Grand News Asia Close

សម្រាប់គោលបំណងយោធា៖ តើអាចជាការបំភ្លៃដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួនដែរឬទេ?

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ទស្សនៈ-Opinion ព័ត៌មានជាតិ 1006
សម្រាប់គោលបំណងយោធា៖ តើអាចជាការបំភ្លៃដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួនដែរឬទេ? សម្រាប់គោលបំណងយោធា៖ តើអាចជាការបំភ្លៃដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួនដែរឬទេ?

ថ្មីៗនេះ លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) បានចោទប្រកាន់មកភាគីកម្ពុជាទាំងមិនមានទឡ្ហិករណ៏ច្បាស់លាស់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ ការចោទប្រកាន់បែបនេះត្រូវបានមជ្ឈដ្ឋានទូទៅដាក់ជាសំណួរថា តើអាចជាការបំភ្លៃព័ត៌មានដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួនដែរឬទេ?

កម្ពុជាជាប្រទេសមានអរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលត្រូវបានឆ្លុះបញ្ចាំង​តាមរយៈ​ប្រាសាទបុរាណ ដូចជា អង្គរវត្ត និងប្រាសាទព្រះវិហារ ដែលអង្គការយូណេស្កូបានចុះបញ្ជីជា​បេតិកភណ្ឌ​ពិភពលោក។ ការការពារ និងអភិរក្សបេតិកភណ្ឌ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់កម្ពុជា។ ដូច្នេះ ការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ជាមូលដ្ឋានយោធា គឺជាការអះអាង​ដែល​ត្រូវការភស្តុតាងច្បាស់លាស់។

ជាក់ស្តែង ប្រាសាទព្រះវិហារ គឺជាបេតិកភណ្ឌពិភពលោករបស់ប្រជាជនកម្ពុជា និងជាទីតាំងសម្រាប់​ការ​អភិរក្ស សិក្សាស្រាវជ្រាវបុរាណវិទ្យា ការអប់រំ ការគោរពបូជាតាមប្រពៃណី និងការទទួលស្វាគមន៍ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ។ ការដែលភ្ញៀវទេសចរថៃធ្លាប់ចូលទស្សនាប្រាសាទ ក៏ជាប្រការមួយដែលបង្ហាញ​ពីសភាពជាទីតាំងបេតិកភណ្ឌ និងទេសចរណ៍របស់ប្រាសាទនេះ មិនមែនជាមូលដ្ឋានយោធាឡើយ។

ហេតុនេះ ការចោទប្រកាន់ដោយគ្មានភស្តុតាងគ្រប់គ្រាន់ មិនត្រឹមតែមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់​ស្តែង​នៃប្រាសាទព្រះវិហារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើតការយល់ច្រឡំអំពីការការពារបេតិកភណ្ឌផងដែរ។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់ប្រហាររបស់យោធាថៃ រួមទាំងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ តាមរបាយការណ៍របស់ CMAC ការវាយប្រហារដោយអាវុធធុនធ្ងន់បានបំផ្លាញទីតាំងចំនួន ៥៦២ កន្លែង និងធ្វើឱ្យថ្មប្រាសាទខ្ទេចខ្ទីជាង ៧ម៉ឺនបំណែក។

សោកនាដកម្មចំពោះប្រាសាទព្រះវិហារនេះក៏បានបង្ហាញផងដែរ ផ្អែកតាមរយៈរបាយការណ៍របស់​នាយក​ដ្ឋាន​អភិរក្សនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារដោយ បញ្ជាក់ថារបាយការណ៍កត់ត្រាការខូចខាត​លើ​រចនាសម្ព័ន្ធប្រាសាទព្រះវិហារ សរុប៥៦២ ទីតាំង រួមមាន៖ ១៤២ ទីតាំងពីការវាយប្រហារនៅខែ​កក្កដា ២០២៥ និង ៤២០ ទីតាំងពីការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធ​របស់​យោធា​ថៃនាខែធ្នូ ២០២៥។ ការខូចខាតរាលដាលចាប់ពីគោបុរៈទី១ ដល់ទី៥ ស្ពានហាល និងជណ្តើរបុរាណ។ ការខូចខាតប្រាសាទព្រះវិហារ ត្រូវបានពិនិត្យ វាយតម្លៃ និងចងក្រងជាឯកសារយ៉ាងច្បាស់លាស់ ព្រម​ទាំង​ត្រូវបានផ្ទៀងផ្ទាត់តាមរយៈរបាយការណ៍របស់អ្នកជំនាញជាតិ និងអន្តរជាតិផងដែរ។

ម៉្យាងទៀត ការចោទប្រកាន់កម្ពុជាថាប្រើប្រាស់ប្រាសាទព្រះវិហារសម្រាប់គោលបំណងយោធា ក៏ជាការបំភ្លៃព័ត៌មាននិងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅនិងសហគមន៍អន្តរជាតិ ដែលប្រការនេះក៏ផ្ទុយទៅនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសត្រង់ចំណុចទី៨ ដែលចែងថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការ​ចែកចាយ​ព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា​ដោយសន្តិវិធី»។ ការចោទប្រកាន់និងការ​បំភ្លៃព័ត៌មានបែបនេះ ក៏មិនអាចលាក់បាំងការពិតបានឡើយ ព្រោះថា អ្នកសង្កេតការណ៍ AOT បានចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ និងកត់ត្រាទុកនូវគ្រប់ចំណុចទាំងអស់នៃការរំលោភ បំពាននិងសោកនាដកម្ម​ដែលបង្ក​ឡើងដោយយោធាថៃ។

សរុបមក ការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ប្រាសាទព្រះវិហារសម្រាប់គោលបំណងយោធា គឺជាការអះ​អាង​ដែលត្រូវមានភស្តុតាងច្បាស់លាស់ មិនអាចយកមកបំភ្លៃការពិត ឬបង្វែរការទទួលខុសត្រូវ​ចំពោះការ​ខូច​ខាត​បេតិកភណ្ឌបានឡើយ។ ប្រសិនបើថៃចង់បញ្ចប់ភាពតានតឹង និងការចោទប្រកាន់ទៅវិញទៅមក គួរគោរពច្បាប់អន្តរជាតិ និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា រួមទាំង​សេច​ក្តី​ប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជានឹងបន្តទាមទារឱ្យមានការទទួលខុសត្រូវ និងការ​ការពារប្រាសាទបុរាណ និងបេតិកភណ្ឌពិភពលោកដោយផ្អែកលើច្បាប់ និងភស្តុតាង។
ជាមួយគ្នានេះ កម្ពុជាមានមូលហេតុ និងសិទ្ធិក្នុងការទាមទារឱ្យមានការពិនិត្យផ្ទៀងផ្ទាត់ការខូចខាត ការការពារបេតិកភណ្ឌ និងការអនុវត្តកាតព្វកិច្ចតាមច្បាប់អន្តរជាតិ ដោយផ្អែកលើភស្តុតាង និងយន្តការដែលអាចផ្ទៀងផ្ទាត់បាន។ ការគោរពកិច្ចព្រមព្រៀង និងការការពារបេតិកភណ្ឌ គួរតែជាមូលដ្ឋានសម្រាប់បញ្ចប់ការចោទប្រកាន់ទៅវិញទៅមក និងឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងតាមព្រំដែនកម្ពុជា-ថៃ៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង