Grand News Asia Close

ប្រមុខការពារជាតិកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ដែលរាប់បញ្ចូលការដោះលែងទាហានកម្ពុជាទាំង១៨នាក់

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ English ទំព័ររូបថត ព័ត៌មានជាតិ 1114


(ម៉ាឡេស៉ី)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានប្រកាសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងចុះ ហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាយករដ្ឋម​ន្រ្តីប្រទេសទាំងពីរ។ សភាពការណ៍នេះ ក៏បង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជា១៨នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ។

នៅក្នុងឱកាសបង្ហាញលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅលើទឹកដីប្រទេសម៉ាឡេស៉ី, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៉ី»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា ការចូលរួមសម្រសម្រួលពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៉ី គឺជាស្មារតីបង្កើតជំនឿទុកចិត្ត និងភាពជឿជាក់គ្នាទៅវិញ ទៅមក ព្រមទាំងការប្តេជ្ញាចិត្ត ធ្វើឱ្យប្រសើរឡើងវិញនៃទំនាក់ទំនង និងការវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា៖ «សភាពការណ៍នេះ ក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។ ភាគីកម្ពុជា និងថៃ ថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅក្នុងរយៈពេល ៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជា​មិត្តទាំងអស់គ្នា៕


Unofficial Translation

Press Statement: H.E. Tea Seiha, Deputy Prime Minister and Minister of National Defence of the Kingdom of Cambodia Outcomes of the 2nd Special Meeting of the General Border Committee (GBC)
Kuala Lumpur, Malaysia, 23 October 2025

អត្ថបទទាក់ទង