Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ « ខួប​អនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ,២៤ មករា ១៩៩៩- ២៤ មករា ២០២៤»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 735

CMF:

អរគុណសន្តិភាព!
អរគុណនយោបាយឈ្នះ-ឈ្នះ!
ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ!

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល
សេនានុព័ន្ធ អនុព័ន្ធយោធានានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;
នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចំណាយពេលចូលរួមពិធីដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមយកឱកាសនេះ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោកទាំងអស់ ដែលមានវត្តមាននៅទីនេះ។

ខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលប្រារព្ធឡើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយបាននិងកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាលើឆាកអន្តរជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយក្តីសង្ឃឹម និងផ្លែផ្កានៃសុខសន្តិភាព។

ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដ៏ស្មោះ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា។ ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ជំនាន់ ដែលបានលះបង់គ្រប់បែបយ៉ាង និងបានលើកទឹកចិត្តឱ្យកូនចៅ ស្វាមី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ចូលរួមបម្រើក្នុងជួរកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និងមាតុភូមិជាទីស្រឡាញ់នៃយើង។ ក្នុងនាមរាជរដ្ឋាភិបាល តាងនាម ខ្លួនខ្ញុំផ្ទាល់ និងប្រជាជនកម្ពុជាទាំងអស់ ខ្ញុំសូមដឹងគុណជានិច្ចចំពោះគ្រប់វីរភាពរបស់យោធិន និងគ្រួសារយោធិនទាំងអស់។

ផ្អែកលើរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំសូមអបអរសាទរ និងសូមកោតសរសើរចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាច ក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ និងនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលស័ក្តិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជាទាំងមូល។ ខ្ញុំពិតជាត្រេកអរចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងខ្ញុំសូមកោតសរសើរដោយស្មោះចំពោះសមត្ថភាព ក្នុងការប្រកាន់ខ្ជាប់នូវតួនាទី និងភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន តាំងពីការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៅឆ្នាំ១៩៩៩ មក។

[ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ដែលនៅក្នុងរយៈពេលខ្លី បានចូលរួមប្រែក្លាយទីបញ្ជាការ ក៏ដូចជាអង្គភាពកងទ័ពជើងគោកឲ្យកាន់តែរឹងមាំនិងស្រស់បំព្រង។

[ចប់សេចក្ដីអធិប្បាយ១]

ដំណើរឆ្លងកាត់រយៈពេល ៤៥ ឆ្នាំ មកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាន និងកំពុងឈានទៅមុខឥត ឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ៤៥ ឆ្នាំកន្លងទៅនេះ គឺជា ៤៥ ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជា ៤៥ ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ថ្ងៃ ៧ មករា ជាចំណុចសូន្យនៃចាប់ផ្តើមកសាងឡើងវិញនូវរាល់សមិទ្ធផលគ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធិសេរីភាព ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសមិទ្ធផលដែលយើងទាំងអស់គ្នាកំពុងឃើញសព្វថ្ងៃនេះ។

កម្ពុជាដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំបន់អសន្តិសុខដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់គ្រងជាម្លប់ដ៏ត្រជាក់។ កម្ពុជា ដែលពីមុនធ្លាប់ត្រូវបានដាក់ឱ្យឯកោ ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ ទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មតំបន់ និងសកល ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពនៅក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(១) ទោះបីទើបបង្កើតនៅឆ្នាំ១៩៩៩ ក៏ដោយ កងទ័ពជើងគោកមានប្រវត្តិចូលរួមរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់ការវិលត្រឡប់នៃរបបនេះ

ចំណុចទាំងនេះបានបញ្ជាក់ឲ្យឃើញថា ទោះបីជាបញ្ជាការដ្ឋានកងទ័ពជើងគោកទើបតែបង្កើតនៅក្នុងរយៈពេល ២៥ឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ក៏ដោយ កម្លាំងរបស់កងទ័ពជើងគោក នាយទាហាន បានចូលរួមគ្រប់ដំណាក់កាលការវិវត្តនៃប្រទេសជាតិ រាប់តាំងពីការចូលរួមកសាងរណសិរ្ស(សាមគ្គី)សង្រ្គោះជាតិឆ្នាំ១៩៧៨។ ខ្ញុំសូមធ្វើការចំណាប់អារម្មណ៍បន្ថែមបន្តិច ពាក់ព័ន្ធនឹងការចូលរួមរបស់កងទ័ពជើងគោក នាយទាហាន នាយទាហានរងរបស់យើង ក្នុងដំណាក់កាលជាង ៤០ឆ្នាំ ក្នុងការវិវត្តប្រែប្រួលនៃស្ថានភាពប្រទេសជាតិរបស់យើង។ កងទ័ពជើងគោក និងនាយទាហានបានចូលរួមគ្រប់ដំណាក់កាលទាំងអស់ ទោះបីជាមិននៅក្រោមឆត្រនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលទើបនឹងបង្កើតនៅឆ្នាំ១៩៩៩ ក៏ដោយ។ ដំណាក់កាលទី១ គឺការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់ការវិលត្រឡប់នៃរបបនេះ។ យើងអាចនិយាយបានថា ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ ១៩៩៨ ដែលយើងអាចបញ្ចប់សង្រ្គាម។ កម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដែលប្រមូលផ្ដុំរៀបចំនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ និងឈានទៅដល់ការវាយរំលំរបបប្រ​ល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ គឺមួយភាគធំជាកម្លាំងដែលប្រែក្លាយទៅជាកម្លាំងកងទ័ពជើងគោកបច្ចុប្បន្ននេះ។ កម្លាំងរណសិរ្សដែលរៀបចំជាកងពលយោធាខេត្ត និងបណ្ដាអង្គភាពសំខាន់ៗជាច្រើនចំណុះអគ្គសេនាធិការ គឺជាកម្លាំងដែលបច្ចុប្បន្នជាកងទ័ពជើងគោករបស់យើង។

(២) កងទ័ពអាចបង្កើតសង្គ្រាម តែក៏អាចរួមចំណែកបញ្ចប់សង្គ្រាម

នៅក្នុងដំណាក់កាលបញ្ចប់សង្រ្គាម និងបង្រួមបង្រួមជាតិ ឯកភាពទឹកដី នៅក្រោមនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ … (យើងបានឃើញថា)កងទ័ពគឺជាកម្លាំងមួយដែលសំខាន់។ កងទ័ពអាចផ្ដើមសង្រ្គាម កងទ័ពក៏ចូលរួមសំខាន់ក្នុងការបញ្ចប់សង្រ្គាម។ ទសវត្សរ៍ទី៧០ រដ្ឋប្រហារគឺដោយសារតែកងទ័ពធ្វើឲ្យប្រ​ទេសធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម ប្រយុទ្ធគ្នា បែកបាក់ទឹកដី។ ប៉ុន្តែ នៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគី ជាពិសេសកងទ័ពអតីតខ្មែរក្រហម … បើសិនជាគ្មានការចូលរួមរបស់កងទ័ព និងបណ្ដាមេបញ្ជាការតាមបណ្ដាអង្គភាព កងពល ការចូលរួមរបស់មេដឹកនាំនយោបាយ របស់អតីតអង្គការចាត់តាំងខ្មែរក្រហម ក៏(ការបញ្ចប់សង្គ្រាម)មិនជោគជ័យដែរ។ ប្រទេសច្រើនណាស់ធ្លាក់ក្នុងសង្គ្រាមដោយសារកងទ័ពធ្វើរដ្ឋប្រហារ ដោយសារកងទ័ពបះបោរមិនស្តាប់មេដឹកនាំនយោបាយ។

(៣) កងទ័ពជើងគោក ជាស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះឆ្នាំ ១៩៩៨

នៅក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗ​ ក្នុងនោះកងទ័ពគឺជាស្នូល កងទ័ពគ្រប់ភាគី ទាំងរាជរដ្ឋាភិបាលនិងភាគីខ្មែរក្រហម ដែលបច្ចុប្បន្នឯកឧត្តមមេបញ្ជាការជាច្រើនបាននៅជាមួយគ្នា រាប់ទាំងនៅក្នុងបណ្តាអង្គភាពកំពុងបំពេញភារកិច្ចផង នាយទាហានខ្លះក៏បានចូលនិវត្តន៍ នាយទាហានខ្លះក៏បានទទួលមរណភាព នាយទាហានខ្លះក៏បានទៅកាន់តួនាទីនយោបាយ ប៉ុន្តែពាក់ឯកសណ្ឋាន និងឈ្មោះតែមួយ។ ក្នុងនោះកម្លាំងធំ គឺកម្លាំងកងទ័ពជើងគោក ដែលកម្លាំងទាំងនោះបានប្រែក្លាយពីកម្លាំង ២ភាគីខុសគ្នា ទៅជាកម្លាំងតែមួយ គឺកម្លាំងនៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះ ការចូលរួមរបស់កម្លាំងកងទ័ពជើងគោក គឺជាស្នូលនៅក្នុងការអនុវត្តជោគជ័យនៃនយោបាយឈ្នះឈ្នះនៅឆ្នាំ ១៩៩៨

(៤) យុទ្ធសាស្ត្រត្រីកោណ ១៩៩៨ដល់២០០៣ ធ្វើសន្តិភាវូបនីយ៍កម្ម

នៅក្នុងដំណាក់កាលអនុវត្តយុទ្ធសាស្ត្រត្រីកោណដំបូង ១៩៩៨-២០០៣ ដែលហៅថាដំណាក់កាលបង្រួបបង្រួមជាតិ ស្នូលនៃដំណាក់កាលនោះគឺការធ្វើសន្តិភាវូបនីយកម្ម។ សម្តេចអគ្គមហាសេនាបតីតេជោ បាន(ដាក់ចេញនូវយុទ្ធសាស្ត្រនេះ)។ តើសន្តិភាវូបនីយកម្មបានន័យថាម៉េច? គឺការធ្វើយ៉ាងណាឲ្យសន្តិភាពដែលទើបតែរកបាននៅឆ្នាំ ១៩៩៨នេះ (ហើយដែល)បញ្ចប់សង្គ្រាម ៥០០ឆ្នាំ (បន្តគង់វង់ដោយ)មានចីរភាព និងមាននិរន្តរភាព។ បានន័យថាកងកម្លាំងទាំងអស់ឈប់ត្រឡប់ទៅប្រយុទ្ធគ្នាតទៅទៀត។ ការឈប់បាញ់ក្នុងមួយរយៈ មិនប្រាកដថាអាចបញ្ចប់សង្គ្រាមនោះទេ បើគ្មានការទុកចិត្តគ្នា។

