគណៈរដ្ឋមន្ត្រី។ ទី(៤) ត្រូវឆ្លងកាត់សភា បើសភាមិនផ្ដល់ការទុកចិត្តគណៈរដ្ឋមន្ត្រីនោះទេ គឺបានសេចក្ដីថា អត់ក្លាយទៅជានាយករដ្ឋមន្ត្រីអីទាំងអស់។ ហេតុផលវានៅកន្លែងហ្នឹងទេ។ អញ្ចឹង កុំមកនិយាយថា លោក ហ៊ុន សែន ក្រាញអំណាច អ្នកឯងចង់ថាម៉េចក៏ថាទៅ ខ្ញុំនៅតែកាន់អំណាច ព្រោះប្រជាពលរដ្ឋបោះឆ្នោតឱ្យខ្ញុំ។ ខ្ញុំអត់មានអីខុសទេ។

(៣២) អ្នកខ្លះស្រមៃទាំងថ្ងៃ/យប់ ធ្វើនាយករដ្ឋមន្ត្រី

ខ្ញុំចង់សួរអ្នកឯង ចុះខំអី? ម៉េចមិនទៅរៀនធ្វើអាចារ្យវត្ត? មកខំស្រែកត្រប៉ែ។ អ្នកខ្លះជានាយករដ្ឋមន្ត្រីហ្វេសប៊ុក ខ្លះជានាយករដ្ឋមន្រ្តីក្នុងសុបិន្ត ទាំងថ្ងៃ/យប់គិតថា អញពេលធ្វើនាយករដ្ឋមន្ត្រី យន្តហោះពិសេសអញប្រើរបៀបម៉េច? ដាក់កៅអីរបៀបម៉េច? គ្រែដេករបៀបម៉េច? គិតទៅដល់ Air Force One ស្រមៃទៅដល់នោះ … ខ្ញុំបានជួបជាមួយនឹងដៃគូខ្លះដែលធ្វើការជាមួយខ្ញុំ សុំនិយាយដើមបន្តិចទៅចុះ។ ធ្វើរដ្ឋមន្ត្រីក៏មាន ធ្វើឧបនា​យក​រដ្ឋមន្ត្រីក៏មាន ធ្វើដល់នាយករដ្ឋមន្ត្រីក៏មាន ប្រពន្ធឡើងទៅរៀបចំការិយាល័យ។ បង្វែរហុងស៊ុយទៅខាងនេះ/នោះ ទីចុងបំផុតរលាយទាំងអស់។ ប្រពន្ធខ្ញុំមិនដែលទៅប៉ះពាល់ការិយាល័យរបស់ខ្ញុំទេ។ មាន(ទៅដែរ)នៅកន្លែងចាស់ពីមុន តែគាត់មិនមែនទៅមើលការងាររបស់ខ្ញុំទេ គ្រាន់តែចេញពីប្រជុំខ្ញុំត្រូវរួមដំណើរជាមួយគាត់ទៅពិធីជប់លៀង ឬចូលកម្មវិធីណាមួយ គាត់ទៅអង្គុយចាំ(ខ្ញុំ)។ គេនាំគាត់ទៅអង្គុយក្នុងការិយា​ល័យរបស់ខ្ញុំតែប៉ុណ្ណឹង(ទេ) … ចុះទុកឱ្យបុគ្គលិករៀបចំទៅវាយ៉ាងម៉េច? ប្រពន្ធយើងកុំលូកដៃ។

(៣៣) សូមប្រយ័ត្ន “កុំឱ្យប្ដីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូនស័ក្តិ ៥”

