Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាក្រកម្ពុជាឆ្នាំ២០២២

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 785

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា និងរដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកឧត្តម ឯកអគ្គរាជទូត រដ្ឋទូត តំណាងស្ថានទូតនានា ប្រចាំកម្ពុជា
គណធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នាពេលនេះ ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ទិន្នន័យ និង ព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និង ផ្អែកលើភស្តុតាងត្រឹមត្រូវ ដើម្បីឱ្យគោលនយោបាយ និង យុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និង ចំគោលដៅដែលបានគ្រោងទុក ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច គណៈកម្មការឃោសនា ជំរឿនសេដ្ឋកិច្ច គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានី-ខេត្ត និង ក្រុមការងារស្នូលបច្ចេកទេសទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២ ដោយសម្រេចបានជោគជ័យ ។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការជាមួយក្រសួងផែនការ ក្នុងការងារជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ និង ចំពោះធនាគារពិភពលោក ដៃគូអភិវឌ្ឍ និង ទីភ្នាក់ងារអូស្ត្រាលីសម្រាប់កិច្ចការអន្តរជាតិ និង ពាណិជ្ជកម្ម ដែលបានផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នេះ ដោយជោគជ័យ ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង តួអង្គពាក់ព័ន្ធ ដែលបានជួយ សម្របសម្រួលការងារក្នុងដំណើរការ និង ការប្រព្រឹត្តទៅនៃដំណើរការជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីការចាប់ផ្ដើមរហូតចប់ជាស្ថាពរ ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ទិន្នន័យជាផែនទី /ត្រីវិស័យប្រាប់ពីស្ថានភាពភូមិសាស្ត្រ និងទីឈរជើងក្នុងភូមិសាស្ត្រ

ឯកឧត្តម ប៊ិន ត្រឈៃ បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធទៅនឹងការធ្វើជំរឿនសេដ្ឋកិច្ចលើកនេះ។ យើងដឹងហើយ ទិន្នន័យ(មានតួនាទី)សំខាន់ណាស់។ ​វាជាផែនទីនិងត្រីវិស័យស្រាប់យើង ដោយ (ទី១) វាឱ្យយើងដឹងអំពីស្ថានភាពភូមិសាស្រ្ត។ ស្ថានភាពភូមិសាស្រ្តមិនសំដៅទៅលើតែភូមិសាស្រ្តនៅលើដីនោះទេ។ ភូមិសាស្រ្តនយោ​បាយ ភូមិសាស្រ្តសេដ្ឋកិច្ច ធុរកិច្ច … តើនៅក្នុងស្ថានភាពជុំវិញយើងនេះ វាមានលក្ខណៈយ៉ាងណា។ សូម្បីតែធុរកិច្ចក៏ត្រូវដឹងថា ស្ថានភាពចំណង់ចំណូលចិត្តនៃអតិថិជនទៅលើស្អីដែរមុននឹងវិនិយោគ។ នេះហើយគឺជាការវាស់ស្ទង់។ ទី២​ ឱ្យយើងដឹងថា យើងនៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ។ តើកន្លែងយើងនៅហ្នឹង សល់ប៉ុន្មានគីឡូទៀត ទៅដល់ទឹក ប៉ុន្មានគីឡូទៀតទៅដល់ជ្រោះ ដើរទៅផ្លូវណាទៀត … (នៅលើពិភពលោកតែង)ប្រើប្រាស់ទិន្នន័យវិភាគ(រកស្ថានភាពភូមិសាស្ត្រនិងទីតាំងក្នុងភូមិសាស្ត្រខាងលើ)នេះ។ អាចនិយាយថា​ បើគ្មានទិន្នន័យ មិនដឹងថានៅជុំវិញខ្លួនមានស្ថានភាពយ៉ាងណា ឬមិនអាចព្យាករណ៍ថាទៅមុខមានអី យើងហាក់ដូចជាស្ថិតនៅចំណុចមួយដែលងាយនឹងវង្វេងវង្វាន់ (មិនដឹងថា)កំពុងនៅកន្លែងណា ហើយទៅណាទៀត។ អញ្ចឹងការគ្រប់គ្រងទិន្នន័យសំខាន់ណាស់។ ក្រុមហ៊ុនច្រើនណាស់នៅលើពិភពលោកបានវិនិយោគទៅលើការធ្វើប្រព័ន្ធទិន្នន័យនេះ។

(២) ទិន្នន័យគ្រប់គ្រាន់ជួយដល់ការសំរេចចិត្តគ្រប់ជ្រុងជ្រោយ និងព្យាករណ៍ការប្រែប្រួលទៅអនាគត

សូម្បីតែនៅក្នុងទូរស័ព្ទដៃយើងនីមួយៗ ប្រើប្រាស់ទិន្នន័យជាច្រើន ដូចជា Email, Facebook ជាដើម។ នៅក្នុង data center របស់ Facebook ប្រើ App នៅក្នុងហ្នឹង។ អញ្ចឹងទិន្នន័យទាំងអស់នេះគេយកទៅវិភាគ ដើម្បីដឹងថា កម្ពុជាមានអ្នកប្រើអី្វច្រើនជាងគេ។ នៅប្រទេសណាគេប្រើអីច្រើនជាងគេ (ត្រូវ)ដាក់ស្អីទៅ។ គេវិនិយោគរាប់ពាន់លាន(ដុល្លារ)។ អញ្ចឹង សម្រាប់កម្ពុជា ក៏ដូចគ្នា។ ទទួលបានទិន្នន័យល្អ​ ទី១ អាចជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ អត់សម្រេចចិត្តប្រថុយប្រថាន។ សូម្បីតែលើកកូនឱ្យគេហ្នឹងក៏អញ្ចឹងដែរ។ មុននឹងឱ្យគេ (…) យើងប្រាកដជាត្រូវស្រាវជ្រាវទិន្នន័យ(ដើម្បីដឹងថា) កូនប្រុសហ្នឹងពីមុនយ៉ាងម៉េច​(ល្អ ឬអាក្រក់) … និងទី២ ព្យាករណ៍សេនារីយូនិង/ឬព្យាករណ៍អនាគត តើវាប្រែប្រួលកម្រិតណា។ កិច្ចការនេះសំខាន់ណាស់ ដើម្បីផែនការសកម្មភាព និងទិសដៅគោលនយោបាយ។ បើយើងមិនអាចព្យាករណ៍បាន ថាតើស្ថានភាពនឹងវិវឌ្ឍទៅយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងមិនអាចធ្វើបុរេសកម្មបានទេ។ យើងនឹងត្រូវប្រតិកម្ម(ជាមិនខាន)។ តែពាក្យថាប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សំអាតបញ្ហា។ បានន័យថា គោរត់ទៅហើយ បានធ្វើក្រោលតាមក្រោយ។ (ដឹងពីសេណារីយោមុនគឺ)យើងដឹងថាគោបម្រុងទៅតាមហ្នឹង។ ស្ទាក់ឱ្យហើយ …។

