Grand News Asia Close

មន្ត្រីកំពូលអាមេរិក ចិន និងរុស្ស៉ី នឹងត្រូវជួបគ្នា នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ អាស៊ាន | ASEAN 754
មន្ត្រីកំពូលអាមេរិក ចិន និងរុស្ស៉ី នឹងត្រូវជួបគ្នា នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា  មន្ត្រីកំពូលអាមេរិក ចិន និងរុស្ស៉ី នឹងត្រូវជួបគ្នា នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា 

(ហ្សាការតា)៖ អនុប្រធានាធិអាមេរិក លោកស្រី Kamala Harris នាយករដ្ឋមន្ត្រីចិន និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី នឹងត្រូវជួបគ្នានៅឯកិច្ចប្រជុំកំពូល អាស៊ីបូព៌ា រៀបចំឡើងក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះនឹងក្លាយជាឱកាសដ៏កម្រមួយសម្រាប់មន្ត្រីកំពូលៗនៃប្រទេសទំាង៣ អង្គុយពិភាក្សាទល់មុខគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមាន ១៨ប្រទេសចូលរួម នឹងក្លាយជាកន្លែងឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងទំនាក់ទំនងគ្នាដោយផ្ទាល់ មួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានព្រមានឱ្យមហាអំណាចធំៗទាំងអស់ត្រូវតែគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីបញ្ចៀសកុំឱ្យ សង្រ្គាមត្រជាក់ថ្មីមួយផ្ទុះឡើង។ ការព្រមាននេះធ្វើឡើងមុននឹងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាចាប់ផ្ដើមដោយមិនមានវត្តមានចូលរួមរបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅថ្ងៃព្រហស្បតិ៍នេះ នឹងក្លាយជាកិច្ចប្រជុំលើកដំបូងបំផុតដែលមន្ត្រីកំពូលអាមេរិក និងរុស្ស៉ី អាចអង្គុយនៅតុមូល ជាមួយគ្នា ក្នុងរយៈពេលជាង២ខែមកនេះ បន្ទាប់ពីមន្ត្រីទូតអាមេរិក និងសហភាពអឺរ៉ុបរិះគន់លើប្រមុខការទូតរុស្ស៉ី នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ កាលពី ខែកក្កដាកន្លងទៅ ជុំវិញសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។

ចំណែក មេដឹកនាំដទៃទៀតដែលនឹងចូលរួមកិច្ចប្រជុំនេះដែរក្នុងនោះរួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ និងនាយករដ្ឋមន្ត្រីអូស្រាលី លោក អាន់ថូនី អាល់បានីស ព្រមទាំងបណ្ដាមេដឹកនាំរបស់អាស៊ាន៕

អត្ថបទទាក់ទង