«គោរពច្បាប់អន្តរជាតិ» ឬគ្រាន់តែពាក្យដែលថៃទន្ទិញជាប់មាត់?
សេចក្តីថ្លែងការណ៍របស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃក្នុងកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ ហាក់មិនខុសពីការលើកយកស្គ្រីបដែលបានត្រៀមទុកមកអានឡើងវិញ ដោយខ្លឹមសារសំខាន់ៗត្រូវបានរំលឹកដដែលៗ ដូចជាពាក្យដែលបានចាំមាត់រួចជាស្រេច គឺប្រកាន់យក «សន្តិភាព» «ការសន្ទនា» «ការកសាងទំនុកចិត្ត» និងជាពិសេស «ការគោរពច្បាប់អន្តរជាតិ» ដែលពាក្យសម្តីនេះស្តាប់ទៅពិរោះណាស់ ស្ទើរតែធ្វើឱ្យអ្នកស្តាប់ចង់ជឿតាមភ្លាមៗ។ ប៉ុន្តែបញ្ហាគឺ ពាក្យសម្តីអាចរៀបចំនិយាយឱ្យល្អបាន តែជំហរនិងសកម្មភាពជាក់ស្តែងមិនអាចលាក់បានទេ។
ថៃអះអាងថា ខ្លួនគោរពច្បាប់អន្តរជាតិ និងការពារសិទ្ធិអធិបតេយ្យរបស់ខ្លួន ប៉ុន្តែការគោរពច្បាប់អន្តរជាតិ មិនមែនមានន័យថា អាចជ្រើសរើសយកតែផ្នែកណាដែលត្រូវនឹងជំហររបស់ខ្លួន ហើយបដិសេធផ្នែកដែលមិនស្របនឹងផលប្រយោជន៍របស់ខ្លួនបានឡើយ។
បញ្ហាសំខាន់មួយ ចំពោះ MoU ឆ្នាំ២០០១ ដែលភាគីថៃព្យាយាមពន្យល់ថា កិច្ចព្រមព្រៀងនេះមិនបាននាំមកនូវលទ្ធផលក្នុងរយៈពេលជាច្រើនឆ្នាំ ហើយយន្តការនេះបានប្រជុំតែពីរលើកតែប៉ុណ្ណោះ។ ហេតុផលដែលលើកឡើងដោយខ្វះភាពស៊ីជម្រៅបែបនេះ បែរជាត្រូវបានយកមកធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចលុបចោល MoU ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដ៏សំខាន់រវាងប្រទេសទាំងពីរទៅវិញ។
ត្រង់ចំណុចនេះ ភាគីថៃគួរតែឆ្លើយឱ្យបានច្បាស់ថា ប្រសិនបើយន្តការមួយមិនទាន់អាចនាំមកនូវដំណោះស្រាយ តើហេតុអ្វីបានជាត្រូវលុបចោលយន្តការនោះទៅវិញ? តើការដែលមិនទាន់រកឃើញដំណោះស្រាយមានន័យថា យន្តការនោះបរាជ័យរហូតដល់ថ្នាក់ត្រូវបោះចោលឬ? ឬផ្ទុយទៅវិញ វាគួរតែជាហេតុផលឱ្យភាគីទាំងពីរព្យាយាមចរចាបន្ថែម ពង្រឹងយន្តការ និងកែលម្អវិធីសាស្ត្រអនុវត្ត ដើម្បីធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព?
បើគោលដៅពិតប្រាកដគឺចង់រកដំណោះស្រាយដោយការចរចា នោះហេតុអ្វីត្រូវបិទទ្វារយន្តការចរចា មុនពេលដែលយន្តការនោះបានបញ្ចប់បេសកកម្មរបស់ខ្លួន?
បើថៃជឿជាក់លើមូលដ្ឋានច្បាប់របស់ខ្លួនពិតប្រាកដ មិនគួរគ្រាន់តែជំទាស់ថា ផែនទីព្រំដែនសមុទ្រឆ្នាំ ១៩៧២ គ្មានមូលដ្ឋានតាមផ្លូវច្បាប់ ឬគ្រាន់តែលើកខ្សែបន្ទាត់ព្រំដែនសមុទ្រឆ្នាំ១៩៧៣ របស់ខ្លួនមកអះអាងនោះទេ។ សំណួរគឺ៖ បើជំហររបស់ខ្លួនមានភស្តុតាងរឹងមាំមែន ហេតុអ្វីមិនយកផែនទី ឯកសារ និងភស្តុតាងប្រវត្តិសាស្ត្រមកដាក់លើតុ ដើម្បីពិនិត្យតាមច្បាប់ និងផ្ទៀងផ្ទាត់គ្នាឱ្យបានច្បាស់លាស់?