ខ្ញុំធ្លាប់ឃើញ(ការធ្វើ)ពាណិជ្ជកម្មមួយនៅអាមេរិក។ យករឿងនេះមកនិយាយបន្ដិច។ ថ្ងៃនេះឱ្យស្ដាប់កម្សាន្តបន្ដិចទៅចុះ។ គេផ្សាយពាណិជ្ជកម្មថា គ្រួសារមួយការជាមួយនឹងគ្នាប្រហែលជាង ២០ឆ្នាំ។ ប្រពន្ធឱ្យតែខឹង ដឹងតែស្រវារកវត្ថុអីម្យ៉ាងគប់ប្ដី។ ១០ឆ្នាំដំបូង គប់អត់ត្រូវ។ ក្រោយមក គប់៣ត្រូវទាំង៣។ ប្ដីសួរថា ម៉េចបានដឹងថាគេច(ទៅខាងណា?)​។​ (ប្រពន្ធឆ្លើយថា)ព្រោះ(មាន)ទិន្នន័យ(ពីមុនមក និង)ខ្ញុំវិភាគ។ ប្រពន្ធគប់ ២ដងឆ្វេង ៣ដងស្ដាំ។ ដំបូងគាត់គេចបាន។ ឱ្យតែប្រពន្ធគប់ឆ្វេងគេចស្ដាំ។ ក្រោយមកប្រពន្ធគាត់ថា ខ្ញុំប្រើវិធីទិន្នន័យ(វិភាគ)ដូចបងឯងដែរ។ ខ្ញុំដឹងថាបងឯងគេចដំបូងទៅស្ដាំ គេចបន្ទាប់មកទៅឆ្វេង។ អញ្ចឹងខ្ញុំគប់ត្រូវដូចគ្នា។

(៣) មានទិន្នន័យគ្រប់គ្រាន់ ធ្វើឱ្យព្យាករណ៍បាន បង្កើនប្រសិទ្ធភាព និងធ្វើសកម្មភាពចំគោលដៅ

តើវាភ្ជាប់ជាមួយនឹងរឿងអី? ការព្យាករណ៍នៅក្នុងសេដ្ឋកិច្ច ឧទាហរណ៍ថា កូវីដ១៩ ឬមួយនៅឆ្នាំ ២០២៤ នេះ តើវិស័យអីនឹងត្រូវងើបឡើង ហើយវិស័យអីដែលយើងត្រូវទាញជាសក្ដានុពល ដើម្បីនឹងដាក់ទិសដៅចាប់វិស័យហ្នឹងមុនឱ្យជាប់។ នេះគឺផ្អែកទៅលើទិន្នន័យ។ ឧទាហរណ៍វិស័យទេសចរណ៍។ យើងមើលថា ទិន្នន័យនៃការធ្វើដំណើររបស់ប្រជាជនពិភពលោកឆ្នាំនេះកើនយ៉ាងម៉េចហើយ? ទិសដៅណាខ្លះដែលគាត់ទៅ? មនុស្សចង់បានផលិតផលអី? គេទៅសមុទ្រច្រើន គេទៅភ្នំច្រើន ឬយ៉ាងណា? ការទាញវិនិយោគលើសេដ្ឋកិច្ច ការរៀបចំផែនការអប់រំក៏ដូចគ្នា។ ក្រ​សួងអប់រំបានដាក់ចេញនូវផែនការ/វិស័យសិក្សា(ពីរ)គឺ STEAM (science, technology, engineering, the arts, and mathematics) និង STEM (science, technology, engineering, and mathematics) ដោយយោងទៅលើការព្យាករណ៍ពីការវិវឌ្ឍ(នៃត្រូវការវិជ្ជាជីវៈ) ដែលទាមទារការត្រៀមលក្ខណៈមនុស្សឱ្យចេះនូវបច្ចេកវិទ្យា គណិតវិទ្យា វិស្វកម្ម (ដែលចាំបាច់ត្រូវ)រៀបចំជាគោលនយោបាយត្រៀមទុកមុន។ ការព្យា​ករណ៍នេះសំខាន់ ព្រោះធ្វើឱ្យយើងបង្កើននូវប្រសិទ្ធភាព និង(ធ្វើសកម្មភាព)ចំគោលដៅ មិនប្រថុយប្រថាន។  ពិតណាស់ យើងមិនអាចព្យាករណ៍ត្រូវទាំងអស់ទេ។ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពពិភពលោកមានការប្រែប្រួល។ បើសិនជាយើងមិនមានទិន្នន័យវិភាគ យើងដើរក្នុងសភាពងងឹតឈឹងហើយរាវតែម្ដង។ ហានិភ័យនៃការខុសគោល​ដៅគឺច្រើនជាងអ្វីដែលយើង(អាចប៉ាន់ស្មាន)។

(៤) ប្រើទិន្នន័យធ្វើប្រតិសកម្ម/ព្យាករណ៍អនាគត និងជួយតាមដាន ត្រួតពិនិត្យ វាយតម្លៃគោលនយោបាយ