(៥) ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកឆ្នាំ ១៩៩៩ ដើរតួនាទីស្នូលក្នុងការធ្វើសមាហរណកម្មប្រកបដោយចីរភាព

ក្នុងន័យនេះ កងទ័ពជើងគោកដើរតួនាទីសំខាន់ណាស់។ ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៅក្នុងដើមឆ្នាំ ១៩៩៩ ក្រោយពីបញ្ចប់សង្គ្រាម ដើរតួនាទីស្នូលនៅក្នុងការថែរក្សាយន្តការនេះ។ កងកម្លាំងទាំងអស់ត្រូវបង្រួមពីកងពលផ្សេងរបស់អតីតខ្មែរក្រហម។ កន្លែងខ្លះចូលគ្នាជាមួយកងពលនៃកងទ័ពរដ្ឋាភិបាលដើម្បីបង្កើតកងពល។ បើសិនជាគ្មានយន្តការដឹកនាំរួមសម្របសម្រួលទេ ការធ្វើសមាហរណកម្មប្រ​ហែលជាមិនអាចមានចីរភាព និងមាននិរន្តរភាពទេ ព្រោះកម្លាំងដែលធ្លាប់ប្រយុទ្ធគ្នា ៣០ ឆ្នាំជាង កម្លាំងដែលដាក់ផែនការមិនទុកចិត្តគ្នាក្នុងជាង ៣ទស្សវត្សរ៍ មិនអាចងាយស្រួលក្នុងការធ្វើឲ្យទុកចិត្តគ្នាក្នុងមួយថ្ងៃនោះទេ។ វាទាមទារនូវពេលវេលា។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនេះ ផ្អែកទៅលើភាពជាក់ស្តែង​និយម ដែលថា ៥ឆ្នាំដំបូង អាទិភាពធំគឺសន្តិភាវូបនីយកម្ម ស្របជាមួយអាទិភាពជាគោលដៅផ្សេងទៀត គឺសមាហរណកម្មកម្ពុជានៅក្នុងឆាកអន្តរជាតិ។ ប៉ុន្តែធំជាងគេគឺសន្តិភាពផ្ទៃក្នុង។ អញ្ចឹងការចូលរួមរបស់កងទ័ពជើងគោកនៅក្នុងដំណាក់កាលនោះ គឺជាដំណាក់កាលដ៏សំខាន់ដែលកងទ័ពទាំងអស់រួបរួមគ្នា ហើយត្រូវបង្កើននូវបរិស្ថានទុកចិត្តគ្នា និងសហការគ្នា។ ក្នុងន័យនេះ ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោកទី១ ដែលបានដឹកនាំសម្របសម្រួល និងធានាការអនុវត្តសន្តិភាវូបនីយកម្មសម្របសម្រួលបញ្ចូលកងកម្លាំងចូលគ្នា និងបង្កើតបរិស្ថានឲ្យមានការទុកចិត្តគ្នា។

(៦) សន្តិភាពបានពីការចូលរួមនិងទុកចិត្តគ្នារបស់កងទ័ពគ្រប់ភាគីជាកងទ័ពជាតិតែមួយ

បើសិនជាកងទ័ពប៉ុន្មានភាគីអត់មានភាពម្ចាស់ការ ទុកចិត្តគ្នា ភាពកក់ក្តៅជាមួយគ្នា សហការគ្នាបាន ខ្ញុំថាផុយស្រួយណាស់នៅដំណាក់កាលឆ្នាំដំបូងៗ ជាពិសេសនៅឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣ នេះ … សូមអរគុណនាយទាហានគ្រប់ជាន់ថ្នាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមអគ្គមេបញ្ជាការនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន មេបញ្ជាការបណ្តាអង្គភាពគ្រប់ប្រភេទទ័ពទាំងអស់ និងអគ្គបញ្ជាការ ដែលបានចូលរួមធ្វើឲ្យនយោបាយឈ្នះឈ្នះ ក្លាយទៅជាដំណោះស្រាយមានចីរភាព ដែលពន្លត់សង្គ្រាម ៥០០ ឆ្នាំនៅក្នុងទឹកដីយើងដោយចីរភាព។ បើគ្មានការចូលរួមរបស់កងទ័ព ដែលធ្វើឲ្យកងទ័ពគ្រប់ភាគីដែលចូលជាមួយគ្នាមានអារម្មណ៍ថាយើងជាកងទ័ពតែមួយ មិនមានភាពភ័យខ្លាចឬមិនទុកចិត្តគ្នាថាថ្ងៃណាមួយនឹងត្រូវបែកទៅវិញនោះ យើងមិនអាចជោគជ័យដល់ប៉ុណ្ណេះទេ។

ក្នុងពេលដែលយើងអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ យើងត្រូវពិនិត្យនិងទទួលស្គាល់ និងចាំឲ្យច្បាស់នូវគន្លឹះដែលអាចយើងបានរាល់ថ្ងៃនេះ ជាពិសេសការអនុវត្តដ៏ជោគជ័យនូវនយោបាយឈ្នះឈ្នះដែលធ្វើឲ្យប្រទេសជាតិយើងចប់សង្គ្រាម ថែរក្សាបាននូវសន្តិភាព ការឯកភាពទឹកដីពេញលេញ ការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ដែល(ក្នុងរយៈកាល) ៥០០ ឆ្នាំយើងមិនដែលមាន។ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ហើយជាពិសេសគឺកងទ័ពជើងគោកនេះឯង។ អញ្ចឹងក្នុងឱកាសនេះ គឺសូមចូលរួមដើម្បីអបអរសាទរ និងដឹងគុណចំពោះនាយទាហានយើងនៅក្នុងដំណាក់កាលដ៏លំបាកនេះ។

(៧) ដំណាក់កាលកសាងសង្គមជាតិ តាមយុទ្ធសាស្ត្រចតុកោណ ២០០៣ ដល់ ២០២៣ ប្រែក្លាយពីការប្រ​យុទ្ធគ្នាផ្ទៃក្នុង ទៅជាកងទ័ពពង្រឹងសមត្ថភាពការពារជាតិ

ដំណាក់កាលអនុវត្តទី២ គឺដំណាក់កាលកសាងសង្គមជាតិ យុទ្ធសាស្ត្រចតុកោណ ២០០៣-២០២៣ ដែលប្រ​ទេសជាតិយើងបានរីកចម្រើនមកដល់ពេលនេះ។ មូលដ្ឋានធំបំផុត គឺសុខសន្តិភាព ស្ថិរភាពសង្គម។ បើគ្មានសន្តិភាព យើងមិនអាចអភិវឌ្ឍប្រទេស និងធានាបានការឯកភាពទាំងជាតិ ទាំងកងទ័ពរបស់យើងនោះទេ។ អញ្ចឹងនេះជាមូលដ្ឋានធំដែលអាចឲ្យយើងឈានពីប្រទេសក្រីក្រទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប ធ្វើឲ្យប្រជាពលរដ្ឋយើងបានជីវភាពកើនឡើងជាលំដាប់ ដោយអត្រាភាពក្រីក្រឆ្នាំ ១៩៩៧ ជាង ៥០% បានធ្លាក់មកចុះក្រោម ១០% នៅមុនកូវីដ-១៩ ហើយឥឡូវនៅត្រឹម ១៧%។ (យុទ្ធសាស្ត្រចតុកោណបាន)ធ្វើឲ្យលទ្ធភាពរបស់កងទ័ពរបស់យើងប្រែក្លាយពីកងទ័ពប្រយុទ្ធហែកហួរគ្នាផ្ទៃក្នុង ទៅជាកងទ័ពដែលពង្រឹងសមត្ថភាពដើម្បីការពារជាតិ។ អញ្ចឹងសុខសន្តិភាពនេះក៏មានតួនាទី និងការចូលរួមសំខាន់ពីកងកម្លាំងប្រដាប់អាវុធ ដែលក្នុងនោះកងទ័ពជើងគោកយើងផងដែរ។

(៨) មានមោទនភាពចូលរួមដឹកនាំ/កសាង/ពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ថែរក្សាសន្តិភាពនិងបង្កលក្ខណៈអភិវឌ្ឍន៍

ខ្ញុំក៏មានមោទនភាពដែលបានចូលរួមមួយរយៈពេលខ្លីក្នុងការដឹកនាំ និងការកសាង ពង្រឹងកងទ័ពជើងគោក បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា នៅក្នុងរយៈពេល ៥ ឆ្នាំ គាំទ្រដល់ការអភិវឌ្ឍនៃកងទ័ព ការវិវត្តន៍នៃប្រទេសជាតិ តាមរយៈការពង្រឹងនូវកម្លាំងទ័ព ពង្រឹងនូវសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីថែរក្សាសន្តិភាព និងបង្កលក្ខណៈឲ្យការអភិវឌ្ឍ។ នៅក្នុងដំណាក់កាលនេះ កងទ័ពយើងបានថែរក្សានិងកសាងបម្រើទៅដល់ការវិវត្តន៍ ក្នុងនោះការចូលរួមជួយប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព សន្តិសុខសង្គម ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័។ល។ កងវិស្វកម្មយើងក៏បានដើរ​តួ​នាទីសំខាន់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងតំបន់ដែលធ្លាប់ជាអតីតសមរភូមិ។ ក្រុម​ហ៊ុនឯកជនអត់ទៅធ្វើ(វិនិយោគ)ទេ ក្នុងកន្លែងសមរភូមិ។

(៩) កងទ័ពជើងគោកចូលរួមអនុវត្តចក្ខុវិស័យ “កម្ពុជាជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥”

ចាំបាច់ត្រូវមានកងវិស្វកម្មដោះមីនផង ធ្វើផ្លូវផង។ ខ្ញុំតែងតែនិយាយជាមួយនឹងឯកឧត្តម អ៊ុច វណ្ណថា ថា កងវិស្វកម្មធ្វើទាំងពីរ ដាក់(មីន)ក៏វិស្វកម្ម ដោះក៏វិស្វកម្ម។ ជំនាន់វាយគ្នា គឺវិស្វកម្មទៅដាក់មីន។បើត្រូវកាត់ផ្ដាច់ស្ពាន ក៏វិស្វកម្ម។ ដល់ពេល(មានសន្ដិភាព)ហើយ ត្រូវធ្វើវិញ។ ប៉ុន្តែដាក់ផ្ដាច់លឿនជាងការធ្វើ(ឡើងវិញ)។ ដាក់មីនមួយព្រឹក តែដោះវិញប្រហែលជាចង់មួយខែ។ ចំពោះកម្ពុជាយើង មីនខ្លះគឺលំបាក(ដោះ) ហើយមកដល់ម៉ោងនេះ ជាមោទនភាព យើងបានរំដោះខេត្តជាច្រើនឱ្យផុតពីគ្រាប់មីន ទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្ដេចតេជោដែលចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលគ្មានមីននៅឆ្នាំ ២០២៥។ កងទ័ពជើង​គោក​របស់យើងក៏បានចូលរួមនៅក្នុងកិច្ចការងារនេះដែរ

(១០) កងទ័ពជើងគោកលើកកម្ពស់កិត្តិយសជាតិ តាមរយៈការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

ជាការលើកកម្ពស់កិត្តិយសជាតិនៅលើឆាកអន្តរជាតិ ដែលកងទ័ពជើងគោករបស់យើងក៏បានចូលរួមនៅក្នុងការបំពេញបេសកកម្មនៅក្រោមឆត្រអង្គការសហប្រជាជាតិ ជាមួយបណ្ដាអង្គភាពផ្សេងៗ ដែលបំ​ពេញភារកិច្ចមិនត្រឹមតែការពារសុខសន្ដិភាពរបស់ប្រទេសយើង តែបានទៅជួយការពារសុខសន្ដិភាពនៅក្នុងប្រទេសផ្សេងៗ។ កាលពីខ្ញុំទៅបារាំងលើកនេះ ក៏មានសំណូមពរឱ្យកម្ពុជាពិចារណាក្នុងការបញ្ជូនកងទ័ពបន្ថែម ដោយសារកងទ័ពយើងមានកេរ្ដិ៍ឈ្មោះនិងកិត្តិយស ដើម្បីទៅជួយថែរក្សាសន្ដិភាពតាមបណ្ដាប្រ​ទេសផ្សេងៗទៀត។ ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់យើង មាត្រាទី ៥៣ បានបញ្ជាក់ថា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពយើងនៅខាងក្រៅប្រទេសទេ បើមិននៅក្រោមឆត្រអង្គការសហប្រជាជាតិ។ យើងនឹងបន្តចូលរួមជា​មួយនឹងយន្តការរបស់អង្គការសហប្រជាជាតិថែរក្សាសុខសន្ដិភាពនៅតាមបណ្ដាប្រទេស ព្រោះយើងយល់អំពីផលលំបាកនៃសង្រ្គាម ពីភាពវេទនារបស់ប្រជាពលរដ្ឋដោយសារសង្រ្គាម។

(១១) កងទ័ពជើងគោកធ្វើកំណែទម្រង់ដើម្បីការពារទឹកដី ការពារជាតិ សុខសន្ដិភាពជូនប្រជាពលរដ្ឋ

កងទ័ពជើងគោកក៏បានធ្វើការកំណែទម្រង់ជាច្រើននៅក្នុងរយៈពេល ២៥ឆ្នាំនេះ ដើម្បីឈានទៅជាកងទ័ពមួយដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួមគ្នា ទៅជាកងទ័ពជាតិមួយដែលមានស្មារតីរឹងមាំ ហើយពង្រឹងសមត្ថភាពខ្លួនដើម្បីការពារទឹកដី ការពារជាតិ និងសុខសន្ដិភាពជូនប្រជាពលរដ្ឋ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត ហៅថាដំណាក់កាលបន្ដនិងការកសាងសង្គមជាតិ និងកំណែទម្រង់ ពីឆ្នាំ ២០២៣ ទៅថ្ងៃអនាគត រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវដាក់ចេញនូវគោកនយោបាយជាច្រើនដើម្បីបន្តពង្រឹងនូវសមិទ្ធផលផ្សេងៗ និងកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក៏ត្រូវជាកម្លាំងស្នូលនៅក្នុងការថែរក្សាបរិស្ថានដើម្បីការអភិវឌ្ឍនេះ។

ត្រូវថែរក្សាសុខសន្ដិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។ ស្ថិរភាពសង្គម សន្ដិសុខសម្រាប់ប្រជាពលរដ្ឋ ត្រូវតែធ្វើ ដើម្បីធានានូវបរិស្ថាននៅក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងបរិយាបន្ន ធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពកក់ក្ដៅ ប្រជាពលរដ្ឋយើងមានសមត្ថភាព លទ្ធភាព ដើម្បីប្រកបរបរចិញ្ចឹមជីវិត ចូលរួមជាកម្លាំងពលកម្មរបស់ជាតិរបស់យើង។ ក្នុងតួនាទីរបស់កងទ័ព និយាយដោយឡែក គឺកងទ័ពជើងគោកក៏ត្រូវចូលរួមនៅក្នុងកិច្ចការងារនេះ បន្តធ្វើកំណែទម្រង់និងបង្កើនសមត្ថភាពកងទ័ពធានាប្រសិទ្ធភាព ប្រតិ​បត្តិ​ការបានជោគជ័យនៅក្នុងរយៈពេលវែង។ កិច្ចការទាំងអស់នេះ ខ្ញុំនិយាយដោយសង្ខេប នៅក្នុងដំណាក់កាលទាំងប៉ុន្មាន ដែលកម្លាំងនៃកងទ័ពជើងគោក ជាពិសេស នាយទាហាន នាយទាហានរង ពលទាហានរបស់កងទ័ពជើងគោក បានចូលរួមជាកម្លាំងជាតិដ៏សំខាន់ នៅក្នុងគ្រប់ទាំង ៥ដំណាក់កាល។ ខ្ញុំនិយាយតែត្រឹមដំណាក់កាលនៃការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍នោះទេ។

(១២) កងទ័ពត្រូវបំពេញភារកិច្ចស្នូលគឺរក្សាសុខសន្តិភាព កុំអោយប្រវត្តិសាស្ត្រសាដាន

ការងារស្នូលរបស់កងទ័ពជើងគោក ជាមួយនឹងគ្រប់គ្រប់កម្លាំងទាំងអស់របស់ជាតិ បានដើរតួនាទីសំខាន់ណាស់។ តួនាទីនេះ មិនទាន់ចប់ទេ។ តួនាទីនេះ គឺត្រូវចូលរួមបន្ថែមទៀត។ កងទ័ពគឺជាកម្លាំងមួយដែលអាចធ្វើឱ្យផ្ទុះសង្រ្គាម ឬមួយក៏រក្សាសន្ដិភាព។ ជាកម្លាំងស្នូលធំណាស់ … យើងមើលទៅប្រទេសនានាដូចជានៅអាហ្វ្រិក គឺកងទ័ពធ្វើឱ្យប្រទេសអស្ថិរភាព។ បណ្ដាប្រទេសដែលអនុវត្តចលនាបះបោរផ្សេងៗ មិនផ្លាស់ប្ដូរតាមលទ្ធិប្រជាធិបតេយ្យភាគច្រើនគឺប្រើប្រាស់កងទ័ព។ ជាក់ស្ដែង កម្ពុជាខ្លួនឯង។ ការផ្លាស់ប្ដូរតាមរយៈការធ្វើរដ្ឋប្រហារ បានធ្វើឱ្យយើងវេទនា។ អញ្ចឹងកុំឱ្យមានការសាដានប្រវត្តិនេះឡើងមកវិញ។ (កុំឱ្យមាន)បញ្ហានេះកើតមាននៅលើទឹកដីអង្គររបស់យើង។ កងទ័ពត្រូវតែបំពេញភារកិច្ចស្នូល ធ្វើយ៉ាងណា(រក្សាសុខសន្តិភាពអោយបាន)

(១៣) កំណែទម្រង់កងទ័ព ត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាសុខសន្ដិភាព

ខ្ញុំសូមនិយាយបន្ដិចអំពីកំណែទម្រង់ ឬគោលដៅនៅក្នុងការធ្វើបដិវត្តនៃកងកម្លាំងប្រដាប់អាវុធយើង ឱ្យទៅ​ជាកម្លាំងទំនើប មានសមត្ថភាព ធានាបានភាពម្ចាស់ការក្នុងការការពារអធិបតេយ្យភាព សុខសន្ដិភាព ឯករាជ្យភាពរបស់ជាតិ និងធានាបាននូវការអភិវឌ្ឍប្រទេសជាតិ។ តើកំណែទម្រង់កងទ័ព ផ្អែកលើមូលដ្ឋានអ្វីកំណែទម្រង់កងទ័ព ត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម … កែយ៉ាងម៉េចក៏ដោយ កុំឱ្យបាត់អត្តសញ្ញាណ និងស្មារតីនៅក្នុងការការពារជាតិ។ ការស្មោះត្រង់ដាច់ខាតចំពោះជាតិ និងប្រជាជន គឺជាមូលដ្ឋាននិងស្មារតីនៃមូលដ្ឋានធ្វើកំណែទម្រង់កងទ័ព។ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាសុខសន្ដិភាពឱ្យបានជាដាច់ខាត។ ការកែទម្រង់ ទំនើបកម្មយ៉ាងណាក៏ដោយ ត្រូវផ្អែកលើមូលដ្ឋាននេះឯង។ ពង្រឹងកម្លាំងជាតិបម្រើប្រទេសជាតិនិងប្រជាជន ការពារឱ្យបានដាច់ខាតនូវជាតិសាសនា ព្រះមហាក្សត្រ និងថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្ដិភាពនិងស្ថិរភាពជូនប្រទេសជាតិរបស់យើង …។