សង្ឃឹមថា អ្នកបន្តវេន មិនថាកម្រិតណាទេ គួរតែត្រូវថ្នាក់ថ្នមអាកន្លែងហ្នឹង ប្រយ័ត្នមន្ត្រីរបស់យើង គេនិយាយថា អាប្ដីមិនសូវអីទេ ណាស់តែមីប្រពន្ធហ្នឹងតែម្ដង … សុំនិយាយអាហ្នឹងបន្តិចទៅចុះ ដែលវាចេញពីសម្ដីរបស់ប្រជាពលរដ្ឋតែម្ដង គាត់ថា លោកចៅហ្វាយខេត្តគាត់មិនបញ្ហាទេ តែណាស់មីប្រពន្ធហ្នឹងតែម្ដង។ អាហ្នឹងមួយទៅ។ ឯមួយទៀតនិយាយថា លោកចៅហ្វាយខេត្តទាំងប្ដី/ប្រពន្ធល្អណាស់ ប៉ុន្តែ ណាស់អាកូនហ្នឹងតែម្ដង។ អញ្ចឹង បានគេថា សូមប្រយ័ត្ន “កុំឱ្យប្ដីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូនស័ក្តិ ៥” ឲ្យសោះ អាហ្នឹងគ្រោះថ្នាក់​។ ហើយខ្ញុំមិនអត់ឱនទេ រឿងសកម្មភាពកូនប្រើឥទ្ធិពលឪពុក។ ឥឡូវដល់ចៅខ្ញុំក៏ត្រូវតែត្រួតទៀត អត់ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ជីតាទេ។ មានចៅមួយដែរ បន្តិចទៀតទៅត្រូវណែនាំ។ វាដូចជាទៅតំបន់ទេសចរណ៍ណាមួយ វាដើរទៅតែវាអញ្ចឹងទៅ រួចហើយវាថាវាជាចៅរបស់នាយករដ្ឋមន្ត្រី(ហ៊ុន សែន)។ លឺសូរម្ដាយវានិយាយអញ្ចឹង បានថាថ្ងៃក្រោយចៅទៅណាក៏ដោយ គេស្គាល់ឬមិនស្គាល់ ចៅកុំនិយាយឈ្មោះតាឱ្យសោះ។ អាហ្នឹងត្រូវប្រយ័ត្ន។

(៣៤) សេដ្ឋកិច្ចសកលកំពុងប្រឈម គណបក្សនយោបាយជ្រុលនិយម នឹងលើកតែពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់កម្ពុជា

ក្នុងពេលសេដ្ឋកិច្ចសកលកំពុងមានបញ្ហា ពួកគណបក្សនយោបាយដែលជ្រុលនិយម​នឹងប្រើប្រាស់(ហេតុផលនោះ)ថា(ជា) ភាពអន់ថយនៃសេដ្ឋកិច្ចកម្ពុជា។ ពួកគេនឹងប្រើប្រាស់កន្លែងហ្នឹង​ … (ដោយហេតុនេះ) ខ្ញុំត្រូវតែពន្យល់​ ហើយខ្ញុំនឹងស្រែកពន្យល់ជាបន្តបន្ទាប់។ សេដ្ឋកិច្ចសកលវាធ្លាក់ចុះគ្រប់តែប្រទេសហ្នឹង ប៉ុន្តែគេមិនបាន​លើកអំពីការធ្លាក់ចុះសេដ្ឋកិច្ចនៃបណ្ដាប្រទេសដទៃទេ គេលើកតែពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃនេះ តំបន់មួយចំនួនខ្វះទឹកប្រើប្រាស់។ កាលពីពេលតំបន់(នោះ)មានទឹក(ប្រើប្រាស់) គេអត់ដែលនិយាយទេ (គ្រាន់តែឥឡូវ)ខ្វះទឹកបន្តិច វាស្រែកនោះស្រែក … ពាក្យចាស់ធ្លាប់មាន គ្រាន់តែខ្ញុំកែបន្តិច “កុំពត់ស្រឡៅ កុំប្រដៅអាក្មេងពាល” … ពួកពាលនេះ គឺមិនងាយប្រដៅទេ ប្រដៅយ៉ាងម៉េចក៏វាមិនស្ដាប់ដែរ។ ពួកនេះបាននៅតែក្រៅប្រទេសទេ បើនៅក្នុងប្រទេស (នឹងត្រូវជាប់)ក្រញ៉ង់ … និយាយពីវាយប្រ​ហារគ្រប់តែម្ដង … និយាយទៅថាគេគាបសង្កត់។ ចុះអ្ហែងនិយាយមួលបង្កាច់គេវាយ៉ាងម៉េចដែរ? គេថា(ទៀតហើយ) លោក ហ៊ុន សែន ប្រើអំណាច (គ្រាន់តែ)បញ្ជាក់ត្រឡប់ទៅវិញបើមិនប្រើអំណាចទេឱ្យប្រើអី? …។

