Grand News Asia Close

អ្នកវិភាគ៖ នៅកម្ពុជាពលរដ្ឋក៏ដូចជាកម្មករមានសិទ្ធិសេរីភាពពេញលេញ និងត្រូវបានធានាដោយច្បាប់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 434
អ្នកវិភាគ៖ នៅកម្ពុជាពលរដ្ឋក៏ដូចជាកម្មករមានសិទ្ធិសេរីភាពពេញលេញ និងត្រូវបានធានាដោយច្បាប់ អ្នកវិភាគ៖ នៅកម្ពុជាពលរដ្ឋក៏ដូចជាកម្មករមានសិទ្ធិសេរីភាពពេញលេញ និងត្រូវបានធានាដោយច្បាប់

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត និងបង្កឱ្យមានលំហរសេរីភាពយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលជាសិទ្ធិត្រូវបានលើកកម្ពស់យ៉ាងពេញលេញ និងត្រូវបានធានា​ដោយ​ច្បាប់​របស់ប្រទេស។ នេះគឺជាការអះអាងរបស់លោកបណ្ឌិតយ៉ង់ ពៅ អ្នកវិភាគសង្គម និងអគ្គ​លេខាធិការ​នៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្រាប់អ្នកវិភាគរូបនេះ ទាំងសិទ្ធពលរដ្ឋ និងសិទ្ធរបស់កម្មករនិយោជិត មានសិទ្ធិសេរីភា​ព​ពេញ​លេញ និងត្រូវបានធានាដោយច្បាប់យ៉ាងរឹងមាំ។

លោកបណ្ឌិត យ៉ង់ ពៅ “បើនិយាយពីការប្រៀបធៀបសិទ្ធិរបស់ប្រជាពលរដ្ឋបច្ចុប្បន្នទៅ​នឹង​កាល​ពីអ​តីត​កាល​គឺអាចប្រៀបធៀបបានថាមានវឌ្ឍនភាពឆ្ងាយណាស់។ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន មានទាំងសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ប្រកប​របរ​រកស៊ី ធ្វើការងារ រៀនសូត្រដែលជាសិទ្ធិដ៏ត្រចាស់ត្រចង់ក្នុងសង្គម”។

លោក​បណ្ឌិតសង្កត់ធ្ងន់ថា សិទ្ធដែលទទួលបានពេញលេញ និងបរិបូរណ៍នាពេលបច្ចុប្បន្នេះ គឺដោយ​សារតែសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជា។

លោកបណ្ឌិតបន្ថែមថា “អ្វីដែលជារឿងសំខាន់ត្រង់ថា នៅពេលសង្គមគ្មានសុខសន្តិភាព គ្មានការ​អភិវឌ្ឍ នោះសិទ្ធិរបស់ពលរដ្ឋក៏នឹងត្រូវបាត់បង់ដូចគ្នា ជាក់ស្តែងដូចជាការរស់​នៅ​ក្នុង​សម័យ​សង្គ្រាម​ជាដើម”។

ទន្ទឹមនឹងនេះ បើនិយាយពីសិទ្ធិរបស់កម្មករនិយោជិតវិញ ត្រូវបានលើកកម្ពស់ និងយកចិត្តទុក​ដាក់​ជា​អតិបរមាពីរដ្ឋាភិបាល។ កម្មករទទួលបានប្រាក់បៀវត្សសមរម្យ ដែលធ្វើឱ្យជីវភាព​របស់​ពួក​គាត់​មាន​ភាពល្អ​ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបណ្ឌិត យ៉ង់ ពៅ “ជាក់ស្តែង ស្ថានភាពជីវភាពរបស់កម្មករនិយោជិតកាលពី២០ឆ្នាំមុន ទទួល​បាន​ប្រាក់ខែគោលត្រឹមតែ៤៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ខណៈនៅឆ្នាំ២០២៤នេះ កម្មក​រ​និយោជិត​ទទួល​បានប្រាក់ខែគោល២០៤ដុល្លារក្នុងមួយខែ”។ បន្ថែមពីនេះ រដ្ឋាភិបាលបាន​យក​ចិត្ត​ទុក​ដាក់តាំងពីការស្នាក់នៅ ហូបចុក សុខភាព និងឱកាសការងារថែមទៀតផង។ ជាក់ស្តែង​រដ្ឋាភិបាល​កម្ពុជាគ្រប់អាណត្តិជាពិសេសអាណត្តិទី៦ និងអាណត្តិទី៧នេះ បានដាក់​ចេញ​នូវ​គោល​នយោបាយ ១០ចំណុច រួមមាន៖

១-គ្រប់រោងចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២២ ចំនួន ១៩៤ដុល្លារអាមេរិក ដោយនឹងបើក២ដងក្នុងមួយខែជូនកម្មករនិយោជិត។

២-កម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ប្រាក់ តាមរយៈបេឡាជាតិ​សន្តិសុខ​សង្គមនៃក្រសួងការងារ

៣-កម្មការិនី ទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេល​សម្រាល​កូន

៤-បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ម្នាក់ ថវិកា ៤០​ម៉ឺនរៀល កូន ២នាក់ ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំង​ទទួល​បាន​ថវិកា​បន្ថែម ចំនួន ៥លានរៀល ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់

៥-និយោជក បានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួស​កម្មករ​និយោជិត

៦-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាម​ផ្ទះជួល និងតាមជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត នោតាមតំបន់​ផ្ទះ​ជួល​របស់​កម្មករនិយោជិត

៧-ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានទទួលការអនុម័ត និងដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តផ្នែក​សោធន​សម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅឆ្នាំ​២០២០

៨-អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត ៦ខែម្តង

៩-បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការ​ធ្វើ​ដំណើរ​របស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវគោក

១០-បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផល​ប្រយោជន៍​ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនេះ បង្កលក្ខណៈ​សម្បត្តិ​ឱ្យ​បង​ប្អូន​ទទួល​បាន​របបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

ហើយថ្មី​ៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់​ចេញ​នៅ​គោល​នយោបាយ​ភាគ​ទានស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស ដើម្បី​ធា​នាសុខភាពគ្រួសារ និងការកាត់បន្ថយចំណាយទៅលើការព្យាបាលជំងឺផ្សេងៗ។

ជាមួយ​នឹង​ចំណុចទាំងអស់ខាងលើនេះ អ្នកវិភាគនៃរាជបណ្ឌិតសភាមើលឃើញថា រដ្ឋាភិបាល​ពិត​ជាបា​នផ្តល់សិទ្ធិសេរីភាពពេញលេញបរិបូរណ៍ជូនពលរដ្ឋ និងកម្មករនិយោជិតរបស់ខ្លួន៕ ប្រភព៖ BTV News

អត្ថបទទាក់ទង