[ចប់សេចក្តីអធិប្បាយ២]

ទី ២ ជាតិនិយម ក្រៅពីពង្រឹងស្មារតី គឺបានន័យថា ពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិ ដើម្បីធានាជោគជ័យនៅគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងដើម្បីឈានទៅសម្រេចបាននូវភាពម្ចាស់ការលើគ្រប់ជំនាញ នៃកងទ័ពរបស់យើង។ បានន័យថា ពង្រឹងសមត្ថភាព ឯករាជ្យម្ចាស់ការលើគ្រប់វិស័យទាំងអស់របស់កងទ័ព នេះគឺការកែទម្រង់ ផ្អែកលើស្មារតីជាតិនិយម។

ទី ៣ គឺការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកងទ័ព នៃប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់នូវកិត្យានុភាព នៃកងទ័ពកម្ពុជានៅលើឆាកអន្តរជាតិ។

[ផ្តើមសេចក្តីអធិប្បាយ៣]

(១៤) ស្មារតីជាតិនិយមគឺ ស្មោះត្រង់ដាច់ខាតនឹងជាតិមាតុភូមី ពង្រឹងសមត្ថភាពកងទ័ព លើកកំពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

អញ្ចឹងស្មារតីទាំង ៣នេះ ជាមូលដ្ឋាននៃការធ្វើកំណែទម្រង់។ (១) ស្មារតីស្មោះត្រង់ដាច់ខាត(ជាមួយនឹង)ជាតិមាតុភូមិ ការពារសុខសន្ដិភាព ជាតិ សាសនា ព្រះមហាក្សត្រ, (២) ពង្រឹងសមត្ថភាពកងទ័ព ក្លាយទៅជាកងទ័ពជាតិមួយដែលមានសមត្ថភាពម្ចាស់ការលើគ្រប់វិស័យ និង៣ ចូលរួមនៅក្នុងការលើកកម្ពស់កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ។ អញ្ចឹងស្មារតីទាំង ៣នេះ ជាទិសដៅនៃកំណែទម្រង់ ដែលខ្ញុំហៅថា ស្មារតីជាតិនិយមនោះឯង ដើម្បីឱ្យកងទ័ពខ្លាំង ម្ចាស់ការបុព្វហេតុជាតិមាតុភូមិ។ ចំពោះកិច្ចការកំណែទម្រង់កងទ័ព ខ្ញុំសូមលើកបន្ដិច។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ កំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ ក្រ​សួង​ការ​ពារជាតិ អគ្គបញ្ជាការតាមប្រភេទទ័ពទាំងអស់ គឺបានដឹកនាំ ជំរុញកែសម្រួល និងធ្វើទំនើបកម្ម ក៏ដូចជាការធ្វើកំណែទម្រង់ជាតិច្រើន។ ខ្ញុំសូមអរគុណជូនចំពោះសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី ដែលតែងតែផ្ដល់ការគាំទ្រ និងផ្ដល់អនុសាសន៍ដឹកនាំ ណែនាំ ចង្អុលផ្លូវកងយោធពលខេមរភូមិន្ទ នៅក្នុងការកែទម្រង់ ដើម្បីបង្កើនប្រសិទ្ធភាព និងធានាសមត្ថភាពការពារជាតិ។

សូមអរគុណជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ អតីតនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងការចង្អុលបង្ហាញ ការអនុវត្តន៍ និងផ្តល់ឱកាសជូនដល់បណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងប្រភេទទ័ព នៅក្នុងការជំរុញកំណែទម្រង់។ សូមអរគុណជូនដល់ ឯកឧត្តម នាយកឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួម និងគាំទ្រទៅដល់ការកំណែទម្រង់ និងដឹកនាំនៅក្នុងការកំណែទម្រង់កងទ័ព ធ្វើឱ្យកងទ័ពធានាបានចីរភាពរយៈពេលវែង។ សមត្ថភាពកងទ័ពយើង ៤០ឆ្នាំនេះ បានបង្កើនច្រើន និងមានសមិទ្ធផលបានច្រើន។ អ្វីដែលជាកិច្ចការសំខាន់គឺត្រូវធានានូវសមត្ថភាពការពារសមិទ្ធផលដែលកងទ័ពយើងបានប្រឹងលះបង់ និងធ្វើពលីកម្មជាច្រើន (នាំប្រទេសជាតិឈាន)បានមកដល់ប៉ុណ្ណេះ។ ត្រូវពង្រឹងបន្ថែមទៀត ដើម្បីកៀរគនិងកសាងសមិទ្ធផលផ្សេងទៀតជូនជាតិមាតុភូមិនៅក្នុងវិស័យការពារជាតិ។

(១៥) ការធ្វើកំណែទម្រង់ផ្តោតលើចក្ខុវិស័យបរិវត្តកម្មនិងទំនើបកម្មកងទ័ព ដើម្បីឆ្លើយតបបានទៅការប្រែប្រួលសភាពការណ៍

ការធ្វើកំណែទម្រង់ផ្តោតទៅលើគោលការណ៍សំខាន់ ផ្តោតទៅលើគោលដៅចក្ខុវិស័យ ក្នុងការធ្វើបរិវត្តកម្ម ការធ្វើទំនើបកម្មកងទ័ព។ ពាក្យថាទំនើបកម្ម និងបរិវត្តកម្ម បានន័យថា ប្រែក្លាយជាជំហានៗ នូវកងទ័ព ឬអង្គភាព/ស្ថាប័នមួយ ទៅជាស្ថាប័នមួយដែលអាចឆ្លើយតបទៅនឹងការប្រែប្រួលនៃសភាពការណ៍ ការប្រែ​ប្រួលនៅមូលដ្ឋានប្រតិបត្តិការ ការធានានូវភាពរឹងមាំលើគ្រប់វិស័យ។ យើងបានធ្វើកិច្ចការនេះ ៤៥ឆ្នាំ តាំងពីកងទ័ពជើងគោកបង្កើតមកនៅដំណាក់កាលទី១ ពីឆ្នាំ ១៩៩៨ – ១៩៩៩ ដែលពេលនោះកងទ័ពខុសគ្នា ដែលធ្លាប់តែប្រយុទ្ធគ្នា ធ្លាប់តែធ្វើផែនការសម្លាប់គ្នាទៅវិញទៅមក ចូលជាមួយគ្នា កែទម្រង់ បង្រួមក្បាលអង្គភាពច្រើនចូលមកក្នុងអង្គភាពតែមួយ … បើសិនជាគ្មានការធ្វើបរិវត្តកម្មនិងកំណែទម្រង់ទេដំណាក់កាលនោះពិតជាពិបាក។ កែទម្រង់ទាំងផ្នត់គំនិត កែទម្រង់ទាំងការងារ កែទម្រង់ទាំងរបៀបរបបដឹកនាំ ដើម្បីប្រែពីកងទ័ពដែលធ្លាប់តែវាយគ្នា(ឱ្យ)ចូលមកជាមួយគ្នា ហើយដាក់ចិត្តដាក់ថ្លើមរួមគ្នាកសាងកងទ័ពជាតិមួយរឹងមាំ។

(១៦) កែសំរួល៣៖ រចនាសម្ព័ន្ធ កសាងសមត្ថភាពកងទ័ព និងការបំពាក់សម្ភារៈ

ដំណាក់កាលកំណែទម្រង់ ៥ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ដែលខ្ញុំបានចូលរួមផ្ទាល់គឺផ្អែកទៅលើមូលដ្ឋាននៃសមិទ្ធផលពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៨ នេះឯង។ យើងកែសម្រួលបន្តលើមូលដ្ឋាននេះ។ ពង្រឹងនូវសមិទ្ធផល ថែរក្សានូវសមិទ្ធផលវិជ្ជមានទាំងអស់ដែលបានកសាងពីដំណាក់កាលដែលលំបាក រហូតមកដល់យើងមានសមិទ្ធផលជាច្រើននៅឆ្នាំ ២០១៨ ហើយចាប់ផ្តើមកែសម្រួលបន្តទៀត។ ការកែសម្រួលទាំងអស់នោះ ផ្អែកទៅលើគោលការណ៍ឬមុខព្រួញ៣ គឺការកែសម្រួលរចនាសម័្ពន្ធ ពង្រឹងរបៀបរបបការងារ ការកសាងសមត្ថភាពកងទ័ពនិងការងារបំពាក់ រួមទាំងសមត្ថភាពស្វ័យធានា

ក្នុងចំណុចទី១ ពាក់ព័ន្ធទៅនឹងរចនាសម័្ពន្ធ និងពង្រឹងរបៀបរបបការងារនេះ យើងបានធ្វើកិច្ចការងារបន្ថែម ឧទាហរណ៍៖ ការផ្ទេរកម្លាំងថ្មើរជើងទាំងអស់មកក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក។ ការរៀបចំបណ្តាអង្គភាពមួយចំនួនឱ្យស្របទៅតាមតម្រូវការ ភារកិច្ចថ្មី និងហានិភ័យថ្មី។ ជាក់ស្តែងដូចជាការបង្កើតនូវកម្លាំងសង្គ្រោះគ្រោះមហន្តរាយតាមបណ្តាយោធភូមិភាគ កងពលតូច ការបង្កើតក្រុមប្រឆាំងភេរវកម្ម ដើម្បីឆ្លើយទៅនឹងសង្គ្រាមថ្មី ហានិភ័យថ្មី ការគំរាមគំហែងដោយសន្តិសុខប្រភេទថ្មី។