បើសិនជាយើងមានទិន្នន័យច្បាស់លាស់ និងបើដើរទៅ ស្ថានភាពប្រែប្រួល យើងអាចយកទិន្នន័យនោះ(មកប្រើប្រាស់) ដើម្បីកែសម្រួលផ្លូវដើរឱ្យបានសមស្រប។ នេះគឺជាកិច្ចការសំខាន់នៅក្នុងការប្រើប្រាស់(ទិន្នន័យ)។ រាជរដ្ឋាភិបាលក៏បានប្រើប្រាស់ទិន្នន័យនេះ ជាពីររបៀប … របៀបដែលខ្ញុំបានលើក(មកខាងដើមគឺ)ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងព្យាករណ៍សម្រាប់អនាគតដើម្បីធានានូវភាពប្រកួតប្រជែងជាកិច្ចការមួយហើយ ប៉ុន្តែកិច្ចការសំខាន់មួយទៀតដែលទិន្នន័យជួយយើងគឺការតាមដានត្រួតពិនិត្យនិងវាយតម្លៃ … ការដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ឬរៀបចំផែនការអនុវត្តសកម្មភាពផ្សេងៗ ទាមទារត្រូវមានការតាមដានត្រួតពិនិត្យ វាយតម្លៃដើម្បីកែសម្រួល ឬមួយក៏ពង្រឹងឲ្យទាន់ពេលវេលា។ តើផ្អែកលើអ្វីដែលយើងអាចធ្វើការវាយតម្លៃបាន? ប្រាកដជាផ្អែកទៅលើទិន្នន័យហ្នឹងហើយ។ ការរៀបចំគោលនយោបាយនិងដាក់ចេញនូវផែនការសកម្មភាពផ្សេងៗតែងតែមានសូចនាករដើម្បីវាយតម្លៃ ផ្ទៀងផ្ទាត់ ហើយជាមួយសូចនាករហ្នឹង ត្រូវការទិន្នន័យនិងការតាមដានត្រួតពិនិត្យថាតើយើងដាក់ទៅត្រូវគ្រប់ឬទេ? …។

(៥) មន្ត្រីកម្ពុជាមានសមត្ថភាពរៀបចំទិន្នន័យសេដ្ឋកិច្ច ២០២២ ដោយខ្លួនឯង

ខ្ញុំសូមអរគុណចំពោះការរៀបចំទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នេះ។ អាចថាជាមោទនភាព។ នេះជាការ(ចងក្រង/រៀបរៀបជា)លើកទី ២ ហើយ។ លើកទី១ ធ្វើនៅឆ្នាំ ២០១១។ ពេលនោះ ស្ថានភាពទិន្នន័យ ស្ថានភាពបច្ចេកទេសមានការលំបាក។ ពេលនោះយើងសឹងតែមិនមានធនធានមនុស្សតែម្តង។ យើងបានពឹងភាគីមិត្តជួយទាំងស្រុងលើបច្ចេកទេស។ ការចូលរួមរបស់យើងមានកម្រិតតិច។ ប៉ុន្តែនៅឆ្នាំ ២០២២ មិនត្រឹមតែទិន្នន័យបានល្អ ប៉ុន្តែសំខាន់មន្រ្តីកម្ពុជាមានសមត្ថភាព ម្ចាស់ការខ្លួនឯង ធ្វើការស្រាវជ្រាវ។ យើងនៅត្រូវការជំនួយបច្ចេក​ទេសពីមិត្តភាគីជាដៃគូមួយចំនួន ប៉ុន្តែមន្រ្តីរបស់យើងមានសមត្ថភាពធ្វើដោយខ្លួនឯង។ នេះជាអ្វីដែលយើងគួរមានមោទនភាព។ ការកសាងសមត្ថភាពនេះ ធានាឲ្យយើង(អាចធ្វើកិច្ចការបានតាមការចង់បាន ប្រៀបដូចជាថា)ចង់បើកភ្លើងពេលណា ឬបិទភ្លើងពេលណាក៏បាន … គឺពង្រឹងបានសមត្ថភាពជាតិ។

(៦) ទិន្នន័យជំរឿនសេដ្ឋកិច្ច២០២២ បំរើអោយកិច្ចការរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧

ការវាយតម្លៃឆ្នាំ ២០២២ នេះមានភារកិច្ចជាពិសេសសម្រាប់(បំរើអោយកិច្ចការរបស់)រដ្ឋាភិបាលអាណត្តិទី ៧។ ទិន្នន័យឆ្នាំ២០២២ ដែលយើងបានប្រើ ទាក់ទងនឹងការជំរឿនអង្គភាពសេដ្ឋកិច្ច ដែលយើងឃើញថាមានកំណើនជិត ៥០ ភាគរយ គឺពី ៥០ ម៉ឺនជាងនៅក្នុងឆ្នាំ ២០១១ មក ៧៤ ម៉ឺនទៅ ៧៥ ម៉ឺន អង្គភាពស្ថាប័ន។ ទោះជាមិនគ្របដណ្តប់ទាំងអស់ ឧទា​ហរណ៍កន្លែងនេះយើងផ្តោតភាគច្រើនតែទៅលើអ្នកមាន fixed address … ប៉ុន្តែយើងបាន(ប្រមូលចងក្រងទិន្នន័យជំហាន)ដំបូងនិងភាគច្រើនទៅហើយ ទាំងអ្នកនៅក្នុងប្រព័ន្ធទាំងអ្នកនៅក្រៅប្រព័ន្ធ។  កិច្ចការនេះសំខាន់សម្រាប់យើង ដោយ ទី១ ធ្វើឲ្យឃើញពីការវិវឌ្ឍក្នុងរយៈពេល ១០ ឆ្នាំនេះ។ តើសេដ្ឋកិច្ចសង្គមដើរដល់កម្រិតណា ហើយអង្គភាពសេដ្ឋកិច្ចមានរចនាសម្ព័ន្ធយ៉ាងម៉េច? ទាំងក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធប្រ​ភេទណា និងអាជីវកម្មអី? ទី២ ជួយឲ្យវាយតម្លៃបានពីផលប៉ះពាល់កូវីដ-១៩ និងតើក្រោយពីកូវីដ-១៩ មកស្ថានភាពសេដ្ឋកិច្ចកន្លែងណាខ្លះដែលកំពុងតែមានការប្រឈម អាស្រ័យដោយទិន្នន័យបានព័ត៌មានពីសំនួរច្រើនដែលដែលយើងចុះ(ស្រង់ ហើយតើ)យកមកធ្វើអី? ទី១ គឺដើម្បីប្រាប់យើងថាយើងដើរដល់ណា … យើងមានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៥ ឆ្នាំ, ១០ ឆ្នាំ។ យើងមានគោលដៅអភិវឌ្ឍដោយចីរភាព ២០៣០។ យើងមានគោលដៅផ្សេងៗទៀត ដែលត្រូវវាស់ស្ទង់ថាតើយើងដល់ណាហើយនិងយើងឈរនៅកន្លែងណា? ទី២ យើងត្រូវដើរទៅណាទៀត? ជាពិសេសតើវាផ្គុំគ្នាជាមួយនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ឬទេ? និងកាន់តែពិសេសទៅទៀត ជួយពង្រឹងលើគ្រប់វិស័យយ៉ាងដូចម្តេចក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ចំគោលដៅជួយអន្តរាគមន៍ទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធឬកសិកម្ម។

