Grand News Asia Close

វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 18:44 pm ទស្សនៈ-Opinion 1030
វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អារ៉ាប៊ីសាអូឌីតមានកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកដែលគេដឹងជាទូទៅថា «យកប្រេងទៅដូរជាមួយការធានាការពារសន្តិសុខ»។ ប៉ុន្តែ បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះបានថយចុះប្រសិទ្ធភាព ក្នុងគ្រាដែលសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាកាន់តែធុញទ្រាន់នឹងការធ្វើអន្តរាគមន៍ក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីឆ្នាំ២០១៩ លោក ត្រាំ មិនបានឆ្លើយតបដោយប្រើកម្លាំងយោធាទៅនឹងការវាយប្រហារមួយលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដទម្លាក់ការទទួលខុសត្រូវទៅលើអ៉ីរ៉ង់នោះទេ។

សព្វថ្ងៃសង្រ្គាមអ៉ីរ៉ង់ និងការផ្ទុះឡើងវិញនូវជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានធ្វើឱ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២កាន់តែរកាំរកូស។ កាលពីខែឧសភា ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីនសាល់ម៉ានបានបដិសេធមិនឱ្យមន្ទីរបញ្ចកោណប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសអារ៉ាប៊ីសាអូឌីត ដើម្បីបើកការវាយប្រហារលើអ៉ីរ៉ង់។ ការបដិសេធនេះត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាជាការព្រួយបារម្ភថាសហរដ្ឋអាមេរិកនឹងមិនអាចការពារអារ៉ាប៊ីសាអូឌីតពីការសងសឹករបស់អ៉ីរ៉ង់បានឡើយ។ លោក ត្រាំវិញត្រូវបានរាយការណ៍ថាបានច្រានចោលការទទូចសុំជំនួយម្ដងហើយម្ដងទៀតពីព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន នៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមហ៊ូទី។ មកទល់នឹងម៉ោងនេះលោក ត្រាំ មិនទាន់ឱ្យសញ្ញាថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារអារ៉ាប៊ីសាអូឌីតនៅឡើយទេ បើទោះជាលោកថាកំពុងពិចារណា ហើយថានឹងធ្វើការសម្រេចចិត្តមួយក្នុងពេលឆាប់ៗក៏ដោយ។

បើតាមក្រុមអ្នកវិភាគ ការស្ទាក់ស្ទើររបស់លោក ត្រាំ អាចមកពីរូបលោកបារម្ភថាការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ូទី អាចនឹងបង្ខំឱ្យកូនចៅរបស់អ៉ីរ៉ង់មួយនេះបិទច្រកសមុទ្រ Bab el-Mandeb ក្នុងសមុទ្រក្រហមមិនឱ្យកប៉ាល់ដឹកប្រេងធ្វើដំណើរឆ្លងកាត់។ តែយ៉ាងណា លោក ត្រាំមិនមែននៅស្ងៀមមិនធ្វើអ្វីសោះនោះទេ។ លោកត្រូវបានរាយការណ៍ថាជួយគាំទ្រដល់ប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតតាមរយៈការផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់ និងបើកភ្លើងបៃតងលើការលក់យន្ដហោះចម្បាំង F-35 ទៅឱ្យរីយ៉ាដ។ ក៏ប៉ុន្តែការធ្វើបែបនេះហាក់ដូចជាការប្រាប់ទៅកាន់អារ៉ាប៊ីសាអូឌីតថាត្រូវតតាំងជាមួយហ៊ូទីដោយខ្លួនឯង។ តាមពិតទៅ ទំនាក់ទំនងរវាងលោក ត្រាំ និងព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាន ក៏មិនមានភាពល្អប្រសើរជាងអាណត្តិទី១របស់លោក ត្រាំ ខ្លាំងណាណាស់នោះដែរ។ ក្នុងឆ្នាំ២០២៦នេះ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានឈ្មោះថា Mecca ដែលជាកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយ តួកគីយ៉េ និងប៉ាគីស្ថាន។