(៣៥) បានដឹងថាពួកប្រឆាំងចង់ធ្វើអីលើទឹកដីម៉ាឡេស៊ី ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ថ្ងៃមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកទស្សនកិច្ច។ វាឆ្លៀតប្រើពាក្យសំដីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី … ឆ្លៀតកា​ឡៃថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកណែនាំ។ អ្នកត្រូវយល់ពីរបៀបដឹកនាំ(របស់)មេដឹកនាំប្រទេស គេមានគុណធម៌របស់គេ។ គេមានគោលការណ៍មិនជ្រៀតជ្រែក។ ខ្ញុំមិននិយាយអីច្រើននោះទេ ខ្ញុំគ្រាន់តែជូនសារទៅអ្នក។ កាលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាបក្សប្រឆាំង អ្នកអាចទាក់ទងក្នុងក្របខណ្ឌប្រឆាំងនឹងប្រឆាំង។ ឥឡូវនេះ នា​​យករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ ដែលជាអតីតអ្នកជាប់ឃុំឃាំង ក្លាយទៅជានាយករដ្ឋមន្ត្រី។ គាត់បានក្លាយទៅជាដៃគូរបស់អ្នកកាន់អំណាចដូចគ្នា។ ខ្ញុំក៏បានដឹងពីគាត់ថា ពួកប្រឆាំងចង់ធ្វើអីលើទឹកដីម៉ាឡេស៊ី។ ខ្ញុំគ្រាន់តែប្រាប់ឱ្យអ្នកឯងយល់ឱ្យច្បាស់។ មេដឹកនាំគេចេះធ្វើការជាមួយគ្នា។ អ្នកមិនទាន់មានបទពិសោធន៍ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំមានបទពិសោធន៍ជិតកន្លះសតវត្សរ៍ហើយ។ អ្នកកុំសង្ឃឹមហួស។ ប្រសិនបើនាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ខ្ញុំ ហើយសន្យាជាមួយខ្ញុំ អ្នកកុំសង្ឃឹមថាវត្តមានរបស់អ្នកអាចមាននៅលើទឹកដីម៉ាឡេស៊ី។

ខ្ញុំមិនបានលើករឿងហ្នឹងទេ។ សុំទោស ឯកឧត្តម Anwar Ibrahim។ ក៏ប៉ុន្តែ គាត់បានបញ្ជាក់ថា អ្នកនោះគេចង់មក(ម៉ាឡេស៊ី) គាត់(ប្រាប់)ថាកុំមក ហើយគាត់ប្រាប់ថាមិនឱ្យមក។ តំណាងរាស្ត្រគាត់មួយចំនួនសុំឱ្យអ្នកហ្នឹងមក ដើម្បីឱ្យធ្វើជាការប្រជុំ។ គាត់បានប្រាប់តំណាងរាស្ត្រគាត់វិញថា កុំធ្វើ។ ខ្ញុំបានបន្ថែមមួយម៉ាត់ បើសិនជាធ្វើរបៀបនេះ​ វានឹងធ្វើអោយរដ្ឋនិងរដ្ឋគឺមើលមុខគ្នាអត់ត្រង់ទេ ព្រោះនេះជាគោលការណ៍ក្នុងក្របខណ្ឌការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ អ្នកឯងកុំគិតថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកប្រដៅនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។ ផ្ទុយទៅវិញ យើងធ្វើការដោយស្មើភាពជាមួយគ្នា ហើយខ្ញុំបានដឹងអំពីល្បិចកលរបស់អ្នកយ៉ាងម៉េច ព្រោះរឿងហ្នឹងធម្មតាគេជជែកគ្នា។ បើអ្នកមិនទាន់ចេះយល់ទេ រៀនយល់ទៅ។

