Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ទទួលបានផ្លែផ្កាពីសុខសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 190
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ទទួលបានផ្លែផ្កាពីសុខសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ទទួលបានផ្លែផ្កាពីសុខសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨មក កម្ពុជា ទទួលបានផ្លែផ្កាពីសុខសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ទើបកម្ពុជាមានឱកាសដោះមីននៅខេត្តកំពង់ស្ពឺ ក៏ដូចជាការបោសសំអាតមីនទូទាំងប្រទេស ដើម្បីរំដោះដីដែលធ្លាប់ជាចម្ការមីន ទៅជាដីសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាក់ស្តែងដីនៅខេត្តកំពង់ស្ពឺនេះជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សន្តិភាព បានប្រែក្លាយតំបន់សមរភូមិ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ប្រជាពលរដ្ឋដើរលែងកំសាន្តដោយគ្មានការភិតភ័យចំពោះសង្រ្គាម និងគ្រោះថ្នាក់ដោយសារមីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ផ្លែផ្កានៃសន្តិភាពនេះហើយ ដែលជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានផលប្រយោជន៍ ពោលគឺការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌៕

 

អត្ថបទទាក់ទង