ថៃចង់បានទំនុកចិត្តពីកម្ពុជា ឬចង់ឱ្យកម្ពុជាទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួន?
ថៃតែងតែចោទកម្ពុជាថា កំពុងបំផ្លាញទំនុកចិត្ត និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ពាក្យ «ទំនុកចិត្ត» ត្រូវបានថៃលើកឡើងជាញឹកញាប់ រហូតហាក់ដូចជាកម្ពុជាគឺជាភាគីដែលត្រូវទទួលខុសត្រូវចំពោះការបាត់បង់ទំនុកចិត្តនោះ។
ប៉ុន្តែសំណួរមួយដែលគួរត្រូវបានសួរត្រឡប់ទៅវិញនោះគឺ តើថៃចង់បានទំនុកចិត្តពីកម្ពុជាបែបណា? ប្រសិនបើទំនុកចិត្តដែលថៃចង់បាននោះ គឺជាទំនុកចិត្តដែលកម្ពុជាត្រូវដើរតាមបន្ទាត់ដែលថៃកំណត់ ត្រូវទទួលយកការបកស្រាយរបស់ថៃ និងត្រូវបោះបង់ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិដែលថៃមិនពេញចិត្ត នោះវាមិនមែនជាទំនុកចិត្តរវាងប្រទេសជិតខាងពីរដែលមានអធិបតេយ្យភាពដូចគ្នានោះទេ។ វាគឺជាការទាមទារឱ្យភាគីម្ខាងទៀតទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួនហើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow នៅសិង្ហបុរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថៃបានសង្កត់ធ្ងន់លើការស្តារទំនុកចិត្ត និងការដោះស្រាយបញ្ហាតាមការចរចា។ ជាមួយគ្នានោះ ថៃក៏បានបង្ហាញជំហរច្បាស់ថា ដំណើរការផ្សះផ្សាតាម UNCLOS គួរផ្តោតលើការខណ្ឌសីមាតែព្រំដែនសមុទ្រ ខណៈបញ្ហាកោះគុត និងបញ្ហាផ្សេងទៀតមិនស្ថិតក្នុងវិសាលភាពដែលថៃទទួលស្គាល់ទេ។ នេះបង្ហាញថា ភាពខុសគ្នារវាងភាគីទាំងពីរ មិនមែនមានត្រឹមតែបញ្ហា «ទុកចិត្ត» ឬ «មិនទុកចិត្ត» នោះទេ ប៉ុន្តែជាបញ្ហាអំពី ក្របខណ្ឌ និងវិធីសាស្ត្រដែលត្រូវប្រើដើម្បីដោះស្រាយជម្លោះ។
ថៃចង់ឱ្យកម្ពុជាត្រឡប់ទៅរកការចរចាទ្វេភាគី ព្រោះក្នុងក្របខណ្ឌនេះ ថៃអាចគិតថាខ្លួនមានប្រៀប និងអាចប្រើសម្ពាធដើម្បីរុញច្រានកម្ពុជាឱ្យទទួលយកលក្ខខណ្ឌដែលខ្លួនបានរៀបចំទុកជាមុន។ ផ្ទុយទៅវិញ កម្ពុជាជ្រើសរើសយន្តការដែលឈរលើច្បាប់អន្តរជាតិ ដើម្បីកុំឱ្យអំណាចក្លាយជាអ្នកកំណត់លទ្ធផលជំនួសច្បាប់។
ប្រសិនបើថៃជឿជាក់ពិតប្រាកដលើទឡ្ហីករណ៍ផ្លូវច្បាប់របស់ខ្លួន តើមានហេតុផលអ្វីដែលត្រូវខ្លាចការដោះស្រាយតាមច្បាប់អន្តរជាតិ?
ការប្រើច្បាប់ មិនមែនជាការបំផ្លាញទំនុកចិត្តទេ ផ្ទុយទៅវិញ អាចជាមធ្យោបាយមួយដើម្បីបង្កើតទំនុកចិត្តទៅវិញទេ ព្រោះនៅពេលដែលភាគីទាំងពីរមានការអះអាងខុសគ្នា អ្វីដែលគួរត្រូវបានដាក់នៅលើតុច្បាប់ មិនមែនជាកម្លាំងយោធា មិនមែនជាទំហំសេដ្ឋកិច្ច និងមិនមែនសំឡេងជាតិនិយមទេ ប៉ុន្តែគឺ ច្បាប់ ភស្តុតាង និងការចរចាដោយស្មើភាពគ្នា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺថៃបាននិយាយអំពីការគោរពច្បាប់អន្តរជាតិមិនដាច់ពីមាត់ ខណៈពេលជាមួយគ្នានោះ ក៏ព្យាយាមកំណត់ជាមុនថា តើបញ្ហាណាអាចត្រូវពិភាក្សា និងបញ្ហាណាមិនគួរត្រូវបាននាំចូលមកក្នុងដំណើរការផ្សះផ្សានេះ។ ចំណុចនេះមិនមែនមានន័យថា ជំហររបស់ថៃខុសទាំងស្រុងនោះទេ ប៉ុន្តែបានបង្ហាញថា ភាគីទាំងពីរមានការយល់ឃើញខុសគ្នាខ្លាំងអំពីវិសាលភាព និងគោលដៅនៃដំណើរការច្បាប់ហើយ។
ដូច្នេះ ថៃមិនគួរយកពាក្យ «ទំនុកចិត្ត» មកធ្វើជាឧបករណ៍នយោបាយ ដើម្បីដាក់សម្ពាធលើកម្ពុជាឱ្យបោះបង់ជំហររបស់ខ្លួននោះទេ។ កម្ពុជាអាចស្វែងរកសន្តិភាព កម្ពុជាអាចបន្តការចរចា កម្ពុជាអាចស្តារទំនាក់ទំនងល្អជាមួយប្រទេសជិតខាងបាន ប៉ុន្តែការស្វែងរកសន្តិភាព មិនមានន័យថា កម្ពុជាត្រូវលះបង់សិទ្ធិរបស់ខ្លួន ហើយការកសាងទំនុកចិត្ត ក៏មិនមានន័យថា កម្ពុជាត្រូវទទួលយកការកំណត់របស់ភាគីម្ខាងទៀតដោយគ្មានការតវ៉ានោះដែរ។
ប្រសិនបើថៃពិតជាចង់បានទំនុកចិត្តពីកម្ពុជា នោះថៃគួរចាប់ផ្តើមពីការធ្វើឱ្យកម្ពុជារទុកចិត្ត មិនមែនចាប់ផ្តើមពីការទាមទារឱ្យកម្ពុជាទុកចិត្តនោះទេ។ ទំនុកចិត្តមិនអាចកើតពីការបង្ខំ គឺទំនុកចិត្តកើតចេញពីសកម្មភាព។ ការគោរពច្បាប់អន្តរជាតិ ការគោរពយន្តការដែលកំពុងដំណើរការ ការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការចរចាដោយស្មើភាព ទាំងនេះហើយទើបជាមូលដ្ឋានដែលអាចបង្កើតទំនុកចិត្តពិតប្រាកដបាន។
ថៃគួរយល់ឱ្យច្បាស់ថា ពិភពលោកសព្វថ្ងៃមិនមែនជាពិភពលោកដែលទំហំប្រទេស កម្លាំងយោធា ឬឥទ្ធិពលសេដ្ឋកិច្ច អាចយកមកធ្វើជាមូលដ្ឋាន ដើម្បីកំណត់ជោគវាសនារបស់ប្រទេសមួយតូចជាងខ្លួនបានទៀតឡើយ។
កម្ពុជាមិនប្រកួតជាមួយថៃដោយការបង្ហាញកម្លាំងឬសព្វាវុធទំនើបៗនោះទេ ប៉ុន្តែកម្ពុជាត្រូវការតែភាពច្បាស់លាស់ ភស្តុតាងរឹងមាំ ការទូតឆ្លាតវៃ និងការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិតែប៉ុណ្ណោះ។
ដូច្នេះ បើថៃចង់បាន «ទំនុកចិត្ត» ពីកម្ពុជា សំណួរដែលថៃគួរសួរខ្លួនឯង មិនមែនថា «តើកម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីឱ្យថៃទុកចិត្ត?» ទេ។ សំណួរដែលគួរត្រូវសួរត្រឡប់វិញគឺ តើថៃត្រូវធ្វើអ្វីខ្លះដើម្បីឱ្យកម្ពុជាមានហេតុផលក្នុងការទុកចិត្ត?
សម្រាប់កម្ពុជា សន្តិភាពគឺជាជម្រើស ការចរចាក៏ជាជម្រើស ហើយការកសាងទំនុកចិត្តក៏ជាអ្វីដែលកម្ពុជាចង់បានដែរ។
ប៉ុន្តែមានរឿងមួយដែលមិនអាចយកមកដាក់លើតុចរចាជាថ្នូរនឹង «ទំនុកចិត្ត» ឱ្យថៃបាននោះគឺ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សន្តិភាពអាចចរចាបាន ទំនុកចិត្តអាចកសាងបាន ប៉ុន្តែអធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនជាជម្រើសដែលកម្ពុជាត្រូវពិចារណាឬត្រូវលះបង់នោះទេ៕
ដោយ៖ ពិន វិជ័យ