(៧) រៀបចំគោលនយោបាយផ្អែកលើបច្ចុប្បន្នភាពនៃទិន្នន័យជាក់ស្តែងនៅលើដី

ទាំងនេះគឺជាសារៈសំខាន់នៃការរៀបចំទិន្នន័យឆ្នាំ២០២២ ដែលយើងអាចប្រើប្រាស់បាន។ ១០ឆ្នាំយើងធ្វើម្ដង។ អ្វីដែលយើងមានឆ្នាំនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ប្រទេសយើងវិវឌ្ឍទៅមុខ ហើយក៏ជាមូលដ្ឋានសម្រាប់ដើរទៅមុខក្នុងការសម្រេចនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ ២០២៤-២០២៨ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍតាមវិស័យដែលនឹងដាក់ឲ្យអនុវត្តនៅឆ្នាំ ២០២៤ខាងមុខនេះ។ ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងផ្អែកទៅលើអ្វីដែលយើងស្រាវជ្រាវក្នុងអាកាសនោះទេ។ មិនមែនស្រាវជ្រាវយកទិន្នន័យដែលបង្ហោះលើ Facebook បង្ហោះតាមស្ថាប័នអន្តរជាតិនានាដែលជាទិន្នន័យចាស់នោះទេ។ ប៉ុន្តែវាត្រូវផ្អែកលើបច្ចុប្បន្នភាពនៃទិន្នន័យជាក់ស្ដែងនៅលើដី។ នេះដាក់ចេញនូវគោលនយោបាយដោយជាក់លាក់ មិនធ្វើដោយស្រមើស្រមៃ ដោយអារម្មណ៍ ឬដោយការគិត(ច្បោលៗ)នោះទេ តែផ្អែកលើទិន្នន័យជាក់ស្ដែង …។

(៨) កំណត់យកទិន្នន័យដែលបានជំរឿននិងផ្សព្វផ្សាយដោយក្រសួងផែនការជាគោល

ការប្រមូលទិន្នន័យ(មាន)មុខពីរ។ ដូចគ្រូទាយអញ្ចឹង។ មិនមែនថា គ្រូទាយមិនឆុតនោះទេ។ តែទៅត្រូវតែមានអារម្មណ៍ជឿហើយ។ អញ្ចឹងទិន្នន័យដែល(បានជំរឿននិង)ដាក់ចេញមកនេះ ចង់ឬមិនចង់យើងត្រូវជឿ។ ព័ត៌មានពីប្រភពផ្សេងទៀត មិនមានលទ្ធភាពនឹងធ្វើជំរឿនជំនួសទេ។ ដូចនេះ ទាមទារនូវការកំណត់ឲ្យបានគុណភាពច្បាស់លាស់នូវទិន្នន័យ ព្រោះជាទិន្នន័យដែល(ស្រង់និងចងក្រង)ដោយក្រសួងផែនការ។ ខ្ញុំមិនជឿថាក្រុមហ៊ុនណាទៅធ្វើទិន្នន័យទូទាំងប្រទេសឡើងវិញនោះទេ។ យើងកំណត់យកទិន្នន័យហ្នឹងជាគោលហើយ។ រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រប់ក្រសួងទាំងអស់ មុននឹងដាក់គោលនយោបាយរបស់ខ្លួន ក៏មិនបានបញ្ជូនមន្រ្តីទៅធ្វើជំរឿនផ្ទាល់ខ្លួនដែរ ព្រោះអត់មានថវិកា អត់មានពេលវេលា អត់មានជំនាញគ្រប់គ្រាន់។ អញ្ចឹងត្រូវពឹងផ្អែកទៅលើទិន្នន័យរួមនេះ។ ក្រៅពីនោះ ក៏វាជាប្រទីបបំភ្លឺផ្លូវមួយសម្រាប់ការទាក់ទាញវិនិយោគផងដែរ។ ទិន្នន័យដែលយើងមាននេះជាសូចនាករបង្ហាញពីការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក្នុងការបង្កើតមុខរបរ និងជួយដល់អ្នកសិក្សាផ្សេងៗ។ និយាយរួម ជាផលដល់ការកសាងទិន្នន័យនេះ។​

[ចប់សេចក្ដីអធិប្បាយ១]

ដោយទិន្នន័យ និងស្ថិតិ ដើរតួនាទីសំខាន់ នៅក្នុងគ្រប់ទិដ្ឋភាព ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែម ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម៖

ទី១. ខ្ញុំសូមស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ នៃវិទ្យាសាស្ត្រស្ថិតិ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ។ ខ្ញុំសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ទី២. ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ (Representation) នៃបញ្ហាដែលចង់សិក្សា ស្វែងយល់ ដើម្បីជាប្រយោជន៍ និងធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