(៣៦) ជាគោលការណ៍ កម្ពុជាប្រឆាំងនឹងការបំបែករដ្ឋ

ដូចជាខ្ញុំទៅស្រុកបារាំង នាំគ្នាឃោសនាសុទ្ធតែ ហ៊ុន សែន ទៅសុំជួប ម៉ាក្រុង ស្អីៗអញ្ចេះអញ្ចុះ។ ប្រធានាធិ​បតីប្រទេសមួយបើគេមិនចង់ជួបយើង ក៏ជាសិទ្ធិរបស់គេដែរ ទោះបីយើងសុំដល់ងាប់ខ្លួន។ យើងក៏ដូចគ្នា។ នា​យក​រដ្ឋមន្រ្តី Kosovo និងរដ្ឋមន្រ្តី Kosovo ធ្លាប់ចូលដល់កម្ពុជា។ ខ្ញុំមិនទាំងបានដឹងផង។ ចូលមកជាអ្នកទេសចរ។ ក្រោយមក ខ្ញុំបានប្រាប់ថា មិនឲ្យចូលទេ។ នាយករដ្ឋមន្ត្រី Kosovo ធ្លាប់សុំជួបខ្ញុំ នៅអង្គការសហប្រជាជាតិ តែខ្ញុំអត់ឆ្លើយ ព្រោះជាគោលការណ៍ ខ្ញុំប្រឆាំងនឹងការបំបែករដ្ឋ។ Kosovo បំបែកចេញពី Serbia។ កម្ពុជាមិនទាន់ទទួលស្គាល់ទេ។ អញ្ចឹងមិនអនុញ្ញាតឲ្យមន្ដ្រីរបស់កម្ពុជាជួបទេ។ អ្នកឯងត្រូវយល់អំពីរបៀបមេដឹកនាំ។ រួចហើយលើកពីនេះពីនោះ។

ថ្ងៃមុនខ្ញុំក៏និយាយដែរអំពីបញ្ហាខ្ញុំមានទំនាក់ទំនងជាមួយ ម៉ាក្រុង តាមរយៈ WhatsApp, Telegram និង Signal តែនេះវាជារឿងទំនាក់ទំនងរដ្ឋនិងរដ្ឋផង ទំនាក់ទំនងបុគ្គលនិងបុគ្គលផង … អ្នកខ្លះគេថា ខ្ញុំនឹងងាប់ឆ្នាំ២០២៣ហ្នឹង។ គ្រូទាយមួយថាខ្ញុំនឹងអាយុដល់​ ៩៩ឆ្នាំ។ អូ! បើបាន ៩៩ មែន បានឃើញចៅទួត ហើយប្រហែលជាចៅលួតទៀតនោះ។ ប៉ុន្តែ មិនដឹងធ្វើម៉េចឥឡូវ ប្អូនពៅរបស់ខ្ញុំគេមានចៅទួតបាត់ទៅហើយ ឯឯងនេះមិនមានចៅទួតនឹងគេ។ ប៉ុន្តែប្រសិនបើថា ចៅនេះព្រមយកប្ដី យកប្រពន្ធទៅ ប្រហែលជាយើងបានចៅទួត ប៉ុន្តែណ្ហើយកុំទៅបង្ខំគេ ទុកឱកាសឲ្យគេរៀនសូត្រតទៅទៀត។ កាលពីមុន​ ឲ្យកូនស្រីរៀបការឲ្យស្រូត ដើម្បីចៅ។ ឥឡូវលែងហ៊ានបង្ខំវាហើយ ខ្លាចណាស់។ អាហ្នឹងត្រូវទុកលទ្ធភាពឲ្យគេ។

