Grand News Asia Close

អាមេរិក​រឹតបន្តឹង​ទិដ្ឋាការបុគ្គល​៣២នាក់ពាក់ព័ន្ធនឹង​ Prince Group របស់​ Chen Zhi

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1019
អាមេរិក​រឹតបន្តឹង​ទិដ្ឋាការបុគ្គល​៣២នាក់ពាក់ព័ន្ធនឹង​ Prince Group របស់​ Chen Zhi The former ‘8 Park’ scam compound, in Kamchay Mear district, Prey Veng province, was linked to Chen Zhi’s Prince Group. Niem Chheng

ក្រសួងការបរទេសសហរដ្ឋអាមេរិក​ប្រកាស​រឹតបន្តឹងទិដ្ឋាការ លើបុគ្គល ៣២ រូប ដែលទទួលខុសត្រូវ ឬមានការពាក់ព័ន្ធក្នុងការបោកប្រាស់ជនជាតិអាមេរិក តាមរយៈបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បទឧក្រិដ្ឋដែល​សម្រួល​ដោយ​​ប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

​លោក Thomas​ Tommy Pigott អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅ​ថ្ងៃទី២២ ខែកញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា ​បុគ្គលគោលដៅ​​ទាំង​៣២នាក់នេះ មាន​ទំនាក់​ទំនង​ជាមួយ​នឹងក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ដែល​ត្រូវ​បាន​ចាត់​ជា​អង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCO) ហើយដែលត្រូវបានទទួលទណ្ឌកម្មជាច្រើនដងរួចមកហើយពីសហរដ្ឋអាមេរិក ចំពោះតួនាទីរបស់ខ្លួនក្នុងការបោកប្រាស់ជនជាតិអាមេរិក។

យ៉ាងណាក៏​ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានបង្ហាញអត្តសញ្ញាណ​បុគ្គល​ទាំង​៣២នាក់​នោះ​​ទេ ប៉ុន្តែ​បានបញ្ជាក់តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​​ថា៖​ «រាល់ទិដ្ឋាការ​ដែល​មាន​សុពលភាព​របស់បុគ្គលទាំង​នេះ​ត្រូវបានលុបចោល» ដោយ​ធ្វើឡើងស្របតាមមាត្រា ២១២(a)(3)(C) នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាតិ។

បើ​តាម​ក្រសួងការបរទេសសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា បានបោកប្រាស់ប្រាក់រាប់សិបពាន់លានដុល្លារពីប្រជាជនអាមេរិក ដោយ​ក្នុង​នោះ គ្រាន់តែក្នុងឆ្នាំ ២០២៥ អង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCOs) នៅអាស៊ីអាគ្នេយ៍ ដូចជាក្រុម Prince Group ជាដើម បានបោកប្រាស់ប្រាក់យ៉ាងហោចណាស់ ១៨,២ ពាន់លានដុល្លារពីប្រជាជនអាមេរិក តាមរយៈការបោកប្រាស់តាមប្រព័ន្ធបបច្ចេក​វិទ្យា។

កាលពី​ខែ​តុលា ឆ្នាំ​២០២៥ ក្រសួងរតនាគារអាមេរិក ក៏​បានចាត់វិធានការប្រឆាំងនឹងក្រុម Prince Group ផងដែរ ដោយបានដាក់ទណ្ឌកម្មលើសមាជិក និងអ្នកពាក់ព័ន្ធចំនួន ១៤៦ នាក់ ហើយ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ ក្រសួងរតនាគារអាមេរិក បាន​បន្ថែម​ចំនួន​មនុស្ស​ ៩នាក់ និង ក្រុមហ៊ុន​ចំនួន ២៦ ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ពួក​គេ។

​លោក Thomas “Tommy” Pigott បានបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រើប្រាស់​រាល់​មធ្យោបាយ​ដែល​មាន ដើម្បី​ការពារជនជាតិ​អាមេរិក កម្ចាត់បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់ និងដាក់ទណ្ឌកម្ម​លើ​អ្នក​ដែល​គាំទ្រសកម្មភាពទាំងនោះ។

លោក​បន្ថែម​ថា៖ «អ្នកដែលមានការពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​ក្រុម​គ្រួសារ និង​សហគមន៍​ទូទាំងប្រទេស នឹង​ត្រូវហាម​ឃាត់​មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិកឡើយ»។

ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិក​លើ​ Prince Group ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថ្ងៃទីទី២៣ និង ២៤ កញ្ញា​នេះ ដោយ​មាន​ប្រទេស​ជាង ២០​ចូលរួម​​និង​ស្ថានប័ន​អន្តរជាតិ​ពាក់​ព័ន្ធ​​មួយ​ចំនួនទៀត៕

-post khmer-

អត្ថបទទាក់ទង