Grand News Asia Close

វិភាគអន្តរជាតិ៖ ការវិលមកវិញនៃ «រាត្រីទឹកឃ្មុំ» រវាងកូរ៉េខាងជើង និងរុស្ស៉ី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 202
វិភាគអន្តរជាតិ៖ ការវិលមកវិញនៃ «រាត្រីទឹកឃ្មុំ» រវាងកូរ៉េខាងជើង និងរុស្ស៉ី វិភាគអន្តរជាតិ៖ ការវិលមកវិញនៃ «រាត្រីទឹកឃ្មុំ» រវាងកូរ៉េខាងជើង និងរុស្ស៉ី

(វ៉ាស៊ីនតោន)៖ រថភ្លើងពាសដែករបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៉ីហើយ នៅព្រឹកថ្ងៃអង្គារ​ ទី១២ ខែកញ្ញា។ លោក គីម ជុងអ៊ុន នឹងត្រូវជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលកំពុងរៀបចំ វេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញពីកូរ៉េខាងជើងតាមរថភ្លើងពាសដែក កាលពីរសៀល ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមកម្ល៉េះ និងត្រូវបានអមដំណើរដោយមេបញ្ជាការយោធា ក្រុមមន្ត្រីឧស្សាហកម្មអាវុធ និងមន្ត្រីការទូតជាន់ខ្ពស់ កូរ៉េខាងជើង ដើម្បីចូលរួមក្នុងជំនួបជាមួយលោក ពូទីន ដែលក្រុមមន្ត្រីអាមេរិក និងក្រុមអ្នកវិភាគលោកខាងលិចជឿជាក់ថានឹងផ្ដោតជាសំខាន់ លើកិច្ចព្រមព្រៀងអាវុធ។

សហរដ្ឋអាមេរិកបានគំរាមទុកជាមុនពីការដាក់ទណ្ឌកម្មថ្មីបន្ថែមយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើងពិតជាលក់អាវុធឱ្យរុស្ស៉ីពិតមែននោះ។ ក៏ប៉ុន្តែ រឿងបែបនេះកើតឡើងមែន តើវានឹងមានន័យដូចម្ដេចទៅវិញសម្រាប់តំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា? ដូច្នេះយើងអាចចាប់ផ្ដើមសាកល្បង យល់ពីទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីជាមុនសិន។

* តើទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី វិវត្តយ៉ាងណា ប៉ុន្មានឆ្នាំថ្មីៗ?

នៅមុនពេលសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនផ្ទុះឡើង ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីមានលក្ខណៈត្រឹមជាកិច្ចសហប្រតិបត្តិការ តូចចអង្អៀត និងការទូតរអាក់រអួលប៉ុណ្ណោះ បើទោះជាប្រទេសទាំង២មានមរតកទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបន្សល់ទុកពីសម័យសូវៀតក៏ដោយ។ ក្នុងឆ្នាំ២០១៥ លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចនៅរុស្ស៉ី ដើម្បីចូលរួមពិធីប្រារព្ធខួបលើកទី៧០ នៃការបិទ បញ្ចប់សង្រ្គាមលោកលើកទី២។ ប៉ុន្តែ លោក គីម ជុងអ៊ុន នៅពេលនោះមិនទាន់ត្រៀមលក្ខណៈរួចរាល់ចូលរួមព្រឹត្តិការណ៍ធំបែបនេះ នៅឯក្រៅ ប្រទេសឡើយ។ មួយវិញទៀត នៅពេលនោះរុស្ស៉ីក៏បានគាំទ្រផងដែរដល់ដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN (UNSC) ប្រឆាំងទីក្រុងព្យុងយ៉ាង រហូតដល់ឆ្នាំ២០១៧ និងបានបរាជ័យក្នុងការបង្កើតភាពរីកចម្រើននៅក្នុងការកំណត់ពីផលប្រយោជន៍រួមនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៀតផង។ តួយ៉ាង កិច្ចប្រជុំកំពូលឆ្នាំ២០១៩រវាងលោក គីម ជុងអ៊ុន និងលោក ពូទីន ធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយបរាជ័យនៃកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ រវាងលោក គីម និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយជាលទ្ធផល មានតែលោក ពូទីនម្នាក់ទេបានធ្វើសន្និសីទសារព័ត៌មានខ្លីៗពីកិច្ចប្រជុំនេះដែលនេះបានឆ្លុះបញ្ចំងថាទាំងរុស្ស៉ី និងកូរ៉េខាងជើង បានបរាជ័យ ក្នុងការស្វែងរកភាពប្រទាក់ក្រឡាគ្នានៅក្នុងផលប្រយោជន៍រៀងៗខ្លួន។

តែសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនដែលផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ បានផ្តល់មូលដ្ឋានសម្រាប់ការរួមបញ្ចូលគ្នានៃផលប្រយោជន៍រួម រវាងប្រទេសទាំង២។ កូរ៉េខាងជើង បានចេញមុខគាំទ្រផ្នែកនយោបាយដល់រុស្ស៉ី តាមរយៈការទទួលស្គាល់ឯករាជ្យភាពនៃរដ្ឋាភិបាលលើកបន្តុប ឡើងដោយរុស្ស៉ី ក្នុងតំបន់ផ្ដាច់ខ្លួនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន។ រីឯការគាំទ្រផ្នែកនយោបាយរបស់រុស្ស៉ីវិញ បានផ្ដល់ឱ្យកូរ៉េខាងជើងនូវខែលការពារការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប និងការបាញ់ បង្ហោះផ្កាយរណប។

* តើកូរ៉េខាងជើងមានសមត្ថភាពអ្វីដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន?

ក្រុមអ្នកជំនាញយល់ថាកូរ៉េខាងជើងអាចផ្តល់អាវុធ និងអាចធ្វើជាមូលដ្ឋានផលិតអាវុធមួយឱ្យរុស្ស៉ីនៅពេលអនាគត។ ប៉ុន្តែការផ្ដល់ឱ្យនេះនឹងមាន ដែនកំណត់ដោយសារតែបច្ចុប្បន្ន ប្រសិទ្ធភាព និងសមត្ថភាពផលិតនៃរោងចក្រផលិតអាវុធកូរ៉េខាងជើង នៅមានកម្រិតទាបនៅឡើយ។ អាវុធដែល កូរ៉េខាងជើង អាចនឹងផ្ដល់ឱ្យរុស្ស៉ីក្នុងពេលភ្លាមៗ អាចជាគ្រាប់កំាភ្លើងធំ កាំភ្លើងធំ និងប្រព័ន្ធគ្រាប់រ៉ុក្កែតស៊េរីចាស់ដែលនៅតែដំណើរការ ហើយអាច សម្លាប់ជីវិតមនុស្សបាន បើទោះជាមិនមានបំពាក់ប្រព័ន្ធ GPS កំណត់គោលដៅជាក់លាក់ក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រផលិតអាវុធកូរ៉េខាងជើង នៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក សឺហ្គៃ សយហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ជាសញ្ញាបង្ហាញពី ចេតនារបស់កូរ៉េខាងជើងចង់ក្លាយជាមូលដ្ឋានផលិតអាវុធមួយសម្រាប់លក់ឱ្យរុស្ស៉ី។ ជាថ្នូរមកវិញ កូរ៉េខាងជើងអាចនឹងស្នើសុំការគាំទ្រពីរុស្ស៉ី ដែលអាចនឹងរួមមានការផ្ដល់ជំនួយបច្ចេកវិទ្យាសម្រាប់អាវុធទំនើបៗ និងផ្កាយរណប ព្រមទាំងជំនួយជាស្បៀងអាហារ និងការគាំទ្រសំខាន់ៗដែល ជួយពង្រឹងអំណាចដឹកនាំរបស់លោក គីម ជុងអ៊ុន។ យ៉ាងនេះក្ដី គេនៅតែរង់ចាំមើលសិនថាតើកូរ៉េខាងជើង និងរុស្ស៉ី អាចផ្ដល់ការគាំទ្រឱ្យគ្នាទៅវិញ ទៅមកដល់កម្រិតណា ដែលសមស្របទៅនឹងការរំពឹងទុករបស់ពួកគេរៀងៗខ្លួន។

