Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនហ៊ានធ្វើឱ្យឥណ្ឌាទាស់ចិត្ត?​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 175
វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនហ៊ានធ្វើឱ្យឥណ្ឌាទាស់ចិត្ត?​ វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនហ៊ានធ្វើឱ្យឥណ្ឌាទាស់ចិត្ត?​

(វ៉ាស៊ីនតោន)៖ ការចោទប្រកាន់ពីសំណាក់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួន Sikh ម្នាក់ នៅលើទឹកដីកាណាដា កាលពីខែមិថុនាកន្លងទៅនេះ បានបង្កទៅជាជម្លោះរវាងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ បំផុតមួយរបស់សហរដ្ឋអាមេរិក និងប្រទេសជាដៃគូភូមិសាស្ត្រនយោបាយមួយមិនអាចខ្វះបានសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា ជម្លោះនេះ ក៏បានបង្ហាញផងដែរពីធាតុពិតមួយចំនួននៃនយោបាយការបរទេសរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលតែងតែលើកឡើងជានិច្ចពីការគិតគូដល់ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគ្មាននរណាដូច។

លោក បៃដិន មានគោលបំណងការពារអ្វីដែលលោកផ្ទាល់ហៅថាជាសណ្ដាប់ធ្នាប់ពិភពលោក តាមរយៈការជួយឱ្យឥណ្ឌាលេចត្រដែតឡើងជាមហាអំណាច តែខណៈឥណ្ឌា កំពុងលេចត្រដែតឡើងជាមហាអំណាច វាបែរជាកំពុងបង្កបញ្ហាស្មុគស្មាញដល់សណ្ដាប់ធ្នាប់ដែលទីក្រុងវ៉ាស៊ីនតោនកំពុងការពារទៅវិញ ដ្បិតនៅ ក្រោមការដឹកនាំរបស់លោក Modi ឥណ្ឌា តែងតែរងការរិះគន់យ៉ាងខ្លាំងជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

យ៉ាងនេះក្ដី ដោយសារ «មានសន្លឹកបៀរចិន» នៅក្នុងដៃ ឥណ្ឌា​សឹងតែអាចធ្វើអ្វីៗតាមដែលខ្លួនឯងចង់ធ្វើ ដោយមិនបាច់ភ័យ ឬខ្វល់ពីការដាក់ទណ្ឌកម្ម ឬការថ្កោលទោសពីសហរដ្ឋអាមេរិកនោះទេ។ ដូចដែលលោក Kurt Campbell ជាប្រមុខគោលនយោបាយអាស៊ីនៃរដ្ឋបាលលោក បៃដិន បានលើកឡើងថា «សហរដ្ឋអាមេរិក និងឥណ្ឌា មានទំនាក់ទំនងទ្វេភាគីដ៏មានសារៈសំខាន់បំផុតនៅលើភពផែនដីនេះ ដូច្នេះទីក្រុងវ៉ាស៊ីនតោននឹងត្រូវតែអត់ឱនចំពោះ អាកប្បកិរិយាមិនល្អមួយចំនួនធំរបស់ឥណ្ឌា ដើម្បីរក្សាទំនាក់ទំនងយូរអង្វែង។

សព្វថ្ងៃ តំបន់អឺរ៉ាស៊ីមួយផ្នែកធំ គឺស្ថិតក្រោមការគ្រប់គ្រងនៃប្រទេសដែលជាគូប្រជែងរបស់សហរដ្ឋអាមេរិក ដូចជារុស្ស៉ី ចិន និងអ៉ីរ៉ង់។ ឥណ្ឌាជាប្រទេសមួយមាន ប្រជាជន ១.៤ពាន់លាននាក់ ជាអនាគតនៃរោងចក្រពិភពលោក ជាអ្នកចូលរួមចំណែកដល់ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់សកល និងជាមេដឹកនាំការទូតនៃប្រទេស កំពុងអភិវឌ្ឍ។ ដោយសារសក្ដានុពលទាំងនេះ ទើបលោក បៃដិន កំណត់ជាអាទិភាពលើការពង្រឹងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា តាមរយៈការអញ្ជើញលោក Modi បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវ៉ាស៊ីនតោន ជួយលើកមុខមាត់លោក Modi ក្នុងនាមជាមេដឹកនាំពិភពលោក នាឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 កាលពីពេលថ្មីៗនេះ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្រោមទស្សនវិស័យរបស់លោក បៃដិន សហរដ្ឋអាមេរិក និងឥណ្ឌា មានផលប្រយោជន៍រួមក្នុងការរារាំងកុំឱ្យចិនគ្រប់គ្រងតំបន់អាស៊ី ឬក៏អាចដល់កម្រិតគ្រប់គ្រង ពិភពលោក។ នេះបានន័យថាសហរដ្ឋអាមេរិក ជួយឥណ្ឌា ក៏ដូចជួយខ្លួនឯងដែរ។ ក៏ប៉ុន្តែ ការឱ្យតម្លៃលើប្រយោជន៍ភូមិសាស្ត្រនយោបាយនេះ ក៏កំពុងបង្កជា ផលប៉ះពាល់ត្រឡប់មកវិញដល់កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកតម្កល់សិទ្ធិមនុស្សជាធំដែរ។ លោក បៃដិន ដែលរឿយៗតែងតែលើកឡើងពេញៗ មាត់ពីការប្រកួតប្រជែងរវាង «ប្រជាធិបតេយ្យ និងផ្ដាច់ការ» បានរក្សាភាពស្ងប់ស្ងាត់ នៅពេលដែលនិយាយដល់ស្ថានភាពសិទ្ធិមនុស្ស សេរីភាពនយោបាយ និងប្រជាធិបតេយ្យនៅឥណ្ឌា ចំពោះការកើនឡើងនៃអំណាចអ្នកហិណ្ឌូជាតិនិយមនៅក្នុងជួររដ្ឋាភិបាលលោក Modi។

មួយវិញទៀត ឥណ្ឌា មិនបានថ្កោលទោស ហើយក៏មិនបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែននោះដែរ តែផ្ទុយទៅវិញបែរជាកំពុងទាញ យកប្រយោជន៍ពីការទិញប្រេង ក្នុងតម្លៃថោកពីរុស្ស៉ីថែមទៀត។ ឥណ្ឌា ប្រឆាំងនឹងអនុត្តរភាពរបស់ចិន តែមិនមែនមានន័យថាញូវដេលី ពេញចិត្តនឹងអំណាចរបស់ សហរដ្ឋអាមេរិកនោះទេ។ អ្វីដែលឥណ្ឌាត្រូវការ នោះគឺ «ប្រព័ន្ធពហុប៉ូលមួយ» ដែលមានឥណ្ឌានៅក្នុងនោះដែរ ជាជាងស្ថិតក្នុងប្រព័ន្ធឯកប៉ូលមួយដែលអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកជាអ្នកអង្គុយពីលើ។ រដ្ឋាភិបាលរបស់លោក Modi ជឿជាក់ថាទីក្រុងញូវដេលីមានសន្លឹកបៀរជាច្រើនក្នុងដៃ ដោយពួកគេមិនជឿនោះទេថា សហរដ្ឋអាមេរិកសុខចិត្តបំផ្លាញ ឬធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយឥណ្ឌា ពីព្រោះលោក Modi ដឹងច្បាស់ជាងនរណាៗទាំងអស់ថាសហរដ្ឋអាមេរិក ត្រូវការការគាំទ្រពីឥណ្ឌា ដើម្បីប្រជែងជាមួយចិន។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានជួយកាណាដា ក្នុងការប្រមែប្រមូលចោទប្រកាន់លើឥណ្ឌា។ ប៉ុន្តែ សហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ដែរថាបានស្នើឱ្យរដ្ឋាភិបាលកាណាដា បន្ធូរបន្ថយការចោទប្រកាន់ឥណ្ឌាជាសាធារណៈ បើទោះជាលោក បៃដិន បានលើក ពីបញ្ហានេះជាមួយញូវដេលីក្នុងជំនួបបិទទ្វារ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់របស់លោក Modi នៅឯកិច្ចប្រជុំកំពូល G20 ក៏ដោយ។ គេនៅចាំបានថានៅពេលដែល មានការចោទប្រកាន់ថារុស្ស៉ីបំពុលសម្លាប់សត្រូវរបស់លោក ពូទីន នៅលើទឹកដីអង់គ្លេស កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានចូលរួមជាមួយសម្ព័ន្ធមិត្ត លោកខាងលិច ក្នុងការបណ្ដេញមន្ត្រីទូតរុស្ស៉ីជាច្រើននាក់ចេញពីប្រទេស ផ្ទុយពីកាណាដាដែលមិនបានទទួលការបង្ហាញពីសាមគ្គីភាពដូចគ្នានេះពីសហរដ្ឋអាមេរិក នោះទេ៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង