Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល ចង់គ្រប់គ្រងហ្កាហ្សាយ៉ាងណា ក្រោយសង្រ្គាមបញ្ចប់?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 993
វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល ចង់គ្រប់គ្រងហ្កាហ្សាយ៉ាងណា ក្រោយសង្រ្គាមបញ្ចប់? President Joe Biden meets with Israeli Prime Minister Benjamin Netanyahu in New York, Wednesday, Sept. 20, 2023. Biden was in New York to address the 78th United Nations General Assembly. (AP Photo/Susan Walsh)

(បែរឡាំង)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ បានបញ្ចេញផែនការមួយពាក់ព័ន្ធនឹងអនាគតរបស់តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមជាមួយក្រុមហាម៉ាសបិទបញ្ចប់។ នេះគឺជាលើកដំបូងហើយដែលលោក Netanyahu បញ្ចេញផែនការផ្លូវការរបស់អ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមក្នុងតំបន់ ហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែលសម្លាប់ជនជាតិអ៉ីស្រាអែលប្រហែលជា ១១៦០នាក់ និងចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង។

អ៉ីស្រាអែលជឿថានៅសល់ចំណាប់ខ្មាំង ១៣០នាក់កំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាសនៅឡើយ។ ចំណែក បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាវិញ ការវាយប្រហាររបស់ អ៉ីស្រាអែលបានសម្លាប់មនុស្សជាង ២៩,៥០០នាក់ហើយ និងជាង ៧០,០០០នាក់រងរបួស នៅចំពោះមុខវិបត្តិមនុស្សធម៌កាន់តែមានសភាពអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីផែនការរបស់អ៉ីស្រាអែល សម្រាប់តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់៖

* តើនរណានឹងគ្រប់គ្រងតំបន់ហ្កាហ្សា?
តាមផែនការរបស់លោក Netanyahu អ៉ីស្រាអែលចង់ឱ្យតំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមមន្ត្រីប៉ាឡេស្ទីនដែលមានបទពិសោធន៍ខាងរដ្ឋបាល និងមិនមានទំនាក់ទំនង ឬជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាស។ អាជ្ញាធរប៉ាឡេស្ទីន ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងតំបន់ West Bank មិនត្រូវបានលើកឈ្មោះនៅក្នុងផែនការនេះទេ ប៉ុន្តែ ក៏មិនមាន ការច្រាលចោលដាច់ខាតចំពោះលទ្ធភាពសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សានោះដែរ។ សហរដ្ឋអាមេរិក ធ្លាប់បានបង្ហាញការគាំទ្រឱ្យអាជ្ញាធរប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់។

* យោធាអ៉ីស្រាអែលគ្រប់គ្រងសន្តិសុខទាំងស្រុង
តាមសារព័ត៌មានអ៉ីស្រាអែល The Times of Israel និង Haaretz យោធាអ៉ីស្រាអែលនឹងគ្រប់គ្រងលើសន្តិសុខក្នុងតំបន់ហ្កាហ្សាទាំងមូល។ នេះមានន័យថាអ៉ីស្រាអែលនឹងកម្ទេច ចោលនូវរាល់ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់របស់ក្រុមហាម៉ាស ហើយផ្ដល់សិទ្ធិអំណាច និងសេរីភាពគ្មានព្រំដែនដល់យោធាអ៉ីស្រាអែល ក្នុងការធ្វើប្រតិបត្តិការ។ ម្យ៉ាងទៀត ក៏មានផងដែរសេចក្ដីរាយការណ៍ថាអ៉ីស្រាអែលចង់សាងសង់ផ្លូវថ្មីមួយដែលពុះចែកគ្នារវាងភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង សន្តិសុខ។ ប៉ុន្តែ ក្រុមអ្នកតាមដានស្ថានការណ៍សង្រ្គាមហ្កាហ្សា បានបង្ហាញការព្រួយបារម្ភថាអ៉ីស្រាអែលអាចនឹងប្រើប្រាស់ផ្លូវមួយនេះ ដើម្បីរារាំងមិនឱ្យប្រជាជនប៉ាឡេស្ទីនដែល បានភៀសខ្លួនទៅកាន់ភាគខាងត្បូង នៅដើមទីនៃសង្រ្គាម ត្រឡប់ទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាវិញ។

