Grand News Asia Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រេចលើលទ្ធផលដោយបានដាក់ចេញនូវការប្តេជ្ញាររួមគ្នា១១ចំណុច

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1013
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រេចលើលទ្ធផលដោយបានដាក់ចេញនូវការប្តេជ្ញាររួមគ្នា១១ចំណុច អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រេចលើលទ្ធផលដោយបានដាក់ចេញនូវការប្តេជ្ញាររួមគ្នា១១ចំណុច

ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦– ឯកឧត្តម កេង សុម៉ារិទ្ធ និងជារដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យផ្លូវការរបស់ក្រសួងយុត្តិធម៌ បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល២ថ្ងៃ បានយល់ឃើញរួមគ្នា និងដាក់ចេញនូវការប្តេជ្ញាចិត្តចំនួន១១ចំណុច នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ចំណុចទាំង១១នេះរួមមាន៖ ទី១. អង្គសន្និសីទបានយល់ព្រមរួមគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការបង្កើនការសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការចែករំលែកព័ត៌មាន ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ស្របតាមច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិ ដោយកំណត់នូវមន្ត្រីបង្គោល និងពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការកំណត់អត្តសញ្ញាណ តាមដានជនល្មើស ឃាត់ទុក និងរឹបអូសទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធនឹងបទល្មើស។ ទី២. អង្គសន្និសីទបានធ្វើការប្តេជ្ញាចិត្តថា នឹងរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម និងលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងមូល ដោយត្រូវកំណត់អត្តសញ្ញាណ ធ្វើការដាក់ទណ្ឌកម្ម ផ្តន្ទាទោស ធ្វើការរារាំង លុបបំបាត់ និងបំបែក និងបញ្ចប់នូវរាល់អង្គការឧក្រិដ្ឋកម្ម និងបុគ្គលដែលអនុញ្ញាតឱ្យមានសកម្មភាពទាំងនោះ ដោយធ្វើឡើងដោយចេតនា និងធ្វើឡើងដោយមានការរៀបចំទុកជាមុន រួមជាមួយអ្នកដែលចូលរួមសមកំនិត និងផ្តើមគំនិត។

ទី៣. អង្គសន្និសីទបានឯកភាពគ្នាមូលមតិគ្នា ក្នុងការរារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស ដោយពង្រឹងនូវសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ តាមដាន បង្កក ឃាត់ទុក រឹបអូស និងប្រមូលផលនៃបទល្មើសត្រឡប់មកវិញ និងឧបករណ៍ដែលបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុឡោមតាមច្បាប់ និងត្រូវមានការឯកភាពពីគ្នាទៅវិញទៅមក ព្រមទាំងធ្វើការពង្រឹងយន្តការសម្រាប់រក្សាទុក និងការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេតហិរញ្ញវត្ថុឱ្យបានឆាប់រហ័ស ស្របតាមច្បាប់ជាតិ រួមទាំងការការពារទិន្នន័យ និងការពង្រឹងការស្វែងរក ការកំណត់ទីតាំងទ្រព្យសម្បត្តិ ប្រព័ន្ធហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាញឧក្រិដ្ឋកម្ម។ ទី៤. អង្គសន្និសីទបានឯកភាពគ្នាក្នុងការទាញយកផលប្រយោជន៍ពីអ្នកនាវានិវត្តន៍ផ្នែកបច្ចេកវិទ្យា ដើម្បីធ្វើការទប់ស្កាត់ ស្វែងរក និងរារាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើប ការវិភាគទិន្នន័យហិរញ្ញវត្ថុ និងទិន្នន័យដែលមានការពាក់ព័ន្ធផ្សេងៗទៀត បច្ចេកវិទ្យាថ្មីៗ ការធ្វើកោសល្យវិច័យផ្នែកឌីជីថល ដោយត្រូវអនុឡោមតាមច្បាប់ជាតិ និងនីតិវិធីជាតិជាធរមាន។
ទី៥. អង្គសន្និសីទបានឯកភាពគ្នាក្នុងការពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ តាមរយៈការពង្រឹងវិធានការថ្នាក់ជាតិ ដើម្បីដោះស្រាយនូវវិធីសាស្ត្រនៃការឆបោក ដែលកំពុងតែមានការវិវត្តខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាប្រពៃណី បច្ចេកវិទ្យាបែបទំនើប និងបច្ចេកវិទ្យាដែលទើបបង្កើតថ្មី ក្នុងគោលបំណងដើម្បីប្រព្រឹត្តបទល្មើស និងពង្រឹងវិធានការដោយផ្អែកលើហានិភ័យ ដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយខុសគោលដៅ នូវនីតិបុគ្គល ការសម្របសម្រួលផ្នែកច្បាប់ ការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងបណ្តាញហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត ដោយត្រូវអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន។