(៣៧) អបអរសាទរជ័យលាភីទាំងអស់ សូមបន្តការខិតខំសិក្សាបន្តទៀត ទាំងគ្រហស្ថ ទាំងព្រះសង្ឃ

ជាការខុសទម្លាប់មួយ ដែលខ្ញុំចាប់ផ្ដើមពីក្របខណ្ឌរួមមុន។ ឥឡូវខ្ញុំចូលមកវិទ្យស្ថាននេះ។ ខ្ញុំសូមកោតសរសើរការគ្រប់គ្រងដ៏ល្អ ថ្នាក់ដឹកនាំវិទ្យាស្ថាននិងសាលាបណ្ដុះបណ្ដាលនានា ព្រមទាំងសាស្រ្តាចារ្យដែលបានជួយបង្ហាត់បង្ហាញ។ សុំយកឱកាសនេះដើម្បីអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលទទួលនូវវិញ្ញាបនបត្រ និងសញ្ញាបត្រនៅថ្ងៃនេះ។ សុំឲ្យអ្នកទាំងអស់គ្នាបន្តការខិតខំតទៅទៀត មិនថាតែគ្រហស្ថទេ ព្រះសង្ឃក៏បន្តដែរ ព្រះតេជព្រះគុណអើយ ការងារនៅពីមុខ បើព្រះតេជព្រះគុណនៅជាសង្ឃ ព្រះតេជព្រះគុណក៏ត្រូវបង្កើនសមត្ថភាពដែរ … សុំទោស! និយាយលេងទេ ប៉ុន្តែលេងអី មែនតែម្ដងហ្នឹង ខ្វះអី អ្នកលាចាកសិក្ខាបទមួយគគោក។ តែនេះជាសេរីភាព ខ្លះក៏បួសបានយូររហូតទៅ​ ខ្លះទៀតក៏បានមួយដំណាក់កាលទៅក៏លាចាកសិក្ខាបទ។ ពីជំនាន់ដើម ព្រះតេជព្រះគុណ គេចូលចិត្តឲ្យកូនក្រមុំទៅអ្នកដែលចាកផ្នួស។ មូលហេតុអ្វី? កាលពីដើម អ្នកដែលចេះអក្សរគឺនៅក្នុងព្រះសង្ឃវិញទេ។ អញ្ចឹងបានជាពេលដែលសឹកមក គេហៅអន្ទិត។ អន្ទិតហ្នឹងគឺបណ្ឌិតនោះឯង។ អញ្ចឹង​ទេបានជាកូនក្រមុំខ្លះ ឲ្យទៅគ្រូសូត្រណា ដែលលាចាកសិក្ខាបទ ទោះបីចាស់បន្តិចក៏ដោយ ក៏ប៉ុន្តែដោយសារតែជាអ្នកចេះដឹង អញ្ចឹងទេលើកកូនឲ្យតែម្ដង។ តែឥឡូវអត់ទេ ទាល់តែត្រូវរ៉ូវគ្នាមាំណាស់។ សូមអបអរសាទរជាមួយក្រុមគ្រួសារ ដែលមានគ្រួសារមកទទួលសញ្ញាបត្រនេះ។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់ជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ មាន ៦ ០៥១ អង្គ/នាក់ ក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនរៀល កំដរដៃ។ បន្ថែមជូននិស្សិតពិការចំនួន ៤ នាក់ ក្នុងម្នាក់ៗថវិកា ១ លានរៀល។ នេះជាឱកាសហើយ សូម្បីជនពិការឲ្យតែមានលទ្ធភាពរៀន។ ហើយយើងអាចរកការងារធ្វើ ស្ថាប័នរដ្ឋត្រូវកំណត់ ២% ឯផ្នែកឯកជន ១%។ សម្រាប់បុគ្គលិក និងសាស្រ្តាចារ្យ ១៤៥ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល​។ ជូនវិទ្យស្ថានជាតិពាណិជ្ជសាស្រ្ត ថវិកា ១០ លានរៀល គ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល។