ការនិយាយថា «ការទាមទាររបស់កម្ពុជាគ្មានមូលដ្ឋានផ្លូវច្បាប់» មិនមែនជាភស្តុតាងទេ។ វាគ្រាន់តែជាការអះអាងរបស់ភាគីថៃខ្លួនឯងប៉ុណ្ណោះ ក្នុងវិវាទអន្តរជាតិ អ្វីដែលត្រូវការគឺ ភស្តុតាង និងហេតុផលផ្នែកច្បាប់ មិនមែនជាការចោទប្រកាន់និងដាក់បន្ទុកចោទលើកម្ពុជានោះទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺថៃនិយាយថា ខ្លួនគោរព UNCLOS និងគាំទ្រដំណើរការផ្សះផ្សា ប៉ុន្តែក្នុងពេលដំណាលគ្នាក៏ព្យាយាមកំណត់ជាមុនថា ដំណើរការនេះត្រូវពាក់ព័ន្ធតែព្រំដែនសមុទ្រ ដោយអះអាងថា កោះគុតមិនមែនជាព្រំដែនទឹកនិងមិនពាក់ព័ន្ធនឹងបញ្ហាផ្សេងៗទៀតនោះទេ។
ការផ្សះផ្សាមិនគួរក្លាយជាវេទិកាដែលភាគីមួយកំណត់លក្ខខណ្ឌជាមុន ហើយភាគីម្ខាងទៀតត្រូវដើរតាមនោះទេ ប្រសិនបើពិតជាគោរពច្បាប់អន្តរជាតិ ភាគីទាំងពីរត្រូវមានសិទ្ធិស្មើគ្នាក្នុងការបង្ហាញទស្សនៈ លើកភស្តុតាង និងការពារជំហររបស់ខ្លួន។
ថៃអាចនិយាយពាក្យ «គោរពច្បាប់អន្តរជាតិ» ចេញពីមាត់ដដែលៗរបស់ខ្លួនតាមដែលខ្លួនចង់បាន ប៉ុន្តែការវិនិច្ឆ័យមិនត្រូវស្ថិតនៅត្រឹមតែពាក្យសម្តីទេ គឺត្រូវមើលទៅលើសកម្មភាពជាក់ស្តែងផងដែរ។
សំណួរមួយទៀតគឺ តើថៃព្រមគោរពច្បាប់អន្តរជាតិទាំងអស់ដោយទទួលយកទាំងសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ឬក៏ជ្រើសរើសយកតែផ្នែកណាមួយដែលខ្លួនចង់បាន?
ព្រោះការគោរពច្បាប់ពិតប្រាកដ មិនមែនជាការជ្រើសយកតែអ្វីដែលខ្លួនទទួលបានផលប្រយោជន៍នោះទេ។ ការគោរពច្បាប់ គឺត្រូវទទួលយកទាំងសិទ្ធិដែលខ្លួនទទួលបាន និងកាតព្វកិច្ចដែលខ្លួនត្រូវចូលរួមអនុវត្ត។
ដំណើរការផ្សះផ្សាពេលនេះ នឹងជាកញ្ចក់បង្ហាញឱ្យឃើញថា «ការគោរពច្បាប់អន្តរជាតិ» ដែលថៃតែងតែទន្ទិញជាប់មាត់នោះ គឺជាគោលការណ៍ពិតដែលនឹងត្រូវយកអនុវត្ត ឬគ្រាន់តែជាពាក្យសម្តីការទូតដ៏ពិរោះ សម្រាប់លាក់បាំងយុទ្ធសាស្ត្រអូសបន្លាយពេល និងស្វែងរកប្រជាប្រិយភាពក្នុងស្រុក។ បើជាគោលការណ៍ពិត នោះភស្តុតាង និងសកម្មភាពជាក់ស្តែង គួរតែជាអ្នកឆ្លើយជំនួសពាក្យសម្តីនេះហើយ៕
ដោយ៖ ពិន វិជ័យ