សូម (៩) ក្រសួងផែនការយកចិត្តទុកដាក់ក្នុងការពង្រឹងវិទ្យាសា្ថនជាតិស្ថិតិ ទាំងរចនាសម្ព័ន្ធទាំងធនធានមនុស្ស។ នេះគឺជាកិច្ចការសំខាន់។ (វិទ្យាសា្ថនជាតិស្ថិតិជា)អង្គភាពដែលត្រូវទទួលខុសត្រូវក្នុងការប្រមូល(ទិន្នន័យ) ដូចនេះត្រូវ ប្រមូលទិន្នន័យឆៅឲ្យបានត្រឹមត្រូវ។ បើប្រមូលខុស អត់បានគ្រប់ជ្រុងជ្រោយ បានន័យថាយកតែ sample យកតែគម្រូ ក៏អាចមានបញ្ហា។ អញ្ចឹងត្រូវពិនិត្យឡើងវិញ ហើយរៀបចំមន្ត្រី ​ដែលការពង្រឹងនេះ ដើម្បីបញ្ជាក់បន្ថែមថាតើយើងត្រូវដើរតួនាទីយ៉ាងណានៅក្នុងការពង្រឹងស្ថាប័នជាតិនេះ។

[ចប់សេចក្ដីអធិប្បាយ២]

ទី៣. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានាដែលហេតុថាក្រសួងផែនការគឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកទៅលើការងារប្រមូលទិន្ន័យ ម៉្យាងដើម្បីលើកកម្ពស់ការងារជំរឿនសង្គមសេដ្ឋកិច្ចជារួម និងម៉្យាងទៀតដើម្បីជាធាតុចូលសម្រាប់គ្រប់គ្រងស្ថាប័នយកទៅអនុវត្តរៀងៗខ្លួន។

ទី៤. ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការអង្កេត និងជំរឿនចាំបាច់នានាព្រមទាំងការងារប្រែក្លាយទិន្ន័យឱ្យទៅជាព័ត៌មានគ្រប់គ្រាន់ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល។

ទី៥. ក្រសួងផែនការត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀងគរធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិទាំងក្នុងស្រុក និងពីបរទេសសម្រាប់ការងារសំខាន់របស់ក្រសួងជាមួយនេះការធ្វើវិភាជន៍ឡើងវិញនៃធនធានមនុស្សដែលមានស្រាប់ឱ្យជំនាញ និងក្បែរជំនាញឯកទេស និងជួយបង្កើនប្រសិទ្ធភាពផលិតភាពការងារ។

[ផ្តើមសេចក្តីអធិប្បាយ៣]

(១០) គ្រប់ស្ថាប័ន ត្រូវយកចិត្តទុកដាក់ធ្វើវិភាជន៍មនុស្សនិងថវិកាដល់សេនាធិការផ្នែកស្ថិតិ

ទិន្ន័យសំខាន់ វិទ្យាស្ថានជាតិស្ថិតិសំខាន់ ប៉ុន្តែ(កិច្ចការនេះ)នៅតាមបណ្តាគ្រប់ស្ថាប័នក៏សំខាន់ដែរ។ ត្រូវយកចិត្តទុកពង្រឹងស្ថាប័នសេនាធិការខួរក្បាលរបស់យើង។ ការចងក្រងឯកសារគោលនយោបាយក៏ដូចជាការជំនាញស្ថិតិនេះសំខាន់ណាស់ គឺផ្សារភ្ជាប់គ្នានៅក្នុងការតាក់តែង។ ខ្ញុំសូមឱ្យក្រសួងស្ថាប័នទាំងអស់ នៅក្នុងក្របខណ្ឌក្រ​សួង/ស្ថាប័នខ្លួន ពិនិត្យយកចិត្តទុកដាក់លើកទឹកចិត្តធ្វើវិភាជន៍មនុស្សក៏ដូចជាវិភាជន៍ថវិកា … ស្ថាប័នសំខាន់នេះអត់មានអីទេ … ភារកិច្ចរបស់គាត់គឺយកទិន្ន័យមកវិភាគ មិនមានគម្រោង មិនមានអីទេ តែគាត់ជាសេនាធិការដ៏សំខាន់សម្រាប់រដ្ឋមន្ត្រីនីមួយៗ ថ្នាក់ដឹកនាំក្រសួងក្នុងការកំណត់ទិសដៅ(សកម្មភាពការងារ)។​ យើងលើកទឹកចិត្តដល់រាល់កិច្ចការពាក់ព័ន្ធនឹងសេនាធិការចងក្រងគ្រប់គ្រងគោលនយោបាយជាយុទ្ធសាស្ត្រ …។

(១១) ការណែនាំ ៣ សំរាប់ការកែទំរង់ក្នុងវិស័យមុខងារសាធារណៈ

នៅក្នុងកំណែទម្រង់មុខងារសាធារណៈ (ខ្ញុំបានផ្តល់ការណែនាំ) ៣ គឺ ទី១ ការរើសមន្ត្រីថ្មី សុក្រឹតភាព គុណាធិតេយ្យ ទី២ ការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យឆ្លើយតបនឹងទំនើបកម្ម បានន័យថាស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងព្យាករណ៍ទៅអនាគត និងទី៣ រៀបចំប្រព័ន្ធលើកទឹកចិត្តពីថ្នាក់កណ្តាល ដើម្បីយើងផ្តោតទៅលើជំនាញមួយចំនួនដែលត្រូវការការជួយ។ ក្រសួងស្ថាប័នមួយចំនួនដែលមានចំណូល អាចជួយហើយបានចាត់ចែងក្នុងការយកចិត្តទុកទៅលើផ្នែកនោះហើយ។ ក្រសួងស្ថាប័នមួយចំនួនទៀតនៅមិនទាន់នៅឡើយ។ ក្រសួងស្ថាប័នខ្លះក៏នៅខ្វះចំណូល។ បើនិយាយពីក្រសួងផែនការគឺជាស្ថាប័នប្រមូល វិភាគ និងគ្រប់គ្រងទិន្ន័យរបស់រាជរដ្ឋាភិបាល។ អញ្ចឹងត្រូវយកចិត្តទុកដាក់គិតគូរពីការវិភាជន៍ថវិកាក៏ដូចជាការវិភាជន៍(ធនធានមនុស្ស) និងការផ្តល់ការលើកទឹកចិត្តផ្សេងៗ។ ខ្ញុំសូមឱ្យក្រុមការងារនៃគណៈកម្មការជាតិកំណែទម្រង់មុខងារសាធារណៈ ដែលផ្តោតសំខាន់ទៅលើមន្ត្រីនៅក្នុងក្របខណ្ឌគោលនយោបាយ ​ជាពិសេសថែមមួយទៀតគឺមន្ត្រីក្របខណ្ឌទិន្ន័យនេះ ត្រូវគិតគូរផ្តល់នូវការលើកទឹកចិត្តកម្រិតណាមួយដើម្បីធានាការទាក់ទាញនិងថែទាំធនធានមនុស្សចូលធ្វើការនៅកន្លែងនេះ។

