Grand News Asia Close

សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ” ។

ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង អ៊ីប៉ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏អធិកអធមនេះ ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការបញ្ជាក់ផងដែរថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)” ។ លើសពីនេះ ឯកឧត្តម វ៉ាង អ៊ីប៉ ក៏បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមអភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ ដូចគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើងជានិមិត្តរូបនៃការអភិវឌ្ឍក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយពិតណាស់សមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង ៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ ។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី, លោកតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានការរីកចម្រើន ។ ជាក់ស្តែង នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ជាចុងក្រោយ សម្តេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

 

អត្ថបទទាក់ទង