សារព័ត៌មាន Haaretz បានរាយការណ៍ថាផែនការរបស់លោក Netanyahu ក៏មានរួមបញ្ចូលផងដែរនូវការបង្កើត «តំបន់ទ្រនាប់ការពារមួយ» រវាងហ្កាហ្សា និងអ៉ីស្រាអែលដែល កងទ័ពអ៉ីស្រាអែលជាអ្នកគ្រប់គ្រង ហើយមិនអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញនោះទេ។ ការបង្កើតតំបន់ទ្រនាប់របៀបនេះអាចនឹងកាត់បន្ថយផ្ទៃដីនៃតំបន់ហ្កាហ្សាបន្ថែមទៀត។ បើតាមសារព័ត៌មាន Times of Israel វិញ អ៉ីស្រាអែលក៏មានបំណងអនុវត្តការបិទព្រំដែនភាគខាងត្បូងស្ថិតនៅរវាងព្រំដែនអេហ្ស៉ីប និងហ្កាហ្សាដែរ ដើម្បីទប់ស្កាត់ការរត់ពន្ធនានា ចូលទៅក្នុងតំបន់ហ្កាហ្សា។

* តើអាចនឹងមានការរំលាយទីភ្នាក់ងារ UNRWA របស់ UN ឬ?
គោលដៅផ្សេងទៀតរបស់អ៉ីស្រាអែល នៅក្រោយសង្រ្គាមហ្កាហ្សា នោះគឺការបិទទីភ្នាក់ងារផ្ដល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬហៅកាត់ថា UNRWA ដែលត្រូវបានលោក Netanyahu ចោទប្រកាន់ថាបុគ្គលិកមួយចំនួននៃទីភ្នាក់ងារមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ អង្គការសហប្រជាជាតិបានបណ្ដេញបុគ្គលិក UNRWA ដែលជាប់សង្ស័យ និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ ព្រមពេលជាមួយគ្នា​ បណ្ដាប្រទេសមួយចំនួន ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានសម្រេចផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ UNRWA។

* ការទាមទាររបស់អ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែល

ក្រុមអ្នកនយោបាយស្តាំនិយមជ្រុលក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu ដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich និងទីប្រឹក្សាសន្តិសុខជាតិលោក Itamar Ben Gvir បានទាមទារឱ្យបណ្ដេញប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្កាហ្សា ដើម្បីទុកឱ្យនិគមជនអ៉ីស្រាអែលចូលទៅរស់នៅជំនួសវិញ។ ប៉ុន្តែមកទល់នឹងពេលនេះ លោក Netanyahu បានបដិសេធការទាមទារទាំងនេះ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានរិះគន់ផែនការនេះដែរ ដោយនិយាយការពង្រីកការតាំងទីលំនៅ របស់អ៉ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន នឹងរារាំងដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។

* ដំណោះស្រាយរដ្ឋពីរ
លោក Netanyahu បានបន្តច្រានចោល «ដំណោះស្រាយរដ្ឋពីរ» បើទោះជាមានការជំរុញពីបណ្ដាប្រទេសដែលគាំទ្រដំណោះស្រាយនេះក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ដែរក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញការគាំទ្រផងដែរដល់អាជ្ញាធរប៉ាឡេស្ទីន នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Mahmoud Abbas ឱ្យត្រឡប់ទៅដឹកនាំ តំបន់ហ្កាហ្សាក្រោយសង្រ្គាមបញ្ចប់។ អ្នកនាំពាក្យម្នាក់នៃអាជ្ញាធរប៉ាឡេស្ទីន បានចេញមុខទាត់ចោលផែនការរបស់លោក Netanyahu។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ហ្កាហ្សានឹងក្លាយជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនមានឯករាជ្យភាពមួយ ដោយមាន Jerusalem ជារដ្ឋធានី»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រសិនបើពិភពលោកចង់ឱ្យមានសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នោះត្រូវតែបិទបញ្ចប់ការធ្វើអាណានិគមរបស់អ៉ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ហើយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មួយដែលមាន Jerusalem ជារដ្ឋធានីរបស់ខ្លួន៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង