ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ខាងមុខ និងសូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយដ៏ស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរជ័យសព្វសាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានាជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសនៃពិធីចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ប្រកបដោយទេពកោសល្យ និងឆន្ទៈមនសិការ ព្រមទាំងមាននូវចក្ខុវិស័យច្បាស់លាស់ក្នុងការបំពេញបេសកកម្មក្នុងនាមប្រមុខរាជរដ្ឋាភិបាលដឹកនាំជោគវាសនាប្រទេសជាតិ ជាមួយនឹងការគិតគូរយ៉ាងហ្មត់ចត់ជាទីបំផុតក្នុងបុព្វហេតុបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា។
យើងខ្ញុំពិតជាសូមកោតសរសើ និងសូមសម្ដែងនូវការគោរពអស់ពីដួងចិត្តចំពោះសមិទ្ធផលទាំងអស់ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងក្នុងការដឹកនាំរាជរដ្ឋាភិបាល សំដៅធានាឲ្យបាននូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ពិសេសជាងនេះទៅទៀតនោះ យើងខ្ញុំពិតជាមានមោទនភាពបំផុត និងសូមសម្ដែងនូវការដឹងគុណចំពោះគុណូបការៈ និងចំណាត់ការយ៉ាងម៉ឺងម៉ាត់និងប៉ិនប្រសប់បំផុតរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ទាំងសមរភូមិយោធា ការទូត ច្បាប់ និងសាធារណមតិលើឆាកអន្តរជាតិ ក៏ដូចជាការដោះស្រាយបញ្ហាសព្វគ្រប់ជូនប្រជាជនភៀសសឹក៕