ការរៀបចំនិងពង្រឹងកងដោះមីនដើម្បីចូលរួមនៅក្នុងការប្រតិបត្តិការដោះមីន ដែលយើងបានទទួលភារកិច្ចថ្មីពីរដ្ឋាភិបាលបង្កើនកម្លាំងតាមបណ្តាស្ថាប័ននិងអង្គភាពដោះមីន ដែលពីមុនមកយើងមាននៅក្រោមឆត្ររបស់អាជ្ញាធរមីន។ ការបង្កើតនិងកែសម្រួលស្ថាប័នអង្គភាពជំនាញមួយចំនួនចំណុះឱ្យកងទ័ពជើងគោក និងបណ្តាអង្គភាពដើម្បីធានាជំនាញ។ ការកែសម្រួលរចនាសម្ព័ន្ធកម្លាំងពីបណ្តាអង្គភាព ក៏ដូចជាការពង្រឹងខ្សែរយៈដឹកនាំបញ្ជាជំនាញផ្សេងៗ។ កិច្ចការទាំងអស់សំខាន់ណាស់ ជាពិសេសជំនាញភស្តុភារ ជំនាញបច្ចេក​ទេស ជំនាញផ្សេងៗ ត្រូវពង្រឹងដើម្បីធ្វើយ៉ាងណាមានឋានានុក្រមនៅក្នុងការដឹកនាំបញ្ជាឱ្យបាន។ អញ្ចឹងការធ្វើ ៥ឆ្នាំនេះ ត្រូវបន្តបំពេញ បន្តកំណែទម្រង់រចនាសម្ព័ន្ធ និងពង្រឹងរបៀបរបបការងារនេះ។

(១៧) មិនអាចប្រយុទ្ធសង្គ្រាមអនាគត ផ្អែកលើយុទ្ធវិធីអតីតកាលទាំងអស់នោះទេ

ខ្ញុំសូមឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក បន្តរចនាសម្ព័ន្ធដែលបានកែសម្រួលរួចហើយ ពង្រឹងសមត្ថភាពកម្លាំងដែលបានរៀបចំរួច មានការបំពាក់ផ្សេងៗ បន្តពិនិត្យក្នុងករណីចាំបាច់ដើម្បីធ្វើការកំណែទម្រង់រចនាសម្ព័ន្ធបន្ត។ សភាពការណ៍ប្រែប្រួល សភាពការណ៍វិវត្តន៍ បច្ចេកវិទ្យា យុទ្ធវិធីវិវត្តន៍ ទាមទារឱ្យកងកម្លាំងរបស់យើងត្រូវវិវត្តន៍ផងដែរ។ យើងមិនអាចប្រយុទ្ធក្នុងសង្គ្រាមអនាគតផ្អែកលើយុទ្ធវិធីអតីតកាលទាំងអស់នោះទេ។ កាលពីជំនាន់មុន យើងអត់មានដ្រូនដែលហោះទម្លាក់គ្រាប់បែកទេ។ យើងអត់មាន Searchlight សម្រាប់ស៊ើបការនោះទេ។ យើងអត់មានប្រភេទគ្រាប់ប្រឆាំងលេណដ្ឋានកម្រិតណានោះទេ។ យើងអត់មានហានិភ័យនៅក្នុងការប្រើប្រាស់សព្វាវុធថ្មីៗមួយចំនួននោះទេ។

(១៨) សិក្សាបច្ចេកវិទ្យាទំនើប បង្កាទប់ទល់ហានីភ័យបែបថ្មី ពង្រឹងខ្សែរយៈដឹកនាំជំនាញ

ដើម្បីធានាបាននូវការកំណែទម្រង់ យើងត្រូវពិនិត្យមើលនិងធានាការចាំបាច់សិក្សាបច្ចេកវិទ្យាថ្មីៗ ការដាក់ចេញ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ខ្ញុំឃើញអាវុធរបស់យើងជាច្រើនបច្ចុប្បន្ន ត្រូវប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ គឺប្រើ GPS។ កាលមុនទម្រាំហៅនិយាមការ ហៅអាវុធគាំទ្រទម្រាំតែត្រូវកែប៉ុន្មានដង។ ឥឡូវគេប្រើ GPS។ អាវុធខ្លះទៅរកសៀវភៅបាញ់អត់បាន សួរទៅថាម៉េចបានអត់សៀវភៅបាញ់? ព្រោះអីគេលែងប្រើហើយ គេប្រើ GPS។ អញ្ចឹងទាមទារនូវការរៀបចំការហ្វឹកហ្វឺនរចនាសម្ព័ន្ធដើម្បីឆ្លើយតប។

ប្រភេទនៃហានិភ័យក៏ប្រែប្រួល។ ហានិភ័យនៃការវាយប្រហារ ឬនៃការផ្ទុះសង្គ្រាមបែបប្រពៃណីទ្រង់​ទ្រាយ​ធំ កងទ័ព កងពលប្រឆាំងកងពលក៏វាតិចទៅហើយ ឬសឹងតែបាត់តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការភ្ជាប់ទំនាក់ទំនងការទូត នយោបាយសេដ្ឋកិច្ចជាមួយគ្នា។ ជម្លោះបញ្ហាផ្សេងៗដែលកើតនៅតំបន់ផ្សេងៗនៅលើពិភពលោក ក៏កម្ពុជាយើងមានហានិភ័យតិចណាស់ដែលអាចកើតមាន។ ប៉ុន្តែហានិភ័យប្រភេទផ្សេងគឺការប្រឆាំងភេរវកម្ម ការវាយប្រហារតាមរយៈ Cyber security ការវាយប្រហារតាមប្រព័ន្ធ Internet គឺទាមទារឱ្យកងទ័ពរបស់យើងម្ចាស់ការការពារ បង្កើនសមត្ថភាពប្រព័ន្ធបច្ចេកវិទ្យារបស់យើង ក៏ដូចជាមានសមត្ថភាពដើម្បីអាចវាយលុកបានទៅវិញ ឬមួយការពារប្រព័ន្ធទំនើបរបស់យើង។

បន្តពង្រឹងខ្សែរយៈដឹកនាំជំនាញផ្សេងទៀត។ ខ្ញុំសូម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គ្រប់បណ្តាជំនាញរបស់ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជា​ការ​កងទ័ពជើងគោក គ្រប់ជំនាញរបស់អគ្គបញ្ជាការ ជាមួយគ្រប់ជំនាញរបស់ប្រភេទទ័ព និងមេបញ្ជា​ការរបស់បណ្តាប្រភេទទ័ពទាំងអស់បន្តដំណើរការនៃកំណែទម្រង់បន្ថែមទៀត។ កន្លងទៅយើងមានការកែសំរួលមួយចំនួន ដោយសារស្ថានភាពចាំបាច់នៃសភាពការណ៍នៅក្នុងដំណាក់កាលវិវត្តន៍នៃកងទ័ព គឺយើងបានអនុវត្តដើម្បីធានាម្ចាស់ការដោះស្រាយចំពោះមុខ។ ប៉ុន្តែពេលខ្លះធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធ​ដឹកនាំបញ្ជាតាមឋានានុក្រម។ តែយើងបានកែទម្រង់កិច្ចការនេះជាជំហាន។ ការធានាភស្តុភារ ការធានាបច្ចេកទេសត្រូវបន្តធ្វើ ក៏ដូចជាការដឹកនាំបញ្ជាគ្រប់ជំនាញផ្សេងៗទៀត ដើម្បីឲ្យមានសង្គតភាព និងរលូននៅក្នុងការដឹកនាំបញ្ជាតាមរយៈនៃខ្សែរយៈបញ្ជាតាមឋានានុក្រម។

(១៩) បន្តកែទម្រង់ ពង្រឹងរបៀបរបបការងារទាំងក្នុងកងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិ

ក្នុងការផ្សារភ្ជាប់ទៅថ្ងៃមុខ ជំនាញខ្លះយើងមានរហូតទៅដល់ ៣ ថ្នាក់ ដែល ៣ ថ្នាក់ដឹកនាំឯករាជ្យពីគ្នា។ អញ្ចឹងពិនិត្យមើលកំណែទម្រង់ចុងក្រោយសំរាប់ទៅថ្ងៃមុខទៀត។ តួនាទីភារកិច្ចរបស់ក្រសួង របស់អគ្គបញ្ជា​ការ និងរបស់ប្រភេទទ័ព។ ប៉ុន្តែកិច្ចការទាំងអស់នេះត្រូវធ្វើជាជំហានៗ និងត្រូវការប្រើពេលច្រើនដើម្បីបន្តធ្វើយ៉ាងណាឲ្យកងទ័ពរបស់យើងកាន់តែមានប្រសិទ្ធភាពគ្រប់ជំនាញទាំងអស់។ កងទ័ពប្រតិបត្តិការមិនមែនតែម្នាក់ឯងទេ។ ពាក្យថាកងទ័ពគឺចាប់ផ្តើមឡើងជាក្រុមជាពួក យ៉ាងហោចណាស់ ៣ នាក់។ យើងរៀប យុទ្ធវិធីជាបុគ្គលប៉ុន្តែយ៉ាងហោចណាស់ មាន ៣នាក់ ធ្វើការជាក្រុម។ បើគ្នាកាន់តែច្រើន និយាយគ្នាភាសាអត់ត្រូវគ្នា។ គ្នាច្រើនហ្វឹកហ្វឺនខុសយុទ្ធវិធីគ្នាក៏បញ្ហា។ ហ្នឹងកាលមុនយើងតែងតែនិយាយលេងសើច តែរៀន​មែនទែន និមិត្តសញ្ញាកងទ័ពដែលអ្នកខ្លះប្រើពណ៌ក្រហមជាមិត្ត ពណ៌ខៀវជាសត្រូវ។ ទ័ពយើងខ្លះរៀនពីខាងលិចថាពណ៌ខៀវជាមិត្ត ពណ៌ក្រហមជាសត្រូវ។ បើសិនយើងមិនមានការឯកភាពគ្នានោះទេ បើត្រូវឡើងប្រយុទ្ធគ្នាប្រហែលជាត្រូវបាញ់គ្នាហើយ។

បើវិទ្យុទាក់ទងកាត់ផ្តាច់មិនអាចទាក់ទងបាន មើលទៅលើផែនទីក្រហម ខៀវ ភាសារៀនពីសាលាខុសគ្នា បើគ្មានការឯកភាពគ្នានោះទេ យើងនឹងលំបាក។ អញ្ចឹងភាសាជំនាញទាំងយុទ្ធវិធី ទាំងគ្រប់ជំនាញទាំងអស់ត្រូវបន្តធ្វើការកំណែទម្រង់ឲ្យមានសង្គតភាពការដឹកនាំបញ្ជាតាមថ្នាក់ឲ្យកាន់តែរលូននៅគ្រប់ជំនាញទាំងអស់ដើម្បីធានាប្រសិទ្ធភាពនៅក្នុងការដឹកនាំបញ្ជារយៈពេលវែង និរន្តរភាព និងចីរភាព និងភាពធន់នៃអង្គភាពមួយគឺអាស្រ័យទៅលើប្រព័ន្ធការងាររឹងមាំ មនុស្សទៅមក មនុស្សចូលមនុស្សចេញ មេដឹកនាំចូលកាន់មួយរយៈមេដឹកនាំចេញ ប៉ុន្តែប្រព័ន្ធការងារគឺជាអ្វីដែលរក្សានូវលំនឹងនិងស្ថេរភាពនៃការងារ។

បើមិនអញ្ចឹងទេបត់ទៅតាមការងារនឹងប្តូរ ១៨០ ដឺក្រេ ទៅតាមមេបញ្ជាការ ហើយបើសិន ២ អង្គភាព មេបញ្ជាការមានការដឹកនាំបញ្ជាខុសគ្នាទៀត គឺពិបាក។ មួយគាត់និយាយភាសាជំនាញភស្តុភារខុសគ្នា អត់យល់គ្នា ជំនាញហិរញ្ញវត្ថុអត់ត្រូវគ្នា ពេលប្រតិបត្តិការ យើងនឹងមានបញ្ហាទាំងនេះ។ អញ្ចឹងសុំបន្តធ្វើកំណែទម្រង់ និងពង្រឹងរបៀបរបបការងារបន្តទៀត ទាំងក្នុងកងទ័ពជើងគោក និងក្នុងអគ្គបញ្ជាការក្រសួងការពារជាតិ ដើម្បីពង្រឹងរបៀបរបបធ្វើឲ្យមានមូលដ្ឋាន និងបទដ្ឋានការងារដែលកាន់តែរឹងមាំ និងឆ្លើយតបទៅនឹងភាពចាំបាច់នៃសភាពការណ៍

(២០) កសាងសមត្ថភាពកងទ័ព ពិសេសធានានិរន្តរភាពសមត្ថភាព

ទី២ ការកសាងសមត្ថភាពកងទ័ពគឺជាកិច្ចការសំខាន់ ប៉ុន្តែការធានានិរន្តរភាពនៃសមត្ថភាពកងទ័ពកាន់តែសំខាន់តទៅទៀត។ យោធិនយើងបច្ចុប្បន្នមានលាយគ្នារវាងនាយទាហានដែលធ្លាប់មានបទពិសោធន៍ប្រ​យុទ្ធយូរឆ្នាំ និងនាយទាហាន នាយទាហានរង ពលទាហានថ្មី។ ២០ ឆ្នាំទៀតគឺប្រាកដជានៅសល់តែនាយទា​ហាន នាយទាហានរង ពលទាហាន ដែលមិនមានបទពិសោធន៍ប្រយុទ្ធនោះទេ។ យើងត្រូវធ្វើឲ្យបទពិ​សោធន៍ប្រយុទ្ធបានផ្ទេរពីនាយទាហានមួយជំនាន់ យោធិនពីមួយជំនាន់ទៅមួយជំនាន់ទៀត ត្រូវធានាឲ្យបានម្ចាស់ការ។ នៅកងទ័ពជើងគោក យើងបានធ្វើកិច្ចការនេះច្រើន។ អគ្គបញ្ជាការក្រសួងការពារជាតិក៏បានយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ ខ្ញុំចាំថា ៥ ឆ្នាំមុន ពេលដែលសម្តេចតេជោលោកមកទីនេះនៅក្នុងខួបទី ២០ ឆ្នាំ លោកក៏បានសង្កត់ធ្ងន់ទៅលើការហ្វឹកហ្វឺន។ អញ្ចឹងការធានានូវសមត្ថភាពបច្ចុប្បន្នជាកត្តាសំខាន់ គឺការធ្វើឲ្យមាននិរន្តរភាព និងចីរភាពនៃសមត្ថភាព និងការបង្កើនជាប្រចាំនូវសមត្ថភាពការពារជាតិរបស់កងទ័ពយើងទៅថ្ងៃអនាគតរាប់រយឆ្នាំតទៅទៀត …។

(២១) ការពង្រឹងសមត្ថភាពទ័ពត្រូវធ្វើការហ្វឹកហ្វឺន ការពង្រឹងសាលា និងការពង្រឹងយោធាចារ្យ

បើសិនជាយើងសំអាងថាដោយសារមាននាយទាហានមានបទពិសោធន៍ប្រយុទ្ធ យើងមិនបាច់ផ្ទេរជំនាញនេះទេ យើងចប់ហើយ។ កន្លងទៅខ្ញុំធ្លាប់ធ្វើការនៅស្ថាប័នអន្តរជាតិមួយ។ គាត់ប្រជុំគ្នាវាយតម្លៃថាម៉េចគាត់ត្រូវទៅប្រទេសហ្នឹង គាត់ត្រូវបញ្ជូន consultant ទៅ។ ២០ ឆ្នាំហើយនៅតែបញ្ជូនទៅទៀត ដោយ​សារ​ថាប្រទេសហ្នឹងអត់មានសមត្ថភាពធ្វើ។ ដល់គាត់វាយតម្លៃខ្លួនគាត់ គឺដោយសារខ្លួនយើងដែរ។ ពេលដែលយើងបញ្ជូន consultant ហ្នឹងទៅ យើងឲ្យគាត់ធ្វើតែខ្លួនឯង។ ចប់ចេញបាត់ អត់បានផ្ទេរជំនាញទៅឲ្យអ្នកនៅក្នុងប្រទេស។ ដូចគ្នានឹងនាយទាហានដែលមានបទពិសោធន៍ប្រយុទ្ធនៅទីនេះ។ បើសិនជាយើងមិនមានវិធីនៅក្នុងការផ្ទេរបទពិសោធន៍ និងការអមថែទាំបណ្តុះបណ្តាលជាមួយគ្នានោះទេ យើងមិនអាចផ្ទេរនូវជំនាញនេះទេ។ អញ្ចឹងការធានាសមត្ថភាពនេះគឺអាស្រ័យទៅលើការហ្វឹកហ្វឺន ហើយការហ្វឹកហ្វឺនសំខាន់បំផុតផ្អែកទៅលើការយកចិត្តទុកដាក់ទៅលើសាលា។

ពិតណាស់នៅតាមបណ្តាអង្គភាពមានការស្វ័យហ្វឹកហ្វឺនដែរ ប៉ុន្តែទោះបីជាគ្រូត្រូវធ្វើការបណ្តុះបណ្តាលនៅតាមបណ្តាអង្គភាព មានអង្គភាពហ្វឹកហ្វឺនក៏ដោយក៏ត្រូវចូលសាលាដែរ។ អញ្ចឹង បើយើងនិយាយអំពីការធា​នាសមត្ថភាពទ័ពរយៈពេលវែងត្រូវនិយាយពីការហ្វឹកហ្វឺន។ ការហ្វឹកហ្វឺនត្រូវនិយាយអំពីការពង្រឹងសាលា។ ពង្រឹងសាលាត្រូវការពង្រឹងយោធាចារ្យជាគោល។ ពិតណាស់ថាឯកសារសំខាន់ គ្រឿងបំពាក់សម្ភារៈ វិធីសាស្រ្តបង្រៀនក៏សំខាន់ ប៉ុន្តែវាផ្អែកទៅលើមនុស្ស។ បើយោធាចារ្យខ្លាំងគឺអាចដឹកនាំធ្វើការងារទាំងអស់នោះ បើយើងយកឯកសារពីណាមកក៏ដោយ ល្អម៉េចក៏ដោយ តែគ្មានយោធាចារ្យមួយដែលខ្លាំងមិនអាចបង្រៀនបានទេ។ យោធាចារ្យដែលខ្លាំងគឺការសំខាន់។

(២២) ពង្រឹងសាលាទាំង ៧ ចំណុះជើងគោក រកទីតាំងហ្វឹកហ្វឺន និងកសាងសាលាទ័ពជំនាញ៣ទៀត

កងទ័ពជើងគោកក៏បានធ្វើកិច្ចការមួយនៅក្នុងការពង្រឹងទាំង ៧ សាលា ចំណុះកងទ័ពជើងគោក។ អគ្គបញ្ជា​ការក៏បានធ្វើកិច្ចការងារនៅក្នុងការពង្រឹងសាលាចំណុះអគ្គបញ្ជាការ ក្រសួងការពារជាតិក៏បានពង្រឹងសាលាចំណុះក្រសួងការពារជាតិ។ ក្រៅពីការពង្រឹងសាលាទាំង៧ យើងក៏បានយកចិត្តទុកដាក់នៅក្នុងការរៀបចំទីតាំងហ្វឹកហ្វឺន រកដីមួយចំនួនដើម្បីរៀបចំទីតាំងហ្វឹកហ្វឺនតាមបណ្តាអង្គភាព កងពល។ ការកសាងសាលាទ័ពជំនាញក្នុង ៥ឆ្នាំនេះ យើងបានសម្រេចជោគជ័យក្នុងការកសាងបញ្ចប់ទ័ពជំនាញទ័ពពិសេស។ មានមូលដ្ឋានរឹងមាំហើយ។ សូមអរគុណដល់ឯកឧត្តម ចាប ភក្តី អតីតមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសដែលបានដឹក​នាំកសាងកិច្ចការនេះ ដោយមានការចូលរួមចំណែកពីនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស យោធាចារ្យនៅទីនោះ និងការគាំទ្រពីអគ្គបញ្ជាការនៅក្នុងការឲ្យរៀបចំចេញជារចនាសម្ព័ន្ធ។

សូមអរគុណដល់អាជ្ញធរខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅទីនេះដែលបានជួយរៀបចំចាត់ចែងដីធ្លី។ ក្រៅពីនោះ យើងក៏បានរៀបចំកសាងសាលាទ័ពជំនាញ ៣ទៀត (រួមមាន) ជំនាញរថក្រោះ ជំនាញកាំភ្លើងធំ ជំនាញការពារអាកាស។ នេះនៅក្នុងស្មារតីនៃការពង្រឹងផ្អែកលើមូលដ្ឋានស្មារតីជាតិនិយម គឺការម្ចាស់ការលើគ្រប់វិស័យដោយខ្លួនឯង ជាពិសេសការហ្វឹកហ្វឺនកម្លាំងគ្រប់ជំនាញទាំងអស់។ ពិតណាស់ យើងត្រូវធ្វើការសហការជាមួយភាគីមិត្តដើម្បីធ្វើការបង្កើនកិច្ចសហប្រតិបត្តិការ បង្កើនសមត្ថភាពទ័ពរបស់យើង។ អរគុណភាគីមិត្តផងដែរ ថ្ងៃនេះដែលមានតំណាងអនុព័ន្ធយោធាពីបណ្ដាប្រទេស ដែលបានផ្ដល់អាហារូបករណ៍ដល់នាយទាហាន ពលទាហានរបស់យើងឲ្យបានទៅសិក្សាជាប្រចាំ ហើយសុំបន្តគាំទ្រការផ្ដល់នេះតទៅទៀត។

(២៣) ចក្ខុវិស័យការទូតយោធា ដើម្បីថែរក្សាសន្តិភាព មិត្តភាព រវាងប្រទេសនិងប្រទេស

យើងក៏បានកសាងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នៅក្នុងការធ្វើការហ្វឹកហ្វឺន ការធ្វើលំហាត់រួមគ្នា ហើយកិច្ចការនេះក៏សុំបន្តធ្វើ។ ក្នុងរបាយការណ៍របស់ឯកឧត្ដម ម៉ៅ សុផាន់ អម្បាញ់មិញ ក៏បាននិយាយអំពីជ្រុងនៃការទូតយោធា។ ការទូតយោធាគឺចូលរួមសំខាន់នៅក្នុងការថែរក្សាសន្តិភាព មិត្តភាពរវាងប្រទេសនិងប្រទេស ព្រោះប្រយុទ្ធគ្នាគេមិនដែលយកជនស៊ីវិលទៅគប់ដុំថ្មដាក់គ្នាទេ គឺមានតែកងទ័ព កងកម្លាំងប្រដាប់អាវុធ។ អញ្ចឹងការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា បង្កើតភាពទុកចិត្ត ស្គាល់គ្នា រួមគ្នាទប់ទល់ជាមួយនឹងបញ្ហារួម ដូចជាឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន និងប្រឆាំងភេរវកម្ម គឺជាកិច្ចការដែលយើងត្រូវធ្វើ ហើយបានធ្វើក្នុងរយៈពេល៥ឆ្នាំនេះ។

ថ្ងៃទី១ ដែលខ្ញុំប្រជុំដំបូង ក្រោយពីធ្វើពិធីប្រគល់/ទទួលនៅទីនេះ ពីឯកឧត្ដមនាយឧត្ដមសេនីយ៍ មាស សុភា យើងបានប្រជុំរួមលើកទី១។ ការទូតយោធានេះគឺស្ថិតនៅក្នុងចក្ខុវិស័យនិងទិសដៅរបស់យើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងក៏បានចុះហត្ថលេខាបង្កើនមិត្តភាពជាមួយបណ្ដាប្រទេសជាច្រើន ជាមួយជប៉ុន ចិន កូរ៉េ ហ្វីលីពីន សិង្ហបុរី និងប្រទេសជាច្រើនទៀតក្នុងអាស៊ាន។ យើងត្រូវបន្តពង្រីកនូវទំនាក់ទំនងភាពជាដៃគូនេះ ដើម្បីឲ្យកងទ័ពរបស់យើងបានចូល។ មានមិត្តកាន់តែច្រើន កាន់តែល្អ កិច្ចសហប្រតិបត្តិការរួមគ្នាហ្វឹក​ហ្វឺន លំហាត់រួមគ្នាកាន់តែល្អ។ កងទ័ពយើងក៏បានចូលរួមនៅក្នុងលំហាត់ទ្វេភាគី ពហុភាគី នៅក្នុងប្រទេស និងក្រៅប្រទេស។ សុំបន្តលើការងារនេះ ស្ថិតនៅក្នុងការពង្រឹងសមត្ថភាពកងទ័ព។

(២៤) លើកទឹកចិត្ត/ផ្តល់លទ្ធភាព បំពេញគុណវុឌ្ឍដល់មន្រ្តីយោធាចារ្យទូទាំងកងទ័ពនិងកងនគរបាលជាតិ

ត្រឡប់មកផ្ទៃក្នុងវិញ គឺសូមបន្តយកចិត្តទុកដាក់ទៅលើការងារពង្រឹងការហ្វឹកហ្វឺន យកចិត្តទុកដាក់ក្នុងការពង្រឹងសាលា កសាងសាលា ដែលមិនទាន់មាន ហើយបន្តធ្វើទៀត ឈានទៅដល់ការកសាងបន្តទៀត។ ការរៀបចំកម្មវិធីសិក្សា ការស្រាវជ្រាវបន្ថែម និងការយកចិត្តទុកដាក់ទៅលើយោធាចារ្យ … ខ្ញុំបានអនុវត្តគោលការណ៍មួយចំនួនជាការលើកទឹកចិត្តដល់ មន្រ្តីយោធាចារ្យនៅក្នុងក្របខណ្ឌកងទ័ពជើងគោក។ ខ្ញុំគិតថា ការងារនេះគួរតែនឹងត្រូវគិតគូរសម្រាប់ទូទាំងកងទ័ពតែម្ដង និងកងនគរបាលជាតិតែម្ដង ដើម្បីយើងពិនិត្យលទ្ធភាពជួយផ្ដល់ការលើកទឹកចិត្តបន្ថែមដល់យោធាចារ្យនៅសាលាកងទ័ព សាលានគរបាល ផ្ដល់លទ្ធភាពនិងការលើកទឹកចិត្ត ការស្រាវជ្រាវបន្ថែម ការបំពេញគុណវុឌ្ឍិជូនដល់យោធាចារ្យ និងគ្រូនៅតាមបណ្ដាកងទ័ព។ ការងារនេះនឹងត្រូវពិភាក្សាគ្នាបន្ថែម រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បន្តទៅទៀ ការធានាសមត្ថភាព ឆន្ទៈ ស្មារតី គឺត្រូវផ្ទេរតាមរយៈការហ្វឹកហ្វឺននិងយោធាចារ្យ។ ខ្ញុំអរគុណទៅដល់ទីចាត់ការហ្វឹកហ្វឺនដែលកន្លងទៅបានខិតខំខ្នះខ្នែងដើម្បីរៀបចំពង្រឹងនូវកិច្ចការទាំងអស់នេះ។ ការិយាល័យហ្វឹកហ្វឺនរបស់កងទ័ពជើងគោក ក៏ដូចជាថ្នាក់ដឹកនាំបណ្ដាសាលាទាំង៧ ចំណុះកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទាំង៦ ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងការហ្វឹកហ្វឺន និងសាលាផងដែរ។ សូមបន្តការងារនេះតទៅទៀត។

(២៥) បន្តកែសម្រួលកម្មវិធី និងមេរៀនហ្វឹកហ្វឺនឲ្យឆ្លើយតបនឹងតម្រូវការចាំបាច់ពីលើដល់ក្រោម

ទី៣ សូមបន្តការកែសម្រួលនូវកម្មវិធីហ្វឹកហ្វឺន និងមេរៀនហ្វឹកហ្វឺនរបស់យើង ឲ្យឆ្លើយតបទៅនឹងតម្រូវការចាំបាច់ពីលើដល់ក្រោម។ មុននឹងព្យួរតួនាទីជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានចុះទូទាំងប្រទេសរហូតដល់អង្គភាពជួរមុខ ទៅដល់តំបន់ប្រតិបត្តិការសឹក ជួបជាមួយមេវរៈ ចំណុះផ្នែកសឹករង តាមកងពល ជួបជាមួយមេវរៈ។ ខ្ញុំចង់ដឹងអំពីស្ថានភាពជាក់ស្ដែងនៅទីនោះ។ ក្នុងនោះកិច្ចការស្នូលមួយគឺការងារហ្វឹកហ្វឺន។ ឯកឧត្ដម អួន សារឿន ឯកឧត្ដម ប្រាក់ សុវណ្ណា ឯកឧត្ដមមេបញ្ជាការរងទ័ពជើងគោកជាច្រើនបានចុះជា​មួយខ្ញុំ។ យើងក្ដាប់បាននូវតម្រូវការ ក៏ដូចជាកង្វះខាតមួយចំនួនដែលត្រូវគិតគូរនៅក្នុងការបំពេញបន្ថែម។ ភារកិច្ចស្នូលរបស់កងទ័ពគឺត្រៀមប្រយុទ្ធបំពេញភារកិច្ចជាតិនិងមាតុភូមិ សន្តិសុខជាតិ ការពារបូរណភាពទឹកដី។ យើងក៏មានការចូលរួមនៅក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ និងការងារផ្សេងៗ។ អញ្ចឹងគ្រប់ទិដ្ឋភាពទាំងអស់ត្រូវគិតគូរពីការហ្វឹកហ្វឺន។ ការហ្វឹកហ្វឺននៅនឹងកន្លែង ការហ្វឹកហ្វឺនរៀបរយ បូកនឹងសំខាន់បំផុតគឺថែរក្សាសមត្ថភាពជំនាញ កម្មវិធីរំលឹកជាប្រចាំនៅតាមអង្គភាពជួរមុខ ដែលមិនដល់វេនហ្វឹកហ្វឺន ដែលមិនមានក្របខណ្ឌក្នុងការហ្វឹកហ្វឺនប្រមូលផ្ដុំ។ សូមកងទ័ពជើងគោកបន្តយកចិត្តទុកដាក់ទៅលើការងារនេះ។

(២៦) បំពាក់បន្ថែមនិងថែទាំសព្វាវុធ និងយុទ្ធោបករណ៍ ពង្រឹងសមត្ថភាពការពារជាតិរបស់យើង ថែរក្សាសុខសន្តិភាព

