Grand News Asia Close

Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសកម្មភាពខុស ច្បាប់ដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ ស្រាវជ្រាវ 1002
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសកម្មភាពខុស ច្បាប់ដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសកម្មភាពខុស ច្បាប់ដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសកម្មភាពខុស ច្បាប់ដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ
ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦


សំណួរទី ១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពខុសច្បាប់ដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់?
ចម្លើយ៖ ដូចសព្វមួយដងដែរ កម្ពុជាតែងតែតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅតំបន់ដែលជាទឹកដីកម្ពុជាហើយដែលកងទ័ពថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៦ កម្ពុជាបានតវ៉ាជាថ្មីម្ដងទៀត បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានអនុវត្តសកម្មភាពខុសច្បាប់ដដែលៗនៅតំបន់ឃុំស្រអែម ខេត្តព្រះវិហារ រួមមានការឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ ការរាយលួសបន្លាប្រវែងប្រមាណ ១០០ម៉ែត្រ និងការដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ។ សកម្មភាពទាំងនេះមិនមែនជាការការពារខ្លួនដូចភាគីថៃអះអាងទេ ហើយក៏មិនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់នោះដែរ រួមទាំងសេចក្តីប្រកាសរួមនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ប៉ុន្តែ វាជាសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដែលហាមប្រាមដោយច្បាប់អន្តរជាតិ។

សំណួរទី ២៖ តើសកម្មភាពឈ្លានពានជាបន្តបន្ទាប់របស់ថៃ ប៉ះពាល់ដល់ការដោះស្រាយវិវាទដោយសន្តិវិធីយ៉ាងដូចម្តេច?
ចម្លើយ៖ សកម្មភាពឈ្លានពាន និងខុសច្បាប់របស់កងកម្លាំងថៃ អាចបង្កឱ្យមានការកើនឡើងនូវភាពតានតឹងនៅតំបន់ព្រំដែន និងបង្កការភ័យខ្លាចចំពោះជនស៊ីវិល ហើយភាពតានតឹង និងសកម្មភាពឈ្លានពានបែបនេះអាចរំខានដល់កិច្ចប្រជុំ និងការសន្ទនាទ្វេភាគី ដែលមានគោលបំណងដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។ ដូចនេះ សកម្មភាពទាំងនេះអាចបង្កឱ្យមានការលំបាកក្នុងការកសាងទំនុកចិត្ត និងអាចបង្កភាពយឺតយ៉ាវដល់ដំណោះស្រាយសន្តិភាពរយៈពេលវែងរវាងកម្ពុជា និងថៃ។ សកម្មភាពឯកតោភាគីទាំងនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយពីព្រោះព្រំដែនកម្ពុជា ថៃគឺជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយភាគី ទាំងពីររួចហើយ។ ដូច្នេះ មានតែការចរចា និងវាស់វែងតាមយន្តការ JBC ទេដែលអាចរកដំណោះស្រាយពិតប្រាកដបាន។

សំណួរទី ៣៖ តើកម្ពុជាទាមទារអ្វីខ្លះពីភាគីថៃ ក្នុងបរិបទស្ថានការណ៍ព្រំដែនបច្ចុប្បន្ននេះ?
ចម្លើយ៖ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងអស់ រួមទាំងការអនុវត្តសកម្មភាពឯកតោភាគីដែលអាចបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli)។ កម្ពុជាក៏អំពាវនាវឱ្យមានការអនុវត្តវិធានការបន្ថយភាពតានតឹង និងគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង និងយន្តការដែលមានស្រាប់ រួមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ ជាមួយគ្នានេះ កម្ពុជាសូមបញ្ជាក់ថា ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាគោលការណ៍មូលដ្ឋាន ដែលមិនអាចរំលោភបំពានបាន ហើយគ្រប់វិវាទគួរត្រូវបានដោះស្រាយដោយសន្តិវិធី។ ដូច្នេះ កម្ពុជាទាមទារឱ្យភាគីថៃប្រើប្រាស់យន្តការ JBC ដែលជាជម្រើសតែមួយគត់ និងល្អបំផុតសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង