Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបវិស័យឯកជន ប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 479

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកានេះ នឹងរៀបចំឡើងនៅវិមានសន្តិភាព។
វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលនោះ។ វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។
វេទិកានេះត្រូវបានរៀបចំឡើងស្ទើររៀងរាល់ឆ្នាំ។ វេទិកាលើកទី១៨ ត្រូវបានរៀបចំឡើងនៅឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា គ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជន ឱ្យនៅឯកោនោះឡើយ ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពីសុខុមាលភាព និងការរីកចម្រើនរបស់វិស័យ ឯកជនជាប់ជាប្រចាំ កាយវិការទាំងនេះស្តែងចេញតាមរយៈការដាក់ចេញនូវយន្តការ និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ដែលអាចជះឥទ្ធិពលដល់ការសម្រេចចិត្ត និងប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិយោគិន មានជាអាទិ៍ ភាពរង្គោះរង្គើ នៃសេដ្ឋកិច្ចសកល ការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់សកល ការបង្កើនការយកចិត្តទុកដាក់លើការ អភិវឌ្ឍប្រកបដោយចីរភាព និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេស វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ាជាដើម។
ពីមួយលើកទៅមួយលើក យន្តការវេទិកានេះ បានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗ ពីចំនួន៧ក្រុមការងារ កើនឡើងដល់១៤ក្រុមការងារតាមវិស័យ សម្រាប់វេទិកាលើកទី១៩នេះ។
សូមគូសបញ្ជាក់ផងដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តីសម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីផងដែរ៕

អត្ថបទទាក់ទង