សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល បំផុត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza” នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣(ម៉ោងនៅអាមេរិក)។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្តិបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមមូលបទ“កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
តាមកម្មវិធីដែល បានគ្រោងទុក សម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន៖ បរិបទពិភពលោក វឌ្ឍនភាព សង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។
បើតាមឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រៅពីកម្មវិធីថ្លែង សុន្ទរកថានៅ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការបរទេសឥណ្ឌា, នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៃ សកលវិទ្យាល័យ កូឡំបៀ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។
អ្នកនាំពាក្យដដែលបានបន្តទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានកម្មវិធីមួយចំនួនបន្ថែមទៀតដែរ ដោយអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ក្នុងន័យដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគ ពីសហរដ្ឋអាមេរិកមកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏នឹងមានពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ ខ្មែរដែល កំពុងតែរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា កិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រព្រឹត្ត ទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