សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព
(ទីក្រុងប៉ារីស, បារាំង)៖ បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរពិសេសរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។
ដោយឡែកនៅឯសណ្ឋាគារកន្លែងស្នាក់នៅរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត។
ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង។
សូមបញ្ជាក់ថា នៅម៉ោង៨ព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញបេសកកម្មដ៏មានសារៈសំខាន់ចំនួនពីរនៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា។
ដំណើរបេសកកម្មការងារនៅទ្វីបអឺរ៉ុប នៅដើមទំព័រឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។
ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានានឹងចូលរួមក្នុងកិច្ចប្រជុំនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្ត លើប្រព័ន្ធសកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហា ប្រឈមដែលជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនា ដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមកដែលចាំជាចិសម្រាប់ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្តេចធិបតី នឹងមានជំនួបជាមួយលោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំង ធុរជននៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា។
បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង គឺជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ ដើម្បីពូនជ្រុំទំនាក់ទំនងកម្ពុជា-បារាំងឱ្យកាន់តែល្អប្រសើរ។ លោកប្រធានាធិបតីបារាំង បានគូសរំលេចថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី នឹងអនុញ្ញាតឱ្យជំរុញទៅមុខ យ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី។
លោកប្រធានាធិបតី បង្ហាញបំណងប្រាថ្នាចង់ឱ្យទស្សនកិច្ចរបស់សម្តេចធិបតី បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង កាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលយើងកំពុងប្រឈមមុខជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។
លោកប្រធានាធិបតី ក៏បានរំពឹងដែរថា ទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងពិនិត្យមើលមធ្យោបាយនានាដែលកម្ពុជា និងបារាំងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។
ក្នុងលិខិតផ្ញើជូនប្រាធានាធិបតីបារាំងនាពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ សម្តេចមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀតលើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក។
សម្តេចធិបតី បានគូសរំលេចថា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ប្រទេសទាំងពីរ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។
សម្តេចធិបតី បានបង្ហាញការជឿជាក់ថា ការពិភាក្សារវាងសម្តេច និងលោកប្រធានាធិបតីបារាំង នឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់សារៈសំខាន់នៃភាពជាដៃគូកម្ពុជា និងបារាំង សម្រាប់ប្រជាជនប្រទេសទាំងពីរ និងសម្រាប់សហគមន៍អន្តរជាតិ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
សូមបញ្ជាក់ថា អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត បំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុបនាពេលនេះ រួមមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