Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 253
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ

នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ 

ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមអោយបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ 

កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសឲ្យយើងអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលយើងបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។

 មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះយើងនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។

 មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានអបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។ ឯកឧត្តម ម៉េដវេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។ 

មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ដោយ សាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ីនិងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធទៅនឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅក្នុងសហគមន៍ប៊្រិដ (BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏ជាចំណុចដែលភាគីទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយរាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ។

នៅចុងបញ្ចប់ មេដឹកនាំគណបក្សទាំងពីរ បានឯកភាពនិងពិនិត្យមើលលើការងារណា ដែលអាចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើននូវកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព និងកិច្ចព្រមព្រៀងផ្សេងទៀត អាចត្រូួតពិនិត្យ ពិចារណាឡើងវិញតាមជាក់ស្ដែង៕

អត្ថបទទាក់ទង