ឯកឧត្តមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លែងជាហេតុការណ៍កើតឡើងដាច់ដោយ ឡែកទៀតហើយ ប៉ុន្តែជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ
ឯកឧត្តមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លែងជាហេតុការណ៍កើតឡើងដាច់ដោយ ឡែកទៀតហើយ ប៉ុន្តែជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ
ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦–ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធទេសរដ្ឋមន្ត្រី និងជាប្រធានលេខា ធិការដ្ឋាននៃគណៈកម្មចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានថ្លែងថា បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែក មួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូ លាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បែបនេះ ក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ “រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា បទល្មើសនេះត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្ម ឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយ ដើម្បីធ្វើការឆបោកជនរងគ្រោះនៅតាមបណ្តាប្រទេសផ្សេងទៀត។ ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រទេសផ្សេងៗទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ ឯកឧត្តមសន្តិបណ្ឌិតបានថ្លែងបញ្ជាក់ថា៖ «បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេស បានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ»។ ឯកឧត្តមសន្តិបណ្ឌិត ទេសរដ្ឋមន្រ្ដីបានបន្ថែមថា ការឆបោកនេះ បានផ្ដល់ផលប៉ះពាល់អវិជ្ជមាន បានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះ មុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាក អន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជនដែលប្រព្រឹត្តប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះ ត្រូវបានធ្លាក់មកលើប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះ»។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ផងដែរថា នៅក្នុងបរិបទបច្ចុប្បន្ន បរិយាកាសសន្តិសុខ អន្តរជាតិកាន់តែមានភាពស្មុគស្មាញ ងាយរងគ្រោះ ប្រែប្រួលលឿន ផ្សារភ្ជាប់គ្នា និងពិបាកព្យាករណ៍ទុក កាន់តែខ្លាំងឡើងៗ នៅក្នុងនោះ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាការគំរាមកំហែងសន្តិសុខ មិនមែនជាប្រពៃណី ដែលបានវិវត្តប្រែក្លាយទៅជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ។ ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត ជាអាទិ៍ ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការសម្អាតប្រាក់ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង។ បញ្ហាទាំងនេះ សុទ្ធសឹងតែមានលក្ខណៈឆ្លងដែន វិវត្តយ៉ាងរហ័ស និងលើសពី សមត្ថភាពរបស់រដ្ឋណាមួយក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯង។»
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ទេសរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ដោយមើលឃើញបញ្ហាដូចបានរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងម្ចាស់ការក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ ដោយមានការចូលរួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមសន្ដិបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន គាំទ្រការស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច័យ និងកសាងសមត្ថភាព ព្រមទាំងការទទួលយកពលរដ្ឋខ្លួនត្រឡប់ទៅវិញ៕ -AKP-
ដោយ៖ ប៊ុនរិទ្ធ,








