Grand News Asia Close

មិនដល់១០ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង និងកម្មវិធីនានាសរុប១២

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1303
មិនដល់១០ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង និងកម្មវិធីនានាសរុប១២ មិនដល់១០ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង និងកម្មវិធីនានាសរុប១២

(ប៉ារីស, បារាំង)៖ ក្នុងដំណើរបំពេញបេសកកម្មការងារក្នុងប្រទេសបារាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ រយៈពេលមិនដល់១០ម៉ោងនោះទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនបារាំង និងអញ្ជើញចូលរួមកម្មវិធីផ្សេងទៀតសរុបរហូតដល់ទៅ១២កម្មវិធី។ ពោលសម្តេចនាយករដ្ឋមន្ត្រី មានកម្មវិធីចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងឡើងយន្តហោះហោះទៅប្រទេសស្វីសតែម្តង។

ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យប្រសើរជានយោបាយដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់សម្តេចនាយករដ្ឋមន្ត្រី។ ដំណើរបេសកកម្មការងារនៅក្រៅប្រទេសរបៀបវារៈជាមួយអ្នកវិនិយោគ និងអ្នកជំនួញ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីបណ្ឌិតសេដ្ឋកិច្ចពីចក្រភពអង់គ្លេស ចាត់ទុកកម្មវិធីដ៏ចាំបាច់ ដើម្បីបញ្ចុះបញ្ចូល និងអូសទាញពួកគេមកវិនិយោគនៅកម្ពុជា ផ្តល់ការងារជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈរបស់សម្តេចថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅក្រៅប្រទេសនយោបាយការទូតសេដ្ឋកិច្ច គឺជារឿងដ៏ចាំបាច់សម្រាប់សម្តេច។ ដូច្នេះសម្តេចត្រូវប្រើពេលវេលាឱ្យអស់លទ្ធភាព ទោះជួបក្រុមហ៊ុនត្រឹមតែ១៥នាទី ក៏សម្តេចជួបដែរ ដើម្បីលើកទឹកចិត្ត និងអូសទាញក្រុមហ៊ុននោះមកកាន់ប្រទេសកម្ពុជា។ សម្តេចធិបតី ក៏ធ្លាប់បានលើកឡើងផងដែរថា ជួបក្រុមហ៊ុន បើអូសទាញបានតែមួយ ក៏ជាជោគជ័យដ៏ធំផងដែរ។

ឈរលើទស្សនៈនេះហើយ ទើបរាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅក្រៅប្រទេសតែងយកអ្នកវិនិយោគទៅជាមួយ ហើយសម្តេចមិនដែលរំលងជំនួបជាមួយវិស័យឯកជន និងកម្មវិធីធុរកិច្ចនោះឡើយ។

ថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់បារាំង ដែលសម្តេចធិបតី បានជួបជជែកពាក់ព័ន្ធការវិនិយោគម្សិលមិញនេះ រួមមាន៖

១៖ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group។

ក្រុមហ៊ុន VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។ VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក។

២៖ លោកស្រី Maud BAILLY, នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យGroup ACCOR។

Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួនជាង ៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា មានក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។

៣៖ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom។

ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍។

ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់។

៨៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle។

ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរីដើម្បីអនុវត្តន៍គម្រោងទីមួយ របស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំលែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦តទៅ។

ក្រៅពីជួបថ្នាក់ដឹកនាំក្រុមហ៊ុនរបស់បារាំងហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីផងដែរ។ ជំនួបនោះ ក៏ជជែកភាគច្រើនលើការវិនិយោគផងដែរ។ ជំនួបរួមមានជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)។

អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង។ បេសកកម្មរបស់ Francophonie គឺដើម្បី៖

(១) ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា
(២) លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
(៣) គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ
(៤) អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។
ដោយឡែកសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន៣១, សហគ្រាសជាង ៧០០,០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លានសហគ្រាសដោយប្រយោល។

ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា។

ក្នុងវេទិកានេះ មានក្រុមហ៊ុនប្រមាណ ១១០ក្រុមហ៊ុន បានចូលរួម។ ក្នុងនោះ ក្រុមហ៊ុនចំនួន៨០ មកពីប្រទេសបារាំង និងក្រុមចំនួន៣០ មកពីប្រទេសកម្ពុជា ដេីម្បីផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ពីគ្នា ជាពិសេសបង្កេីតឱកាសវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សារណៈយោគយល់ចំនួន៦ផងដែរ រួមមាន៖

១៖ អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣៖ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦៖ អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS

តាមរយៈការចុះអនុស្សរណៈយោគយល់ នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។

អត្ថបទទាក់ទង