Grand News Asia Close

(វីដេអូ) សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅហ្សាការតា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ទំព័រវីដេអូ ព័ត៌មានជាតិ អាស៊ាន | ASEAN 1564

FN- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជ១១យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា តប​តាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន នៅ​ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់​ប្រ​ទេ​ស​​តំបន់អាស៊ីអាគ្នេយ៍ និងដៃគូសន្ទនា ក្នុងការជជែកដោះស្រាយបញ្ហាទាំងឡាយ។ ជាពិសេស​ការ​​ស្វះស្វែងរកនូវកាលានុវត្តន៍ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបញ្ហាសង្គមដទៃទៀត ស្រប​តាម​សសរស្តម្ភទាំង៣របស់អាស៊ានរួមមាន៖ សហគមន៍សន្តិសុខ-នយោបាយ, សហគមន៍​សេដ្ឋ​កិច្ច និងសហគមន៍សង្គម-វប្បធម៌ ដែលមានទំនាក់ទំនង និងជះឥទ្ធិពល​គ្នាទៅ​វិញ​ទៅ​មក។

វេទិកាដ៏អឺងកងមុនដំណាច់ឆ្នាំនៅតំបន់អាស៊ាននេះ មានរយៈពេលខ្លី តែកិច្ចប្រជុំមានចំនួន​ច្រើន​ ជាហេតុនាំឱ្យមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនារបស់​អា​ស៊ា​ន ជាពិសេសមេដឹកនាំតែប្រទេសសមាជិកអាស៊ានតែម្តង គឺមមាញឹករកពេលដូរអាវស្ទើរតែ​មិន​ទាន់​នោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតផង​ដែរ គឺមានភាពមមាញឹកខ្លាំងក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅលើទឹកដីហ្សាកាតានេះ។ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលជារបៀបវារៈរបស់អាស៊ាន រួមមាន៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលចង្អៀត​របស់​អាស៊ាន​លើក​ទី៤៣, ពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាវេទិកាថ្មីសម្រាប់អាស៊ាន, កិច្ច​ប្រជុំ​​កំពូលអាស៊ាន-ចិនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាង​ត្បូង) លើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១, កិច្ចប្រជុំកំពូល​អា​ស៊ាន​​កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០, កិច្ចប្រជុំកំពូលអាស៊ី​បូព៌ាលើក​ទី​១៨, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៣, កិច្ចប្រជុំកំពូល​អាស៊ាន​-អង្គការ​សហប្រជា​ជាតិ​លើកទី១៣ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួម​ជា​មួយការប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ។

ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំដែលជារបៀបវារៈរបស់អាស៊ានហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបង្ហាញមុខក្នុងបេសកកម្មការទូតលើកដំបូងក្នុងឋានៈជានាយករដ្ឋ​មន្ត្រីរបស់កម្ពុជា ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំ​ប្រទេស​ដៃ​គូសន្ទនារបស់អាស៊ានផងដែរ។ ជំនួបនេះ ជាការសម្តែងការគួរសម និងជាការ​ស្វែង រកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងឋានៈ​ជា​មេ​ដឹកនាំថ្មីថ្មោងរបស់កម្ពុជា។

មេដឹកនាំរបស់អាស៊ានដែលមានវត្តមានចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី គឺត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារទាំងអស់។ មេដឹកនាំអាស៊ា​ន​ដែល​សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបដំបូងគេ គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន។ បន្ទាប់មកជួបមេដឹកនាំអាស៊ានជាបន្តបន្ទាប់រួមមាន៖ ជួបពិសាអាហារ និងពិភាក្សាការងារត្រីភាគី ជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ជួបសម្តែងការគួរសម និងពិភាក្សការងារ​ជា​មួយលោក លី សៀនលុង នាយករដ្ឋមន្ត្រីសិង្ហបុរី, ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសាន់ណាល់ ប៊ូគីហ្សាស់ ព្រះមហាក្សត្រនៃប្រទេសព្រុយ​ណេ​ដារ៉ូសាឡឹម, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស (Fer​di​​nan​d Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។

ក្រៅតែពីមេដឹកនាំប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសម្តែងការ​គួរ​សម និងពិភាក្សាការងារជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក យូន សុក យ៉ល ប្រធានាធិបតីសា​ធា​រណ​​រដ្ឋកូរ៉េ, លោក គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយក​រដ្ឋ​មន្ត្រី​ជ​ប៉ុន, លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រខាងកើត, លោក ម៉ាក ប្រោន (Mark Brown) នាយករដ្ឋមន្ត្រីកោះឃុក, លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខា​ធិការ​ដ្ឋាន​អា​ស៊ាន។

ក្រៅតែពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាផ្លូវការហើយនោះ ក្នុងឱកាសចូលរួមកិច្ច​ប្រជុំ និងកម្មវិធីនានានៅទីក្រុងហ្សាកាតានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានឱកាសស្វា​គមន៍លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិក, លោក អាន់​តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាផងដែរ។

ក្រៅតែពីកម្មវិធីដែលបានរៀបរាប់ខាងលើហើយនោះ ពេលអញ្ជើញទៅដល់ថ្ងៃដំបូងសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញ​ជា​អធិបតីជាមួយប្រធានាធិបតីជាមួយលោកប្រធានាធិបតីហ្វីលីពិន ក្នុងពិធីចុះហត្ថលេខា​លើ​អនុ​ស្ស​រណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីនផងដែរ។ ពិធីនេះចុះហត្ថលេខារវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់ហ្វីលីន។ អនុស្សារណៈ​យោគ​យល់​គ្នានេះ ផ្តោតជាសំខាន់លើការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាព​កសិពាណិជ្ជកម្មប្រកបដោយចីរភាព។

ក្នុងបេសកកម្មការទូតជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកា​អា​ស៊ាន បាននាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីសាធារណៈមតិជាតិ និងអន្តរជាតិផងដែរ។ ចាប់​អារម្មណ៍ក៏ព្រោះតែសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រទេសសមាជិកអាស៊ានថ្មី និង​បង្ហាញវត្តមានលើកដំបូងក្នុងវេទិកាអាស៊ាន ហើយក៏ជាមេដឹកនាំដែលមានវ័យក្មេងជាងគេ ក្នុងចំណោមមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនារបស់អាស៊ាន។

តាមរយៈវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យឃើញពីឥរិយាបថ​នយោ​​បាយការបរទេស និងជំហរនយោបាយនានាសម្រាប់បញ្ហាក្នុងតំបន់ ក៏ដូចជាលើឆាក​អន្តរ​ជាតិ តាមរយៈសុន្ទរកថាគន្លឹះរបស់សម្តេចក្នុងកិច្ចប្រជុំនានានោះ។ ក្នុងនោះតាម​រយៈការ​ថ្លែង​សុន្ទរកថា ជាភាសាអង់គ្លេសក្នុងកិច្ចប្រជុំ​កំពូល​ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យកោតសរសើរ និងបង្ហាញពីមោទនភាពរបស់ពួកគេចំពោះ​សមត្ថ​ភាពចំណេះដឹងផ្នែកភាសារបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គេក៏អាចវាយតម្លៃពីសន្ទុះនៃការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ចំពោះសកម្មភាពរបស់​សម្តេច​​ធិប​តី តាមរយៈវីដេអូដែលផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយផងដែរ។ រាល់វីដេអូរបស់​សម្តេច​ធិបតី និងលោកជំទាវជាភរិយា ចាប់តាំងពីពេលចេញដំណើរ រហូតដល់ចូលរួមកិច្ចប្រជុំ​នានានៅទីក្រុងហ្សាកាតា មានអ្នកចូលមើលច្រើន ហើយបានបញ្ចេញមតិយោបល់បង្ហាញពីការ​ពេញចិត្ត ស្ញប់ស្ញែង និងកោតសរសើរសម្តេចធិបតីជាខ្លាំង។

ក្នុងនោះលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់​ខ្លួន រហូតប្រដូចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាតារាមួយដួងដែលរះចិញ្ចែងចិញ្ចាច​ក្នុង​វេទិកាអាស៊ានថែមទៀតផង។

លោក ប៉ែន បូណា បានគូសរំលេចថា ចំណុចដែលនាំឱ្យសម្តេចធិបតី ទទួលបានការ​ទាក់​ទាញ​ដោយសារកត្តាចំនួន៤រួមមាន៖

ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួ​អង្គ​អ្នក​នយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។

ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយា និងសីលធម៌​ដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់​គ្នា​ឱ្យ​សម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។

ទី៣៖ សមត្ថភាព និងភាពជឿជាក់លើខ្លួនឯង គឺជាចន្ទល់ដ៏រឹងមាំ​ដែលធ្វើឱ្យសម្តេចធិបតី​អាច​បំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូង​ក៏ដោយ។

ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការ​ទូត​ដ៏​ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន៕

អត្ថបទទាក់ទង