ទាក់ទងនឹងផលប៉ះពាល់នៃការវាយប្រហារលើ ប្រាសាទព្រះវិហារពីសំណាក់យោធាថៃ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងផលប៉ះពាល់នៃការវាយប្រហារលើ ប្រាសាទព្រះវិហារពីសំណាក់យោធាថៃ
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
សំណួរទី១៖ តើការវាយប្រហារលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃអាចបង្កផលវិបាកផ្នែកច្បាប់អន្តរជាតិអ្វីខ្លះ?
ចម្លើយ៖ ការប្រើប្រាស់កម្លាំងយោធារបស់ថៃវាយប្រហារលើប្រាសាទព្រះវិហារ អាចបង្កជាបញ្ហាពាក់ព័ន្ធនឹងការគោរពច្បាប់អន្តរជាតិ ជាពិសេសការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ។ តាមជំហររបស់កម្ពុជា សកម្មភាពនេះក៏ពាក់ព័ន្ធនឹងការគោរពសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ផងដែរ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ក៏បានកំណត់គោលការណ៍សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធផងដែរ។
សំណួរទី២៖ តើរបាយការណ៍របស់អង្គការយូណេស្កូបានបញ្ជាក់ពីផលប៉ះពាល់ និងការខូចខាតប្រាសាទព្រះវិហារដូចម្តេចខ្លះ?
ចម្លើយ៖ អង្គការយូណេស្កូបានផ្សាយរបាយការណ៍នៅដើមខែកញ្ញា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ ដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធរបស់ថៃក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ របាយការណ៍នោះបានលើកឡើងថា ការខូចខាតទាំងនេះប៉ះពាល់ដល់ភាពគង់វង្ស ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទ ដែលជាលក្ខណៈសំខាន់ៗសម្រាប់ការអភិរក្សបេតិកភណ្ឌពិភពលោក។
សំណួរទី៣៖ តើរាជរដ្ឋាភិបាលកម្ពុជាមានទិសដៅយ៉ាងដូចម្តេចក្នុងការអភិរក្ស និងស្តារប្រាសាទព្រះវិហារ?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តចាត់ទុកការអភិរក្ស និងស្តារប្រាសាទព្រះវិហារជាអាទិភាព ដោយផ្តោតលើការទប់ស្កាត់ការខូចខាតបន្ថែម ការការពាររចនាសម្ព័ន្ធសំណង់ និងការរៀបចំមូលដ្ឋានសម្រាប់ការជួសជុលនាពេលអនាគត។ គោលដៅគឺរក្សាប្រាសាទឱ្យបានគង់វង្ស និងបន្តបញ្ជូនតម្លៃបេតិកភណ្ឌដ៏មានសារៈសំខាន់នេះទៅកាន់មនុស្សជំនាន់ក្រោយ៕





