ទាក់ទងនឹងការចោទប្រកាន់របស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបង្ខូចការពិតអំពីបញ្ហាព្រំដែន ដើម្បីផលប្រយោជន៍នយោបាយផ្ទៃក្នុង?
ចម្លើយ៖ កម្ពុជាមិនមានបំណងបង្ខូចការពិត ឬប្រើប្រាស់បញ្ហាព្រំដែនដើម្បីផលប្រយោជន៍នយោបាយផ្ទៃក្នុងដូចការចោទប្រកាន់របស់ថៃនោះទេ។ កម្ពុជាមិនចង់បានសង្គ្រាម និងមិនមានបំណងបង្កើនភាពតានតឹងឡើយ។ ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ កម្ពុជាបន្តប្រើប្រាស់ការទូត និងយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែង ព្រមទាំងការពារអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ខ្លួន។ ដូច្នេះ ការលើកឡើងពីបញ្ហាព្រំដែន និងការស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិ មិនគួរចាត់ទុកថាជាការបង្ខូចការពិត ឬការបង្កហេតុនោះទេ។ ការខ្វែងគំនិតគ្នាលើព័ត៌មានណាមួយ គួរដោះស្រាយដោយផ្អែកលើការពិត និងភស្តុតាងជាក់លាក់។
សំណួរទី២៖ តើការបន្តពន្យារពេលការងារ JBC ពីសំណាក់ភាគីថៃអាចជួយឱ្យកម្ពុជា និងថៃសម្រេចបានដំណោះស្រាយព្រំដែនប្រកបដោយយុត្តិធម៌ និងសន្តិភាពយូរអង្វែងដែរឬទេ?
ចម្លើយ៖ ការពន្យារពេលមិនអាចជំនួសការដោះស្រាយបញ្ហាព្រំដែនដោយយន្តការបច្ចេកទេសបានឡើយ។មានតែការវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់តាមរយៈយន្តការ JBC ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងឯកសារផែនទីដែលពាក់ព័ន្ធប៉ុណ្ណោះ ទើបអាចនាំទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាព។
សំណួរទី៣៖ តើភាគីថៃត្រូវអនុវត្តវិធានការអ្វីខ្លះ ដើម្បីបង្ហាញសុច្ឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ ភាគីថៃត្រូវបញ្ឈប់ការពន្យារពេល និងចូលរួមក្នុងដំណើរការខណ្ឌសីមាព្រំដែនដោយសុច្ឆន្ទៈ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីថៃត្រូវបន្តការងារ JBC ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងឯកសារផែនទីដែលពាក់ព័ន្ធ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់។ ការបង្ហាញសុច្ឆន្ទៈតាមរយៈសកម្មភាពជាក់ស្តែងបែបនេះ នឹងជួយកសាងទំនុកចិត្ត និងឈានទៅសម្រេចសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕





