Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមនៅហ្កាហ្សា មានន័យដូចម្ដេច ចំពោះអារ៉ាប៊ីសាអូឌីត?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 224
វិភាគអន្តរជាតិ៖ តើសង្រ្គាមនៅហ្កាហ្សា មានន័យដូចម្ដេច ចំពោះអារ៉ាប៊ីសាអូឌីត? វិភាគអន្តរជាតិ៖ តើសង្រ្គាមនៅហ្កាហ្សា មានន័យដូចម្ដេច ចំពោះអារ៉ាប៊ីសាអូឌីត?

(វ៉ាស៊ីនតោន)៖ ក្រុមហាម៉ាសប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា អាចអះអាងពីជ័យជម្នះមួយចំនួនរួចស្រេចទៅហើយ នៅក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល ដោយ ជ័យជម្នះដ៏សំខាន់មួយ នោះគឺការបង្អាក់ភាពរីកចម្រើនទៅមុខនៃការស្វែងរកកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក។

សង្រ្គាមរវាងហាម៉ាស និងអ៉ីស្រាអែល បាន និងកំពុងធ្វើឱ្យព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន ស្ថិតក្នុងគោលជំហរមួយដ៏លំបាក យ៉ាងហោចក្នុងរយៈពេលខ្លី។ តែទោះបីជាបច្ចុប្បន្ន កិច្ចព្រមព្រៀមរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលត្រូវបានផ្អាកក៏ពិតមែន តែវានៅមិនទាន់ត្រូវបានយក ចេញពីតុចរចានៅឡើយទេ ហើយអត្ថាប្រយោជន៍ដែលជំរុញឱ្យអារ៉ាប៊ីសាអូឌីត ពិចារណាលើការទទួលស្គាល់អ៉ីស្រាអែល ក៏មិនទាន់រលាយបាត់ទៅណា នោះដែរ។

* ទៅមុខមួយជំហាន ថយក្រោយពីរជំហាន
នៅមុនការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងរបស់អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលត្រូវបានរាយការណ៍ថាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចចរចាភ្ជាប់ទំនាក់ទំនងជាប្រក្រតី ក្រោមការសម្របសម្រួលពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។ កន្លងមក មានឧបសគ្គធំៗមួយចំនួនដែលរារាំងការឈានទៅរកកិច្ចព្រមព្រៀង ហើយ ឧបសគ្គដ៏ធំមួយ នោះគឺការខ្វែងគំនិតគ្នាលើផលប្រយោជន៍រវាងប្រទេសទាំង៣ និងសំណុំរឿងប៉ាឡេស្ទីន។

អារ៉ាប៊ីសាអូឌីត បានទាមទារឱ្យអ៉ីស្រាអែលជួយសម្រួលឱ្យមានកិច្ចចរចាឆ្ពោះទៅរក «ដំណោះស្រាយរដ្ឋ២» រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែ ដោយសារតែរដ្ឋាភិបាលអ៉ីស្រាអែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមអ្នកនយោបាយស្ដាំនិយមជ្រុល ការទាមទារនេះគឺមិនអាចធ្វើទៅរួចឡើយ។ លើសពីនេះទៅទៀត ទីក្រុងរីយ៉ាដ ក៏បានស្នើផងដែរឱ្យសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងស្ដីពីការធានាសន្តិសុខផ្លូវការមួយមានរូបមន្តដូច NATO និងផ្ដល់ជំនួយក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរស៊ីវិល។ តែការទាមទារទាំងនេះមានការជំទាស់សមាជិកសភាអាមេរិកភាគច្រើន។