(១២) គិតគូរពីក្របខណ្ឌរចនាសម្ព័ន្ធ និងរៀបចំក្របខណ្ឌលើកទឹកចិត្តជំនាញទិន្នន័យ

កាលខ្ញុំរៀនសេដ្ឋកិច្ច មនុស្សជាច្រើនបានសួរខ្ញុំថា នេះនឹងរកស៊ីឬទេ? អត់ទេ។ បើសរសេរជាក្របខណ្ឌគោលនយោបាយ នោះខ្ញុំចេះ។ ខាងគណនេយ្យផ្សេងៗ គេជាអ្នកធ្វើសកម្មភាពប្រឡូកផ្ទាល់ តែក្របខណ្ឌគោលនយោបាយគឺជាអ្នកនៅខាងលើ។ នៅក្នុងក្រសួងនីមួយៗ មានអ្នកដែលគិតគូរពីក្របខណ្ឌគោលនយោបាយ កសាងផែនការសកម្មភាព មានអ្នកទទួលការងារចុះអនុវត្តផ្ទាល់មួយទៀត។ អ្នក២ហ្នឹងត្រូវជួយគ្នាទៅវិញទៅមក។ បើសិនជាគ្មានការគិតគូរក្របខណ្ឌគោលនយោបាយច្បាស់លាស់ ដាក់ទិសដៅផែនការសកម្មភាពទេ អ្នកដែលទៅចុះអនុវត្តក៏អត់ដឹងថាទៅណា ហើយតើមានសូចនាករអីដើម្បីតាមដានសកម្មភាពរបស់ខ្លួនបានត្រឹមត្រូវ។ អ្នកកសាងផែនការត្រូវការទិន្ន័យពីអ្នកក្រោមឡើងមក។ អញ្ចឹងទាំងពីរនេះសំខាន់ដូចគ្នា។ ខ្ញុំសូមឱ្យគ្រប់ស្ថាប័នក្រសួងពិនិត្យ ទី១ ក្នុងការគិតគូរពីក្របខណ្ឌរចនាសម្ព័ន្ធ បូកជាមួយការលើកទឹកចិត្តផ្ទៃក្នុង តើយើងអាចជួយសម្រួលកម្រិតណា។ ទី២ អ្វីដែលរាជរដ្ឋាភិបាលរៀបចំជាក្របខណ្ឌលើកទឹកចិត្តបន្ថែម និងផ្តោតទៅលើ ក្នុងនោះខាងជំនាញទិន្ន័យនេះ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ … យើងត្រូវធ្វើ(កិច្ចការ)ដើម្បីបង្កើនសមត្ថភាពក្នុងការកសាងនិងគិតគូរជាយុទ្ធសាស្ត្រ

(១៣) បើមិនបុរេសកម្ម នឹងនៅតែប្រតិកម្មរហូត

យុទ្ធសាស្ត្រគឺឱ្យយើងត្រូវមានភាពបុរេសកម្ម។ បើមិនអញ្ចឹងទេ យើងនៅតែប្រតិកម្មរហូត។ បើយើងមិនមានភាពបុរេសកម្មទេគឺបែកខ្ញែក។ វាទៅមុខ ប៉ុន្តែទៅមុខមិនសូវលឿន។ បើសិនជាយើងដើរដោយមានការសម្របសម្រួលទិសដៅច្បាស់លាស់ ផ្អែកទៅលើវិទ្យាសាស្ត្រនៅក្នុងការវិភាគច្បាស់លាស់ (យើងនឹងទៅមុខលឿន)។ ឥឡូវមិនប្រើលោកគ្រូទាយទេ។ អ្នកទិន្ន័យហ្នឹងហើយជាគ្រូទាយនោះ។ អ្នកទិន្ន័យវិភាគនេះហើយអាចព្យាករណ៍ថាដើរទៅដល់ណានៅខាងមុខយ៉ាងណា? ថ្ងៃមុនខ្ញុំទៅជួបជាមួយ (…) ក្រុមហ៊ុនណា ដូចជា Mobitel? គាត់មានក្មេងៗមួយក្រុមធ្វើ Marketing តែ Marketing គាត់អត់មានដើរឱ្យក្រោយទីផ្សារទេ គឺ Marketing របស់គាត់គឺធ្វើការស្រាវជ្រាវស្ថានភាពផលិតផលពិភពលោក បូកជាមួយនឹងចិត្តសាស្ត្រអ្នកទិញនៅលើពិភពលោកដើម្បីវិភាគភ្ជាប់ជាមួយចិត្តសាស្ត្រនៅកម្ពុជា ហើយព្យាករណ៍ទៅមុខទៀត តើយុវជនត្រូវការអី? …។

(១៤) កិច្ចការវិភាគនិងព្យាករណ៍ ត្រូវការធនធានមនុស្ស

រាជរដ្ឋាភិបាលក៏ត្រូវការកិច្ចការ(វិភាគនិងព្យាករណ៍)ទាំងអស់នេះដែរ។ អញ្ចឹងអ្នកដែលធ្វើកិច្ចការងារនេះត្រូវបានលើកទឹកចិត្ត ហើយកិច្ចការនេះគឺត្រូវការសំខាន់ធនធានមនុស្ស។ អ្វីដែលសំខាន់បំផុតគឺមនុស្ស។ ការវិនិយោគទៅលើម​នុស្សគឺជាកិច្ចការសំខាន់ ទាំងការបណ្តុះបណ្តាលតាំងពីតូចដល់ធំ ទាំងការវិនិយោគទៅលើមន្ត្រីនៅក្នុងស្ថាប័នឱ្យចំគោលដៅ ជាពិសេសនៅក្នុងជំនាញមិនថាក្នងក្របខណ្ឌគោលនយោបាយ ឬមួយទិន្ន័យនេះទេ ទាំងវិទ្យាស្ថានសេដ្ឋកិច្ច វិទ្យាស្ថានស្ថិតិជាតិ និងសូម្បីតែកសិកម្មក៏ពាក់ព័ន្ធនៅក្នុងការ R&D ឬស្រាវជ្រាវនិងអភិវឌ្ឍ។ ក្រសួងជាច្រើនក៏ត្រូវធ្វើកិច្ចការងារនេះដើម្បីយើងមានភាពបុរេសកម្ម។ ពាណិជ្ជកម្មក៏ដូចគ្នា … យើងត្រូវកំណត់ទិសដៅ វិភាគមើលថាដើរផ្លូវណា? ឯកឧត្តម សុក ស៊ីផាន់ណា នៅទីនេះក៏បានជជែកគ្នាក្នុងក្របខណ្ឌ ថាតើកិច្ចព្រមព្រៀងដែលយើងមានទាំងអស់ហ្នឹង យកជាទិន្ន័យសម្រាប់យើង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនេះប្រទេសនោះ ក្នុងក្របខណ្ឌតំបន់ ក្នុងក្របខណ្ឌអន្តរជាតិ(បានដូចម្តេច?)។ ទាំងអស់នេះជាទិន្ន័យឆៅ ដែលយើងត្រូវផ្តុំគ្នាយកទៅវិភាគ ថាដើរទៅកន្លែងណាទិសដៅណា? យើងកុំវេចមួយកន្ត្រកដើរទៅគ្រប់កន្លែង។ ឱ្យច្បាស់ថាទិសដៅកន្លែងហ្នឹង ផ្តោតទៅលើហ្នឹងទៅ ទិសដៅនេះទៅលើនេះ។ ទីផ្សារនេះ យើងយករបស់ហ្នឹងទៅលក់មិនកើត ព្រោះមានគេទិញហើយ។ ៦០ប្រទេសលក់របស់ហ្នឹង។ យើងទៅកន្លែងណា? … ក្នុងការរៀបចំ ត្រូវមានផែនទី ត្រូវមានត្រីវិស័យ។ កុំគូសផែនទីក្រោយសភាពការណ៍ ឬក្រោយពីដើរទៅហើយបានគូសតាមក្រោយ។ គឺស្រាវជ្រាវ មើលផែនទីឱ្យហើយ មុននឹងចេញដំណើរ ឬដល់កន្លែងណា យើងត្រូវពិនិត្យមើល វាយតម្លៃឡើងវិញ … ចំណុចនេះទាក់ទងទៅនឹងការពង្រឹងសមត្ថភាពស្ថាប័ន។

(១៥) សសរស្ដម្ភទី៣នៃកំណែទម្រង់មុខងារសាធារណៈគឺយកចិត្តទុកដាក់លើជំនាញសំខាន់ និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព

មិនមែនតែក្រសួងផែនការទេ គឺមន្ត្រីគ្រប់ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់និងកសាងមន្ត្រី ដែលទទួលកិច្ចការ(ទិន្នន័យ) … ព្យាយាមទាញមក ហើយរក្សាឱ្យបាន … ព្រោះជាសេនាធិការរបស់យើង។ សេនាធិការក្នុងការជួយគិតជួយធ្វើ គឺសេនាធិការខួរក្បាល និយាយត្រង់តែម្ដង។ អ្នកផ្សេងចុះអនុវត្ត តែខួរក្បាលនៅខាងនេះ។ សូមកសាងនឹងពង្រឹងកិច្ចការនេះ។ ធ្វើអីត្រូវផ្អែកទៅលើវិទ្យាសាស្ត្រ។ បើយើងអត់ប្រើវិទ្យាសាស្ត្រទេ យើងទៅមិនរួចទេ។ បើយើងចង់ដាក់ក្នុងគោលនយោបាយអីៗ … យើងត្រូវការអ្នកទិន្នន័យដែលជាគ្រូទាយវិទ្យាសាស្ត្រឱ្យ​យើង។ សូមយកចិត្តទុកដាក់ទាំង resource និងវិភាជន៍ធនធានផ្ទៃក្នុង ការយកចិត្តទុកដាក់ក្របខ័ណ្ឌលើកទឹកចិត្តផ្ទៃក្នុងស្ថាប័ននិងរាជរដ្ឋាភិបាល … នេះជាគោលដៅការកំណែទម្រង់ជាសសរស្ដម្ភទី៣ ឬសកម្មភាពគន្លឹះទី៣ ក្នុងការកំណែទម្រង់មុខងារសាធារណៈគឺយកចិត្តទុកដាក់លើជំនាញសំខាន់ និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព

[ចប់សេចក្ដីអធិប្បាយ៣]

ទី៦៖ ការប្រើប្រាស់ទិន្នន័យមានសារៈសំខាន់ចំពោះគ្រប់ការងារ និង គ្រប់វិស័យ ទាំងអស់ ដូចខ្ញុំបានលើកឡើងខាងលើ, ខ្ញុំសូមឱ្យ គ្រប់ក្រសួង-ស្ថាប័ន, ថ្នាក់ជាតិ បណ្ដុះបណ្ដាលផ្ទៃក្នុងរបស់យើង និងថែរក្សានូវសមត្ថភាពនេះឱ្យបានត្រឹមត្រូវនិងប្រើប្រាស់ជាប់ជាប្រចាំ។ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(១៦) បណ្តុះបណ្តាលអោយចំជំនាញហើយប្រើប្រាស់ ស្របគ្នានឹងកែទំរង់រចនាសម្ព័ន្ធផ្ទៃក្នុង

គន្លឹះនៅត្រង់(ការបណ្តុះបណ្តាលផ្ទៃក្នុងនិងថែរក្សាសមត្ថភាពជាប់ជាប្រចាំ)ហ្នឹង។ ដើម្បីថែរក្សាជំនាញមួយបាន ទាល់តែយើងឱ្យតម្លៃនិងស្គាល់សារៈសំខាន់ … នៅក្នុងកងទ័ពជើងគោក កាលខ្ញុំ(ជា)មេជើងគោក ខ្ញុំបានដាក់ទិសដៅ ៣ សំរាប់ការបំពាក់សម្ភារៈ។ ខ្ញុំមិនទិញមកបំពាក់ឱ្យទេ បើជំនាញហ្នឹងមិនប្រើ។ បើខ្ញុំទិញសម្ភារៈមួយលានដុល្លារយកបំពាក់ឱ្យអង្គភាពដើម្បីធ្វើការជំនាញ តែអង្គភាពមិនប្រើ វានឹងខូចខាត។ ទីមួយខាតថវិកា, ទីពីរសម្ភារនេះនឹងបាត់, ទីបីមនុស្សដែលចេះជំនាញនេះនឹងចាកចេញទៅណាបាត់។ ការបណ្ដុះបណ្ដាលនិងការប្រើប្រាស់ជំ​នាញសេនាធិការជាកិច្ចការសំខាន់ (…) ខ្ញុំនិយាយម្ដងទៀត ប្រធានស្ថាប័នត្រូវផ្ដល់និងប្រើប្រាស់ផង។ កុំបណ្ដុះបណ្ដាលមកហើយ (ទុកចោល)។ ខ្ញុំធ្លាប់(ជួបប្រទះហើយ)។ ឧទាហរណ៍ជំនាញវិទ្យុទាក់ទង បំភាន់អក្ខរៈនៅអង្គភាពមួយ ពេលដែលខ្ញុំធ្វើកំណែទម្រង់ ចាប់ផ្ដើមពង្រឹងវិស័យហ្នឹងឡើងវិញ ខ្ញុំសួរថាអង្គភាពមួយមានអត់? មន្ត្រីជំនាញទៅណាអស់ហើយ? ឆ្លើយ(ថា)មិនមានរចនាសម្ព័ន្ធហ្នឹងផង។ បើអញ្ចឹងបណ្ដុះបណ្ដាលមកធ្វើអី? មកពីគេឱ្យបណ្ដុះបណ្តាលក៏បណ្ដុះបណ្តាលទៅ។ យកហិរញ្ញវត្ថុឱ្យទៅរៀនជំនាញប័ណ្ណសំងាត់ ដល់មកវិញឱ្យធ្វើការងារហិរញ្ញវត្ថុទៅតាមកូតា។ មិនដូចនោះទេ។ ត្រូវមានរចនាសម្ព័ន្ធក្របខ័ណ្ឌ។

កំណែទម្រង់ទី២ ផ្ដោតទៅលើកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង។ កន្លែងណាដែលសំខាន់គឺត្រូវរៀបឬមួយពង្រឹង។ កន្លែងណាមិនសំខាន់កែសម្រួលទៅ។ នៅក្នុងទិន្នន័យនេះ កែសម្រួលរចនាសម្ព័ន្ធ រៀបចំមនុស្សបណ្ដុះបណ្ដាលបំពាក់ធនធាន ធំបំផុតគឺប្រើប្រាស់។ ពាក្យថាប្រើប្រាស់នេះ គឺជាគន្លឹះតែមួយគត់ក្នុងការធានានិរន្តរភាពស្ថាប័ន។ បើយើងមិនប្រើគាត់ មិនប្រគល់ភារកិច្ចឱ្យគាត់ មិនលើកទឹកចិត្តផ្ដល់ការងារឱ្យ បន្តិចទៀតបាត់អស់ហើយ។ បើទោះ​បីជាគាត់នៅ ក៏កំបិតហ្នឹងលែងស្រួចលែងមុតដែរ។ ដល់ពេលដែលមានស្ថានការណ៍ចាំបាច់ខ្លាំង យើងពិបាក។ ត្រូវរៀបចំការប្រើប្រាស់ ការផ្ដល់ការលើកទឹកចិត្ត និងការពង្រឹង។ យើងប្រមូលមក​បណ្ដុះបណ្ដាលលើកទឹកចិត្ត បើមិនអញ្ចឹងយើងមិនអាចថែទាំ(ជំនាញបានទេ)។

នេះជាបទពិសោធន៍ដែលខ្ញុំសូមលើក។ ស្ថាប័នខ្លះមាន(សមត្ថភាពជំនាញ)ខ្លាំង ស្ថាប័នខ្លះមានដែរប៉ុន្តែនៅខ្សោយ។ ខ្ញុំចង់ឱ្យស្ថាប័នទាំងអស់មានសមត្ថភាពជំនាញ ហើយម្ចាស់ការ។ បានន័យថាមានអី យើងមានអ្នកសេនាធិការខួរក្បាលរបស់យើងតែម្ដង។ កន្លងទៅគ្រប់ក្រសួងស្ថាប័នបានខិតខំកសាងជំនាញនេះ នៅផ្នែកនេះ ក្នុងក្រប​ខ័ណ្ឌនៃការរៀបចំគោលនយោបាយរបស់ខ្លួន។ សូមឱ្យពិនិត្យមើលបន្ថែមទៀតត្រូវការពង្រឹងយ៉ាងណា។

[ចប់សេចក្ដីអត្ថាធិប្បាយ៤]

ទី៧. ខ្ញុំសូមស្នើឱ្យ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធាន ថវិកាវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និង បង្កើនមូលធនមនុស្ស ដែលចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និង សម្រាប់ ការវិនិយោគលើឧបករណ៍បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើន ប្រសិទ្ធភាពនៃការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និង រហ័សទាន់ពេល ។

៨. មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ និង មន្ត្រីរាជការនៃក្រសួងផែនការ ដែលបានសម្របសម្រួលដឹកនាំការងារ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២ ដោយសម្រេចបានជោគជ័យ ។

៩. ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី និង អង្គពិធី, សូមមានសុខភាពល្អបរិបូរណ៍, មាន សុភមង្គលក្នុងក្រុមគ្រួសារ និង សម្រេចបាននូវជោគជ័យតាមភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ ត្រជាក់នៃសុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និង ពរ, ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ: កុំបីឃ្លៀងឃ្លាត៕


 

អត្ថបទទាក់ទង