ប៉ុន្តែសម្ព័ន្ធភាពបែបនេះក៏មិនទាន់បង្ហាញពីប្រសិទ្ធភាពអ្វីដែរ។ ដ្បិតដល់ម៉ោងនេះហើយ តួកគីយ៉េ និងប៉ាគីស្ថានមិនទាន់ធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ជួយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមហ៊ូទីនៅឡើយទេ។ ការណ៍នេះបានបង្ខំឱ្យព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ត្រូវងាកទៅស្នើឱ្យចិនស្នើឱ្យអ៉ីរ៉ង់ប្រាប់ឱ្យក្រុមហ៊ូទីបញ្ឈប់ការវាយប្រហារ។ ការស្នើសុំតាមសំឡេងទូរស័ព្ទមិនមានប្រសិទ្ធភាពទេ។ អារ៉ាប៊ីសាអូឌីតថែមទាំងត្រូវបានរាយការណ៍ទៀតផងថាបានពឹងផ្អែកលើកិច្ចសហប្រតិបត្តិការជាសម្ងាត់ជាមួយអ៉ីស្រាអែល និងការគាំទ្រយោធាមួយចំនួនពីព្រីតថេន។ ប៉ុន្តែទំនាក់ទំនងទាំងអស់នេះមិនមានណាមួយអាចផ្ដល់ឱ្យអារ៉ាប៊ីសាអូឌីតនូវការធានាសន្តិសុខគ្រប់គ្រាន់នោះទេ។ ក្រុមអ្នកវិភាគបាននិយាយថាប្រសិនបើការវាយប្រហាររបស់ក្រុមហ៊ូទីបង្កការគំរាមហែងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេង និងគ្រួសាររាជ្យវង្សអារ៉ាប៊ីសាអូឌីត ចង់ឬមិនចង់វាអាចនឹងធ្វើឱ្យលោក ត្រាំ មានអារម្មណ៍ថាដាច់ខាតត្រូវតែធ្វើអន្តរាគមន៍។ សម្រាប់ឥលូវ អ្វីដែលកំពុងកើតឡើងគឺជាស្ថានការណ៍ដ៏លំបាកមួយចំពោះព្រះអង្គម្ចាស់ប៊ីនសាល់ម៉ានដែលកំពុងព្យាយាមប្រែក្លាយអារ៉ាប៊ីសាអូឌីតទៅជាមហាអំណាចដ៏ធំមួយក្នុងតំបន់ និងតួអង្គដ៏សំខាន់នៅលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីការពិត ៣ដែលអារ៉ាប៊ីសាអូឌីតពិបាកប្រកែក៖

ទី១, ភាពធន់មានដែនកំណត់៖ មជ្ឈិមបូព៌ារួមរឹតដោយជម្លោះជាច្រើនដែលសុទ្ធសឹងតែប្រទាក់ក្រឡាគ្នា។ ការវិនិយោគលើដើម្បីរកមធ្យោបាយ ដឹកជញ្ជូនជំនួសច្រកសមុទ្រ Hormuz ជារឿងសំខាន់ តែវាមិនអាចការពារអារ៉ាប៊ីសាអូឌីត ឬបណ្ដាប្រទេសដទៃពីផលវិបាកដែលកើតចេញពីភាពចលាចល និងអំពើហិង្សាក្នុងតំបន់បានឡើយ។

ទី២, ពិភពលោកបានដើរចូលក្នុងយុគសម័យមួយដែលការជឿទុកចិត្ត ឬរំពឹងទុកទៅលើអំណាចរបស់សហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងថយចុះ។ សម្រាប់ពេលនេះ គោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ត្រូវបានមើលឃើញថាហាក់ជារឿងអាចទទួលយកបានបើទោះជាក្រុមហ៊ូទីបិទខ្ទប់ ឬវាយប្រហារតែទៅលើអារ៉ាប៊ីសាអូឌីត កុំឱ្យតែពង្រីកការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំងឡាយនៅសមុទ្រក្រហម។ តែព្រមពេលជាមួយ វាក៏ហាក់ដូចជាការទទួលស្គាល់មួយដែរថាតើវិបត្តិច្រកសមុទ្រ Hormuz បានដាក់សម្ពាធកម្រិតណាលើសមត្ថភាពរបស់យោធាអាមេរិក និងជាការព្រមានមួយថាសម្ព័ន្ធមិត្ត ឬប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកប្រហែលជាត្រូវរ៉ាប់រងដោះស្រាយបញ្ហាដោយខ្លួនឯងកាន់តែច្រើនឡើង។

ទី៣, យុទ្ធសាស្ត្រនៃការធ្វើពិពិធកម្មដៃគូគឺជារឿងចាំបាច់។ ប៉ុន្តែចង់ធ្វើឱ្យជោគជ័យជារឿងមួយដ៏ពិបាក។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចម្បងរបស់អារ៉ាប៊ីសាអូឌីតប្រហែលជាកំពុងមានបន្ទុកជាច្រើនត្រូវដោះស្រាយដែលមិនអាចឱ្យអារ៉ាប៊ីសាអូឌីតពឹងផ្អែកបានគ្រប់ពេលនោះទេ។ ក៏ប៉ុន្តែទោះជាទុកចិត្ត ឬមិនទុកចិត្ត ក៏អារ៉ាប៊ីសាអូឌីតមិនអាចរកជម្រើសល្អផ្សេងណាមួយមកជំនួសអាមេរិកបាននោះដែរក្នុងរយៈពេលខ្លី។ ដូច្នេះអារ៉ាប៊ីសាអូឌីតមានតែខាំមាត់រិះរកវិធីដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈសង្ឃឹមថាកិច្ចព្រមព្រៀង Mecca ឬភាពជាដៃគូផ្សេងទៀត អាចនឹងមានភាពរីកចម្រើនទៅមុខទៅតាមពេលវេលា។ អារ៉ាប៊ីសាអូឌីតក៏អាចស្វែងរកស្ថិរភាពបណ្ដោះអាសន្នតាមរយៈការបន្តរក្សាស្ថានការណ៍ស្ងប់ស្ងាត់ជាមួយអ៉ីរ៉ង់ផងដែរ ទោះជាចង់ ឬមិនចង់ក៏ដោយ។

អារ៉ាប៊ីសាអូឌីតកំពុងប្រឈមមុខបញ្ហាដ៏លំបាក តែមិនមែនមានតែអារ៉ាប៊ីសាអូឌីតទេដែលកំពុងប្រឈមនឹងស្ថានការណ៍លំបាក។ នៅជុំវិញពិភពលោក ការជឿទុកចិត្តលើការធានាសន្តិសុខពីសហរដ្ឋអាមេរិកកំពុងថយចុះដូចគ្នា។ ជាក់ស្ដែង សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីខាងកើតកំពុងខ្វាយខ្វល់នឹងការថយចុះអាវុធនៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិក និងភាពមិនច្បាស់លាស់នៃចេតនារបស់លោក ត្រាំ។ តែទោះជាបែបនេះក្ដី ការពឹងផ្អែកលើសហរដ្ឋអាមេរិកដែលបានក្លាយជាយុទ្ធសាស្ត្រមួយអស់រយៈពេលរាប់ទសវត្សរ៍មកនេះ មិនអាចត្រូវបានលុបបំបាត់ និងផ្លាស់ប្ដូរ ក្នុងរយៈពេលប៉ុន្មានខែ ឬឆ្នាំបានឡើយ។ សូម្បីតែនៅតាមផ្នែកខ្លះនៃតំបន់អឺរ៉ាស៊ីដែលមានការប្រកួតប្រជែងខ្លាំង ក៏មិនមានកំពូលមហាអំណាចណាផ្សេងមកជំនួសសហរដ្ឋអាមេរិកបាននោះដែរ។ និយាយឱ្យងាយយល់ សហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់ចំពោះប្រទេសជាច្រើន គ្រាន់តែមិនសូវឱ្យគេជឿទុកចិត្តបានដូចពីមុន ដែលនេះអាចនឹងធ្វើឱ្យប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ ប្រឈមមុខនឹងសំណួរដ៏ឈឺក្បាលថាតើពួកគេអាចបន្តពឹងផ្អែកលើសហរដ្ឋអាមេរិក បាន ឬក៏មិនបាន៕

-Frsh News-

អត្ថបទទាក់ទង