ទី៦. អង្គសន្និសីទបានឯកភាពគ្នាក្នុងការកសាងសមត្ថភាព និងភាពធន់ ដោយត្រូវធ្វើឡើងតាមរយៈការបណ្តុះបណ្តាលពហុភ្នាក់ងារ ជំនួយបច្ចេកទេស និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ រដ្ឋអាជ្ញា តុលាការ និយ័តករ អាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធផ្សេងទៀត និងអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នជំនាញបន្ថែមទៀត រួមទាំងការពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ ការធ្វើកោសល្យវិច័យ និងផ្នែកឌីជីថល។ ទី៧. អង្គសន្និសីទបានឯកភាពគ្នាក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន រវាងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ គ្រឹះស្ថានអាជីវកម្ម និងវិជ្ជាជីវៈមិនមែនហិរញ្ញវត្ថុ អ្នកផ្តល់សេវាទូទាត់ អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត ប្រតិបត្តិករទូរគមនាគមន៍ អ្នកផ្តល់សេវាអ៊ីនធឺណិត វេទិកាបច្ចេកវិទ្យា និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្របសម្រួលការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ទី៨. អង្គសន្និសីទបានឯកភាពគ្នាថា ការគាំទ្រ ការការពារ ដល់ជនរងគ្រោះដែលរងគ្រោះដោយសារការជួញដូរមនុស្ស និងការផ្តល់ការការពារដល់បុគ្គលដែលងាយរងគ្រោះ គឺត្រូវធ្វើឡើងតាមរយៈការពង្រឹងតាមការចាំបាច់នូវយន្តការសម្រាប់ជួយសង្គ្រោះ ការកំណត់អត្តសញ្ញាណ ការផ្តល់សេវាគាំពារ ការផ្តល់ជំនួយ ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្ម ការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការផ្តល់នូវលទ្ធភាពដែលអាចទទួលបាននូវសេវាកុងស៊ុលទាន់ពេលវេលា និងការគាំទ្រក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ជនរងគ្រោះ។ ទី៩. អង្គសន្និសីទបានឯកភាព ក្នុងការអនុវត្តគោលការណ៍មិនផ្តន្ទាទោស ចំពោះជនរងគ្រោះនៃការជួញដូរមនុស្ស រួមទាំងជនរងគ្រោះនៃការជួញដូរមនុស្សសម្រាប់ការបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយត្រូវអនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិ ដើម្បីធានាថា ជនរងគ្រោះ នឹងមិនត្រូវបានដាក់ទណ្ឌកម្មចំពោះអំពើខុសច្បាប់ដែលបានប្រព្រឹត្ត តាមរយៈការជួញដូរ ដោយមិនរាប់បញ្ចូលជនដែលត្រូវបានជួយសង្គ្រោះពីមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយដែលក្រោយពេលធ្វើមាតុភូមិនិវត្តន៍ បានស្ម័គ្រចិត្តត្រឡប់ទៅវិញ ឬចូលក្នុងមជ្ឈមណ្ឌលឆបោកវិញ ស្របតាមវិសាលភាព និងលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ប្រទេសនីមួយៗ។

ទី១០. អង្គសន្និសីទបានឯកភាពគ្នាក្នុងការរួមគ្នាបង្ការការឆបោក និងការជួញដូរមនុស្ស តាមរយៈការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ សាធារណជន និងបុគ្គលដែលមានការពាក់ព័ន្ធ ទៅលើផ្នែកឌីជីថល និងហិរញ្ញវត្ថុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព ក្នុងការទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ពាក់ព័ន្ធនឹងការជ្រើសរើសពលករដោយការបោកបញ្ឆោត គម្រោងការងារក្លែងបន្លំ គម្រោងវិនិយោគក្លែងបន្លំ ឬមធ្យោបាយនៃការធ្វើចំណាកស្រុកនានា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងបង្ការកុំឱ្យមានបុគ្គលដែលត្រូវបានគេជ្រើសរើសឱ្យចូលរួមនៅក្នុងការធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី១១. អង្គសន្និសីទបានឯកភាពគ្នាក្នុងការលុបបំបាត់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដែលមានការពាក់ព័ន្ធ តាមរយៈការអនុវត្តដោយភាពម៉ឺងម៉ាត់ នូវវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស នៅក្នុងដែនយុត្តាធិការរបស់ប្រទេសនីមួយៗ ដោយអនុវត្តស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមជាមួយនិងគោលការណ៍សមភាព និងគោរពអធិបតេយ្យរបស់រដ្ឋ៕ -AKP-

ដោយ៖ មករា

អត្ថបទទាក់ទង