* តើការពង្រីកទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី មានន័យយ៉ាងណាចំពោះឧបទ្វីបកូរ៉េ និងអាស៊ីបូព៌ា?

ការត្រឡប់មកវិញនៃទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៉ី អាចនឹងក្លាយជាការត្រួសត្រាយផ្លូវមួយឱ្យទីក្រុងព្យុងយ៉ាងចូលទៅកាន់បច្ចេកវិទ្យាអាវុធ ដែលយោធាកូរ៉េខាងជើងចង់បានជាយូរមកហើយ ដូចជាបច្ចេកវិទ្យាសម្រាប់ធ្វើបច្ចុប្បន្នភាពយន្ដហោះចម្បាំង និងប្រព័ន្ធអាវុធស៊េរីទំនើបៗ។ ប៉ុន្តែ ត្រូវបាន រាំងស្ទះដោយសារតែចិន និងរុស្ស៉ីចូលរួមក្នុងការអនុវត្តទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើងនាពេលកន្លងមក។ ក្នុងន័យនេះ ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៉ីសម្រាប់ការឈ្លានពានអ៊ុយក្រែន បានពង្រីក និងបើកផ្លូវដោយអចេតនាឱ្យកូរ៉េខាងជើងចូលទៅកាន់ការគាំទ្រយោធាដ៏សំខាន់មួយពី ក្រៅប្រទេស។ កូរ៉េខាងជើង ក៏បានគូសបញ្ជាក់ដែរពីសារៈសំខាន់នៃទំនាក់ទំនងជិតស្និទ្ធរវាងចិន កូរ៉េខាងជើង និងរុស្ស៉ី តាមរយៈការទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន លោក លី ហុងចុង (Li Hongzhong) កាលពីខែកក្កដាកន្លងទៅ នាឱកាសបា្ររព្ធខួបលើកទី៧០ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលនៅកូរ៉េខាងជើងត្រូវបានចាត់ទុកថាជា «ទិវាជ័យជម្នះ»។ បន្ថែមពីលើនេះ សេចក្ដីរាយការណ៍ពីលទ្ធភាពដែលកូរ៉េខាងជើងអាចនឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នារវាងចិន និងរុស្ស៉ី នឹងក្លាយ ជាការបោះជំហានមួយបន្ថែមឆ្ពោះទៅរកសម្ព័ន្ធភាពបែបនេះ។ សម្ព័ន្ធភាពចិន កូរ៉េខាងជើង និងរុស្ស៉ី នៅតែមិនទាន់មានភាពស្អិតល្មួតដូចជាសម្ព័ន្ធភាព អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នោះទេ។ តែទោះជាយ៉ាងនេះក្ដី ការលេចឡើងនៃសម្ព័ន្ធភាពនេះ ទោះមិនទាន់កា្លយជាប្លុកផ្លូវការមួយនៅអាស៊ីបូព៌ាក៏ដោយ ក៏វានៅតែនឹងបង្កមានភាពតានតឹងរឹតតែខ្លាំងក្នុងតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា។ ទំនាក់ទំនងរឹងមាំរវាងកូរ៉េខាងជើង និងរុស្ស៉ី អាចជួយកាត់បន្ថយ ភាពឯកោរបស់កូរ៉េខាងជើងបានមួយភាគដែរ ហើយថែមទាំងអាចពង្រឹង «មរតកនយោបាយនៅក្នុងស្រុក» របស់លោក គីម ជុងអ៊ុន ក៏ដូចជានឹងជំរុញលើក ទឹកចិត្តឱ្យកូរ៉េខាងជើងបន្តការបាញ់តេស្ដមីស៊ីល និងអភិវឌ្ឍផ្កាយរណប ដោយមិនចំាបាច់បារម្ភពីការថ្កោលទោស ព្រោះមានរុស្ស៉ីជាខ្នងបង្អែក។ និមិត្តរូប នៅពីក្រោយដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅរុស្ស៉ី ក្នុងឆ្នាំ២០២៣នេះ អាចសន្មត់បានថាលោក គីម ចង់ដឹកនាំការទូតកូរ៉េខាងជើង នៅក្នុង បរិបទភូមិសាស្ត្រនយោបាយនៃការប្រឈមមុខដាក់គ្នា ជាជាងស្ថិតក្នុងបរិយាកាសបន្ធូរបន្ថយភាពតានតឹងដែលធ្លាប់បានកើតឡើងអំឡុងកិច្ចប្រជុំកំពូលរបស់ លោក គីម ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលមានគោលបំណងដូចគ្នាគឺពង្រឹងភាពស្របច្បាប់ និងលើកមុខមាត់កូរ៉េខាងជើងនៅលើឆាកអន្តរជាតិ។

* តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់នឹងឆ្លើយតបដូចម្ដេច?

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាន់ជំហរម៉ឺងម៉ាត់ និងគំរាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ នៅក្រោយលេចឮដំណឹងទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៉ី ក្នុងក្ដីសង្ឃឹមមួយថាអាចនឹងបង្កើតជាការដាក់សម្ពាធ និងរារាំងកិច្ចសហប្រតិបត្តិការវាងរុស្ស៉ី និងកូរ៉េខាងជើង។ ក្រុមមន្ត្រី​អាមេរិក បានអះអាងថាចំណាត់ការបែបនេះ នាពេលកន្លងមកមានប្រសិទ្ធភាព ហើយវាក៏ធ្វើឱ្យប្រទេសដទៃទៀតនៅជុំវិញពិភពលោកអាចនឹងចាត់ទុក ឬបន្ត មើលឃើញថាជំនួបរវាងលោក គីម និងលោក ពូទីន គ្រាន់តែជាកិច្ចប្រជុំមួយរវាងមេដឹកនាំឯកោពីររូបតែប៉ុណ្ណោះ។

ក៏ប៉ុន្តែ កិច្ចប្រជុំកំពូលកូរ៉េខាងជើង និងរុស្ស៉ីនៅពេលនេះ អាចជាសញ្ញាច្បាស់មួយបង្ហាញពីកិច្ចសហប្រតិបត្តិការកម្រិតថ្មីមួយឈរលើមូលដ្ឋាននៃទស្សនៈ យល់ឃើញចំពោះ«ផលប្រយោជន៍រួម» ដែលទស្សនៈបែបនេះបានឃ្លាតឆ្ងាយពីគ្នាចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់។ ទីក្រុងវ៉ាស៊ីនតោននឹងបន្តប្រឆាំង ជំទាស់ទៅនឹងកិច្ចសហប្រតិបត្តិការរបៀបនេះ ហើយនឹងបន្តរារាំងមហាអំណាចដទៃ ជាពិសេសគឺចិន កុំឱ្យចូលរួម ឬគាំទ្រទីក្រុងព្យុងយ៉ាង​ ឬទីក្រុងមូស្គូ ឬក៏ទាំង២តែម្តង។ គោលបំណងរបស់សហរដ្ឋអាមេរិក គឺត្រូវបន្តរារាំងកូរ៉េខាងជើងមិនឱ្យងើបចេញពីភាពឯកោ ហើយនៅម្ខាងទៀតគឺខ្ទប់កុំឱ្យរុស្ស៉ីមាន សមត្ថភាពបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទទាក់ទង