… គ្រាន់តែប្រាប់ពីកម្មវិធីខ្លះៗ។ ថ្ងៃនេះនៅហ្នឹង ស្អែកប្រជុំគណៈរដ្ឋមន្រ្តីហើយ ត្រូវមានការងារពិសេសមួយ ត្រឹមម៉ោង១១ ចេញហើយចប់មិនចប់ លើកទៅសុក្រសប្ដាហ៍ក្រោយមួយទៀត។ ថ្ងៃ ៣ ទៅស្រុកក្រូចឆ្មារ សម្ពោធមន្ទីរពេទ្យ ល្ងាចថ្ងៃ ៣ ជួបកីឡាករ/ការិនី។ ថ្ងៃ ៤ ត្រូវហោះទៅវៀងចន្ទន៍ ដើម្បីចូលរួមប្រជុំកំពូលគណៈកម្មការអន្តរជាតិទន្លេមេគង្គ។ ថ្ងៃ ៥ ត្រឡប់មកវិញ ហើយមានកម្មវិធីជាបន្តបន្ទាប់រហូតដល់ទៅអង្គរសង្រ្គាន្ត។ វាបន្តរហូតទៅដល់ស៊ីហ្គេម ឲ្យភ្លើងស៊ីហ្គេមនៅនេះ បន្ទាប់ទៅត្រូវហោះទៅហ្សាកាតាដើម្បីប្រជុំអាស៊ាន។ បកពីអាស៊ានត្រឡប់មកវិញ ត្រូវមានកម្មវិធីបន្តបន្ទាប់។ មកដល់ក្នុងស្រុក កម្មវិធីជាប់នៅក្នុងស្រុក អញ្ចឹងបានជារឿងនេះខ្ញុំអត់បានមើលទេ។ ព្រឹកមិញទេទើបបានមើល អញ្ចឹងមកនិយាយយកតែម្ដង។ គ្រាន់តែសារចូលក្នុងទូរស័ព្ទនេះ វាគ្រប់គ្រាន់សឹងតែបែកខួរក្បាលហើយ។

ត្រឡប់ទៅវិញ មិនដឹងថា ឯកសារប៉ុន្មានឲ្យខ្លួនស៊ីញ៉េ? ជួនកាលស៊ីញ៉េពេលខ្លះរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ បានឡើងទៅបាយ។ បាយហើយសម្រាកបន្តិច រួចហើយធ្វើការទៀត។ ខ្ញុំទៅក្រៅប្រទេស នាយករដ្ឋមន្រ្តី ឬប្រធានាធិបតីប្រទេសក្រៅថា ឯកឧត្ដមមកហ្នឹង រវល់ណាស់ ឃើញកម្មវិធីឯកឧត្ដមមមាញឹក។ ខ្ញុំថា ខ្ញុំនៅក្នុងស្រុក ខ្ញុំរវល់ជាងមកក្រៅប្រទេស ហើយសុទ្ធតែរឿងដែលត្រូវការដោះស្រាយបន្ទាន់ ព្រោះបើឯកសារកកស្ទះនៅនឹងនាយករដ្ឋមន្រ្តីហើយ គឺខាងក្រោមអត់ដោះស្រាយចេញទេ។ អញ្ចឹង ខ្ញុំមានរបៀបការងារខ្ញុំមួយ គឺខ្ញុំមិនជំពាក់បំណុលការងារនោះទេ។ ឯកសារដាក់មកពេលព្រឹកប៉ុន្មាន ស៊ីញ៉េឲ្យទាំងអស់ ពេលល្ងាចប៉ុន្មាន ស៊ីញ៉េឲ្យទាំងអស់ ដូចជារឿងនេះសុំថាស្តុបសិនហើយ ចាំព្រលឹមឡើងចាំមើលវាតាមឡាន …។ ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរសម្រាប់វឌ្ឍនភាពនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក៏ដូចជាអបអរសាទរចំពោះនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំបានប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា និងក្មួយៗជានិស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

**********

Selected Comments Samdech Techo Hun Sen,
At the Graduation Ceremony and Diplomas Conferment of the National Institute of Business – NIB
[Unofficial Translation]


CNV:

(1) Could not make it to the National Assembly Session for prior engagement

Today is the opening day of the national assembly sessions, which includes also the King’s message. I am taking this opportunity (to apologize) to the National Assembly (that because of prior engagement, I could not make it). I do not think, however, it was my fault because the parliament sent me the program in such a short time, only a week before the actual date, while my program has been prepared for more than a month. Hopefully, the National Assembly will be able to set a time and notify us sooner. I hope the National Assembly understand the works of the Royal Government. It is not to criticize the National Assembly, but to beg the National Assembly to decide on the session dates faster as the government has had a lot of works […]

(2) Human resources training carried out since the overthrow of the Pol Pot regime

HE Ith Sam Heng recalled the background of the National Institute of Business (NIB), which, in 1979, was established as the “Central Technical School of Business” under the auspices of the Ministry of Commerce. This indicates that focusing on human resources training was not just the focus of the present day. The fact that I went to teach at this school twice […] indicates the beginning where each institution had had their training programs. In running the Ministry of Foreign Affairs, I oversaw the opening of a diplomatic training school. At the Ministry of Commerce, the then Minister HE Tang Sarim, had worked hard (to get training in this field going) […] more and more people are benefiting from the overthrow of the genocidal regime of Pol Pot, and later the ending of the war, and the making of peace that people are benefiting from the hard-won peace […]

(3) The peacetime youth receive training for socio-economic development

In present day, youth have plenty of opportunity. In comparison, the wartime youth not only lost their opportunities, but also their lives and/or were injured and disabled. They could not get training of any skills other than fighting […] if we look at the number of military technology Cambodia is rich with weapons from many sources […] (we must have human resource in) the defense sector […] we must know about how to fight, but we have made efforts to also possess skills. For example, in the 1980s and 1990s, until the year 2000, civil engineering was used in conjunction with the training of our troops […] the overall environment for our country is very different. In the past, they practiced how to fight, kill, and destroy each other. We are now training to strengthen human resources to participate in the socio-economic development of Cambodia […]

(4) NIB undergoes three transferences

Hopefully, what we established from 44 years ago will not be lost, especially this school, which needs to strengthen its technical base so that Cambodian youth can capture technological knowledge for their works, and participate in the development of the country […] I am satisfied with the progress of NIB of Cambodia, which has maintained the pace and momentum of growth since its transference. NIB was transferred in three stages – from the Ministry of Commerce to the Ministry of Education, and lately from the Ministry of Education to the Ministry of Labor and Vocational Training. We need to speed up (our effort and) get ready to provide technical training to some 1.5 million people in the future. In that case, as far as the ancestral professions, maybe the Ministry of Culture needs help from the Ministry of Labor and Vocational Training […]

(5) Warning of global economic downturn causes people to withdraw money from banks

[…] The (global) economy is declared to be in a state of emergency. People should not be so nervous as to withdraw money from the bank. The IMF, as well as the World Bank, has repeatedly warned of the risk of a global economic downturn […] it has become a psychological issue for people to withdraw money (from banks). Some US banks collapsed […] Cambodia has not yet reached that level. Despite warnings of a global economic downturn, (I am sure) the world hopes to find a way to control the economy further […] while the epidemic is a one matter, unilateral sanctions, combined with the war between Russia and Ukraine, has created a bad situation for the global economy […]

(6) Diseases, unilateral sanctions and war create a bad situation for the global economy

The plague is one thing, but the issue of unilateral sanctions, combined with the war that began with the war between Russia and Ukraine, has created a terrible situation for the global economy […] the Russian-Ukrainian war, as we all know, will end. It is just that nobody knows when it ends. Russia cannot destroy Ukraine and Ukraine cannot destroy Russia. Finally, it is clear that there will be negotiations to find a solution to end the war […] Even if war spreads to the whole of NATO, neither NATO nor Russia can destroy each other […]

