Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ អាស៊ាន | ASEAN 282
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ)

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន បូក៣លើកទី​២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំកំពូលអាស៊ាន បូក៣ គឺជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសសមាជិកអាស៊ាន រួមជាមួយប្រទេសក្នុងតំបន់៣ទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

កិច្ចប្រជុំកំពូលអាស៊ានបូក៣ ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន ហើយក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

ក្រៅពីនេះភាគីចិនអញ្ជើញចូលរួមដោយលោក លី ឈាំង នាយករដ្ឋមន្ត្រីចិន, ជប៉ុន អញ្ជើញចូលរួមដោយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ហើយកូរ៉េខាងត្បូងអញ្ជើញចូលរួមដោយលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា អាស៊ាន បូក៣ បានចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅឆ្នាំ១៩៩៧ ដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី។ កិច្ចប្រជុំកំពូលរវាងអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យលើកិច្ចសហ​ប្រតិ​បត្តិ​ការលើវិស័យនានា ជាពិសេសការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

របាយការណ៍បានបញ្ជាក់ថា កាលពីឆ្នាំ២០២១​ ទំហំពាណិជ្ជកម្មរវាងអាស៊ាន​ ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានកើនដល់ជិត ១.១ម៉ឺនលានដុល្លារអាម៉េរិក។ ទំហំនេះ មានកំណើនប្រមាណ ២៥.១ភាគរយ ធៀបនឹងឆ្នាំ២០២០៕

អត្ថបទទាក់ទង