តែយ៉ាងណាក៏ដោយ កិច្ចចរចានៅតែបង្ហាញសញ្ញាពីភាពរីកចម្រើនទៅមុខ។ តួយ៉ាង ប៉ុន្មានសប្ដាហ៍ មុនការវាយប្រហារលើក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា «ពីមួយថ្ងៃទៅមួយថ្ងៃ យើងកាន់តែខិតជិតគ្នា នៅក្នុង កិច្ចចរចា»។ ក៏ប៉ុន្តែ សំណុំរឿងប៉ាឡេស្ទីនតែងតែជាឧបសគ្គធំជានិច្ចនៃការខិតជិតគ្នារវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ ពោលគឺទោះជាផ្នត់គំនិតប្រឆាំង ការភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែលរបស់រដ្ឋាភិបាលអារ៉ាប់បានថយចុះនារយៈពេលប៉ុន្មានចុងក្រោយនេះក៏ពិតមែន តែសាធារណៈមតិអារ៉ាប់ភាគច្រើន នៅតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ពី «បុព្វហេតុប៉ាឡេស្ទីន»។ ម្លោះហើយ ទើបទីក្រុងរីយ៉ាដបានបញ្ជូនសារជារឿយៗទៅកាន់អ៉ីស្រាអែលឱ្យផ្ដល់សម្បទាន មួយដ៏ធំលើសំណុំរឿងប៉ាឡេស្ទីន។ ជាឧទាហរណ៍ កាលពីខែសីហាកន្លងទៅ ខណៈកិច្ចពិភាក្សាជាមួយអ៉ីស្រាអែលមានភាពរីកចម្រើន អារ៉ាប៊ីសាអូឌីតបាន តែងតាំងឯកអគ្គរដ្ឋទូតដំបូងបំផុតរបស់ខ្លួនប្រចាំប៉ាឡេស្ទីន ដែលនេះជាកាយវិការមួយត្រូវបានក្រុមអ្នកវិភាគបកស្រាយថាជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ ទីក្រុងរីយ៉ាដ ក្នុងការតម្កល់ទុកបុព្វហេតុប៉ាឡេស្ទីន ឱ្យគេគ្រប់គ្នាដឹងថាត្រូវគ្នាជាមួយអ៉ីស្រាអែល គឺដើម្បីតែប៉ាឡេស្ទីន។

កាលពីឆ្នាំ២០២០ និង២០២១ អ៉ីស្រាអែលបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ដូចជា បារ៉ែន ម៉ារ៉ុក ស៊ូដង់ និងអេមីរ៉ាតអារ៉ាប់រួម ជាថ្នូរនឹងការទម្លាក់ ចោលផែនការក្រសោបយក ៣០ភាគរយនៃតំបន់ West Bank របស់អ៉ីស្រាអែល។ ប៉ុន្តែ ដរាបណា នៅតែមានសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ហើយ សាធារណៈមតិអារ៉ាប់នៅតែគាំទ្រប៉ាឡេស្ទីន នោះកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតគឺប្រហែលជាមិនអាចធ្វើទៅកើតឡើយ។

* តើការខិតជិតគ្នារវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត រលាយបាត់ហើយឬ?
ដរាបណា កងទ័ពអ៉ីស្រាអែលនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ហើយការទម្លាក់គ្រាប់បែកនៅតែបន្ត ឱកាសនៃការស្ដារឡើងវិញនៃភាពរីកចម្រើននៃកិច្ចចរចារវាង អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក គឺប្រហែលជាមិនអាចធ្វើទៅកើតឡើយ។ ប៉ុន្តែ មានកត្តាមួយចំនួនដែលជំរុញ ពីក្រោយកិច្ចចរចានេះនឹងមិនមានការប្រែប្រួលនោះទេ។ អ៉ីស្រាអែលនឹងតែចង់មានទំនាក់ទំនងផ្លូវការជាមួយអារ៉ាប៊ីសាអូឌីត រីឯអារ៉ាប៊ីសាអូឌីតចង់ទាញយក ផលចំណេញពីសេដ្ឋកិច្ចអ៉ីស្រាអែល ដូចដែលអេមីរ៉ាតអារ៉ាប់រួមទទួលបានតាមរយៈការចុះកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ជាមួយអ៉ីស្រាអែល។ទាំងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នៅតែមើលឃើញថាអ៉ីរ៉ង់ជាការគំរាមកំហែងដ៏ធំរបស់ពួកគេ ដែលនេះជាការបើកផ្លូវឱ្យប្រទេសទាំង២ សហការគ្នា បានគ្រប់ពេលនៅពេលពួកគេចាត់ទុកអ៉ីរ៉ង់ជា «សត្រូវរួម»។

ម្យ៉ាងវិញទៀត ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក៏ដឹងយ៉ាងច្បាស់ដែរថាមហិច្ឆតាធ្វើពិពិធកម្មសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត របស់ព្រះអង្គអាចសម្រេចជោគជ័យទៅបាន គឺអាស្រ័យទៅលើស្ថិរភាពក្នុងតំបន់ និងទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក។ នៅក្នុងបរិបទនេះ រឿងមួយដែលគេត្រូវចាំ គឺកិច្ចព្រមព្រៀងអារ៉ាប់ជាមួយ អ៉ីស្រាអែល ប្រៀបបានដូចជាកិច្ចព្រមព្រៀងអារ៉ាប់ជាមួយសហរដ្ឋអាមេរិកដូច្នោះដែរ។ ជាក់ស្ដែងរឿងបែបនេះបានកើតឡើងរួចទៅហើយកាលពីអតីតកាល។ កិច្ចព្រមព្រៀងសន្តិភាពរវាងអេហ្ស៉ីប និងអ៉ីស្រាអែលក្នុងឆ្នាំ១៩៧៩ បានបើកផ្លូវឱ្យសហរដ្ឋអាមេរិកផ្ដល់ជំនួយយោធាដល់អេហ្ស៉ីប ហើយកិច្ចព្រមព្រៀងរវាង ហ្ស៊កដានី និងអ៉ីស្រាអែល បាននាំហ្ស៊កដានីមកត្រូវរ៉ូវគ្នាវិញជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបានបង្ហាញការគាំទ្ររបស់ខ្លួនដល់អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein ក្នុងសង្រ្គាមឈូងសមុទ្រពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១។ ចំណែក កិច្ចព្រមព្រៀង Abraham Accords ឆ្នាំ២០២០-២០២១វិញ បានជំរុញឱ្យ សហរដ្ឋអាមេរិកទទួលស្គាល់តំបន់ Western Sahara ជាកម្មសិទ្ធិរបស់ម៉ារ៉ុក ដកប្រទេសស៊ូដង់ចេញពីបញ្ជីប្រទេសគាំទ្រភេរវករ ព្រមទាំងពាក្យសន្យាពី អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាអេមីរ៉ាតអារ៉ាប់រួមអាចទិញយន្ដហោះចម្បាំង F-35។

អត្ថាប្រយោជន៍ទាំងអស់នេះ នឹងនៅតែអាចទាក់ចិត្តអារ៉ាប៊ីសាអូឌីត បើទោះជាមានអ្វីកើតឡើងនៅអ៉ីស្រាអែល និងហ្កាហ្សាក៏ដោយ ដោយគ្រាន់តែថាតើពេល​វេលាល្អនោះនឹងមកដល់នៅពេលណាតែប៉ុណ្ណោះ។ ការត្រឡប់ទៅរកកិច្ចចរចារវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ក៏មានន័យស្មើផងដែរនឹងការត្រឡប់ទៅរក កិច្ចចរចាជាមួយសហរដ្ឋអាមេរិកស្ដីពីការធានាសន្តិសុខបែប NATO ដែលអារ៉ាប៊ីសាអូឌីតចង់បាន។ តែក្នុងពេលបច្ចុប្បន្ន ដរាបណាសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសនៅតែបន្ត នោះកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលក៏នឹងនៅតែជាប់គាំងដូចគ្នាដែរ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា បានអះអាងថាការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនកើនដល់ ១០,០២២នាក់ ដែលភាគច្រើនជាជនស៊ីវិលក្នុងនោះមានកុមារ ៤,១០៤នាក់ ហើយប្រមុខ UN បាននិយាយថាហ្កាហ្សាបានក្លាយជា «វាលកប់ខ្មោច» សម្រាប់កុមារ ប៉ាឡេស្ទីន៕

អត្ថបទទាក់ទង