Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 213
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួបសំណេះ​សំណាលជា​មួយ​កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់។ ក្នុងនោះមានកម្មការិនី​មានផ្ទៃ​ពោះចំនួន ៤៨២នាក់។ កិច្ចសំណេះសំណាលធ្វើឡើងនៅតំបន់សេដ្ឋកិច្ច​ពិសេស​ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីនេះ មកពីរោងចក្រ សហគ្រាសចំនួន៣០ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារិមចំនួន១១, កាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតសម្ភារៈសត្វចំនួន២, ផលិតកេសកាតុងចំនួន២, ផលិតចំណីសត្វចំនួន២, ផលិតថ្មម៉ាបចំនួន១, កែច្នៃស្បែកចំនួន១, ផលិតសម្ភារៈការិយាល័យចំនួន១, ដេរស្បែកជើងចំនួន១, ផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១, ជ្រលក់ក្រណាត់ចំនួន១, ផលិតអេប៉ុងចំនួន១, និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងប្លាស្ទិកចំនួន១។

តំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី មានផ្ទៃដីប្រមាណ ១៣០ហិកតា ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩ ជាមួយទុនវិនិយោគជាង ២៤៥លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគដោយលោក ជូ ចាងជីង ជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេសចេជាង មានរោងចក្រ សហគ្រាសចំនួន២៤ មានកម្មករ និយោជិតសរុបប្រមាណ ៨,០៨៥នាក់។ ផលិតផលដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានដូចជាអាវសម្រាប់សត្វចិញ្ចឹម និងប្រឡៅ ស្រោមសាឡុង សម្លៀកបំពាក់ពេទ្យ និងបរិក្ខារពេទ្យ ថ្មម៉ាប គ្រឿងសង្ហារិម សាឡុង តុទូផ្ទះបាយ ថង់ប្លាស្ទិក សំបកកេសកាតុង ចំណីសត្វចិញ្ចឹម អេប៉ុង កែច្នៃស្បែកសម្រាប់ផលិតជាចំណីសត្វចិញ្ចឹម និងសម្ភារៈការិយាល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសេចក្តីរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុនាថ្ងៃនេះ។ សម្តេចធិបតីបានពាំនាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់ផងដែរ។ សម្តេចបន្តថា ដំណើរចុះជួបកម្មករ និយោជិតនឿយកាយ តែមិននឿយចិត្តនោះទេ ពីព្រោះបានស្វែងយល់ពីសុខទុក្ខកម្មករ ការិនីយើងដោយផ្ទាល់។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោតជាង ៨៦ភាគរយ ដែលគាំទ្របក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រះសីហនុ បង្ហាញការជឿជាក់របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា។សម្តេចធិបតី បានថ្លែងថា ប្រាក់ចំណូលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករ និយោជិត តែប្រាក់ចំណូលនេះបើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ។សម្តេចធិបតីបានថ្លែងថា ទសវត្សរ៍៨០ និង៩០ កម្ពុជានាំពីក្រៅគ្រប់បែបយ៉ាងសម្រាប់ការ​ហូប​ចុក និងប្រើប្រាស់ តែបច្ចុប្បន្នកម្ពុជាអាចផលិតសម្រាប់ហូប និងប្រើប្រាស់ខ្លួនឯង ហើយបានលក់ចេញទៅក្រៅប្រទេសថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នចែកបាន ២លានក្បាលដី សល់ប្រមាណ ៥លានក្បាលដី។

សម្តេចធិបតីបានមានប្រសាសន៍ថា ធម្មជាតិខេត្តព្រះសីហនុល្អខ្លាំងណាស់ ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការកែច្នៃ ដើម្បីបានជាប្រយោជន៍បានច្រើនទៀត។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវទាមទារចាំបាច់នូវកត្តាសុខសន្ត្តិភាព។បើមានសង្គ្រាម គ្មានឱកាសកែប្រែធម្មជាតិ ទៅជាសក្តានុពលនោះឡើយ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅបំពាក់ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល ដែលពេលនេះក្រុមហ៊ុនបន្តពន្យារពេលមិនយកថ្លៃសម្រាប់ការចុះឈ្មោះយកកាត ហើយថ្ងៃនេះក៏ជាខួប១ឆ្នាំនៃការដាក់អោយប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។ សម្តេចធិបតី ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា។ រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចនេះជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែនៅខេត្តជាប់សមុទ្រមួយនេះ។សម្តេចបានថ្លែងថា ដើម្បីទាក់ទាញទេសចរណ៍ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់។សម្តេចធិបតីបានបង្ហាញក្តីរំពឹងថា ៥ ទៅ១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ ហើយដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពេលសម្តេចកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន មានមតិមហាជនមួយចំនួនបានសួរនាំអំពីភាពយន្តចិនមួយ ដែល​និយាយពីស្ថានភាពមិនល្អនៅស្រុកខ្មែរ ជាពិសេសខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានអ្នកវិនិយោគទុនរបស់ចិន ដែលកំពុងរកស៊ីនៅកម្ពុជា បានថ្លែងបកស្រាយថានៅទីនោះ គឺកម្ពុជា មិនដូចក្នុងរឿងភាពយន្តនោះទេ មានស្ថានភាព និងសន្តិសុខល្អណាស់។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគទុនរបស់ចិន ដែលបានជួយពន្យល់ និងបកស្រាយយ៉ាងល្អចំពោះមតិមហាជនលើកឡើងពាក់ព័ន្ធ រឿងភាពយន្តចិន (No more Bet) និងសូមអរគុណចំពោះការវិនិយោគទុននៅកម្ពុជា សូមបន្តមកវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 







 

 

 

 

 

 

















 

អត្ថបទទាក់ទង