ទី៤ ការងារបំពាក់ រួមទាំងសមត្ថភាពនិងការស្វ័យធានា។ អម្បាញ់មិញនេះ គឺជាឧទាហរណ៍ខ្លះៗ នៃសមិទ្ធផលនៃកងយោធពលខេមភូមិន្ទ ក្រោមការដឹកនាំបញ្ជានិងគាំទ្ររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្ដមអគ្គមេបញ្ជាការ និងជាពិសេស ការគាំទ្រ និងការដាក់ទិសដៅពង្រឹងកងទ័ព … យើងនៅមានសមិទ្ធផលជាច្រើនដែលបំពាក់នៅទីនេះ។ ការថែទាំបច្ចេកទេស សព្វា​វុធ យុទ្ធោបករណ៍ គឺដើម្បីបង្កើនសមត្ថភាពការពារជាតិ ថែរក្សាសុខសន្តិភាព។ ខ្ញុំជឿថា ប្រាកដជាមានអ្នកអត្ថាធិប្បាយទៀតហើយ។ ខ្ញុំធ្លាប់ថាគ្រាន់តែបំពាក់រថយន្តដឹកជញ្ជូនជូនកងទ័ពជើងគោកសោះ គេថាយើងបំពាក់ដើម្បីបន្លាចប្រជាជន ដើម្បីវាយប្រជាជន កាលមុនកូវីដ-១៩។ ដល់ពេលជំនាន់កូវីដ-១៩ ឃើញតែឡានហ្នឹង ដឹកកម្លាំងចុះទៅជួយបិទខ្ទប់ ទៅជួយលីអង្ករជូនប្រជាពលរដ្ឋ ទឹកជំនន់ក៏ឃើញតែរថយន្តហ្នឹង។ ហ្នឹងគ្រាន់តែឡានដឹកជញ្ជូនផង។ ឥឡូវមិញឃើញអាវែងៗនេះទៀត មិនដឹងថាយ៉ាងម៉េច?

(២៧) កម្ពុជាគ្មានមហិច្ឆិតាឈ្លានពានអ្នកណាទេ តែពង្រឹងសមត្ថភាពកងទ័ពរក្សាសុខសន្តិភាព ស្ថេរភាព

កម្ពុជាគ្មានមហិច្ឆតាក្នុងការរំលោភឈ្លានពានអ្នកណាទេ។ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជា ដូចជាប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយហាមឃាត់មិនឲ្យធ្វើទំនើបកម្មការពារជាតិរបស់ខ្លួនទេ។ យើងពង្រឹងសមត្ថភាពកងទ័ពដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ក្នុងក្របខណ្ឌកម្ពុជាផ្ទាល់ និងក្របខណ្ឌតំបន់។ បើសិនជាមានស្ថានភាពអីកើតឡើង ជាភេរវកម្ម ឬមួយក៏បញ្ហាអីដែលកើតមានឡើង ដែលត្រូវការការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ។ យើងបញ្ជូនកម្លាំងក្រោមឆត្រអង្គការសហប្រជាជាតិធ្វើការងារដោះមីន។ (យើងមាន)គ្រឿងបំពាក់(សព្វគ្រប់)។ ពិតណាស់អង្គការសហប្រជាជាតិជួយ ប៉ុន្តែបើយើងមិនបំពាក់ យើងមិនបង្កើនសមត្ថភាពឱ្យកម្លាំងយើងមិនអាចទៅសហមាហរណកម្មរួចទេ … គេមិនហៅយើងចូលទេ បើទៅនាំតែយើងជាបន្ទុកនោះ។ ទាល់តែសមត្ថភាពយើងអាចចូលរួមប្រដំប្រសង។ ការកសាងសមត្ថភាពកងទ័ព ការពង្រឹងរចនាសម្ព័ន្ធឱ្យស្រប ពង្រឹងរបៀបរបបការងារជាមួយការបំពាក់គឺជាការចាំបាច់ ព្រមដោយការធ្វើបរិវត្តកម្មកងទ័ព ការធ្វើទំនើបកម្មកងទ័ព។

(២៨) កសាងសមត្ថភាពកងទ័ពជើងទឹក ជើងគោក ជើងអាកាស ដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ

ការធ្វើទំនើបកម្មនេះ ខ្ញុំសុំបញ្ជាក់ម្តងទៀត ដោយសារតែមានការលើកឡើងក្នុងកាសែតជាញយៗ រឿងសមុទ្ររាម។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មាត្រាទី ៥៣  បានបញ្ជាក់ច្បាស់ណាស់ថា កម្ពុជាមិនមានអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីផ្សេងទៀត លើកលែងតែនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ ខ្ញុំបានបញ្ជាក់ករណីនេះនៅអង្គការសហប្រជាជាតិរួចទៅហើយ។ សម្តេចតេជោ សម្តេចពិជ័យសេនា ថ្នាក់ដឹកនាំជាតិរបស់យើងក៏បានបញ្ជាក់ជាប្រ​ចាំទៅហើយ។ ខ្ញុំក៏សូមបញ្ជាក់សាជាថ្មី ការកសាងសមត្ថភាពរបស់កងទ័ពជើងទឹក ជើងគោក ជើងអាកាស របស់កម្ពុជាគឺដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ មិនមែនដើម្បីសម្រាប់ទៅបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ នេះសូមបញ្ជាក់។ នេះគឺជាគោលដៅចក្ខុវិស័យក៏ដូចជាការប្តេជ្ញាចិត្តរបស់កងទ័ពរបស់យើង និយាយដោយឡែកគឺកងទ័ពជើងគោកដែលជាកម្លាំងធំជាងគេនៅក្នុងកងយោធពលខេមរភូមិន្ទ។

(២៩) កម្ពុជាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ មិនត្រឹមតែការការពារបូរណភាពទឹកដីនិងសុខសន្តិ​ភាពផ្ទាល់ខ្លួន ប៉ុន្តែក៏ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក

បន្តពង្រឹងកំណែទម្រង់ ដាក់ចេញនូវវិធានការជាក់ស្តែង បន្តពង្រឹងនូវសមត្ថភាពនិងធានានូវចីរភាព និងនិរន្តរភាពនៃសមត្ថភាពការពារជាតិ និងបង្កើនសមត្ថភាពកាន់តែខ្ពស់ទៅថ្ងៃអនាគត។ រដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់នៅក្នុងការជួយបំពាក់ និងការធ្វើបរិវត្តកម្ម ការធ្វើទំនើបកម្មកងទ័ពតទៅមុខទៀត ជាជំហានៗដែលចាំបាច់។ សង្គ្រាមសតវត្សរ៍ទី ២១ មិនអាចយកយុទ្ធវិធី ឬយុទ្ធោបករណ៍ សតវត្សរ៍ទី ២០ ឬទី ១៩ មកការពារនោះទេ។ ម្សិលមិញខ្ញុំជួបជាមួយនឹងថ្នាក់ឯកអគ្គរាជទូតបណ្តាប្រទេសមួយចំនួន។ ពួកគាត់ទទួលស្គាល់ថា ជនអាក្រក់ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខពិភពលោក កាន់តែទំនើប មានបណ្តាញប្រទាក់ក្រឡាកម្រិតអន្តរជាតិ បច្ចេកវិទ្យាក៏មិនចាញ់កម្លាំងរបស់រដ្ឋាភិបាល។ អញ្ចឹងទាមទារបង្កើនសមត្ថភាពផ្ទៃក្នុងរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធ កងកម្លាំងសន្តិសុខរបស់ជាតិនីមួយៗ និងបង្កើនការសហប្រ​តិ​បត្តិការជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដើម្បីការពារសុខសន្តិភាពរួមរបស់យើង។ កម្ពុជាធ្វើទំនើបកម្មកងទ័ព និងកងកម្លាំងប្រដាប់អាវុធគឺដើម្បីមិនត្រឹមតែការការពារជាតិ និងការពារបូរណភាពទឹកដីសុខសន្តិ​ភាពផ្ទាល់ខ្លួន ប៉ុន្តែក៏ដើម្បីបង្កើនសមត្ថភាពចូលរួមនៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ

[ចប់សេចក្តីអធិប្បាយ៣]

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាពការកសាងសំណាញ់សុវត្ថិភាពសម្រាប់កងយោធពលខេមរភូមិន្ទ សំដៅលើកកម្ពស់ជីវភាពកងទ័ព ដើម្បីជាការដឹងគុណដល់កងទ័ព និងលើកទឹកចិត្តដល់កងទ័ព ឱ្យអនុវត្តតួនាទី និងភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈ និង មានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាប្រកបដោយជោគជ័យក្នុងបុព្វហេតុ នៃការការពារសុខសន្តិភាព, បូរណភាពទឹកដី, ព្រះមហាក្សត្រ, និងប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ។

ស្របតាមបេសកកម្មការពារជាតិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងបេសកកម្មរបស់ខ្លួន ដើម្បីការពារសមិទ្ធផលដែលយើងសម្រេចបាននាពេលកន្លងទៅ, ជាពិសេសការពារសន្តិភាពដែលរកបានយ៉ាងលំបាក សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងន័យនេះ, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ចំនួន ៥ ចំណុច ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ដូចខាងក្រោម ៖

ទី១. កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ, និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន ។

ទី២. គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និង ទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យ សមស្របនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង, ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស ។

ទី៣. គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ពង្រឹងការបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច និងតួនាទី រៀងៗខ្លួន ។

ទី៤. ខ្ញុំសូមណែនាំអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង, មធ្យោបាយ, និង សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹង អាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និងផលិតភាព ក្នុងការបំពេញបេសកកម្ម របស់ខ្លួន ។

ជាថ្មីម្តងទៀត, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ, មេបញ្ជាការគ្រប់លំដាប់ថ្នាក់, នាយទាហាន, នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហានក្នុងការបំពេញ ភារកិច្ច, ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អ ប្រសើរជូនប្រជាជន និងសង្គមជាតិយើង។ ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនជាតិ-អន្តរជាតិ ចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃ បញ្ជាការដ្ឋានកងទ័ពជើងគោក ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយទាហាន និង នាយទាហានរង ពលទាហាន ទូទាំងកងទ័ពជើងគោក ក៏ដូចជាអង្គពិធីទាំងមូល សូមប្រកប ដោយសុខភាពល្អបរិបូណ៌, មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យក្នុងគ្រប់ ភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព, និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត៕


អត្ថបទទាក់ទង