(7) China’s peace proposal covers a peaceful solution to the Russia-Ukraine war

[…] Sometimes there are compromises to evacuate people and provide corridors for humanitarian aid, dialogue to exchange prisoners of war, etc. However, the Chinese President Xi Jinping’s proposal has a broader scope that covers the solution to peace […] the Russia-Ukraine war will end, we just don’t know when […] the most dangerous thing that does not end is the climate change effects. Nobody knows when it ends. Day by day, climate change has made huge impacts […]

(8) UN agencies – concerns about public health risks and rising elderly population

The most dangerous thing that will never end is climate change. We do not know when it will end. Day by day, the issue of climate change has made a huge impact […] the day before, we discussed with the UN agencies […] our partners, the UN agencies in Cambodia, mentioned their concerns about preparing in advance on two issues. The first is the public health risk and the second is the growing number of elderly populations. I replied that it is on this note that I had to build a hospital with a capacity of up to 10,000 beds […] we have not won the whole war of Covid-19. We have just won the battle of Alpha, Omicron, etc. we have to be prepared to respond to public health emergencies […] even in agriculture, we are worried about the heat. When the heat rises, do our rice varieties withstand the heat or not? […]

(9) From self-sufficiency to the commercial economy

Cambodia’s economy is not isolated. We have inter-related relationships. Let me give you an example – as far as textiles industry is concerned in Cambodia, we have imported raw materials from China, from India, from Pakistan, and the final products are in Cambodia. We then ship them from Cambodia to the United States, to Europe, to Japan. It is intertwined, which is called economic integration. Cambodia has now gone from being a self-sufficient economy to a commercial economy. We are talking about trade on everything […] we are in a phase of a market economy where the market acts as a judge. All of you have had education (and learnt about the law of economics) would not be fooled by the unfortunate propaganda of some people who are whispering that “the government does not set the price of electricity” […] they claimed to have hated communism but they forced the government to do economy the communist way […]

(10) From the youngest to the longest serving Prime Minister in the world

I am just sharing (some of the thoughts with you all) as a head of state. So far, I have broken the world records for the longest serving ones. Not to mention my times as the ministers and deputy prime ministers, I have been the prime minister for over 38 years […] no one in this world has been Prime Minister as long as Hun Sen? I broke the first record as the youngest Prime Minister in the world 38 years ago. Now I have broken another record by being the longest-serving prime minister in the world. Some say that Hun Sen is fighting to stay in power. Okay! I accept, but I wanted to ask you, what does it mean to seize power? I am just defending the power I have (been entrusted by the people). What wrong do I do? What about you who wish to come to power as the Prime Minister? If you do not want to do it (fight for power), then do not accuse others for doing so. You are in fact the one who wish to seize power as the Prime Minister. I am a defender of the power of the Prime Minister. Why can I not do it? […]

(11) Learning of the opposition’s wish from the Malaysian Prime Minister

The Malaysian Prime Minister visited (Cambodia). They were able to twist the words of the Prime Minister of Malaysia […] falsely suggesting that the Prime Minister of Malaysia came to (give Cambodia) guidance. You need to understand how to lead a country. They have their virtues. They have a principle of non-interference. I’m just sending you a message. When the Malaysian Prime Minister was in opposition, you could contact him – opposition to opposition. From being a former prisoner to becoming the Prime Minister of Malaysia, he has now become a partner to other rulers. I learned from him what the (Cambodian) opposition wanted to do on Malaysian soil.

I just wanted to make it clear to you […] that the Prime Minister of Malaysia already told me (about your plan), you should have hope that you can make a presence on Malaysian soil. Please forgive me, (Prime Minister) HE Anwar Ibrahim. I did not raise any thing about that, but he affirmed to me that so and so person wanted to come (to Malaysia) but he (told) not to allow the person to come. Some of his National Assembly members asked for him to come for a meeting. (HE Anwar Ibrahim said) he told those National Assembly members not to do it. I added to his word then, “if it were done (as suggested), it would be impossible for the states to look into each other’s eyes […]./.

អត្ថបទទាក់ទង